ដើម្បីអនុវត្តតាមប្រសាសន៏ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការដឹកនាំផ្ទាល់របស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ក្រុមវ៉ាក់សាំងកូវីដ-១៩ ក្រសួងការពារជាតិ បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំង SARS-Cov ‘‘sinopharm” ជូនចំពោះ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ ប្រធានស្ថាប័នចំណុះក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន នៃ ខ.ភ.ម។ យុទ្ធនាការចាក់វ៉ាក់សាំង SARS-Cov ‘‘sinopharm” ប្រព្រឹត្តទៅនៅរសៀល ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រោមវត្តមានរបស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា នៅក្នុងបរិវេណ នៃមន្ទីរពេទ្យព្រះកេតុមាលា និងដោយមានការចូលរួមពីថ្នាក់ដឹកនាំកងទ័ពជាច្រើនរូប។ ការចាក់វ៉ាក់សាំងនេះ ធ្វើឡើងតាមគោលការណ៍ស្ម័គ្រចិត្ត និងស្របតាមលក្ខខណ្ឌ នៃការទទួលវ៉ាក់សាំង។ក្នុងសេចក្តីប្រកាសរបស់ក្រសួងការពារជាតិ បានបញ្ជាក់ថា៖ ក្រៅពីចាក់វ៉ាក់សាំងដល់ថ្នាក់ដឹកនាំកងទ័ព ក្រសួងការពារជាតិ នឹងរៀបចំចាក់វ៉ាក់សាំងកូវីដ១៩ ជូនចំពោះនាយទាហាន នាយទាហានរង និងពលទាហាន តាមស្ថាប័ន កងឯកភាពក្នុងកងយោធពលខេមរភូមិន្ទ នៅពេលក្រោយទៀត។
គួរបញ្ជាក់ថា៖ តបតាមសំណើររបស់ក្រសួងការពារជាតិកម្ពុជា ក្រសួងការពារប្រទេស នៃសាធារណរដ្ឋប្រជាមានិតចិន បានសម្រេចផ្តល់ជំនួយនូវវ៉ាក់សាំងការពារកូវីដ-១៩ មានចំនួន ១លានដុស មកដល់ក្រសួងការពារជាតិកម្ពុជា។ ហើយកាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងមក វ៉ាក់សាំងចំនួន ៦០ម៉ឺនដូស បានមកដល់ព្រះរាជាណាចក្រកម្ពុជា ដោយ សម្តេចនាយករដ្ឋមន្ត្រីតេជោ ហ៊ុន សែន បានចេញទៅទទួលដោយផ្ទាល់ផងដែរ នេះសបញ្ជាក់ឲ្យឃើញអំពីយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅលើផ្នែកសុខាមាលភាព។ សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា៖ វ៉ាក់សាំងកូវីដ-១៩នេះ នឹងត្រូវបានចាក់ជូនកងទ័ព ក្នុងនោះមាន នាយទាហាន ពលទាហាន បញ្ជាការដ្ឋានអង្គរក្ស កងរាជអាវុធហត្ថ និងបណ្តាយោធភូមិភាគ និងចុងក្រោយគឺចាក់ជូនកងទ័ព ដែលស្ថិតនៅកងឯកភាពជួរក្រោយ ដោយការចាក់នេះ ក្នុងម្នាក់ចំនួន ២ដូស គឺបន្ទាប់ពីចាក់លើកទី១ មានរយៈពេល ២១ថ្ងៃ ទើបចាក់លើកទី២។ សម្តេចពិជ័យសេនា បានបញ្ជាក់ថា៖ រហូតមកដល់ពេលនេះក្រសួងការពារជាតិ បានធ្វើការប្រុងប្រៀបបានមួយជំហ៊ានធំរួចមកហើយ នៅលើកិច្ចការនេះ ដោយមានកិច្ចសហការពីក្រុមវេជ្ជបណ្ឌិតអ្នកឯកទេសផ្នែកសុខាភិបាលចិន មកជួយបង្ហាត់បង្ហាញដល់វេជ្ជបណ្ឌិត គ្រូពេទ្យ ខ.ភ.ម ហើយថ្ងៃនេះ យុទ្ធនាការចាក់វ៉ាក់សាំង SARS-Cov ‘‘sinopharm” បានចាក់ការពារជូនកងទ័ព និងគ្រួសារក្នុង ខ.ភ.ម ដើម្បីធ្វើឲ្យកិច្ចការនេះ បានប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យតាមការគ្រោងទុក។ ការចាក់វ៉ាក់សាំងនេះ ធ្វើឡើងតាមគោលការណ៍ស្ម័គ្រចិត្ត និងស្របតាមលក្ខខណ្ឌនៃការទទួលវ៉ាក់សាំង។ បើតាមសេចក្តីប្រកាសរបស់ក្រសួងការពារជាតិ កាលពីម្សិលមិញ បានបញ្ជាក់ថា៖ ក្រៅពីចាក់វ៉ាក់សាំងដល់ថ្នាក់ដឹកនាំកងទ័ព ក្រសួងការពារជាតិនឹងរៀបចំចាក់វ៉ាក់សាំងកូវីដ១៩ ជូនចំពោះនាយទាហាន នាយទាហានរង និងពលទាហាន តាមស្ថាប័ន កងឯកភាពក្នុងកងយោធពលខេមរភូមិន្ទ នៅពេលក្រោយទៀត។
នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១នេះដែរ ថ្នាក់ដឹកនាំមួយចំនួនរបស់កម្ពុជា កងទ័ព និងអ្នកសារព័ត៌មាន ដែលមានអាយុចាប់ពី១៨ឆ្នាំ ដល់អាយុលើស៥៩ឆ្នាំឡើង បាននិងកំពុងចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលជាជំនួយរបស់រដ្ឋាភិបាលចិន ក្នុងនោះ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានចាក់វ៉ាក់សាំងនេះមុនគេបង្អស់សម្រាប់ការចាក់នៅក្នុងប្រទេសកម្ពុជា។
ការទទួលវ៉ាក់សាំងកូវីដ១៩ ឈ្មោះ សីណូហ្វាម (Sinopharm) ធ្វើឡើងតាមគោលការណ៍ស្ម័គ្រចិត្ត នៅទីតាំងចំនួន៤ រួមមាន៖
១៖ មន្ទីរពេទ្យកាល់ម៉ែត សម្រាប់ឥស្សរជនជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ ឬមានឋានៈស្មើ
២៖ មន្ទីរពេទ្យព្រះអង្គឌួង សម្រាប់ឥស្សរជន ជាអនុរដ្ឋលេខាធិការ ឬមានឋានៈស្មើ
៣៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សម្រាប់ឥស្សរជនជាអភិបាល នៃគណៈអភិបាលរាជធានី-ខេត្ត
៤៖ មន្ទីរពេទ្យកុមារជាតិ សម្រាប់អ្នកសារព័ត៌មាន។
វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ចិន ចំនួន៦០ម៉ឺនដូសនេះ ជាប្រភេទវ៉ាក់សាំង Sinopharm ដែលផលិតដោយរដ្ឋាភិបាលចិន បានបញ្ជូនមកដល់ប្រទេសកម្ពុជា នារសៀលថ្ងៃទី០៧ ខែកុម្ភៈ។ ក្រោយមកដល់ប្រទេសកម្ពុជា វ៉ាក់សាំង Sinopharm ទាំងនេះ បានត្រូវប្រគល់ជូនក្រសួងការពារជាតិចំនួន ៣០ម៉ឺនដូស និងប្រគល់ជូនក្រសួងសុខាភិបាលចាត់ចែងចំនួន ៣០ម៉ឺនដូស។
ចំពោះស្ថានភាពជំងឺកូវីដ១៩ នៅទូទាំងប្រទេសកម្ពុជា គិតត្រឹមម៉ោង ៧ៈ០០ នាទីព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺ ៤៧៨នាក់ អ្នកព្យាបាលជាសះស្បើយចំនួន ៤៥៧នាក់ និងអ្នកកំពុងសំរាកព្យាបាលមានចំនួន ២១នាក់។ ទោះបីមានវ៉ាក់សាំងការពារក្តីក៏ប្រមុខរាជរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅតែបន្តអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងប្រទេសត្រូវតែអនុវត្តវិធានការណ៏ការពារ ដោយលាងដៃពាក់ម៉ាស់ រក្សាគំលាត ជាប់ជាប្រចាំ ៕