អគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ បានរៀបចំពិធីសំណេះសំណាល និងផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ដល់សិក្ខាកាម វគ្គបណ្តុះបណ្តាលការងាររដ្ឋបាល និងឋានលេខា ឆ្នាំ២០២០ នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១នេះ ស្ថិតក្រោមអធិបតីភាព ឧត្តមសេនីយ៍ឯក គីម ស្មើ ជំនួយការផ្ទាល់ សម្តេចនាយករដ្ឋមន្ត្រីតេជោ ហ៊ុន សែន និងជាអគ្គលេខាធិការរង ក្រសួងការពារជាតិ ទទួលបន្ទុកមជ្ឈមណ្ឌលបណ្តុះបណ្តាលការងាររដ្ឋបាល នៃ ខ.ភ.ម។
តាមរបាយការណ៍របស់ ឧត្តមសេនីយ៍ត្រី ហៀ ហ៊ុន នាយករង មជ្ឈមណ្ឌលបណ្តុះបណ្តាល ការងាររដ្ឋបាល នៃខ.ភ.ម បានឲ្យដឹងថា៖ វគ្គបណ្តុះបណ្តាលការងាររដ្ឋបាល និងឋានលេខា ប្រចាំឆ្នាំ២០២០ មានសិក្ខាកាមចូលរួមហ្វឹកហ្វឺន ចំនួន ២៤៧នាក់ សុទ្ធសឹងជានាយទាហាន អគ្គលេខាធិការដ្ឋាន អគ្គនាយកដ្ឋាន និងអង្គភាពចំណុះក្រសួងការពារជាតិ និងស្ថាប័នចំណុះអគ្គបញ្ជាការដ្ឋាន នៃខ.ភ.ម។ វគ្គបណ្តុះបណ្តាល មានរយៈពេល ១២ខែ ដែលបានចាប់ផ្តើមពីខែឧសភា ឆ្នាំ២០២០ នឹងបញ្ចប់វគ្គនៅអំឡុង ខែឧសភា ឆ្នាំ២០២១ខាងមុខនេះ ដោយបានផ្តោតការសិក្សាលើមុខវិជ្ជាសំខាន់ៗ រួមមាន ការងាររដ្ឋបាល បទវិន័យទូទៅ នៃខ.ភ.ម ការងារគ្រប់គ្រងអង្គភាព ឋានលេខា នីតិពន្ធដារកម្ពុជា នីតិរដ្ឋបាលសាធារណៈ នីតិមុខងារសាធារណៈ នីតិអន្តរជាតិសាធារណៈ សេនាធិការផែនទី និងប្រើប្រាស់ឧបករណ៍ និងនីតិសមុទ្រ។
បន្ទាប់ពី លោកសាស្ត្រាចារ្យ ទូច គីមស៊ាង ប្រធានក្រុមអ្នកស្រាវជ្រាវនិពន្ធ សមាជិកក្រុមប្រឹក្សាជាតិ ភាសាខ្មែរ ប្រធានសមាគមទ្រទ្រង់អក្សរសាស្ត្រ និងវប្បធម៌ខ្មែរ ឧទ្ទេសនាម អំពីការចងក្រងសៀវភៅ ហ៊ុន សែន កម្ពុជា និងពិធីប្រគល់សៀវភៅ ហ៊ុន សែន កម្ពុជា ជូនដល់មជ្ឈមណ្ឌល និងសិក្ខាកាមរួចមក, ឧត្តមសេនីយ៍ឯក គឹម រស្មី បានមានប្រសាសន៍ថា៖ សន្តិភាពដែលកើតមាននៅក្នុងព្រះរាជាណាចក្រកម្ពុជានាពេលសព្វថ្ងៃនេះ គឺជាសន្តិភាពដែលកើតឡើងដោយសារនយោបាយឈ្នះៗរបស់ សម្តេចតេជោ ហ៊ុន សែន និងជាប្រវត្តិសាស្ត្រ ដែលមិនធ្លាប់មានជាង៥០០ឆ្នាំកន្លងមកនេះ សម្រាប់ប្រជាជាតិកម្ពុជា។ ឯកឧត្តមបានបញ្ជាក់ថា៖ នយោបាយឈ្នះៗ គឺជាធម៌ខន្តី និងជាយុទ្ធសាស្ត្រនយោបាយយោធាមួយ ដែលបញ្ចេសបាននូវការប្រើប្រាស់អាវុធវាយប្រហារគ្នា បង្កើនបាននូវជំនឿទុកចិត្តគ្នា ការមិនសងសឹកគ្នា ហើយបើកឱកាសឲ្យកម្ពុជាមានការគិតគូរដោះស្រាយត្រឹមត្រូវតាមផ្លូវច្បាប់ និងទំនាក់ទំនងអន្តរជាតិ លើបញ្ហាព្រំដែន និងបង្កលក្ខណៈសម្រាប់ការអភិវឌ្ឍថែមទៀតផង។ ឯកឧត្តម បានក្រើនរំលឹកដល់នាយទាហាន ជាសិក្ខាកាមទាំងអស់ បន្តចូលរួមថែរក្សាការពារសុខសន្តិភាពនេះ ឲ្យស្ថិតនៅគង់វង្សជារៀងរហូតតទៅទៀត។ នៅក្នុងនាម សម្ដេចពិជ័យសេនា ទៀ បាញ់ ថ្នាក់ដឹកនាំក្រសួងការពារជាតិ និងនាយឧត្តមសេនីយ៍ សំ វណ្ណថន, ឧត្តមសេនីយ៍ឯក គីម រស្មី បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំមជ្ឈមណ្ឌលបណ្តុះបណ្តាល ការងាររដ្ឋបាល នៃខ.ភ.ម យោធាចារ្យ និងកម្មសិក្សាការី ដែលបានខិតខំការបំពេញតួនាទីភារកិច្ចបង្រៀន និងរៀនសូត្រនាពេលកន្លងមកនេះ។ ជាមួយគ្នានេះដែរ ឯកឧត្តម គឹម រស្មី បានផ្តាំផ្ញើរដល់កម្មសិក្សាការី យកចិត្តទុកដាក់គោរពវិន័យ បទបញ្ជារបស់សាលា និងបទវិន័យទូទៅរបស់ខ.ភ.ម និងខិតខំប្រឹងប្រែងរៀនសូត្របន្ត ដើម្បីលើកកម្ពស់សមត្ថភាពយល់ដឹងថែមទៀត ដើម្បីយកទៅប្រើប្រាស់ឲ្យមានប្រសិទ្ធភាពខ្ពស់ នៅពេលវិលត្រឡប់ទៅកាន់អង្គភាពរបស់ខ្លួនវិញ ៕