សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានជួបប្រជុំទ្វេភាគីជាមួយ នាយឧត្តមសេនីយ៍ ចាន់សាម៉ន ចាន់ញ៉ាឡាត រដ្ឋមន្ត្រីក្រសួងការពារប្រទេស នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ តាមប្រព័ន្ធទូរស័ព្ទ នៅរសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។ ក្នុងឱកាសនោះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការ ក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ ព្រមទាំងឯកឧត្តម អស់លោកជាថ្នាក់ដឹកនាំ នៅបណ្ដាស្ថាប័នចំណុះក្រសួងការពារជាតិ និងអគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទជាច្រើនរូបទៀត។
នៅក្នុងកិច្ចជំនួបនោះ នាយឧត្តមសេនីយ៍ រដ្ឋមន្ត្រីក្រសួងការពារប្រទេសឡាវ បានជម្រាបជូន សម្ដេចពិជ័យសេនា ទៀ បាញ់ អំពីស្ថានភាពការវិវត្តន៍រីកចម្រើនរបស់ប្រទេស និងប្រជាជនឡាវ ពិសេសស្ថានភាពនៃការឆ្លងរាតត្បាតអំពីជំងឺកូវីដ១៩ នៅក្នុងប្រទេសឡាវ។ ដែលបច្ចុប្បន្ននៅក្នុងប្រទេសឡាវ មានការឆ្លងចំនួន ៤១នាក់ និងជាសះស្បើយមានចំនួន ៣៧នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមានចំនួន ៤នាក់ ហើយគ្មានអ្នកស្លាប់បាត់បង់ជីវិតនោះទេ។ ទន្ទឹមនេះ នាយឧត្តមសេនីយ៍ រដ្ឋមន្ត្រីក្រសួងការពារប្រទេសឡាវ ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល នៃប្រទេសកម្ពុជា ដែលបានជួយឧបត្ថម្ភនូវសម្ភារៈឧបករណ៍ពេទ្យ សម្រាប់ការពារ និងទប់ស្កាត់ជំងឺកូវីដ១៩ ដល់រដ្ឋាភិបាល និងប្រជាជនឡាវ នាពេលកន្លងមកនេះ។ ឯកឧត្តម ចាន់សាម៉ន ចាន់ញ៉ាឡាត ក៏បានវាយតម្លៃខ្ពស់ផងដែរ ចំពោះកិច្ចសហប្រតិបត្តិការ តាមកិច្ចព្រមព្រៀងនៃ ក្រសួងការពារជាតិ ប្រទេសទាំងពីរ ដែលក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ភាគីទាំងពីរបានអនុវត្តបានយ៉ាងល្អប្រសើរ ក្នុងនាមជាបងប្អូន និងជាប្រទេសជាប់ភូមិផងរបងជាមួយគ្នា។ ឯកឧត្តម ក៏បានលើកជាសំណើរការបន្តអនុវត្តផែនការរួមរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិទាំងពីរ កម្ពុជា-ឡាវ ឆ្នាំ២០១៨ នៅទីក្រុងហាណូយ ឲ្យបានលេចចេញជារូបរាងពិតប្រាកដ។ ទី២ ភាគីទាំងពីរ បន្តផ្លាស់ប្តូរគណៈប្រតិភូជាមួយគ្នា និងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ ទាំងបី ឡាវ កម្ពុជា និងវៀតណាម ឆ្នាំ២០២១។ ទី៣ សុំឲ្យគណៈកម្មការកិច្ចសហប្រតិបត្តិការសន្តិសុខសណ្តាប់ធ្នាប់ តាមព្រំដែនថ្នាក់ខេត្ត ដែលមានព្រំដែនជាប់គ្នា បានជួបពិភាក្សាគ្នាជាប់ជាប្រចាំ។ ទី៤ សុំឲ្យគណៈកម្មាការកិច្ចការរក្សាសន្តិសុខរៀបរយ តាមព្រំដែនកម្ពុជាឡាវ និងឡាវកម្ពុជា រៀបចំការដើរល្បាតរួមគ្នា តាមផ្លូវគោក អាកាស និងផ្លូវទឹក។ និងទី៥ សុំឲ្យភាគីទាំងពីរផ្លាស់ប្តូរព័ត៌មានគ្នាជាប្រចាំ ដើម្បីទប់ស្កាត់ភាពអសកម្មផ្សេងៗតាមបណ្តោយព្រំដែន។
ជាកិច្ចឆ្លើយតប សម្ដេចពិជ័យសេនា ទៀ បាញ់ បានវាយតម្លៃខ្ពស់ចំពោះការវិវត្តន៍រីកចម្រើន នៃប្រទេសទាំងពីរ។ ក្នុងនោះ សម្ដេចពិជ័យសេនា ទៀ បាញ់ ក៏បានពាំនាំការសាកសួរសុខ និងជូនពរជ័យពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះ ឯកឧត្តម ថងលន់ ស៊ីសុលីត នាយករដ្ឋមន្ត្រី សាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិតឡាវ ព្រមទាំងកងទ័ព និងប្រជាជនឡាវ នាឱកាសបុណ្យឆ្នាំថ្មីឆ្នាំសកល២០២១ ដែលឈានមកដល់ថ្ងៃស្អែកនេះ។
ជាមួយគ្នានេះ សម្ដេចពិជ័យសេនា បានលើកជាទិសដៅសម្រាប់ប្រទេសទាំងពីរ ដែលត្រូវត្រៀមសហប្រតិបត្តិការ ឲ្យបានល្អសម្រាប់ឲ្យមានការវិវត្តន៍រីកចម្រើន នៅគ្រប់វិស័យកងទ័ព នៃប្រទេសទាំងពីរ ដោយត្រូវខិតខំលើកកំពស់វិស័យសន្តិសុខ និងនយោបាយ។ ដើម្បីសម្រេចនូវគោលដៅនេះ សម្ដេចពិជ័យសេនា ក៏បានលើកឡើងនូវទស្សនទិសដៅសម្រាប់ការអនុវត្តទៅមុខ ដោយទី១ ក្រុមពិធីសារ នៃក្រសួងការពារជាតិទាំងពីរ ត្រូវរៀបចំអោយរួសរាន់អំពីកិច្ចសហប្រតិបត្តិការ នៅតាមបណ្ដោយព្រំដែន។ ទី២ ត្រូវខិតខំដោះស្រាយព្រំដែនដោយសន្តិវិធី។ ហើយយើងនឹងខិតខំប្រើយន្តការដែលមានស្រាប់ ឲ្យកាន់តែមានភាពសកម្ម និងប្រសិទ្ធភាពខ្ពស់។ ទី៣ ត្រូវបន្តរួមសហការរក្សាសន្តិសុខ នៅតាមបណ្ដោយព្រំដែន ទប់ស្កាត់ការជួញដូរមនុស្ស គ្រឿងញៀន ការបរបាញ់សត្វព្រៃ កាប់បំផ្លាញព្រៃឈើ និងទប់ស្កាត់បទល្មើសផ្សេងៗ។ ទី៤ ពង្រឹងពង្រីកជួយគ្នាទៅវិញទៅមក លើការគ្រប់គ្រងគ្រោះមហន្តរាយតាមបណ្តោយព្រំដែន។ និងទី៥ បន្តផ្លាស់ប្ដូរសិក្ខាកាមកងទ័ព នៃប្រទេសទាំងពីរ ផ្នែកអក្សរសាស្ត្រ និងផ្នែកផ្សេងៗទៀត ៕