នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅនេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គបណ្តុះបណ្តាលនាយទាហានសកម្មជំនាន់ទី២១ ដែលពិធីនេះបានប្រព្រឹត្តិទៅនៅសាលានាយទាហានសកម្ម និងមានការចូលរួមពីមន្ត្រីនាយទាហានចំណុះក្រសួងការពារជាតិ អគ្គបញ្ជាការ បណ្ដាសេនានុព័ន្ធ អនុព័ន្ធយោធាប្រទេសជាមិត្តប្រចាំនៅកម្ពុជា មួយចំនួនទៀត។
ក្នុងសេចក្តីរាយការណ៍របស់ ឧត្តមសេនីយ៍ឯក ប៊ុត សុភាព នាយកសាលានាយទាហានសកម្ម បានឲ្យដឹងថា៖ វគ្គនាយទាហានសកម្មជំនាន់ទី២១ មានសិក្ខាកាមសរុប ១១៤នាក់ ដែលវគ្គនេះត្រូវបានប្រសិទ្ធិនាមថា៖ «ជំនាន់តេជោស្ថានិកសន្តិភាព»។
ថ្លែងនៅក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសាលានាយទាហានសកម្ម និងបណ្តាស្ថាប័នពាក់ព័ន្ធ ដែលបានរួមសហការគ្នាដោយស្មារតីទទួលខុសត្រូវ ក្នុងការរៀបចំកែលម្អកម្មវិធីសិក្សា ខ្លឹមសារមេរៀន ធ្វើឱ្យវគ្គសិក្សារយៈពេល៤ឆ្នាំ នៃការបណ្ដុះបណ្ដាលធនធានមនុស្សកម្រិតថ្នាក់បរិញ្ញាបត្រក្នុងកងយោធពលខេមរភូមិន្ទ បានដំណើរការដោយជោគជ័យ តាមផែនការកំណត់។ នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការបានគូសបញ្ជាក់ថា៖ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាននិងកំពុងអនុវត្តន៍ផែនការ កំណែទម្រង់ស៊ីជម្រៅលើគ្រប់វិស័យ ក្នុងនោះបានផ្តល់អាទិភាពដល់វិស័យអប់រំ ដើម្បីបណ្តុះបណ្តាលធនធាន មនុស្ស ការសិក្សាមុខជំនាញវិជ្ជាជីវៈ ដល់មនុស្សជំនាន់ក្រោយ។ នាយឧត្ដមសេនីយ៍ បន្តថា៖ ក្នុងស្មារតីនេះ កងយោធពលខេមរភូមិន្ទ បានផ្តោត អាទិភាពដល់ការបណ្តុះបណ្តាលយោធិនអាជីព ការកសាងនាយទាហានវ័យក្មេង ការ ពង្រឹងគុណភាពហ្វឹកហ្វឺន ការធ្វើបច្ចុប្បន្នកម្ម និងជំរុញអនុវត្តផែនការយុទ្ធសាស្រ្តលើវិស័យការពារជាតិ ដែលជាកត្តាសំខាន់បំផុត ក្នុងដំណើរការកសាង និងអភិវឌ្ឍកងទ័ពកម្ពុជា។ បើតាមនាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ «ការហ្វឹកហ្វឺនបណ្តុះបណ្តាល បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសមត្ថភាពជំនាញ រួមចំណែកដល់ការកែទម្រង់កងយោធពលខេមរភូមិន្ទ និងធ្វើឱ្យវិស័យការពារជាតិកាន់តែរឹងមាំ។ ដូច្នេះវគ្គហ្វឹកហ្វឺន ដែលបានខិតខំយកចិត្តទុកដាក់បណ្តុះបណ្តាលរហូតបញ្ចប់វគ្គនាពេលនេះ ពិតជាបានឆ្លើយតបយ៉ាងច្បាស់ទៅនឹងចរន្ត នៃការបង្កើនសមត្ថភាពធនធានមនុស្សរបស់កងទ័ពកម្ពុជា»។
នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានផ្តាំផ្ញើដល់សិក្ខាកាមទើបបញ្ចប់វគ្គ ត្រូវស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ លើកកម្ពស់មនសិការស្នេហាជាតិ ហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីការពារជាតិ ការពារបូរណភាពទឹកដី និងការពារប្រជាជន ហើយក្នុងតម្លៃណាក៏ដោយ ត្រូវចូលរួមការពារឱ្យបាននូវសន្តិភាព ដែលរកបានមកដោយលំបាក ការពាររាជរដ្ឋាភិបាលស្របច្បាប់ ប្រឆាំងដាច់ខាតបដិវត្តន៍ពណ៌ និងចលនាជ្រុលនិយមនានា ដែលមានចរិតបំផ្លាញសន្តិភាព និងបង្កើតចលាចលក្នុងសង្គម។ ជាមួយនោះ ត្រូវគោរពឱ្យបានម៉ឺងម៉ាត់នូវបទបញ្ជាលក្ខន្តិកៈ បទវិន័យទូទៅរបស់កងយោធពលខេមរភូមិន្ទ ច្បាប់នានារបស់រដ្ឋ និងត្រូវមានសាមគ្គីភាព គោរពគ្នាទៅវិញទៅមក រក្សាការសម្ងាត់យោធា និងមានការទទួលខុសត្រូវក្នុងការងារ។ បន្ថែមលើនេះ ត្រូវយកចំណេះដឹងដែលបានពីការសិក្សា និងបទពិសោធន៍៤ឆ្នាំកន្លងមកនេះ ដើម្បីប្រែក្លាយទៅការអនុវត្តជាក់ស្ដែង និងត្រូវចេះរៀនសូត្រពីរៀមច្បង សិក្សាយកបទពិសោធន៍ការងារ ក្តាប់ជាប់ភូមិសាស្ត្រជាក់ស្តែង ដើម្បីឆ្លុះបញ្ចាំងជាមួយទ្រឹស្តីដែលបានរៀនសូត្រ ដើម្បីអភិវឌ្ឍខ្លួនឱ្យបានជោគជ័យក្នុងការបំពេញភារកិច្ចដែលអង្គភាពប្រគល់ឱ្យ។
នៅក្នុងឱកាសនោះដែរ នាយឧត្ដមសេនីយ៍ វង្ស ពិសេន ក៏បានអំពាវនាវដល់ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន បន្តចូលរួមសហការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ជាមួយរាជរដ្ឋាភិបាល ប្រកបដោយប្រសិទ្ធភាព និងត្រៀមការចាក់វ៉ាក់សាំងដែលនឹងមកដល់នាពេលខាងមុខ ៕