ក្រសួងការពារជាតិ បានបើកកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាង សេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារ ដើម្បីសម្របសម្រួលទទួលរក្សាទុកដាក់ ប្រើប្រាស់ និងចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនកងទ័ព និងគ្រួសារក្នុងខ.ភ.ម កាលពីរសៀលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងមានការអញ្ជើញចូលរួមផងដែរ មាន៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃខ.ភ.ម នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ ព្រមទាំង ឯកឧត្តម អគ្គនាយក អគ្គនាយករង នាយក នាយករង នាយកដ្ឋាន ក្រសួងការពារជាតិ ឯកឧត្តម អគ្គមេបញ្ជាការរង មេបញ្ជាការប្រភេទទ័ព និងមន្ត្រីជំនាញផ្នែកសុខាភិបាលជាច្រើនទៀត។
សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍ថា៖ តបតាមសំណើររបស់ក្រសួងការពារជាតិកម្ពុជា ក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន បានសម្រេចផ្តល់ជំនួយនូវវ៉ាក់សាំងការពារកូវីដ-១៩ នៅក្នុងជំហ៊ានដំបូង ៦០ម៉ឺនដូស ក្នុងខភម ទទួលបានចំនួន ៣០ម៉ឺនដូស។ សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្តថា៖ វ៉ាក់សាំងកូវីដ-១៩នេះ នឹងត្រូវបានចាក់ជូន សម្តេចនាយករដ្ឋមន្ត្រីតេជោ ហ៊ុន សែន មុនគេ បន្ទាប់មកចាក់ជូនវេជ្ជបណ្ឌិត បុគ្គលិកគ្រូពេទ្យ និងកងទ័ព ក្នុងនោះមាន នាយទាហាន ពលទាហាន បញ្ជាការដ្ឋានអង្គរក្ស កងរាជអាវុធហត្ថ និងបណ្តាយោធភូមិភាព និងចុងក្រោយគឺចាក់ជូនកងទ័ពដែលស្ថិតនៅកងឯកភាពជួរក្រោយ។ សម្តេចពិជ័យសេនា បានបញ្ជាក់ថា៖ រហូតមកដល់ក្រសួងការពារជាតិ បានធ្វើការប្រុងប្រៀបបានមួយជំហ៊ានធំរួចមក នៅលើកិច្ចការនេះ ដោយមានកិច្ចសហការពីក្រុមវេជ្ជបណ្ឌិតអ្នកឯកទេសផ្នែកសុខាភិបាលចិន មកជួយបង្ហាត់បង្ហាញដល់វេជ្ជបណ្ឌិត គ្រូពេទ្យ ខ.ភ.ម ហើយថ្ងៃនេះ ក៏បានប្រជុំបង្កើតក្រុមការងារ ដើម្បីសម្របសម្រួលទទួល រក្សាទុកដាក់ ប្រើប្រាស់ និងចាក់ការពារវ៉ាក់សាំងកូវីដ-១៩ ជូនកងទ័ព និងគ្រួសារក្នុងខ.ភ.ម ដើម្បីធ្វើឲ្យកិច្ចការនេះ បានប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យតាមការគ្រោងទុក។
គួរបញ្ជាក់ថា៖ ក្នុងសេចក្តីសម្រេចបង្កើតក្រុមការងារ ដើម្បីសម្របសម្រួលទទួល រក្សាទុកដាក់ ប្រើប្រាស់ និងចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនកងទ័ព និងគ្រួសារក្នុង ខ.ភ.ម មានសមាសភាពចំនួន ២២រូប ក្នុងនោះ នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការ ក្រសួងការពារជាតិ ជាប្រធាន, នាយឧត្តមសេនីយ៍ ស៊ុំ សំណាង អគ្គនាយក អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ អនុប្រធាន, នាយឧត្តមសេនីយ៍ ម៉ក់ សារ៉ុន អគ្គមេបញ្ជាការរង ខ.ភ.ម អនុប្រធាន និងឧត្តមសេនីយ៍ឯក គង់ សាលី អគ្គនាយករង អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ និងជានាយក នាយកដ្ឋានសុខាភិបាល ជាអនុប្រធានប្រចាំការ។ ក្រុមការងារនេះ មានតួនាទី និងភារកិច្ច គ្រប់គ្រង និងសម្របសម្រួល ទទួលទុកដាក់ ប្រើប្រាស់ និងចាក់ការពារវ៉ាក់សាំងកូវីដ-១៩។ ធ្វើជាសេនាធិការជូនក្រសួងការពារជាតិ។ រៀបចំផែនការ សកម្មភាព និងកម្មវិធីការងារចុះចាក់ នៅតាមកងឯកភាព។ បំប៉នជំនាញបច្ចេកទេស លើកកម្ពស់សមត្ថភាពក្រុមគ្រូពេទ្យជំនាញចាក់វ៉ាក់សាំងកូវីដ១៩ ៕