ក្នុងឱកាសចូលរួមអបអរបុណ្យចូលឆ្នាំថ្មី ឆ្នាំសាកល ២០២១ នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អមដំណើរដោយ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ ខភម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចំរុះ ព្រមទាំងឯកឧត្តម ជារដ្ឋលេខាធិការក្រសួងការពារជាតិ អគ្គនាយក អគ្គនាយករង និងនាយទាហានជាន់ខ្ពស់នៅក្នុងស្ថាបន័ក្រសួងការពារជាតិ អគ្គបញ្ជាការ បានអញ្ជើញចុះជួបសំណេះសំណាល និងជូនពរឆ្នាំថ្មីដល់ វិស្វករ ស្ថាបត្យករ កម្មករ កម្មការរីនី ដែលកំពង់សាងសង់អគាររដ្ឋបាលក្រសួងការពារជាតិ។
ក្នុងពិធីសំណេះសំណាលនាឱកាសនោះ សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លៃអំណរគុណចំពោះវិស្វករស្ថាប្យករ ព្រមទាំង បុគ្គលិក កម្មករ កម្មការិនី គ្រប់ផ្នែកគ្រប់ជំនាញទាំងអស់ ដែលបានខិតខំប្រឹងប្រែងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីបំពេញភារកិច្ចសាងសង់ អាគាររដ្ឋបាល និងសាលប្រជុំក្រសួងការពារជាតិថ្មី ដែលបានលេចឡើងនៅពេលនេះ ប្រកបដោយគុណភាពនឹងឆ្លើយតបបានត្រឹមត្រូវ សមស្របទៅនឹងតម្រូវការ នៃការរីកចម្រើនរបស់ប្រទេសជាតិយើង។
សម្តេចពិជ័យសេនា បានបញ្ជាក់ថា៖ សុខសន្តិភាពដែលយើងទទួលបានមកដល់ពេលនេះ រយៈពេល ២២ ឆ្នាំហើយ ដែលបានធ្វើអោយយើង មានសុខសន្តិភាព និងការឯកភាពជាតិពេញលេញ តាមនយោបាយឈ្នះ ឈ្នះ។ សម្តេចបានសង្កត់ធ្ងន់ថា៖ នៅថ្ងៃទី២៩ ខែធ្នូ កន្លងទៅនេះ ព្រះរាជាណាចក្រកម្ពុជាយើង បានទទួល តំណក់ប្រេងលើកដំបូង ដែលជាជោគជ័យ ជាប្រវត្តិសាស្ត្ររបស់ប្រទេសជាតិ និងប្រជាជនកម្ពុជាយើងបន្ថែមទៀត។ សន្តិភាពដែលយើងទទួលបាននៅពេលនេះបានធ្វើឲ្យយើង ធ្វើអ្វីៗបានគ្រប់បែបយ៉ាង បានទាំងអស់ រួមទាំងការសាងសង់អាគាររដ្ឋបាល ក្រសួងការពារជាតិ ដែលជាតម្រូវការ ដើម្បីឆ្លើយតបទៅនឹងការអភិវឌ្ឍរបស់ប្រទេសជាតិផងដែរ។
ក្នុងឱកាសនោះ សម្តេចពិជ័យសេនា ទៀ បាញ់ បានជូនពរឆ្នាំថ្មី ឆ្នាំសកលដល់វិស្វករ ស្ថាបត្យករ បុគ្គលិក កម្មករ កម្មការរីនី ទាំងអស់ សូមឲ្យទទួលបានជោគជ័យ សិរីមង្គល វិបុលសុខគ្រប់ប្រការគ្រប់គ្នាទាំងអស់។ឆ្លៀតក្នុងឱកាសនោះដែរ សម្តេចពិជ័យសេនា ក៏បានក្រើនរំលឹកដល់វិស្វករ ស្ថាបត្យករ បុគ្គលិក កម្មករ កម្មការរីនី ទាំងអស់ដែលកំពុងសាងសង់អគាររដ្ឋបាលក្រសួងការពារជាតិ ត្រូវបន្តប្រុងប្រយត្ន័ ចូលរួមទប់ស្កាត់ និង បង្ការជំងឺកូវីដ ១៩ ដោយអនុវត្តអោយបានត្រឹមត្រូវទៅតាមវិធានការនានា របស់ក្រសួងសុខាភិបាល បានដាក់ចុះ។ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានអញ្ជើញពិនិត្យមើលសំណង់អគាររដ្ឋបាល សាលប្រជុំ ក្រសួងការពារជាតិនៅតាមជាន់នីមួយៗ ដែលបានសាងសង់រួច និងផ្នែកខ្លះទៀតកំពុងដំណើរការសាងសង់។
នៅក្នុងរបាយការណ៍សាងសង់ ឧត្តមសេនីយ៍ឯក ង៉ែត នរិន្រ្ទ នាយក នាយកដ្ឋានវិស្វកម្មក្រសួងការពារជាតិ បានបញ្ជាក់អោយដឹងថា៖ រហូតមកដល់ថ្ងៃបំណាច់ឆ្នាំ ២០២០ នេះអគាររដ្ឋបាល និងសាលប្រជុំក្រសួងការពារជាតិ បានដំណើរការអស់រយៈពេល ៣០ខែ ស្មើនឹង ៩១២ថ្ងៃ លើផែនការ ១២១៥ថ្ងៃ ជាលទ្ធផលរួមសម្រេចបាន ៨៣,៦៧% ក្នុងនោះផ្នែកគ្រឿងបង្គុំសំណង់ផ្នែកបេតុងរួចរាល់ ១០០% ផ្នែកដំបូលស្លាបខាងកើតតំបន់សាលប្រជុំរួចរាល់ស្ទើរ ១០០% ផ្នែកដំបូលតួកណ្ដាលកំពុងមមាញឹកប្រក់ស័ង្កសីបាន៨០% ភាគរយចាប់សន្លឹកអាលុយកាបោនបាន ៥០% នៅមិនទាន់ចាប់បញ្ចប់ចំហុយឡើយជាសរុប ៥០%។ ចំណែកផ្នែកស្ថាបត្យកម្មនិងតុបតែង ការរៀបឥដ្ឋជញ្ជាំង និងបូក សម្រេចបាន ៩០% ការចាប់ឆ្អឹងដែកតាមជញ្ជាំង និងតាមសសរសម្រេចបាន ៨០% ចាប់ម៉ាប់ក្តារជ័រក្រដាស់បិទជញ្ជាំង និងសរសរសម្រេចបាន ៣០%។ ការចាប់ស៊ុម បង្អួចនិងចាប់កញ្ចក់ខាងក្រៅសម្រេចបាន ៥០% ការបៀក និងបាញ់ថ្នាំខាងក្រៅអាគារសម្រេចបាន ២០% ក្រាលការ៉ូ បាតជញ្ជាំង បន្ទប់ទឹក និងការ៉ូជណ្តើរ សម្រេចបាន ២០% ក្រាលការ៉ូម៉ាប ការ៉ូព្រំសម្រេចបាន ២០% ការធ្វើពិដានឈើ អាលុយមីញ៉ូ ម្នាងសិលាសម្រេចបាន ៣០%។ សរុបជារួមផ្នែកស្ថាបត្យកម្មសម្រេចបាន ៦៧,១៨% និងការធ្វើការតុបតែងសម្រេចបាន ៣៦,២៩%។
ក្រៅពីនេះការសាងសង់ បានលើកគម្រោងនៃការរៀបចំសួន ទីធ្លា បណ្ដាញផ្លូវ បណ្តាញទឹក ដោយបានធ្វើការសហការ ជាមួយមន្ត្រីជំនាញរបស់សាលារាជធានីភ្នំពេញផងដែរ។ ឡែកចំពោះផែនការក្នុងខែមករា ឆ្នាំ ២០២១ ខាងមុខ នេះ ការសាងសង់អគាររដ្ឋបាលក្រសួងការពារជាតិ គ្រោងនឹងសម្រេចជារួមឲ្យបាន ៨០% ក្នុងនោះរួមមានការងារគ្រឿងបង្គុំ នឹង ដំបូលសម្រេចឲ្យបាន ១០០% ការងារស្ថាបត្យកម្មសម្រេចបាន ៩០% ការងារតុបតែងលម្អ សម្រេចអោយបាន ៦០០% ការងារបណ្ដាញបច្ចេកទេសសម្រេចឲ្យបាន ៨០% ការងាររៀបចំសួន និងសំណង់គួបផ្សំ សម្រេចអោយបាន ២០% ៕