ព័ត៌មាន

កិច្ច​ប្រជុំ​បូក​សរុប​លទ្ធផល​ការ​ងារ​ហ្វឹក​ហ្វឺន​ឆ្នាំ​២០២០​ និង​ផ្សព្វ​ផ្សាយ​ផែន​ការ​ហ្វឹក​ហ្វឺន​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ឆ្នាំ​២០២១
នាយកដ្ឋានព័ត៌មាន(៣)
137
2118 កិច្ច​ប្រជុំ​បូក​សរុប​លទ្ធផល​ការ​ងារ​ហ្វឹក​ហ្វឺន​ឆ្នាំ​២០២០​ និង​ផ្សព្វ​ផ្សាយ​ផែន​ការ​ហ្វឹក​ហ្វឺន​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ឆ្នាំ​២០២១

      ទី​ចាត់​ការ​ហ្វឹក​ហ្វឺន ​អគ្គ​មេ​បញ្ជាការ​ នៃ​ខ.ភ.ម ​បាន​បើក​កិច្ច​ប្រជុំ​បូក​សរុប​លទ្ធផល​ការ​ងារ​ហ្វឹក​ហ្វឺន​ឆ្នាំ​២០២០​ និង​ផ្សព្វ​ផ្សាយ​ផែន​ការ​ហ្វឹក​ហ្វឺន​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ឆ្នាំ​២០២១ ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៩​ ខែ​គុម្ភៈ ឆ្នាំ ​២០២១​នេះ ​នៅ​សាល​ប្រជុំធំ​របស់​អគ្គ​បញ្ជាការ​ដ្ឋាន​ នាទីក្រុង​ភ្នំពេញ ​ដែលកិច្ច​ប្រជុំ​នេះ ​បាន​ប្រព្រឹត្តិ​ទៅ​ស្ថិត​ក្រោម​អធិបតី​ភា​ព នាយ​ឧត្តម​សេនីយ៍ ​ឥត​ សា​រ៉ាត់ ​អគ្គ​មេ​បញ្ជាការ​រ​ង នាយ​សេនា​ធិការ​ចម្រុះ​ នៃខ.ភ.ម។ 

       ឯកឧត្តម​ ឧត្ត​មសេនីយ៍​ឯ​ក ចាន់ ​សុភក្ត្រា​ បាន​គូស​បញ្ជាក់​ក្នុង​សន្តរកថា​ស្វាគមន៍​ និង​របាយ​ការណ៍​ថា​៖  ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​២០២០​កន្លង​មក​នេះ ​ការ​ងារ​ហ្វឹក​ហ្វឺន​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ ក្នុង​ភារកិច្ច​បណ្ដុះ​បណ្ដាល​ធន់​ធាន​​មនុស្ស​ ដល់​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​ដើម្បី​ពង្រឹង​ពង្រីក​សមត្ថភាព ​វិជ្ជាជីវៈ ​ឆ្លើយ​តប​ទៅ​នឹង​ភារកិច្ច​ចំពោះ​មុខ​ស្រប​តាម​យុទ្ធ​សាស្ត្រ​ការ​ពារ​ជាតិ​ សកម្មភាព​ហ្វឹក​ហ្វឺន​ ត្រូវ​បាន​ដំណើរ​ការ​បើក​ទូលាយ​ដល់​បណ្ដា​កង​ឯក​ភាព​ បណ្ដាល​សាលា ​ស្ថាប័ន​គ្រប់​ថ្នាក់ ​គ្រប់​ជំនាញ​អនុវត្ត​តាម​ផែន​ការ​កំណែ​ទម្រង់​ និង​ម្ចាស់​ការ​ច្នៃ​ប្រឌិត​ចាត់​តាំង​ហ្វឹក​ហ្វឺន​នៅ​ហ្នឹង​កន្លែង​ ដើម្បី​លើក​កម្ពស់​សមត្ថភាព​ដល់​នាយ​ទាហាន ​នាយ​ទាហាន​រង ​និង​ពល​ទាហាន ​ក្នុង​ការ​បំពេញ​ភារ​កិច្ច​តាម​មុខ​តំណែង​ដែល​បាន​ប្រគល់​ឱ្យ​។ ទន្ទឹម​គ្នានេះ​ដែរ​ មាន​វគ្គ​បណ្ដុះបណ្ដាល​តាម​សាលាមួ​យ​ចំនួន​ បាន​ចាត់​តាំង​សិក្ខា​កាម​ចេញ​ទៅ​អនុវត្ត​ជាក់​ស្ដែង​ នៅ​តាម​បណ្ដា​កងឯ​កភាព​នៅ​ទិស​បណ្ដា​យោធ​ភូមិ​ភាគ​ ចុះ​អនុវត្ត​តាម​មន្ទីរ​ពិសោធន៍​ ការ​ចាត់​តាំង​បាញ់​គ្រាប់​ពិត​ ហើយ​និង​វគ្គ​សិក្សា​ខ្លះ​ក្រោយ​ពេល​បញ្ចប់​វគ្គ ​បាន​បញ្ជូនទៅ​បំពេញ​បេសកកម្ម​នៅ​ក្រៅ​ប្រទេស​ ក្រោម​ទង់​អង្គការ​សហ​ប្រជា​ជាតិ ​ដើម្បី​ប្រតិបត្តិការ​រក្សា​សន្តិភាព​ និង​កិច្ច​ការ​មនុស្ស​ធម៌​។ ក្រៅ​ពី​ការ​ងារ​ហ្វឹក​ហ្វឺន​ កង​យោធ​ពល​ខេមរ​ភូមិន្ទ​បាន​ចូល​រួម​គ្រប់​សកម្ម​ នៃ​​ពិធី​បុណ្យ​នានា​ តាម​សេចក្តី​ណែនាំ​របស់​រាជ​រដ្ឋាភិបាល​ និង​សហការ​ជា​មួយ​គណៈ​កម្មាធិការ​បុណ្យ​ជាតិ​ អន្តរជាតិ​ ក្នុង​ការ​រៀបចំ​ពិធី​បុណ្យ​ជាតិ​ធំៗ​ និង​ទទួល​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​ គ្រប់​បណ្ដា​ប្រទេស​មួយ​ចំនួន​ ដែល​បាន​អញ្ជើញ​មក​បំពេញ​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវ​ការ​ និង​មិត្ត​ភាព​ នៅ​ព្រះ​រាជាណា​ចក្រ​កម្ពុជា​ ទទួល​បាន​ជោគ​ជ័យ​។ របាយការ​ណ៍​ក៏បា​ន​លើក​ឡើង​ផ​ងដែរ​ថា​៖ ឆ្លង​កាត់កា​រ​អនុវត្ត​ជាក់​ស្ដែង​ក្រោម​ការ​ដឹក​នាំ ​និង​ដាក់​បទ​បញ្ជា​របស់​ប្រមុខ​រាជ​រដ្ឋាភិបាល​ ក្រសួង​ការ​ពារ​ជាតិ​ អគ្គ​មេ​បញ្ជាការ​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ គណៈ​កម្មាធិការ​ដឹក​នាំ​ការ​ងារ​បណ្ដុះ​បណ្ដាល​ និង​ហ្វឹក​ហ្វឺន​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ បណ្ដាល​សាលា​ កង​ឯកភាព​ បាន​យក​ចិត្ត​ទុក​ដាក់​ធ្វើ​ការ​រៀបចំ​ផែន​កា​រ កម្មវិធី​ ខ្លឹមសារ​ ពេ​លវេលា​ហ្វឹ​កហ្វឺន​ ត្រូវ​បាន​ដំណើរ​ការ​ជា​ប់ជា​ប្រចាំ​ទាំង​ប្រព័ន្ធ​ហ្វឹក​ហ្វឺន​សាលា​ និង​ប្រព័ន្ធ​ហ្វឹក​ហ្វឺន​តាម​កង​ឯកភា​ព ដោយ​បណ្ដុះ​បណ្ដាល​រយៈ​ពេល​វែង​ និង​បំប៉ន​រយៈ​ពេល​ខ្លី ​ដោយ​សម្រេច​បាន​លទ្ធផល​ជោគ​ជ័យ​។

នាយ​ឧត្តម​សេនីយ៍ ​ឥត​ សា​រ៉ាត់ ​អគ្គ​មេ​បញ្ជាការ​រ​ង នាយ​សេនា​ធិការ​ចម្រុះ​ នៃខ.ភ.ម


       មាន​ប្រសាសន៍​បូកស​រុប​កិច្ច​ប្រជុំ ​ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍ ​ឥត​ សា​រ៉ាត់​ ជំនួស​មុខ​ឲ្យ​ថ្នាក់​ដឹក​នាំក្រសួង​ការ​ពារ​ជាតិ​ អគ្គ​មេ​បញ្ជាកា​រ​នៃ​កង​យោធ​ពលខេ​មរ​ភូមិន្ទ​ បាន​កោត​សរសើរ​ និ​ង​វាយ​តំលៃ​ខ្ពស់​ចំពោះ​ស្មារ​តី​​នៃកិ​ច្ចខិតខំប្រឹង​ប្រែង​បំពេញ​ការងារ​ ប្រក​បដោយ​កិច្ច​សហការ​ល្អ​ របស់​មេ​បញ្ជាការ ​គ្រប់​លំដាប់​ថ្នាក់​ គ្រប់​កង​ឯកភាព​ចំណុះ​ឲ្យ​អគ្គ​មេ​បញ្ជាការ​នៃ ​ខ.ភ.ម​ ដែ​លក្នុង​រយៈពេល​មួយ​ឆ្នាំ​កន្លង​មក​នេះ ​បាន​យក​អស់​ពីកម្លាំង​កាយ​ចិត្ត​បំពេញ​ការ​ងារ​បំរើជា​តិ ​ប្រជាជន ​ការ​ពារ​ជាតិ​ ទឹក​ដី​ ​បាន​យ៉ាង​រឹងមាំ ​ពិសេស​បាន​យក​ចិត្តដាក់​ក្នុង​ការ​បន្ត​បង្កើន​សកម្មភាព​ការ​ងារ​ហ្វឹក​ហ្វឺន​ បង្កើន​សមត្ថភាព​ឱ្យ​ដល់​ក​ងទ័ព​រប​ស់​ខ្លួន​។ តាម​រយៈ​នៃកិច្ច​ប្រជុំបូក​សរុប​លទ្ធផល​ការ​ងារ​ហ្វឹកហ្វឺន​ឆ្នាំ​២០២០​ និង​ផ្សាព្វ​ផ្សាយ​ផែន​​ការ​ហ្វឹក​ហ្វឺន​ ខ.ភ.ម​​ ​នា​ថ្ងៃ​​នេះ ​​ឯ.ឧ ឥត សារ៉ាត់ បាន​លើក​ឡើង​ថា៖ ដើម្បី​អនុវត្ត​ឲ្យ​បាន​ជោគ​ជ័យ​ ក្នុង​ការ​បណ្ដុះ​បណ្ដាល​ធន​ធាន​មនុស្ស ​ជា​ពិសេស​ដើម្បី​ធ្វើឲ្យ​យោធិន​គ្រប់​រូប​ មាន​សមត្ថ​ភាព​បំពេញ​ការងារ​សម្រេ​ចបាន​ជោគ​ជ័យ​ គណៈ​កម្មការ​ដឹក​នាំ​ការ​ងារ​ហ្វឹ​កហ្វឺន​បណ្ដុះ​បណ្ដាល​ និង​ហ្វឹក​ហ្វឺន​កង​យោធ​ពលខេមរ​ភូមិន្ទ​ ត្រូវ​មាន​គោល​ការណ៍​ដឹក​នាំ​ ក្នុង​ការ​ជំរុញ​ការ​ងារ​ហ្វឹក​ហ្វឺន​បណ្ដុះ​បណ្ដាល​ និង​បំប៉ន​យោធិន​គ្រប់​ថ្នាក់​ គ្រប់​ជំនាញ ​តាម​បណ្ដា​សាលា ​កង​ឯកភាព​ តាម​សន្ទស្សន៍​ និង​សេចក្តី​ត្រូវ​ការ​រប​ស់កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ដោយ​លើក​កម្ពស់ ​ម្ចាស់​ការ​ទទួល​ខុស​ត្រូវ​ខ្លួន​ឯង ​និង​ធានា​គុណភាព​ខ្ពស់​។ ជា​មួយ​គ្នា​នោះដែ​រ ថ្នា​ក់​ដឹក​នាំ​ទាំង​អស់​ក៍​ត្រូវ​បន្ត​កែស​ម្រួល​ប្រព័ន្ធហ្វឹក​ហ្វឺន​សាលា ​របស់​កង​យោធ​ពលខេមរ​ភូមិន្ទ​ ឲ្យ​បាន​សមស្រប​និង​មាន​លក្ខណៈយុទ្ធសាស្ត្រ​យូរ​អង្វែង ​ស្រប​តាម​រចនា​សម្ព័ន្ធ​របស់​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ដូច​ជា​យក​ចិត្ត​ទុក​ដាក់​ ពង្រីក​សាលា​កង​ទ័ព​ជើង​ទឹក​ ឲ្យ​ទៅជា​វិទ្យាស្ថាន​កង​ទ័ពជើង​ទឹក​ ជំរុញ​បង្កើត​សាលា​ទ័ព​ជំនាញ ​ដូច​ជា​សាលា​ទ័ព​ជំនាញ​រថក្រោះ ​សាលា​ទ័ព​ជំនាញ​ការ​ពារ​អាកាស ​និង​សាលា​ទ័ព​ជំនាញកាំ​ភ្លើង​ធំ ​ដែល​ត្រូវ​សិក្សា​រយៈ​ពេល ​៤ឆ្នាំ​ នៅ​ជុំ​គីរី​ ខេត្ត​កំពត​។ បន្ត​ជម្រុញ​កង​ឯកភាព​ និង​ជំនាញ​មួយ​ចំនួន ​ឲ្យ​មាន​សមត្ថភាព​គ្រប់​គ្រាន់​ក្នុង​កា​របំពេញ​ភារកិច្ច​ការ​ពារ​ជាតិ ​ជា​ពិសេស​អង្គភាព​ឈរ​ជើង​តាម​បន្ទា​ត់ព្រំដែន​ ការ​កសាង​មូលដ្ឋាន​សាលា ​ឲ្យមាន​ទីតាំង​ពិត​ប្រាកដ ​ទាំង​ការិយាល័យ​ធ្វើ​ការ​ងារ ​អាគារ​ស្នា​ក់នៅ​ អាគារ​សិក្សា​ ផ្ទះបាយ ​និងទី​លានហ្វឹក​ហាត់​ជា​ដើម​។ 

      ឯកឧត្តម ​បញ្ជាក់​ទៀត​ថា​៖ ថ្នា​ក់ដឹ​កនាំ​ទាំង​អស់​ក៍​ត្រូវ​ជំរុញ​លើក​ទឹក​ចិត្ត​ និង​យក​ចិត្ត​ទុក​ដា​ក់បំប៉ន​យោធា​ចារ្យ ឲ្យ​មា​នសមត្ថភាព​ក្នុង​ការ​បំពេញ​ការងារ​ និង​បណ្ដុះ​បណ្ដាល​យោ​ធា​ចារ្យ​វ័យ​ក្មេង​បំពេញ​បន្ថែម​តាម​សេចក្តី​ត្រូវ​ការ​ជាក់​ស្ដែង​ ត្រូវ​យក​ចិត្តទុក​ដាក់​ និង​ពង្រឹង​គុណ​ភាព​ហ្វឹក​ហ្វឺន​ វគ្គ​ហ្វឹក​ហ្វឺន​ ហ្នឹង​សាលា ​ឲ្យមានគុណ​ភាព​ខ្ពស់ ​បន្ត​ជំរុញការ​រៀបចំ​ឯកសារ​សម្រាប់​ហ្វឹកហ្វឺ​នដល់​កង​យោធ​ពល​ខេមរ​ភូមិន្ទ ជា​ពិសេស​ត្រូវ​កែ​សម្រួល​ឯកសារ ​យុទ្ធវិធី​ឲ្យស្រប​តាម​យុទ្ធសាស្ត្រ​ការ​ពារ​ជាតិ​ និង​កែ​សម្រួល​ឯកសារ​មួយ​ចំនួន​ឱ្យ​បាន​ឯកភាព​គ្នា ដូចជា​ឯកសារ​ការ​ងារ​សេនាធិកា​រ សញ្​ញាសំគាល់​យោធា ​លំហាត់​របៀប ​ជា​ដើម។ ​ជាមួយគ្នានេះដែរ ​ក៍​ត្រូវ​យកចិត្ត​ទុកដាក់​រៀបចំចង​ក្រង​ឯកសារ​ប្រវត្តិ​សាស្ត្រ​ បទ​ពិសោធន៍​ការងារ​ បទ​ពិសោធន៍ប្រយុទ្ធ​ និង​ប្រវត្តិ​ស្នាដៃឆ្នើម​ក្នុង​ការ​ដឹក​នាំ​របស់​យោធិនជាន់​ខ្ពស់ ​ក្នុង​កង​ឯកភាព​កង​យោធ​ពលខេ​មរ​ភូមិន្ទ​។ នាយឧ​ត្តម​សេនីយ៍ ​ឥត​ សារ៉ាត់ ​ក៏​បានរំ​លឹក​ឲ្យថ្នាក់ដឹក​នាំ​ទាំង​អស់​ ត្រូវ​បន្ត​សហការ​ជា​មួយ​បណ្ដា​ប្រទេស​ជា​មិត្ត ​ក្នុង​ការ​បណ្ដុះ​បណ្ដាល​ធន​ធាន​មនុស្ស ​នៅ​ក្នុង​ជួរកង​យោធ​ពល​ខេមរ​ភូមិន្ទ ដោយត្រូវ​រៀបចំ​កសាង​មូល​ដ្ឋាន​សាលា ​នឹង​ដំណើរ​ការ​ហ្វឹក​ហ្វឺន​ នៅ​ក្នុ​ង​ព្រះ​រាជាណាចក្រ​កម្ពុជា ​ដោយ​សហការ​ជា​មួយ​ស្ថាប័ន​ជាតិ​ អន្តរជាតិ ​ស្វែង​យល់​អំពី​ច្បាប់​ជាតិ​ និង​អន្តរជាតិ​ គ្រោះ​មហន្តរាយ ​និង​រោគ​រាត​ត្បាត​​។ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៍បាន​ជំរុញ​ឲ្យគ្រប់​កង​ឯកភាព​ទាំង​អស់​ ឲ្យ​បន្ត​ប្រពៃណី ​ស្នាដៃ​ដ៍​ល្អ​នេះ​បន្ត​ទៀត ​ពិសេស​ត្រូវ​យក​ចិត្ត​ទុក​ដាក់​បង្កើន​សកម្មភាព​ការ​ងា​រហ្វឹក​ហ្វឺន​លើ​គ្រប់​ជំនាញ​ឲ្យ​កង​ទ័​ព កាន់​តែ​មាន​សមត្ថភាព​ យក​ចិត្តទុកដាក់​ជំរុញ​ការងារ​អប់រំ​ចិត្ត​សាស្ត្រ​ អប់រំ​សតិ​អារម្មណ៍ ឲ្យដល់នាយ ពលទាហាន​កាន់​តែ​មាន​ឆន្ទះ ស្នេហា​ជាតិ ​ក្នុង​ការ​ចូល​រួម​បំរើ​ឲ្យ​បុព្វហេតុ​ការ​ពារ​ជាតិ​មាតុ​ភូមិ​កម្ពុជា​យើង ​៕