ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានផ្សព្វផ្សាយ និងដាក់បទបញ្ជាដល់វរសេនាតូចលេខ១ កងកម្លាំងអន្តរាគមន៍ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដោយបានអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងវិធានការដាច់ខាត ក្នុងការការពារទប់ស្កាត់ការឆ្លងមេរោគកូវីដ-១៩ ដល់យោធិន និងក្រុមគ្រួសារ នៅទីតាំងកងអនុសេនាធំលេខ២ ចំណុះកងវរៈសេនាតូចលេខ១ ស្ថិតនៅភូមិថ្នល់បែក ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បញ្ជាក់ថា៖ ហេតុការណ៍ការឆ្លងជំងឺកូវីដ១៩ បានឆ្លងចូលដល់សហគមន៍ក្នុងព្រឹត្តការណ៍ ថ្ងៃទី២៨ វិច្ឆិកា ឆ្នាំ២០២០ តាមរយៈការរកឃើញលើភរិយា ឯកឧត្តម អគ្គនាយកពន្ធនាគារ ដែលមកដល់ពេលនេះមានក្រុមគ្រួសារ និងអ្នកពាក់ព័ន្ធជាមួយគាត់ចំនួន ៨នាក់ ដែលបានឆ្លងមេរោគ កូវីត១៩។ ដូច្នេះតម្រូវឲ្យកងកម្លាំងចូលរួមទាំងអស់ ត្រូវរៀបចំត្រួតពិនិត្យកម្ដៅ ពាក់ម៉ាសបាញ់អាកុលសំលាប់មេរោគ និងរក្សាគម្លាតសុវត្ថិភាព។ សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ ដែលមានការពាក់ព័ន្ធជាមួយព្រឹត្តិការណ៍ ២៨ វិច្ឆិកានេះ ត្រូវធ្វើចត្តាឡីស័ក និងធ្វើតេស្តរកមេរោគកូវីត១៩ ដែលនេះជាការចាំបាច់បំផុត ដើម្បីជៀសវាងការឆ្លងរីករាលដាលជាទ្រង់ទ្រាយធំ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រកាសឲ្យកងកម្លាំងទាំងអស់ ត្រូវប្រមូលផ្ដុំនៅក្នុងទីតាំងអង្គភាព១០០% ហើយត្រូវណែនាំក្រុមគ្រួសារ ដោយត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល និងបន្តណែនាំដល់កូនចៅ និងក្រុមគ្រួសារ ដោយឲ្យស្នាក់នៅក្នុងផ្ទះមួយរយៈសិន ជៀសវាងចេញទៅកន្លែងដែលមានការជួបជុំមនុស្សច្រើន ដោយត្រូវពាក់ម៉ាស លាងសំអាតដៃជាមួយអាកុលសាប៊ូឱ្យបានជាប្រចាំ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានដាក់បទបញ្ជាឲ្យផ្នែកសុខាភិបាល និងផ្នែកគិលានដ្ឋាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ត្រូវចាត់តាំងក្រុមការងារបាញ់ថ្នាំសម្លាប់មេរោគ នៅតាមទីតាំងអង្គភាព និងនៅតាមការិយាល័យធ្វើការងារផងដែរ ហើយត្រូវបន្តចាត់ចែងការចែកម៉ាស ជែល និងអាកុលជូនបងប្អូនបន្ថែមទៀត ដើម្បីការពារទប់ស្កាត់ការឆ្លងមេរោគដ៏កាចសាហាវនេះ ៕