ក្នុងឱកាសចុះបំពេញនៅទិសយោធភូមិភាគទី ៥ បន្ទាប់ពីបានចុះត្រួតពិនិត្យ តំបន់ប្រវត្តិសាស្ត្រយោធា ដែលជាសមិទ្ធផលនយោបាយឈ្នះ ឈ្នះ នៅតាមបណ្តោយព្រំដែនរួចមក នៅរសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ កន្លងទោនេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អមដំណើរដោយ នាយឧត្តមសេនីយ៍ អ៊ី ឈាន, នាយឧត្តមសេនីយ៍ ភួង ស៊ីផាន, នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង, នាយឧត្តមសេនីយ៍ សុខ ភាព រដ្ឋលេខាធិការក្រសួងការពារជាតិ និងនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចំរុះ ព្រមទាំង ឯកឧត្តម ជាអនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ បានចុះត្រួតពិនិត្យការចាក់វាក់សាំងការពារជំងឺកូវីដ ១៩ និងសាកសួរសុខទុក្ខកងទ័ព នៅបញ្ជាការដ្ឋាន យោធភូមភាគទី ៥ ខេត្តបាត់ដំបង ក្នុងឱកាសចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
សូមបញ្ជាក់ថា៖ បន្ទាប់ពីទទួលបានផែនការចាក់វ៉ាក់សាំងការពារជំងឺកូវីត-១៩ របស់ក្រសួងការពារជាតិ យុទ្ធភូមិភាគទី ៥ បានរៀបចំក្រុមការងារ នឹងធ្វើការផ្សព្វផ្សាយជូនដល់គ្រប់បណ្ដាកងឯកភាពនៅទិសយោធភូមិភាគទី ៥ ឲ្យសហការជាមួយក្រុមការងារបច្ចេកទេស ធ្វើផែនការចាក់វ៉ាក់សាំងចំនួន ៨ ទីតាំងក្នុងនោះទីតាំងទី ១ នៅបញ្ជាការដ្ឋានយោធភូមិភាគទី ៥ -ទីតាំងទី ២ នៅក្រុងប៉ោយប៉ែត -ទីតាំងទី ៣ នៅគិលានដ្ឋានតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ -ទីតាំង ៤ នៅមន្ទីរពេទ្យសំពៅលូនយោធភូមិភាគទី ៥ -ទីតាំងទី ៥ នៅគិលានដ្ឋានតំបន់ប្រតិបត្តិការសឹកខេត្តប៉ៃលិន -ទីតាំងទី ៦ នៅគិលានដ្ឋានកងពលតូចថ្មើរជើងលេខ ៥២ -ទីតាំងទី ៧ នៅកងការពារព្រំដែនលេខ ៥០១ និងទីតាំងទី ៨ នៅតំបន់ប្រតិបត្តិការសឹករងខេត្តពោធិ៍សាត់។
យុទ្ធនាការចាក់វ៉ាក់សាំងកូវី-១៩ នៅយោធភូមិភាគទី ៥ បានចាប់ដំណើរការពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ រហូតមកដល់ថ្ងៃទី០៥ ខែមីនា ការចាក់សាកបានជូនដល់នាយទាហាន នាយទាហានរង នាយនគរបាល ពលនគរបាល បានសរុបចំនួន ១១៤៦៩ នាក់ ក្នុងនោះយោធិន បានចូលរួម ចំនួន ១០២២៨ នាក់ ស្មើនឹង ៩០ ភាគរយ អ្នកដែលបានចាក់មានចំនួន ៩៩៨៦ នាក់ស្មើ ៨៥% និងអ្នកមិនបានចាក់ចំនួន ៤៩៥ នាក់ស្មើនឹង ៥ ភាគរយ។ ការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១០ នៅយោធភូមិភាគទី ៥ នាយទាហាន នាយទាហានរង ពលទាហាន នាយនគរបាល ពលនគរបាល និងកងរាជអាវុធហត្ថ បានចូលរួមដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត ក្នុងគោលបំណងទទួលយកការចាក់វ៉ាក់សាំង ដើម្បីការពារសុខភាពផ្ទាល់ខ្លួនពីជំងឺកូវីដ-១៩។
ក្នុងឱកាសនោះបន្ទាប់ពីបានត្រួតពិនិត្យការចាក់វាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់យោធិននៅក្នុងបញ្ជាការដ្ឋានយោធភូមិភាគទី ៥ រួចមក សម្តេចពិជ័យសេនា ទៀ បាញ់ ព្រមទាំងប្រតិភូអមដំណើរ បានអញ្ជើញទៅមើលសារមន្ទីរប្រវត្តិសាស្ត្រ យោធភូមិភាគទី ៥ ដែលបានដាក់បង្ហាញនូវរូបភាព សកម្មភាពការងារ រូបថតមេបញ្ជាការ នាយទាហាន នាយទាហានរង គ្រប់ជំនាន់ ដែលបានឆ្លងកាត់ការបំពេញការងារទាំងនៅទិសយោធភូមិភាគទី ៥ ព្រមទាំងឯកសារប្រវត្តិសាស្ត្រ ចាប់តាំងពីការបង្កើតយោធភូមិភាគទី ៥ រហូតមកដល់បច្ចុប្បន្ន រួមនឹងអាវុធ សំភារៈប្រើប្រាស់ផ្សេងៗ មួយចំនួនទៀត ដែលបានបន្សល់ទុកកាលពីសម័យសង្រ្គាមផងដែរ។ សូមបញ្ចាក់ថា៖ យោធភូមិភាគទី ៥ ក៏បានចូលរួមក្នុងការរៀបចំធ្វើសារមន្ទីរសម្តេចតេជោ នៅក្នុងវិមានឈ្នះ ឈ្នះ ដោយបានដាក់តាំងបង្ហាញនូវរូបភាព នាយទាហាន នាយទាហានរង និងពលទាហាន ដែលជាប្រតិបត្តិករ ក្នុងការចូលរួមអនុវត្តិនយោបាយ ឈ្នះ ឈ្នះ នៅសំឡូត ម៉ាឡៃ ប៉ៃលិន ដែលតំបន់ទាំងនេះជាឆ្នួនផ្ទុះដ៏ធំ នៃការអនុវត្តនយោបាយ ឈ្នះ ឈ្នះ នៅកំឡុងឆ្នាំ ១៩៩៦ ដែលបាននាំមកនូវសុខសន្តិភាព ពេញលេញជូនជាតិមាតុភូមិកម្ពុជារហូតមកដល់សព្វថ្ងៃនេះ។ យោធភូមិភាគទី ៥ គឺជាតំបន់ស្នូល នៃការអនុវត្តនយោបាយឈ្នះ ឈ្នះ របស់ សម្ដេចតេជោ ហ៊ុន សែន នាំមកនូវសុខសន្តិភាពពេញលេញសម្រាប់ប្រទេសកម្ពុជា។
បន្ទាប់ពីបានត្រួតពិនិត្យការចាក់វ៉ាក់សាំងការពារជំងឺកូវីដ -១៩ ជូនដល់យោធិន និងទៅពិនិត្យមើលសារមន្ទីរប្រវត្តិសាស្ត្រ យោធភូមិភាគទី ៥ រួចមក សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ព្រមទាំងប្រតិភូអមដំណើរបានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ នាយទាហាន នាយទាហានរង និង ពលទាហានយោធភូមីភាគទី ៥ ក្នុងឱកាសចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ បន្តទៀត។
ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោភូមិភាគទី ៥ បានមានប្រសាសន៍ថា៖ ក្នុងបរិបទនៃការផ្ទុះកូវីដ-១៩ នៅប្រទេសថៃកាលពីខែធ្នូ ឆ្នាំ២០២០ កន្លងមកនេះ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល ជំងឺកូវីដ-១៩ និងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទបញ្ជារបស់ សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គបញ្ជាការ និងមេបញ្ជាការកងទ័ពជើងគោក យោធភូមិភាគ ៥ បានប្រើប្រាស់កម្លាំងជាង ៣.០០០ នាក់ ដោយមានការចូលរួមពី អាវុធហត្ថ កម្លាំងនគរបាលជាតិ និងវរសេនាតូចការពារព្រំដែន ចេញទៅបំពេញភារកិច្ចបិទ ច្រក ចេញចូល ច្រក របៀង ធំ-តូច ក្រោមកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ជាមួយអាជ្ញាធរដែនដី និងកងកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដាក់ពង្រាយកម្លាំងតាមច្រកទ្វារ នៅតាមបណ្ដោយខ្សែបន្ទាត់ព្រំដែន ដែលមានប្រវែង ៣៦៧គីឡូម៉ែត្រ ចាប់ពីព្រំប្រទល់ខេត្តឧត្តរមានជ័យ រហូតដល់ព្រំទល់ខេត្តកោះកុង ដើម្បីទប់ស្កាត់ពលករ ចំណាកស្រុក លួចឆ្លងដែនខុសច្បាប់ គេចពីការធ្វើចិត្តាឡីស័ក នៅជាប់ព្រំដែន ទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់។ ក្នុងនាមតំណាងឲ្យកងកម្លាំងប្រដាប់អាវុធយោធភូមិភាគទី៥ ទាំងអស់ ឯកឧត្តម ឯក សំអូន បានថ្លែងអំណរគុណចំពោះ សម្ដេចតេជោ ហ៊ុន សែន ដែលសម្ដេចមិនត្រឹមតែបានរៀបចំការពារ ទប់ស្កាត់ជំងឺកូវីដ-១៩ ប៉ុណ្ណោះទេរ ប៉ុន្តែសម្ដេចតេជោ បានគិតគូរព្យាបាលប្រជាពលរដ្ឋ គ្រប់ជាតិសាសន៍ នៅក្នុងប្រទេសកម្ពុជា អោយរួចផុតពីការឆ្លងកូវីត-១៩ ថែមទៀត។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម បានថ្លែងអំណរគុណចំពោះ សម្ដេចពិជ័យសេនា ដែលបានដឹកនាំប្រតិភូ មកសាកសួរសុខទុក្ខ និងផ្ដល់អំណោយលើកទឹកចិត្តដល់កងកម្លាំងប្រដាប់អាវុធ នៅជួរមុខទិសយោធភូមិភាគទី ៥ ដែលកំពុងឈរជើងបំពេញភារកិច្ចបេសកកម្មតាមខ្សែព្រំដែន នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ជិតឈានចូលមកដល់ក្នុងពេលឆាប់ៗនេះ ហើយបានចាត់ទុកសកម្មភាពនេះ ជាការលើកទឹកចិត្ត ដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់អោយកាន់តែមានឆន្ទៈម៉ោះមុត ក្នុងការពារសន្តិសុខជូនប្រជាពលរដ្ឋ និងការពារបូរណភាពទឹកដីថែមទៀត។
មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ សម្តេចពិជ័យសេនា ទៀ បាញ់ បានសំដែងនូវការកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់មេបញ្ជាការ មេបញ្ជាការរង យោធភូមិភាគទី ៥ គ្រប់លំដាប់ថ្នាក់ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន ដែលបានយកចិត្តទុកដាក់បំពេញភារកិច្ច ការពារអធិបតេយ្យបូរណភាពទឹកដី ចូលរួមទប់ស្កាត់ និងបង្ការជំងឺកូវីដ-១៩ ក៏ដូចជាបានខិតខំកសាងអង្គភាពអោយបានរឹងមាំថែមទៀត។ សម្ដេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា៖ តាមរយៈការចុះពិនិត្យតំបន់ប្រវត្តិសាស្ត្រ បានបញ្ជាក់ឲ្យឃើញពីសារៈសំខាន់ នៃការរៀបចំតំបន់ប្រវត្តិសាស្ត្រយោធាទៅថ្ងៃខាងមុខ ដែលរួមចំណែកក្នុងការធ្វើឲ្យគុណតម្លៃនយោបាយឈ្នះ ឈ្នះ កាន់តែមានអត្ថន័យជ្រាលជ្រៅបន្ថែមទៀត។ ការរៀបចំកន្លែងតឹកតាង ស្លាកស្នាម ប្រវត្តិសាស្ត្រនេះឡើងវិញ គឺសំដៅធ្វើយ៉ាងណាពង្រឹង សុខសន្តិភាពរបស់យើងអោយបានកាន់តែរឹងមាំ។ សម្តេចពិជ័យសេនា បានអំពាវនាវអោយ នាយទាហាន នាយទាហានរង និង ពលទាហាន យោធភូមិភាគទី ៥ ទាំងអស់បន្តចូលរួមទប់ស្កាត់ និងបង្ការជំងឺកូវីដ១៩ បន្តទៀត ដោយត្រូវអនុវត្តិទៅតាមវិធានការនានា របស់ក្រសួងសុខាភិបាលបានដាក់ចុះ។ ក្នុងឱកាសចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលចូលមកដល់នាពេលខាងមុខ សម្តេចពិជ័យសេនា បានបួងសួងដល់ទេវតាឆ្នាំថ្មី សូមជួយបីបាច់ថែរក្សានាយទាហាន នាយទាហានរង និងពលទាហាន យោធភូមិភាគទី ៥ ទាំងអស់ សូមអោយទទួលបាននូវសេចក្តីសុខ សេចក្តីចំរើន មានសុខភាពល្អបរិបូរណ៍ អាយុយឺនយូរ និងសំរេចគ្រប់ភារកិច្ចជូនជាតិមាតុភូមិ។ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានប្រគល់ថវិកាដល់បណ្តាអង្គភាព ដែលឈរជើងនៅទិសយោធភូមិភាគទី ៥ សំរាប់ពិធីបុណ្យចូលឆ្នាំថ្មីផងដែរ ៕