កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អមដំណើរដោយ ឯកឧត្តម ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ អគ្គមេបញ្ជាការរង ឯកឧត្តម ជាអគ្គនាយក អគ្គនាយករង អភិបាល អភិបាលរង មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធក្នុងខេត្តកោះកុង ជាច្រើនរូបទៀត បានអញ្ជើញទៅពិនិត្យការដ្ឋានសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ នៅខេត្តកោះកុង ដែលបានបើកការដ្ឋានសាងសង់ចាប់តាំងពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០។
នៅក្នុងឱកាសនោះ បន្ទាប់ពីបានអញ្ជើញទៅដល់ការដ្ឋានសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ នៅខេត្តកោះកុង សម្តេចពិជ័យសេនា ទៀ បាញ់ ព្រមទាំងឯកឧត្តម លោកជំទាវអមដំណើរទាំងអស់បានអញ្ជើញពិនិត្យស្រះទឹកមួយកន្លែង ស្ថិតនៅក្នុងបរិវេណការដ្ឋានសាងសង់ស្តូបឈ្នះ ឈ្នះ។
ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ ប៊ុន លើត រដ្ឋលេខាធិការរដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានអនុគណៈកម្មាការសាងសង់ស្តូប ឈ្នះ ឈ្នះ ខេត្តកោះកុង និងឧត្តមសេនីយ៍ឯក សឿន រឿត ទីប្រឹក្សា សម្តេចពិជ័យសេនា និងជាប្រធានក្រុមការងារសាងសង់ស្តូប ឈ្នះ ឈ្នះ ខេត្តកោះកុង បានរាយការណ៍ជូន សម្តេចពិជ័យសេនា អំពីដំណើរការសាងសង់ស្តូប ឈ្នះ ឈ្នះ នៅខេត្តកោះកុង ដែលកងវិស្វកម្មលេខ ១៧៨ ស្ពាន ថ្នល់ នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិបានខិតខំសាងសង់ ធ្វើផ្លូវ និងជីកស្រះក្នុងពេលកន្លងមក។ សូមបញ្ជាក់ថា៖ ស្រះទឹកដែលបានជីកក្នុងបរិវេណស្តូបឈ្នះ ឈ្នះ ខេត្តកោះកុង មានទំហំប្រមាណ ៤ហិកតា ស្ថិតជាប់ផ្លូវជាតិលេខ៤៨។ ស្រះនេះមានជម្រៅចាប់ពី១ម ដល់៤ម ដែលផ្ទៃបាតស្រះ មានសភាពមិនស្មើគ្នាដោយសារមានថ្មច្រើននៅខាងក្រោម ដែលបានធ្វើអោយមានការលំបាក ក្នុងការជីកស្រះនេះ។ ក្រៅពីនេះកម្លាំងកងវិស្វកម្មលេខ ១៧៨ ស្ពាន ថ្នល់ ក៏បានកសាងផ្លូវ និងទំនប់ជុំវិញស្រះទឹកធំនេះ ដែលនៅជាប់់ថ្នល់ជាតិលេខ៤៨ មានប្រវែង ៩៨០ម ទទឹង ៥ម។ ក្រៅពីជីកស្រះ កម្លាំងវិស្វកម្មក៏បានចុះខួងអណ្ដូងទឹកចំនួន១កន្លែងដោយមានមុខកាត់ ០.១៥ម និងជម្រៅ ៨៥ម សម្រេចបាន ១០០% ផងដែរ។
បន្ទាប់ពីបានត្រួតពិនិត្យស្រះទឹករួចមក សម្តេចពិជ័យសេនា ទៀ បាញ់ ព្រមទាំង ឯកឧត្តម លោកជំទាវអមដំណើរទាំងអស់ ក៏បានអញ្ជើញឡើងទៅលើកំពូលភ្នំ ដើម្បីពិនិត្យមើលទីតាំងដែលត្រូវរៀបចំ ទីសក្ការៈបូជាសាសនាផងដែរ។ នៅលើកំពូលភ្នំ ដែលជាទីតាំងសាងសង់ស្តូប ឈ្នះ ឈ្នះ ខេត្តកោះកុងនេះ គឺជាចំនុចខ្ពស់ ដែលអាចមើលឃើញទិដ្ឋភាពក្រុងខេមរភូមិន្ទ ទីរួមខេត្តកោះកុង និងផ្ទៃសមុទ្រដ៏ធំល្វឹងល្វើង។ សូមបញ្ជាក់ផងដែលថា៖ ស្ដូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ ខេត្តកោះកុង បានប្រារព្ធពិធីបញ្ចុះបឋមសិលាសម្ពោធការដ្ឋានសាងសង់កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ។ សំណង់ស្ដូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ ខេត្តកោះកុង ត្រូវបានសាងសង់នៅលើផ្ទៃដីប្រមាណ ២១៦ហិកតា។ បន្ទាប់ពីសាងសង់ហើយស្តូបឈ្នះ ឈ្នះ ខេត្តកោះកុងនេះរួច ទីនេះនឹងក្លាយជាសំណង់ប្រវត្តិសាស្ត្រ នៅក្នុងខេត្តកោះកុង និងជាតំបន់សិក្សាស្រាវជ្រាវ ប្រវត្តិសាស្ត្រ ដែលទាក់ទងទៅនឹងនយោបាយឈ្នះ ឈ្នះ នៅក្នុងខេត្តកោះកុង និងជាតំបន់ទេសចរណ៍ វប្បធ៌ម និងសាសនា ផងដែរ។
បន្ទាប់ពីបានអញ្ជើញឡើងទៅលើកំពូលភ្នំ ដើម្បីពិនិត្យមើលទីតាំងដែលត្រូវរៀបចំទីសក្ការៈបូជាសាសនារួចមក សម្តេចពិជ័យសេនា ទៀ បាញ់ ព្រមទាំង ឯកឧត្តម លោកជំទាវ អមដំណើរទាំងអស់ ក៏បានអញ្ជើញចុះទៅពិនិត្យការដ្ឋានសាងសង់ស្តូបឈ្នះ ឈ្នះ ដែលចាប់តាំងពីថ្ងៃបើកការដ្ឋាន រហូតមកដល់ពេលនេះ បានចាក់គ្រិះជើងតាងរួចរាល់ ១០០% ហើយ។ ក្រៅពីនេះ កម្លាំងកងវិស្វកម្មលេខ ១៧៨ ស្ពាន ថ្នល់ បានរៀបចំប្រព័ន្ធផ្លូវថែទាំ និងជួសជុលផ្លូវនានា រៀបចំការិយាល័យប្រចាំការដ្ឋាន រៀបចំប៉ុស្ដ៍យាម ដងទង់ជាតិ និងប្រព័ន្ធបញ្ចៀសទឹកភ្លៀងក្នុងការដ្ឋាន ដាំដើមឈើលំអរមុខផ្ទាំងប៉ាណូ ប៉ុស្ដ៍យាម និងការិយាល័យ។ កម្លាំងកងវិស្វកម្មលេខ ១៧៨ ស្ពាន ថ្នល់ បានរៀបចំប្រព័ន្ធផ្លូវចំនួន ៥ខ្សែ ដោយជួសជុលផ្លូវចាស់បានចំនួន ២ខ្សែ និងបង្កើតផ្លូវថ្មីបាន៣ខ្សែ។
ឯកឧត្តម សឿន រឿត ប្រធានក្រុមការងារសាងសង់ស្តូប ឈ្នះ ឈ្នះ ខេត្តកោះកុង បានបញ្ជាក់អោយដឹងថា៖ ប្លង់ស្ថាបត្យកម្ម និងរចនាសម្ព័ន្ធសាងសង់ស្តូប ឈ្នះ ឈ្នះ ខេត្តកោះកុង បានបង្កើតឡើងតាមទម្រង់វិមាន ឈ្នះ ឈ្នះ នៅរាជធានីភ្នំពេញ ដែលមានទម្រង់ ៣សំខាន់ គឺ ៣- ៥- ៧ បង្ហាញពីគោលការណ៍ធានា៣យ៉ាង នៃនយោបាយ ឈ្នះ ឈ្នះ, កត្តាទាំង៥ចំណុច នៃយុទ្ធសាស្ត្រឌីហ្វីដ DIFID និងកត្តាទាំង៧ នៃជ័យជម្នះប្រកបដោយប្រសិទ្ធភាពខ្ពស់របស់នយោបាយឈ្នះ ឈ្នះ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានសំដែងការអបអរសាទរចំពោះលទ្ធផលការងារ ដែលកម្លាំងកងវិស្វកម្មលេខ ១៧៨ ស្ពាន ថ្នល់ ខិតខំសំរេចបានក្នុងការសាងសង់ស្តូប ឈ្នះ ឈ្នះ ខេត្តកោះកុង។ សម្តេចពិជ័យសេនា បានជំរុញអោយក្រុមការងារស្រាវជ្រាវប្រវត្តិសាស្ត្រយោធា បន្តកិច្ចការស្រាវជ្រាវ និងសម្ភាសន៍ បន្តទៀតដើម្បីប្រមូលផ្តុំនូវតាក់តាងនានា ដើម្បីតំកល់ទុកនៅស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ នៅខេត្តកោះកុង។ គួរកត់សំគាល់ថា៖ នៅខេត្តកោះកុង ក្រោមម្លប់សន្តិភាព ដែលប្រទេសកម្ពុជាទទួលបានសុខសន្តិភាពពេញលេញ ចាប់តាំងពីឆ្នាំ១៩៩៨មក បានធ្វើឲ្យខេត្តកោះកុង មានឱកាសអភិវឌ្ឍទាំងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត អរូបវ័ន្ត និងការវិនិយោគ គួរឲ្យកត់សម្គាល់។ ជាមួយនឹងសមិទ្ធិផលដ៏ថ្លៃថ្លាដែលខេត្តកោះកុងទទួលបាន ក្នុងពេលកន្លងមក នាពេលបច្ចុប្បន្ននេះ មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងមូល ទូទាំងខេត្តកោះកុង មានសេចក្តីរំភើបសប្បាយរីករាយ និងពោពេញដោយមោទនៈភាពជាទីបំផុត ដោយខេត្តកោះកុងនឹងទទួលបានសមិទ្ធិផលដ៏ថ្លៃថ្លាជាប្រវត្តិសាស្ត្រ មិនអាចកាត់ថ្លៃបានមួយបន្ថែមទៀត គឺស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ នៅខេត្តកោះកុង ដែលបានកំពុងដំណើរការសាងសង់នេះ។ ហើយស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ នៅខេត្តកោះកុងដ៏ថ្លៃថ្លានេះ នឹងផ្តល់នូវកិត្តិយស និងមុខមាត់ថ្មីបន្ថែមទៀត លើទឹកដីខេត្តកោះកុង ៕