ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានដឹកនាំសហការី នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនខេត្តកំពង់ធំ និងក្រុងស្ទឹងសែន នាំយកថវិកាបេឡាមរណៈសង្គ្រោះ ក្នុងពិធីបុណ្យសពអតីតយុទ្ធជនពិការ និងបាននាំយក ជំនួយស្បៀងអាហាររបស់ ឯកឧត្តម ហ៊ុន ម៉ាណែត ចូលរួមក្នុងពិធីបុណ្យសព អតីតយុទ្ធជនពិការ នៅភូមិក្រចាប់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ កាលពីល្ងាចថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១។ ថវិកាបេឡាមរណៈសង្គ្រោះ របស់គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ចំនួន ៤លានរៀល បានយកទៅចូលបុណ្យសព លោក ប៉ែន ចាន់ អាយុ ៨៦ឆ្នាំ អតីតយុទ្ធជនពិការ បានទទួលមរណភាពដោយរោគាពាធ។
ឯកឧត្តម សោម ស៊ុន បានចូលរួមមរណៈទុក្ខដ៏ក្រៀមក្រំនេះ ជាមួយគ្រួសារនៃសព និងបានបញ្ជាក់ថា៖ ថវិកាបេឡាមរណៈសង្គ្រោះ គឺជាការផ្តួចផ្ដើមឡើងរបស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដើម្បីសម្រួលដល់ការលំបាករបស់ក្រុមគ្រួសារសព និងបាននាំយកនូវអំណោយរបស់ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ចូលរួមក្នុងពិធីបុណ្យសពនេះ មានអង្ករចំនួន ៥០គ.ក, មីចំនួនពីរកេះ និងថវិកាមួយចំនួនផងដែរ។
ឯកឧត្តម សោម ស៊ុន បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តការប្រុងប្រយ័ត្នការពារខ្លួនជៀសផុតពីជំងឺកូវីដ១៩ ដែលកំពុងមានការឆ្លងរាលដាលក្នុងសហគមន៍ ដោយត្រូវអនុវត្តឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសអនុវត្តឲ្យបាននូវវិធានការ ៣កុំ និង ៣ការពាររបស់ សម្ដេចតេជោ ហ៊ុន សែន និងបានអំពាវនាវដល់បងប្អូនអតីតយុទ្ធជន និងក្រុមគ្រួសារព្រមទាំងប្រជាពលរដ្ឋ ដែលមានហានិភ័យខ្ពស់ អញ្ជើញទៅចាក់វ៉ាក់សាំងការពារមេរោគកូវីដ១៩ ឲ្យបានគ្រប់គ្នា។
ក្រុមគ្រួសារអតីតយុទ្ធជន និងអាជ្ញាធរដែនដី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចតេជោ ហ៊ុន សែន ដែលបានបង្កើតឲ្យមានសមាគមអតីតយុទ្ធជនកម្ពុជា ដើម្បីជួយដោះស្រាយរាល់ការលំបាកខ្វះខាតរបស់បងប្អូនអតីតយុទ្ធជន នៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ៕