កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការសាងសង់វិមានឈ្នះ ឈ្នះ អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបការងារសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ ខេត្តកោះកុង។ កិច្ចប្រជុំមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី និងសមាជិក សមាជិកា ក្រុមការងាររាជរដ្ឋាភិបាល និងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិកអនុគណៈកម្មការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ ខេត្តកោះកុង និងមន្ត្រីរាជការខេត្តកោះកុងជាច្រើនរូបទៀត។
ក្នុងមតិស្វាគមន៍ និងរបាយការណ៍លទ្ធផលការងារសាងសង់ស្តូប ឈ្នះ ឈ្នះ ខេត្តកោះកុង នាយឧត្តមសេនីយ៍ ប៊ុន លើត រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានអនុគណៈកម្មការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ បានបញ្ជាក់អោយដឹងថា៖ ស្តូប ឈ្នះ ឈ្នះ ខេត្តកោះកុង ត្រូវបានសាងសង់នៅលើផ្ទៃដីទំហំ ២១៦ ហិកតា ឋិតនៅភូមិបឹងឃុនឆាំង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។អនុគណៈកម្មការសាងសង់ បានចាប់ផ្តើមសាងសង់ស្តូប ឈ្នះ ឈ្នះ ចាប់ពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០។ ស្តូប ឈ្នះ ឈ្នះ ខេត្តកោះកុង ត្រូវបានសាងសង់តាមលក្ខណៈបច្ចេកទេស តាមទំរង់សំណង់ស្ថាបត្យកម្ម និងរូបភាពវិមាន ឈ្នះ ឈ្នះ នៅរាជធានីភ្នំពេញ ដែលបានរៀបចំឡើងតាមការសិក្សារចនាបទបុរាណខ្មែរ រួមជាមួយសម័យទំនើប មានរាង ៤ ជ្រុងស្មើ ដែលជ្រុងនីមួយៗមានប្រវែង ៦៦ម៉ែត្រ និងមានកំពស់ ៥២,៨ម៉ែត្រ។ លទ្ធផលសាងសង់នាពេលនេះ ក្រុមសាងសង់បានធ្វើគ្រិះចំនួន ១៤៧គ្រិះ ដែលមានមុខកាត់ ០,៨ម៉ែត្រ ជំរៅ ៧ម៉ែត្រ បានសំរេចលទ្ធផល ១០០%។ ក្រៅពីនេះ ក្រុមការងារបានសាងសង់ហេត្ថារចនាសម្ព័នរួមមាន ផ្លូវចំនួន ៥ខ្សែ ក្នុងនោះជួសជុលផ្លូវចាស់ ២ខ្សែ និងកសាងផ្លូវថ្មី ៣ខ្សែ។
មានប្រសាសន៍សំណេះសំណាល ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលសាងសង់ស្តូប ឈ្នះ ឈ្នះ ខេត្តកោះកុងនាឱកាសនោះ សម្តេចពិជ័យសេនា ទៀ បាញ់ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះអនុគណៈកម្មការសាងសង់ស្ថូបឈ្នះ ឈ្នះ ដែលបានសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធ បានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការសាងសង់ស្តូបឈ្នះ ឈ្នះ នៅខេត្តកោះកុងនេះ។ ឆ្លៀតក្នុងឱកាសនោះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ ថ្លែងអំណរគុណចំពោះសប្បុរសជន ជាតិ អន្តរជាតិ ដែលបានចូលរួមគាំទ្រទាំង ថវិកា សម្ភារៈ ស្មារតី ក្នុងការសាងសង់ស្តូបឈ្នះ ឈ្នះ ខេត្តកោះកុង ដើម្បីរក្សាទុកជាប្រវត្តិសាស្ត្រ ដែលប្រជាពលរដ្ឋនៅខេត្តកោះកុង បានជួបប្រទះឆ្លងកាត់ភ្នក់ភ្លើងសង្គ្រាម បង្កការឈឺចាប់ខ្លោចផ្សារ និងបន្សល់ស្លាកស្នាមមិនទាន់រលុប អស់នៅឡើយ ចំពោះប្រជាជនកម្ពុជា មកដល់ពេលបច្ចុប្បន្ននេះ។ សម្តេចពិជ័យសេនា បានបញ្ជាក់ថា៖ អនុគណៈកម្មការសាងសង់ស្តុបឈ្នះ ឈ្នះ បានរៀបចំប្លង់ទីតាំងរួម ប្លង់ស្ថាបត្យកម្ម ប្លង់រចនាសម្ព័ន្ធ ប្លង់សាងសង់ ប្លង់បំពាក់គ្រឿងសម្ភារៈ ការតុបតែង ការគ្រប់គ្រង ការដឹកនាំសាងសង់ស្តូប ឈ្នះ ឈ្នះ ទៅតាមលក្ខណៈបទដ្ឋានបច្ចេកទេស និងបានអនុវត្តការងារសម្រេចលទ្ធផលលើការងារសាងសង់សំណង់ ហេដ្ឋារចនាសម្ព័ន្ធរណប ការសិក្សាស្រាវជ្រាវកសាងឯកសារ កិច្ចការងាររដ្ឋបាល និងការងារធានាផ្សេងៗ។ សមិទ្ធផលការងារសម្រេចបាននាពេលនេះ បានបង្ហាញថា៖ នៅក្នុងឆ្នាំ២០២០នេះ ទោះបីយើងជួបការលំបាក ដោយសារការរីករាលដាលជម្ងឺកូវីដ១៩ និងគ្រោះមហន្តរាយផ្សេងៗ ដោយសារធម្មជាតិក៏ដោយ ប៉ុន្តែអនុគណៈកម្មការ និងក្រុមការងារពាក់ព័ន្ធសាងសង់ស្តូប ឈ្នះ ឈ្នះ នៅតែបន្តនិរន្តភាពការងាររបស់ខ្លួនទៅតាមផែនការ និងភារកិច្ចដែលគណៈកម្មការសាងសង់វិមានឈ្នះ ឈ្នះ បានប្រគល់ជូន។ សម្តេចពិជ័យសេនា ទៀ បាញ់ បានសង្កត់ធ្ងន់ថា៖ ស្តូបឈ្នះ ឈ្នះ ខេត្តកោះកុង ដែលបានកំពុងសាងសង់នាពេលនេះ បានសាងសង់ឡើងក្នុងគោលបំណង ទីមួយៗ៖ ដើម្បីបង្ហាញពីវប្បធម៌កត្តញ្ញូ សម្តែងការដឹងគុណ និងការចងចាំ រំឮកដល់វីរភាពស្នាដៃ និងភាពឈ្លាសវៃរបស់ថ្នាក់ដឹកនាំ ក្នុងការស្វែងរកសន្តិភាព ដែលបានចំណាយសាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុសន្តិភាព។ ទីពីរ៖ ដើម្បីបង្ហាញពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រជាតិ។ ទីបី៖ ដើម្បីបញ្ជាក់ពីសច្ចភាពប្រវត្តិសាស្រ្តពិត ដែលបានកើតចេញលើកដំបូងនោះ គឺដំណើរឆ្ពោះទៅការផ្តួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត «២០ មិថុនា ១៩៧៧» ទើបមានព្រឹត្តិការណ៍ប្រវត្តិសាស្រ្តជាបន្តបន្ទាប់ និងទីបួន៖ ជាទីកន្លែងសម្រាប់មនុស្សជំនាន់ក្រោយ សិក្សាស្វែងយល់នូវប្រវត្តិសាស្រ្តពិត របស់ខេត្តកោះកុង បញ្ជាក់ពីវីរភាពពិតរបស់កូនខ្មែរសម័យនេះ និងចរិតកត់ត្រាអំពីសមត្ថភាពចំណេះដឹងតម្លៃពិតប្រាកដ នៃមគ្គុទេសក៍អ្នកដឹកនាំកម្ពុជា។
តាមផែនការគម្រោងប្លង់មេ នៅលើទីតាំងសាងសង់ស្តូបឈ្នះ ឈ្នះ នៅខេត្តកោះកុង អនុគណៈកម្មការមានគម្រោងអភិវឌ្ឍតំបន់រណបមួយចំនួន ដូចជារូបព្រះពុទ្ធបដិមាករដ៏ស្កឹមស្កៃ ដែលជាការចូលរួមលើកកម្ពស់ វិស័យសាសនា ប្រវត្តិសាស្ត្រខ្មែរនៅខេត្តកោះកុង ឲ្យកាន់តែរីកចម្រើនឡើងថែមទៀត។ មួយវិញទៀត ក៏មានគម្រោងអភិវឌ្ឍតំបន់ទំនៀមទំលាប់ប្រពៃណី តំបន់ទេសចរណ៍សម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ មកលំហែកាយកម្សាន្ត និងស្វែងយល់ពីតម្លៃសន្តិភាពនៅទិសនិរតី ដែលសំបូរដោយសមុទ្រ និងតំបន់អេកូធម្មជាតិ ដ៏សម្បូរបែប ដែលបានកើតឡើងក្នុងពេលប្រទេសជាតិមានសន្តិភាពពេញលេញ តាមរយៈនយោបាយឈ្នះ ឈ្នះ ចាប់តាំងពីឆ្នាំ១៩៩៨ រហូតបច្ចុប្បន្ន។ តំបន់អភិវឌ្ឍន៍ទាំងអស់នេះ ត្រូវបានសាងសង់ឡើងក្រោមការចូលរួមពីគ្រប់មជ្ឈដ្ឋាន ទាំងធនធាន គំនិតប្រាជ្ញា របស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ ប្រជាជន មហាជន បញ្ញវន្ត និស្សិត សិស្ស ដោយមិនគិតនិន្នាការនយោបាយឡើយ។ មួយវិញទៀត សំណង់ និងតំបន់អភិវឌ្ឍន៍នេះ នឹងក្លាយទៅជាសំណង់ប្រវត្តិសាស្ត្រជាតិរាប់រយឆ្នាំ ជាកេរ្តិ៍មរតកក្នុងសម័យតេជោសែន សម្រាប់មនុស្សជាតិគ្រប់ជំនាន់ នៅលើទឹកដីព្រះរាជាណាចក្រកម្ពុជា នាទិសនិរតី។
ក្នុងឱកាសនោះ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានប្រគល់ប័ណ្ណសរសើរ ជូនសប្បុរសជន ជាតិ អន្តរជាតិ ដែលបានជួយគាំទ្រ ដល់ការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ ខេត្តកោះកុង និងបានទទួលថវិកាពីសប្បុរសជននានា ដើម្បីចូលរួមសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ នៅខេត្តកោះកុងផងដែរ ៕