នាយកដ្ឋាន ហិរញ្ញវត្ថុ ក្រសួងការពារជាតិ បានធ្វើការផ្សព្វផ្សាយប្រកាសបែងចែកថវិកាជំនាញ ឆ្នាំ២០២១ និងណែនាំពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០២២ ដល់ ២០២៤ និងគោលការណ៍អនុវត្តថវិកាកម្មវិធីឆ្នាំ២០២១ និងឆ្នាំបន្ត ជូនដល់បណ្តាកងឯកភាព នៃខ.ភ.ម នាព្រឹកថ្ងៃទី២២ ខែមករានេះ នៅសាលប្រជុំនាទីស្តីការគណៈរដ្ឋមន្ត្រី។
ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក លី កុសល អគ្គនាយករង អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ និងជានាយក នាយកដ្ឋាន ហិរញ្ញវត្ថុ ក្រសួងការពារជាតិ បានមានប្រសាសន៍ថា៖ ដោយបានការអនុញ្ញាតិពី ឯកឧត្តម អគ្គនាយក អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ, និងថ្នាក់ដឹកនាំ ក្រសួងការពារជាតិ, នាយកដ្ឋាន ហិរញ្ញវត្ថុ បានធ្វើការផ្សព្វផ្សាយ និងប្រកាសផែនការបែងចែកថវិកា ឆ្នាំ២០២១ ជូនដល់បណ្តាកងឯកភាព និងបានយល់ដឹងនូវខ្លឹមសារ និងនីតិវិធីនៃការប្រើប្រាស់ និងការអនុវត្តនូវវិធានការផ្សេងៗឲ្យមានប្រសិទ្ធភាពខ្ពស់។ ឯកឧត្តម បានបញ្ជាក់ថា៖ ថ្ងៃនេះគឺជាពេលវេលាដ៏សមស្របមួយ ដែលគ្រប់ស្ថាប័នជំនាញហិរញ្ញវត្ថុ នៃខ.ភ.ម នៅទូទាំងប្រទេស បានមកជួបជុំគ្នាទទួលការផ្សព្វផ្សាយនេះ។ ឯកឧត្តម បានបន្តថា៖ ទំរាំបានកញ្ចប់ថវិកាមកផ្សព្វផ្សាយជូនដល់ស្ថាប័ននាពេលនេះ គឺវាមានដំណាក់កាលជាច្រើនណាស់។ ឯកឧត្តម លី កុសល បានថ្លែងអំណរគុណ និងកោតសរសើរចំពោះក្រុមការងារថវិការបស់ក្រសួងការពារជាតិ ដែលបានខិតខំបំពេញការងារយ៉ាងសកម្ម និងដ៏មមាញឹក ដើម្បីអនុវត្តភារកិច្ចតាមជំហ៊ាននីមួយៗ។ ជំហ៊ានទី១ នៅពេលបានទទួលគម្រោងពីស្ថាប័នជំនាញ ត្រូវបានកំណត់ថា ធ្វើយ៉ាងណាឲ្យបានខែបីមកដល់ដៃ ដើម្បីក្រុមការងារថវិការៀបចំយុទ្ធសាស្ត្រ ពិនិត្យគម្រោង និងប្រៀបធៀបថវិកាប្រចាំឆ្នាំ ឲ្យសមស្របតាមថវិការបស់ជាតិ និងតម្រូវការជាកស្តែងផងដែរ។ ជំហ៊ានទី២ ត្រួតពិនិត្យផ្ទៀងផ្ទាត់ឡើងវិញ ទន្ទឹមនឹងនោះក៏បានអញ្ជើញជំនាញនីមួយៗមកប្រជុំពិនិត្យសារចុះសារឡើង ប្រើពេលវេលាជាច្រើនថ្ងៃ។ ក្រៅពីនោះរៀបចំប្លង់គណនីបញ្ចូលទៅតាមខ្លឹមសារនិមួយៗ គឺជារបបកែទម្រង់ថ្មី ដូចនេះមិនមែនជាការងាយស្រួលនោះទេ គឺជាការលំបាក។ តែទោះបីយ៉ាងណាក៏ដោយ ក្រុមការងាររៀបចំថវិការបស់យើង បានខិតខំដោយយកអស់ពីលទ្ធភាព និងធ្វើប្រកបដោយជោគជ័យ។ ក្រោយពីបានរៀបចំរួចហើយ ក្រុមការងារក៏បានដាក់ឆ្លងទៅក្រសួងការពារជាតិ ដើម្បីពិនិត្យ និងសម្រេច រួចហើយបានដាក់ឆ្លងទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដាក់ជូនទៅអន្តរក្រសួង បន្តដាក់ជូនទៅគណៈរដ្ឋមន្ត្រី និងបន្តជូនរដ្ឋសភា និងព្រឹទ្ធសភា ដើម្បីពិនិត្យ និងសម្រេចអនុម័ត ទើបយើងបានកញ្ចប់ថវិកាយកមកប្រើប្រាស់បាន។
ឧត្តមសេនីយ៍ឯក លី កុសល បានផ្តាំផ្ញើរថា៖ ក្រោយពីបានទទួលការប្រកាសឥណទានហើយ សូមឲ្យស្ថាប័ននីមួយៗ ត្រូវសហការល្អជាមួយនាយទាហាន នាយទាហានរង នាយកដ្ឋានហិរញ្ញវត្ថុ ដែលមានការពាក់ព័ន្ធគ្រប់ផ្នែកគ្រប់ថ្នាក់ ឲ្យបានជិតស្និត ដើម្បីឲ្យការងារអនុវត្តធ្វើគម្រោងចំណាយ និងទូទាត់ឡើងវិញបានឆាប់រហ័ស តាមទម្រង់បែបបទ ដើម្បីអនុវត្តតាមពេលវេលា ដែលបានកំណត់ មានតម្លាភាព គណនីភាព និងប្រសិទ្ធភាព ៕