ឯកឧត្តម នាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានជំរុញដល់ក្រុមជាងដែលទទួលម៉ៅការ សាងសង់អគារទីបញ្ជាការកងទ័ពជើងទឹកវាយលើគោកថ្មី ទាំងអស់ សូមធ្វើការសាងសង់ឱ្យបានលឿន និងទាន់ពេលវេលា និងមានគុណភាពធានាបានកន្លែងធ្វើការ របស់កងទ័ពជើងទឹកបានយូរអង្វែងទៅថ្ងៃអនាគត។ ឯកឧត្តម ទៀ វិញ បានថ្លែងបែបនេះ នៅក្នុងពិធីបញ្ចុះបឋមសិលាកសាង ទីបញ្ជាការកងទ័ពជើងទឹកវាយលើគោកថ្មី ចំណុះអោយបញ្ជាការដ្ឋានកងទ័ពជើងទឹក នៅទីបញ្ជាការកងទ័ពជើងទឹកវាយលើគោក ស្ថិតនៅក្នុង ឃុំកោះថ្កូវ ស្រុកជលគិរី កាលពីថ្ងៃទី២៩ ខែមីនាឆ្នាំ ២០២១ កន្លងទៅនេះ។
ក្នុងឱកាសនោះ ឯកឧត្តម ទៀ វិញ បានណែនាំបន្ថែមដល់ក្រុមជាង ដែលទទួលការសាងសង់នៅទីបញ្ជាការទាំងអស់ខាងលើនេះ សូមធ្វើការសាងសង់ឱ្យបានហ្មត់ចត់ មានគុណភាពខ្ពស់ និងទាន់ពេលវេលាដើម្បីសម្រាប់ឲ្យកងទ័ពដែលឈរជើងនៅទីនេះ បានចូលស្នាក់នៅ និងធ្វើការងារ ក្នុងពេលដែលអាគាចាស់ៗមានស្ថានភាពទ្រុឌទ្រូងអស់ហើយ។ ឯកឧត្តម ក៏បានធ្វើការផ្ដាំផ្ញើដល់ នាយនាវី នាយនាវីរង និងពលនាវិក ក៏ដូចជាប្រជាពលរដ្ឋ ដែលបានចូលរួមក្នុងពិធីបញ្ចុះបឋមសិលាកសាង ទីបញ្ជាការកងទ័ពជើងទឹកវាយលើគោកថ្មីនាពេលនោះ សូមចូលរួមប្រុងប្រយ័ត្នថែរក្សាអនាម័យ ដូចជាត្រូវលាងដៃ និងសាប៊ូ អាកុល ឬជែល និងត្រូវរក្សាគម្លាតពីគ្នា មិនត្រូវទៅទីប្រជុំជន ដែលមានមនុស្សកកកុញច្រើនឡើយ ជាពិសេសត្រូវអនុវត្តតាមវិធានការណ៍ បីកុំ បីការពារ របស់ សម្តេចតេជោ ហ៊ុន សែន អោយបានជាប់ជាប្រចាំ។
តាមការបញ្ជាក់របស់ ឧត្តមនាវីឯក ទៀ គឹមតុល បានឲ្យដឹងថា៖ ការសាងសង់ទីបញ្ជាការកងទ័ពជើងទឹកវាយលើគោក នេះគឺមាន ៧អគារ ដែលក្នុងនោះមានអគារទីបញ្ជាការ ១ខ្នងមានទំហំ ៩.៥ X ៤០ ម៉ែត្រ, អគារកងអនុសេនាធំមានទំហំ ៩ X ៣៦ ម៉ែត្រមានចំនួន ៤ ខ្នង, ឃ្លាំងសម្ភារៈភស្តុភាមានទំហំ ១០ X ៣០ ម៉ែត្រចំនួន១ខ្នង និងអគារអាហារដ្ឋានមានទំហំ ១២ X ២៤ ម៉ែត្រចំនួនមួយខ្នង។ ឯកឧត្តម បានបញ្ជាក់ថា៖ តាមគម្រោងនៃសាងសង់ សំណង់ទាំងអស់នេះ ត្រូវធ្វើហើយក្នុងរយៈពេល ៦ខែខាងមុខ ដោយគិតចាប់ពីថ្ងៃបញ្ចុះបឋមសិលានេះទៅ ព្រោះជាតម្រូវការចាំបាច់ និងបន្ទាន់ ដើម្បីអោយនាយនាវី នាយនាវីរង និងពលនាវិក ដែលឈជើងនៅទីនេះបានចូលបំពេញការងារ សំណង់អគារទីបញ្ជាការកងទ័ពជើងទឹកវាយលើគោក។ ការសាងសង់ទីបញ្ជាការកងទ័ពជើងទឹកវាយលើគោកថ្មី ជំនួសអគារចាស់នេះ គឺជាការយកចិត្តទុកខ្ពស់របស់មេបញ្ជាការកងទ័ពជើងទឹក ចំពោះការងារ និងការរស់នៅរបស់កងទ័ពជើងទឹក។
នៅក្នុងឱកាសចូលរួមក្នុងពិធីបញ្ចុះបឋមសិលាកសាង ទីបញ្ជាការកងទ័ពជើងទឹកវាយលើគោកថ្មី នាពេលនោះ ឯកឧត្តម ទៀ វិញ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងទឹក និងលោកជំទាវក៏បាននាំយកទេយ្យទានព្រមទាំងបច្ច័យមួយចំនួន ទៅវេប្រគេនដល់ព្រះសង្ឃគង់នៅក្នុងវត្តទួលក្នុង ព្រមទាំងចែកអំណោយជូនដល់ប្រជាពលរដ្ឋ ដែលបានចូលរួមផងដែរ ៕