គិតចាប់ពីថ្ងៃទី១០ មកដល់រសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ស៊ីណូហ្វាម (Sinopharm) ជូនកងកម្លាំងបានជាង ២ម៉ឺននាក់ ហើយ។ នេះបើតាម នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារ ដើម្បីសម្របសម្រួល ទទួលទុកដាក់ ប្រើប្រាស់ និងចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់កងយោធពលខេមរភូមិន្ទ និងគ្រួសារកងទ័ព បានបញ្ជាក់ប្រាប់កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅនេះ។
ជាក់ស្តែងនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ មានមន្ត្រីជាន់ខ្ពស់ក្នុងក្រសួងការពារជាតិ និងបណ្តាលអង្គភាពមួយចំនួនបានអញ្ជើញទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យព្រះកេតុមាលា រួមមាន៖ នាយឧត្តមសេនីយ៍ នាង ផាត, នាយឧត្តមសេនីយ៍ ស៊ុំ សំណាង, នាយឧត្តមសេនីយ៍ សែម សុវណ្ណនី, ឧត្តមសេនីយ៍ឯក ឃឹមជា សាឃឿន មេបញ្ជាការរងនាយសេនាធិការ កងទ័ពជើងគោក ព្រមទាំងនាយទាហាន និងពលទាហានមួយចំនួនផងដែរ។
គួរបញ្ជាក់ថា៖ ក្រសួងការពារជាតិ បានចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទស៊ីណូហ្វាម លើកទី១ ចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ នៅក្នុងមន្ទីរពេទ្យកេតុមាលា ហើយក៏នឹងបន្តចាក់នៅតាមអង្គភាពសំខាន់ៗរបស់ខ្លួនមួយចំនួនទៀត នៅពេលខាងមុខជាបន្តបន្ទាប់។ ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន ដែលមានអាយុចាប់ពី១៨ឆ្នាំ ដល់អាយុលើស៥៩ឆ្នាំឡើង បានស្ម័គ្រចិត្ត បានចាក់វ៉ាក់សាំងនេះជាបន្តបន្ទាប់ ដើម្បីការពារជំងឺកូវីដ ១៩។ សូមបញ្ជាក់ថា៖ ជំនួយវ៉ាក់សាំងរបស់មិត្តចិន ជំហានដំបូងផ្តល់ជូនកម្ពុជាមានចំនួន ៦០ម៉ឺនដូស ក្នុងចំណោម១លានដូស ដែលផ្តល់ជូនតាមសំណើរក្រសួងការពារជាតិ ត្រូវបានដឹកមកដល់ប្រទេសកម្ពុជា កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅនេះ។ ចំណែក៤០ម៉ឺនដូសទៀត នឹងមកដល់កម្ពុជាជាបន្តបន្ទាប់។ បន្ទាប់ពីមកដល់កម្ពុជា វ៉ាក់សាំងការពារកូវីដ-១៩ ស៉ីណូហ្វាម ត្រូវបានចាក់ដោយផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត ជូនថ្នាក់ដឹកនាំរាជរដ្ឋាភិបាល អ្នកសារព័ត៌មាន និងកងទ័ព នៅទីតាំងមួយចំនួនរួមមាន៖ មន្ទីរពេទ្យកាល់ម៉ែត, មន្ទីរពេទ្យព្រះអង្គឌួង, មន្ទីរពេទ្យកុមារជាតិ និងមន្ទីរពេទ្យកេតុមាលា ៕