ព័ត៌មាន

សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់​ អញ្ជើញ​ចុះ​ត្រួត​ពិនិត្យ​​ដំណើរ​ការ​សាង​សង់​វិមាន​ឈ្នះ ​ឈ្នះ​ ជំហាន​ទី២​
នាយកដ្ឋានព័ត៌មាន(៣)
174
2035 សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់​ អញ្ជើញ​ចុះ​ត្រួត​ពិនិត្យ​​ដំណើរ​ការ​សាង​សង់​វិមាន​ឈ្នះ ​ឈ្នះ​ ជំហាន​ទី២​

      ក្នុង​ឱកាស​ចូល​រួម​អបអរ​សាទ​រ​ខួប​លើក​ទី​២២ ​ទិវា​នយោ​បាយ​ឈ្នះ ឈ្នះ ​និង​ខួប​២​ឆ្នាំ​ នៃ​វិមាន​ឈ្នះ ឈ្នះ​ ដែល​បាន​ប្រព្រឹត្ត​ទៅ​​កាល​ពី​រសៀល​ថ្ងៃទី​២៩ ​ខែ​ធ្នូ ​ឆ្នាំ​២០២០ ​កន្លង​ទៅ​នេះ ​សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ អម​ដំណើរ ​ឯកឧត្តម​ លោក​ជំទា​វ ​ជា​រដ្ឋ​លេខា​ធិការ​ អគ្គ​មេបញ្ជាការ​រង​​ មេ​បញ្ជាការ ​មេ​បញ្ជាការ​រង​ កង​ទ័ព​ជើង​គោក ​ជើង​ទឹក​ ជើង​អាកាស ​កង​រាជ​អាវុធ​ហត្ថ​ អគ្គ​នាយក ​អគ្គនាយក​រង​ និង​នាយ​ទាហាន​ នៅ​ក្នុង​ក្រសួង​ការ​ពារ​ជាតិ ​អគ្គ​បញ្ជាការជា​ច្រើន​រូប​ទៀត ​បាន​អញ្ជើញ​ត្រួត​ពិនិត្យ​ការ​ដ្ឋាន​សាង​សង់​វិមាន​ឈ្នះ ឈ្នះ​ ជំហាន​ ២​  ដែ​ល​ក្នុ​ង​ជំហា​នទី២​នេះ ​មាន​ការ​សាង​សង់​សួន​សមិទ្ធផល​សម្តេច​តេជោ ​និង​ការ​ងារ​បំពាក់​ចម្លាក់​ ដែល​នៅ​សេស​សល់​ជុំ​វិញ​វិមាន​ឈ្នះ ឈ្នះ​។ លើ​ការ​ងារ​ចម្លាក់​នេះ ​ត្រូវ​បាន​ក្រុម​ការ​ងារ​វិមាន​ឈ្នះ ​ឈ្នះ ​បាន​ខិត​ខំ ​ប្រឹង​ប្រែង​ ឆ្លាក់​នូវ​រូប​ចំលាក់​ ដែល​នៅ​សេស​សល់​ សំរាប់​បិទ​ភ្ជាប់​ជុំវិ​ញ​ជញ្ជាំង​វិមា​ន​ឈ្នះ ​ឈ្នះ ​ដូច​ជា​៖ ចម្លាក់​សម​យុទ្ធ​នាគ​មាស​ឆ្នាំ​២០២០, ចម្លាក់​សុខា​ភិបាល​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩​ នៅ​កម្ពុជា​, ចំលាក់​រូប​និមិត្ត​សញ្ញា​នៅ​តាម​បណ្តា​ខេត្ត​​និ​មួយ​ៗ ​និង​ចំលាក់​ដែល​នៅ​សេស​សល់​មួយ​ចំនួន​ទៀត​។

​        បន្ទាប់​មក​ទៀត ​សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​និង​ឯកឧត្តម​ លោក​ជំទា​វ​អម​ដំណើរ​ ព្រម​ទាំង​ក្រុម​ការ​ងារ​វិមាន​ឈ្នះ ​ឈ្នះ ​បាន​អញ្ជើញ​ទៅ​ត្រួត​ពិនិត្យ​មើល​សំណង់ ​សួន​សមិទ្ធផល​តេជោ ​ចំនួន ​៣ ក្នុង​បរិវេណ​វិមាន​ឈ្នះ​ ឈ្នះ ​ដែល​បាន​ដំណើរ​ការ​សាង​សង់​ ក្នុង​ជំហាន​ទី​ ២ ​​នេះ ​ក្នុង​នោះ​មាន​៖ សួន​ឃឿន​ការ​ពារ​ជាតិ ​នៃ​ខ.ភ.ម ​ដែល​បាន​សាង​សង់​ដោយ​អគ្គ​បញ្ជាការ​ ខ.ភ.ម,​ សួន​សន្តិសុ​ខ​សុវត្ថិភាព​ និង​សណ្តាប់​ធ្នាប់​សង្គម​ សាង​សង់​ដោយ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ និង​អគ្គស្ន​ងការ​នគរបាល​ជាតិ​ និង​សួន​កង​កំលាំង​រក្សា​សន្តិភាព​ និង ​បោស​សំអាត​មីន​នៅ​កម្ពុជា ​និង​លើ​ឆាក​អន្តរជាតិ ​កសាង​ដោយ​​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព​ និង ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​ ស៊ី​ម៉ាក់​​។

       សូម​បញ្ជាក់​ថា៖​ សួន​កង​កំលាំង​រក្សា​សន្តិភាព​ និង​បោស​សំអាត​មីន​នៅ​កម្ពុជា​ និង​លើ​ឆាក​អន្តរ​ជាតិ ​ដែល​បាន​កសាង​ដោយ​ មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព ​និង​មជ្ឈមណ្ឌល​សកម្មភា​ព​កំចាត់​មីន​ ស៊ី​ម៉ាក់​​។ សួន​នេះ ​បាន​សាង​សង់​ស្តូប​មួយ​មាន​ បី​ថ្នាក់​ ដែល​បាន​ធ្វើ​ឡើង​តាម​ទំរង់​ ​៣ ៥ និង​៧ ​នៃ​នយោបាយ​ឈ្នះ ឈ្នះ​។ ​នៅផ្នែក​ខាង​លើ​ស្តូប​ មាន​ជ្រុង​​៣ ​ដោយ​សង់​រូប​ចម្លាក់​មនុស្ស​ពីរ​នាក់​ ឈរ​កាន់​ទង់​ តំណាង​ឲ្យ​កង​កម្លាំង​អង្គការ​សហប្រជាជា​តិ​ និង​កាន់​ទង់​ជាតិ​ព្រះ​រាជាណាចក្រ​កម្ពុជា​ តំណាង​ឲ្យ​កង​កម្លាំង​កម្ពុជា ចូល​រួម​បំពេញ​បេសក​កម្ម​រក្សា​សន្តិភាព​ ក្នុង​ទិស​ដៅ​បំពេញ​បេសកម្ម​សកម្ម​ភាព​មនុស្ស​ធម៌​ ស្វែង​រ​កសុខ​សន្តិភាព​ជូន​ពិភព​លោក​។ ក្រៅ​ពី​នេះ​សួន​កង​កំលាំង​រក្សា​សន្តិភាព​ និង​បោស​សំអាត​មីន​នៅ​កម្ពុជា​ ក៏​បាន​ដាក់​តាំង​រូប​ចម្លាក់​ តាំង​សំភារៈ​ដោះ​បំផ្លាញ​គ្រាប់​មីន​ និង​កាក​សំណល់ ​កាល​ពី​សម័យ​សង្រ្គាម​។​

       ចំណែក ​សួន​ខឿន​ការ​ពារ​ជាតិ​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​វិញ​ សួន​នេះ ​នៅ​ផ្នែក​ខា​ងលើ ​មាន​រូប​ចំលាក់ ​យុទ្ធ​ជន​ ៧​នាក់​ កាន់​ជ្រោង​ដង​ទង់​ជាតិ​ តំណាង​អោយ​កត្តា​ជ័យ​ជំនះ​ទាំង​៧​ នៃ​នយោបាយ​ឈ្នះ ឈ្នះ ​និង​យុទ្ធជ​ន​កាន់​ជ្រោង​ដង​ទង់​ជាតិ ​តំណាង​អោយ​ ការ​ពា​រជាតិ​ ការពារ​បូរណ​ភាព​ទឹក​ដី​ សន្តិសុខ ​និង​សណ្តាប់​ធ្នាប់​សង្គម។ សួន​ខឿន​ការ​ពារ​ជាតិ​ នៃខ.ភ.ម​ នេះ​​ មា​ន​រាង​ចតុកោណ​មាន​បណ្ដោយ ​៣០​ម៉ែត្រ​ និង​ទទឹង​២៦ ម៉ែត្រ​​។ សួរ​នេះ​តំណាង​ឲ្យ​ការ​ចូល​រួម​ការ​ពារ​សុខ​សន្តិភាព​ ជូន​ប្រទេស​ជាតិ​ ដោយ​ទប់​ស្កាត់​រាល់​ការ​ប៉ុន​ប៉ង​គ្រប់​រូបភាព​ និង​ភាព​ចលាចល​ផ្សេង​ៗ​ ដែល​បង្ក​អោយ​មាន​អស្ថិរភាព​សង្គម​ ឱ្យ​បរាជ័យ ​និង​ចូល​រួម​អភិវឌ្ឍន៍​ប្រទេស​ជាតិ​តាម​គោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល​​។

        រីឯ​ សួន​សន្តិសុខ​សុវត្ថិភាព​ និង​សណ្តាប់​ធ្នាប់​សង្គម​ ដែល​សាង​សង់​ដោយ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស ​និង​អគ្គស្នង​ការ​នគរបាល​ជាតិ ​ដែល​បាន​សាង​សង់​ហើយ​នា​ពេល​នេះ ​គឺ​រូប​ស្តូប​ទាំង​មូល ​បែរ​ទៅ​រក​វិមាន​ឈ្នះ ឈ្នះ ​តំណាង​ឱ្យ​ទស្សន​វិស័យ​រួម​របស់​ នគរបាល​ជាតិ​ និង​កង​រាជ​អាវុធ​ហត្ថ​ ក្នុង​កិច្ច​សហការ​សាមគ្គី ​មូល​មិត្ត​គ្នា​ជា​ធ្លុង​មួ​យ ស្រប​ជា​មួយ​នឹង​គោល​នយោបា​យ ​កម្ម​វិធី​យោបាយ​យុទ្ធ​សាស្ត្រ​នានា​ ជា​មួយ​នឹង​កា​រដឹក​នាំ​របស់​ក្រសួង​មហាផ្ទៃ​ ក្រសួង​ការ​ពារ​ជា​តិ និង​រា​ជរដ្ឋា​ភិបាល ​ការពារ​រដ្ឋ​ធម្មនុញ្ញ​ នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា​។​ សួន​សមិទ្ធ​ផល​ទាំ​ង​៣ ​ដែល​បាន​សាង​សង់​នេះ ​គឺបា​នសា​ង​សង់​នៅ​ក្នុង​តំបន់​សមិទ្ធផល​វិមាន​ឈ្នះ ឈ្នះ ​និង​ជា​សួន​សមិទ្ធផល​តេជោ ​ដែល​បា​នរំលេច​អំពី​ស្នាដៃ​ទទួល​បាន​ពី​សន្តិភាព​ពេញ​លេញនៅ​កម្ពុជា​ ចាប់​តាំ​ងពី​ឆ្នាំ​១៩៩៨ ​មក​ដល់​បច្ចុប្បន្ន​នេះ​។

         គួរ​កត់​សំគាល់ថា​៖ ​ថ្ងៃ​នេះ ​កាល​ពី​២២​ឆ្នាំ​មុន​ ពោល​គឺ​នៅ​ថ្ងៃ​ទី​២៩​ ខែ​ធ្នូ ​ឆ្នាំ​១៩៩៨ ​ត្រូវ​បាន​កំណត់​ជា​ថ្ងៃ​ដែល​បាន​បញ្ចប់​សង្គ្រាម​ស៊ី​វិ​ល​ទាំង​ស្រុង​ នៅ​ក្នុង​ប្រទេស​កម្ពុជា ​និង​ទទួលបា​ន​សន្តិភាព​ពេញ​លេញ ​ដែល​ជា​ឱកាស​នៃ​ការ​ចាប់​ផ្តើម​កសាង​ និង​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ឡើង​វិញ​។​ សន្តិភាព​ពេញ​លេញ​រយៈ​ពេល​ជាង​២០​ឆ្នាំ​មក​នេះ​ គឺ​ទទួល​បាន​ម​កដោយ​លំបាក ​ដោយ​បាន​ឆ្លង​កាត់​នូវ​ដំណាក់​កាល​សង្គ្រាម​ ដំណាក់​កាល​នៃ​របប​ប្រល័យ​​ពូជ-​សាសន៍​ ដំណាក់​កាល​សង្គ្រាម​ផង​ ចរចារ​ផង​ រហូត​ដល់​ការ​លេច​ឡើងនៃ​វត្ត​មាន​របស់​នយោបា​យឈ្នះ ​ឈ្នះ ​ដែល​ជា​នយោបាយ​បាន​បញ្ចប់​សង្គ្រាម​ស៊ីវិ​ល​ទាំង​ស្រុង​ នៅ​ក្នុង​ប្រទេស​កម្ពុជា ​ដោយ​មិន​មាន​ការ​បង្ហូរ​ឈាម ​ហើយ​ផ្អែក​លើ​គោល​ការណ៍​ឯកភាព​ជាតិ​ជា​ធំ​ ៕