ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នាព្រឹកថ្ងៃសុក្រ ទី២២ ខែមករា ឆ្នាំ២០២១នេះ បានចុះប្រគល់ផ្ទះចំនួន ៨ខ្នង ដែលជាអំណោយរបស់ សម្ដេចតេជោ ហ៊ុន សែន ជូនអតីតយុទ្ធជន ចំនួន ៨គ្រួសារ នៅភូមិសំរោងតាកុក ឃុំសំរោង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលមានជីវភាពខ្វះខាត។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម គន់ គីម បានលើកឡើងពីការយកចិត្តទុកដាក់របស់ សម្តេចទាំងពីរ លើសុខទុក្ខ និងជីវភាពប្រចាំថ្ងៃរបស់សមាជិក អតីតយុទ្ធជនកម្ពុជា មិនដែលភ្លេចឡើយ ហេតុនេះបងប្អូន ដែលទទួលបានផ្ទះរបស់ សម្តេច ហ៊ុន សែន ត្រូវខិតខំប្រកបរបរចិញ្ចឹមជីវិត លើកស្ទួយជីវភាពរស់នៅរបស់ខ្លួន ព្រោះ មានលំនឹងហើយ បន្ទាប់ពីបានទទួលផ្ទះនេះ។ ឯកឧត្តម គន់ គីម ក៏បានរំលឹកដល់ថ្នាក់ដឹកនាំសមាគម អតីត យុទ្ធជនកម្ពុជា ខេត្តបាត់ដំបង ត្រូវគ្រប់គ្រង សមាជិក ដែលរស់នៅក្នុងមូលដ្ឋានរបស់ខ្លួន ពេលមានបញ្ហាអ្វីមួយត្រូវជួយដោះស្រាយជូនភា្លម ហើយត្រូវជំរុញការបើកប្រាក់ បេឡាមរណៈសង្គ្រោះ ឲ្យបានទាន់ពេលវេលា និងបន្តធ្វើផ្ទះអំណោយរបស់សម្តេច ឲ្យរួចតាមផែនការ ដើម្បីប្រគល់ជូនសមាជិក បានទាន់ពេលវេលា។
ជាមួយគ្នានេះ លោក ដែង ផៃ ជាជនពិការតំណាងបងប្អូន ទាំង ៨គ្រួសារ បានគោរពថ្លែងអំណរគុណ សម្តេចទាំងពីរ ដែលផ្ដល់ផ្ទះជូនពួកគាត់ និងប្តេជ្ញាគោរព និងជឿជាក់លើការដឹកនាំរបស់សម្តេច ប្រឆាំងដាច់ខាត ការប៉ុនប៉ងចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ បើទោះបីជាពួកគាត់ចូលនិវត្តន៍ហើយក៏ដោយ។
សូមបញ្ជាក់ថា៖ ក្នុងឱកាសនេះ ក្រៅតែពីការប្រគល់ផ្ទះចំនួន៨ខ្នងហើយនោះ ឯកឧត្តម គន់ គីម ក៏បានផ្តល់សម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនផងដែរ។ គ្រួសារនីមួយៗ ទទួលបាន៖ ថវិកា ២០ម៉ឺន រៀល, គ្រែ០១, អង្ករចំនួន ១០០គីឡូក្រាម, និងសំភារៈប្រើប្រាស់មួយចំនួនទៀត។ ដោយឡែកអតីតយុទ្ធជនរស់នៅក្បែរខាង ដែលបានចូលរួមអបអរសាទរចំនួន ៣០នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៥០,០០០រៀល និងសារុង ០១ផងដែរ។ បន្ទាប់ពីចប់កម្មវិធីប្រគល់ផ្ទះ ឯកឧត្តម បានចូលរួមគោរពវិញ្ញាក្ខន្ធ និងប្រគល់ថវិការបេឡាមរណៈសង្គ្រោះចំនួន ៤លានរៀល និងថវិការផ្ទាល់របស់ឯកឧត្តមចំនួន ៣០០$ ព្រមទាំងថវិការថ្នាក់ដឹកនាំ ស.អ.ក ៥៧ម៉ឺនរៀល ជូនដល់គ្រួសារសពសមាជិក ស.អ.ក ឈ្មោះ ឈុត ចំរើន ភេទស្រី ជានិវត្តន៍ជន នៅភូមិព្រែកនរិន្ទ ដែលបានទទួលមរណៈភាពកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ កន្លងទៅនេះ ក្នុងជន្នាយុ ៧៤ ឆ្នាំ ដោយរោគាពាធ ៕