ឧត្តមសេនីយ៏ឯក ខឹមជា សាឃឿន មេបញ្ជាការរង និងនាយសេនាធិការកងទ័ពជើងគោក អមដំណើរដោយ ឧត្តមសេនីយ៍ឯក អួន សារឿន មេបញ្ជាការរងកងទ័ពជើងគោក ឧត្តមសេនីយ៍ឯក ព្រហ្ម ផេង មេបញ្ចាការរងកងទ័ពជើងគោក និងជាមេបញ្ចាការកងពលតូចអន្តរាគមន៍លេខ១ និងនាយទាហានជាន់ខ្ពស់ចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោកជាច្រើនរូប បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញបញ្ជាការថ្នាក់សេនាធិការជំនាន់ទី២ និងបំប៉នមេបញ្ជាការថ្នាក់ កងអនុសេនាតូច-កងអនុសេនាធំ កាំភ្លើងធំកងទ័ពជើងគោក ប្រចាំឆ្នាំ២០២០ កាលពីថ្ងៃទី៣០ ខែធ្នូ នៅទីបញ្ចាការស្រាល បញ្ជាការដ្ឋានកាំភ្លើងធំ កងទ័ពជើងគោក ស្ថិតនៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
នៅក្នុងឱកាសនោះបន្ទាប់ពីគណៈអធិបតី និងប្រតិភូអមដំណើរ ព្រមទាំងនាយទាហានជាច្រើនរូបទៀតបានអញ្ជើញត្រួតពិនិត្យទីលានហ្វឹកហាត់ជំនាញកាំភ្លើងធំ និងពិនិត្យមើលសម្ភារៈ បច្ចេកទេស គ្រឿងបំពាក់សម្រាប់បំរើឲ្យការហ្វឹកហាត់ដល់សិក្ខាកាមជាបន្តបន្ទាប់រួចមក ក្នុងនាមបញ្ជាការដ្ឋានកាំភ្លើងធំ ឧត្តមសេនីយ៏ឯក ពៅ សុខា មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការ បញ្ជាការដ្ឋានកាំភ្លើងធំ បានលើកឡើងពីរចនាសម្ព័ន្ធចាត់តាំង ការដឹកនាំបញ្ជា ភារកិច្ចចំពោះមុខក្នុងភូមិសាស្ត្រទទួលខុសត្រូវ ដែលក្នុងនោះបញ្ជាការដ្ឋានកាំភ្លើងធំ កងទ័ពជើងគោក សម្រេចបានការងារហ្វឹកហ្វឺនជាមូលដ្ឋាន ទាំងការបណ្តុះបណ្តាលធនធានមនុស្សក្នុងបញ្ជាការដ្ឋាន និងទាំងការចុះទៅបណ្តុះបណ្តាលតាមបណ្តាអង្គភាពឈរជើងការពារបូរណភាពទឹកដីតាមខ្សែបន្ទាត់ព្រំដែន។ ឯកឧត្តម ក៏បានលើកឡើងពីការងារកសាងអង្គភាព ការងារបង្កបង្កើនផល ចិញ្ចឹមសត្វការបន្តការងារ អប់រំ នយោបាយចិត្តសាស្ត្រដល់កងទ័ពជាប្រចាំ និងភារកិច្ចចុះជួយសង្រ្គោះប្រជាពលរដ្ឋផងដែរ។
លោកវរសេនីយ៍ឯក ពៅ វិច្ឆិការ អនុគណៈគ្រប់គ្រងវគ្គ បានឲ្យដឹងថា៖ វគ្គហ្វឹកហ្វឺនបំប៉នជំនាញបញ្ចាការថ្នាក់សេនាធិការកាំភ្លើងធំជំនាន់ទី២ និងបំប៉នមេបញ្ជាការថ្នាក់កងអនុសេនាតូច-ធំ កាំភ្លើងធំ កងទ័ពជើងគោក បានដំណើការបើកវគ្គកាលពីថ្ងៃទី១ ខែតុលា មានរយៈពេល៩១ថ្ងៃ មានសិក្ខាកាមសរុបចំនួន ១៤០នាក់ គ្រូយោធាចារ្យចំនួន ១៤នាក់ មកពីអង្គភាពចំណុះកងទ័ពជើងគោក និងសម៉ីអង្គភាពបញ្ជាការដ្ឋានកាំភ្លើងធំ។ ក្រោយបញ្ចប់ការសិក្សារៀនសូត្រសិក្ខាកាមទទួលបាននិទ្ទេសពូកែចំនួន ៨៨នាក់ និទ្ទេសល្អបង្គួរចំនួន៣០នាក់។
នៅក្នុងឱកាសនោះគណៈអធិបតីក៏បានអញ្ជើញ ជូនប័ណ្ណសរសើរ លិខិតសរសើរ និងវិញ្ញាណបនប័ត្របញ្ជាក់ការសិក្សាដល់គ្រូយោធាចារ្យ នាយទាហាន និងសិក្ខាកាមជាបន្តបន្ទាប់។ ថ្លែងក្នុងពិធីបិទវគ្គនាពេលនោះ ឧត្តមសេនីយ៏ឯក ខឹមជា សាឃឿន បានកោតសរសើរ និងវាយតំលៃខ្ពស់ចំពោះការខិតខំយកអស់កម្លាំងកាយចិត្ត របស់ ឯកឧត្តម មេបញ្ជាការ មេបញ្ជាការរង គ្រប់បណ្តាអង្គភាពចំណុះបញ្ជាការដ្ឋានកាំភ្លើងធំ កងទ័ពជើងគោក គ្រូយោធាចារ្យ និងសិក្ខាកាមទាំងអស់ ដែលបានរួមសហការគ្នា ធ្វើឲ្យវគ្គបំប៉នហ្វឹកហ្វឺនទាំងពីរបានដំណើរការរហូតដល់បញ្ចប់វគ្គទៅតាមការគ្រោងទុក និងទទួលលទ្ធផលជាវិជ្ជមាន។ ឯកឧត្តម បានបញ្ជាក់ថា៖ បញ្ជាការដ្ឋានកាំភ្លើងធំ ជាអង្គភាពជំនាញមួយដែលដើរតួជាសំខាន់ ពិសេសជាសេនាធិការដឹកនាំបញ្ជា គ្រប់គ្រងកម្លាំងទ័ពជំនាញ គ្រឿងបំពាក់ សម្ភារៈបច្ចេកទេស កាំភ្លើងធំ ហើយក៏ជាកម្លាំងស្នូលមួយដ៏មានសារៈសំខាន់របស់កងទ័ពជើងគោក ជាកម្លាំងគាំទ្រ អន្តរាគមន៍ និងទប់ទល់ក្នុងការវាយលុករបស់សត្រូវនៅលើសមូរភូមិ។ ទន្ទឹមនឹងតួនាទី ភារកិច្ចចាំបាច់នៃជំនាញកាំភ្លើងធំនេះ ឯកឧត្តម បានស្នើរសុំឲ្យនាយទាហាន នាយទាហានរង និងពលទាហាន ទាំងអស់ត្រូវមានជំនាញមួយពិតប្រាកដក្នុងការដឹកនាំបញ្ជា ការគ្រប់គ្រង ការប្រើប្រាស់ ការថែរទាំគ្រឿងបំពាក់របស់កាំភ្លើងធំ ចេះធ្វើគំរោងផែនការប្រតិបត្តិការកាំភ្លើងធំ និងចេះប្រើឧបករណ៏កាំភ្លើងទំនើប ក្នុងការគិតគូរពីទិន្ន័យ បាញ់ជាក់លាក់ បញ្ចាកែរ បាញ់លឿន រហ័ស ចេះធ្វើផែនការប្រើប្រាស់កាំភ្លើង និងមានប្រសិទ្ធភាព ដើម្បីសម្រេចធានាបាននូវការសម្រេចភារកិច្ច ដែលថ្នាក់លើប្រគល់ជូន ។ ឧត្តមសេនីយ៏ឯក ខឹមជា សាឃឿន បានផ្តាំផ្ញើរដល់សិក្ខាកាមទាំងអស់ពេលវិលទៅអង្គភាពខ្លួនវិញ ត្រូវយកចំណេះដឹងដែលទទួលបានពីការសិក្សារៀនសូត្រទៅប្រើប្រាស់ឲ្យចំគោលដៅ និងមានប្រសិទ្ធភាព បន្តចូលរួមពង្រឹងប្រៀបការពារ ចូលរួមសហការ ការពារសុខសន្តិភាព និងការអភិវឌ្ឍន៏ ប្រទេសជាតិអោយមានការរីកចំរើន ៕