នៅសាលប្រជុំទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបើកកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីការអប់រំ និងនិតិស្តីពីគ្រឿងញៀន លើកទីបី ជូនដល់នាយទាហាន នាយទាហានរង និងពលទាហានចំនួន១១៥នាក់ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២១។ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានអញ្ជើញជាអធិបតីភាព ដោយមានការចូលរួម មេបញ្ជាការរង នាយសេនាធិការរង និងកងកម្លាំងចំណុះឲ្យទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។ ការផ្សព្វផ្សាយនេះ គឺក្នុងគោលបំណង បង្កើនចំណេះដឹងពាក់ព័ន្ឋ និងទោសកំហុស នៃផលប៉ះពាល់គ្រឿងញៀន ដើម្បីយកទៅ បន្តផ្សព្វផ្សាយជូនប្រជាពលរដ្ឋនៅក្នុងសហគមន៍បន្តទៀត។
នៅក្នុងវគ្គសិក្សារៀនសូត្រ របស់សិក្ខាម បានផ្តោតសំខាន់ទៅលើទោស និងផលវិបាក នៃការប្រើប្រាស់ការ ចែកចាយ និងការរក្សាទុកគ្រឿងញៀន ដែលជាអំពើខុសច្បាប់ គ្រឿងញៀនគឺជាឃាតករដ៏សាហាវ ក្នុងការបំផ្លាញអាយុជីវិត អ្នកដែលបានប្រើប្រាស់ និងបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់កិត្តិយស់ សុភមង្គល និងសេដ្ឋកិច្ចគ្រួសារ ហើយបំផ្លាញដល់សេចក្តីសុខក្នុងសង្គមជាតិ។
ឯកឧត្តម សោម ស៊ុន បានសំណូមពរដល់កងកម្លាំងទាំងអស់ចំណុះឲ្យបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងក្រុមគ្រួសារ ត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន ដោយអនុវត្តទិសស្លោក គ្រឿងញៀនបំផ្លាញអនាគតអ្នក គ្រួសារអ្នក និងជីវិតអ្នក។ ឯកឧត្តម បានបន្ថែមថា៖ ក្នុងករណីយោធិនម្នាក់ បើត្រួតពិនិត្យឃើញថាមានការប្រើប្រាស់ ឬមានការពាក់ព័ន្ធបញ្ហាគ្រឿងញៀន និងត្រូវបានសុំការសម្រេចពីថ្នាក់លើ ដើម្បីលុបឈ្មោះចេញពីក្នុងបញ្ជីកងយោធពលខេមរភូមិន្ទ។ ក្នុងឱកាសបើកវគ្គផ្សព្វផ្សាយច្បាប់ស្ដីពីការគ្រប់ពិនិត្យគ្រឿងញៀននេះផងដែរ ឯកឧត្តម សោម ស៊ុន បានក្រើនរំលឹកដល់យោធិនគ្រប់រូប និងក្រុមគ្រួសារត្រូវប្រុងប្រយ័ត្នការពារទប់ស្កាត់ ការឆ្លងមេរោគកូវីដ-១៩ ដោយអនុវត្តឱ្យបានត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាល ៕