ក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ បានប្រជុំបូកសរុបលទ្ធផលការងារ របស់កីឡាកងទ័ព ដែលកិច្ចប្រជំនេះ បានដឹកនាំដោយ នាយឧត្តនសេនីយ៍ ឃឹម ប៊ុនសុង រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ កិច្ចប្រជុំរបស់ក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ ដើម្បីបូករុបលទ្ធផលការងារ និងកែសម្រួលលក្ខន្តិកៈ តែងតាំងសមាជិក និងបញ្ចូលស្ថាប័ន កងអង្គភាពបន្ថែម រួមជាមួយអនុប្រធាន សមាជិក សមាជិការ ក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ មកពីបណ្ដាស្ថាប័ន កងអង្គភាពនានា ដែលកិច្ចប្រជុំនេះ បានប្រព្រឹត្តទៅនៅសាលប្រជុំ ទីស្ដីការគណៈរដ្ឋមន្ត្រី។
យោងតាមប្រសាសន៍របស់ ឧត្តមសេនីយ៍ឯក តែម ម៉ឺន អនុប្រធានអចិន្ត្រៃយ៍ក្រុមកីឡាកងយោធពលខេមរភូមិន្ទ និងជានាយកមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ បានរាយណ៍ក្នុងកិច្ចប្រជុំថា៖ ចាប់តាំងពីបង្កើតក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ ឆ្នាំ២០០៦ រហូតមកដល់ឆ្នាំ២០២០ មានរយៈពេល ១៤ឆ្នាំ។ ក្រុមកីឡាករ កីឡាការិនី កងយោធពលខេមរភូមិន្ទ ដណ្តើមបានមេដាយសរុបចំនួន១៦៥៤គ្រឿង ទំាងការប្រកួតកម្រិតជាតិ និងអន្តរជាតិ។ ឯកឧត្តម តែម មុឺន បានបន្តថា៖ សម្រាប់មេដាយចំនួន ១៦៥៤គ្រឿង ក្នុងនោះមានមេដាយមាស ចំនួន ៥៧៦គ្រឿង មេដាយប្រាក់ ៥៩៧គ្រឿង និងមេដាយសំរិទ្ធ ៤៨១គ្រឿង ព្រមទំាងពានរង្វាន់ ១០៥ពាន ដោយមានពានរង្វាន់កីឡាប៉េតង់កម្រិតពិភពលោកចំនួន ៤ពាន និងមេដាយ មាសពិភពលោក ៤គ្រឿង នៅឆ្នាំ២០១៣ ឆ្នាំ២០១៥ ឆ្នាំ២០១៧ និងឆ្នាំ២០១៩ រកបានដោយ វិរកីឡាការិនី កែ ឡេង។ ហើយប្រភេទកីឡាដែលមានសក្ដានុពលខ្លាំងជាងគេរបស់ក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ គឺប្រភេទកីឡាប៉េតង់ ដោយសារតែរាល់ការចេញទៅចូលរួមព្រឹត្តិការណ៍ការប្រកួតលើឆាកអន្តរជាតិតែងតែទទួលមេដាយមាស មេដាយប្រាក់ និងមេដាយសំរិទ្ធជាប្រចាំ។
ឯកឧត្តម ឃឹម ប៊ុនសុង ប្រធានក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ បានកោតសរសើរដល់ថ្នាក់ដឹកនាំ គ្រូបង្វឹក កីឡាករ កីឡាការិនីទាំងអស់ ដែលបានខិតខំប្រឹងប្រែង បង្កើតស្នាដៃ លើកកិត្តិយស អង្គភាព តាមរយៈការប្រកួត ទាំងកម្រិតជាតិ និងអន្តរជាតិ។ ឯកឧត្តម នាយឧត្តមសេនីយ៍ ក៍បានស្នើដល់ថ្នាក់ដឹកនាំ កងអង្គភាព ពាក់ព័ន្ធ មេត្តាបន្តសកម្មភាពការងារបន្ថែមទៀត ដើម្បីរួមចំណែកអភិវឌ្ឈវិស័យកីឡារបស់កម្ពុជាអោយកាន់តែរីកចំរើន និងជាពិសេស ដើម្បីត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះព្រឹត្តការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ នាពេលខាងមុខ ៕