កាលពីសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការ ប្រចាំការ ក្រសួងការពារជាតិ បានអនុញ្ញាត្តឲ្យ ឧត្តមសេនីយ៏ត្រី វីន កូកូ នាយការិយាល័យអនុព័ន្ធ យោធាសាធារណរដ្ឋ សហភាពមីយ៉ាម៉ា ប្រចាំព្រះរាជាណាចក្រកម្ពុជា ចប់អាណត្តិបេសកកម្មការទូត ចូលជួបសម្តែងការគួរសម និងជម្រាបលានៅបន្ទប់សវនាការទីស្តីការគណៈរដ្ឋមន្ត្រី។
ឧត្តមសេនីយ៏ត្រី វីន កូកូ បានថ្លែងថា៖ នៅក្នុងការបំពេញបេសកកម្មរបស់លោក នៅក្នុងព្រះរាជា ណាចក្រកម្ពុជា នាពេលកន្លងមក លោកទទួលបានការជួយជ្រោមជ្រែង និងសម្រួលដល់ការងាររបស់លោក ពីសំណាក់ក្រសួងការពារជាតិ ក៏ដូចជាបណ្តាកងឯកភាពនានា ទូទាំងខ.ភ.ម និងជួយបង្កលក្ខណៈងាយស្រួល ព្រមទាំងមានកិច្ចសហការល្អ ដើម្បីឲ្យលោកបំពេញភារកិច្ចទទួលបានលទ្ធផល ទទួលបានជោគជ័យ។ លោកសង្ឃឹមថា៖ ក្រសួងការពារជាតិកម្ពុជា នឹងបន្តជួយដល់លោកអនុព័ន្ធយោធា ដែលទើបមកទទួលបេសកកម្មបន្ទាប់ នឹងទទួលបានការជួយឧបត្ថម្ភនឹងគាំទ្រដូចលោកផងដែរ។ លោកបានបន្តទៀតថា៖ តាងនាមរដ្ឋាភិបាលសាធារណរដ្ឋសហភាពមីយ៉ាម៉ា សូមថ្លែងអំណរគុណ ចំពោះសម្តេចតេជោ ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដែលបានជួយផ្តល់សម្ភារៈដូចជា ម៉ាស់ចំនួន ២លាន និងសម្ភារៈវេជ្ជសាស្ត្រមួយចំនួន សំរាប់ការទប់ទល់ជាមួយជំងឺកូវីដ១៩។
ក្នុងឱកាសនោះ ឯកឧត្តម នាង ផាត បានថ្លែងជួសមុខក្រសួងការពារជាតិ និងបណ្តាកងឯកភាពទូទាំង ខ.ភ.ម សូមជូនពរចំពោះ ឧត្តមសេនីយ៏ត្រី វីន កូកូ នាយការិយាល័យអនុព័ន្ធ យោធាសាធារណរដ្ឋ សហភាពមីយ៉ាម៉ា ប្រចាំកម្ពុជា ដែលបានបញ្ចប់ការបំពេញភារកិច្ចនៅកម្ពុជា នាពេលនេះ ទទួលបានជោគជ័យនៅពេលត្រឡប់ទៅមាតុប្រទេសវិញ។ ឯកឧត្តមបានបន្តទៀតថា៖ ក្នុងអំឡុងបំពេញភារកិច្ចនៅកម្ពុជា លោកអនុពន្ធ័យោធាបានខិតខំពង្រឹង និងពង្រីកចំណងសាមគ្គីភាព, មិត្តភាព និងបង្កើនកិច្ចសហប្រតិបត្តិការ រវាង ប្រទេសទាំង២ ពិសេសកងទ័ពទាំង២ កម្ពុជា-មីយ៉ាន់ម៉ា ឲ្យកាន់តែរឹងមាំទៀតផង។
បន្ទាប់មកនៅរសៀលថ្ងៃដដែលនោះដែរ ឯកឧត្តម នាង ផាត ក៏បានអនុញ្ញាត្តឲ្យ លោកវរសេនីយ៍ឯក អនិរុទ្ទ រដ្ឋៈផន ដែលទើបបានតែងតាំងថ្មី ជាសេនានុព័ន្ធកងទ័ពជើងអាកាស និងជានាយរងការិយាល័យសេនានុព័ន្ធកងទ័ពភូមិន្ទថៃ ប្រចាំកម្ពុជា។ ក្នុងជំនួបនោះដែរ ឯកឧត្តម នាង ផាត បានថ្លែងនូវការស្វាគមន៍ ចំពោះ វរសេនីយ៍ឯក អនិរុទ្ទ រដ្ឋៈផន ដែលទើបតែងតាំងថ្មីមកបំពេញ បេសកកម្មការទូត នៅកម្ពុជា ដោយ ឯកឧត្តម បានមានជំនឿយ៉ាងមុតមាំថា៖ តាមរយៈបេសកកម្មការទូតរបស់លោក ពិតជាបានរួមចំណែកយ៉ាងធំធេង ក្នុងការពង្រឹងពង្រីក ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងកងទ័ពប្រទេសពីរ ឲ្យកាន់តែប្រសើរឡើងថែមទៀត។ ឯកឧត្តម នាង ផាត បានបញ្ជាក់ថា៖ កន្លងមកក៏ដូចជាបច្ចុប្បន្ន កងទ័ពប្រទេសទាំងពីរ តែងបានរួមគ្នាបង្កើននូវកិច្ចសហប្រតិបត្តិការជាមួយគ្នា បានយ៉ាងល្អប្រសើរចាប់តាំង ពីថ្នាក់ដឹកនាំកំពូលរហូតដល់ថ្នាក់ក្រោម ជាពិសេសកិច្ចទំនាក់ទំនងនៅតាមបន្ទាត់ព្រំដែន ដើម្បីប្រែក្លាយតំបន់ព្រំដែនជាតំបន់សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។
ក្នុងឱកាសនោះ លោកវរសេនីយ៍ឯក ភិស្នុ សារ៉ាត់ធី បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំក្រសួងការពារជាតិ និងបណ្ដាអង្គភាព ក្នុងកងយោធពលខេមរភូមិន្ទ ដែលបានផ្តល់កិច្ចសហការ និងជួយសម្រួលកិច្ចការនានា បានល្អក្នុងពេលកន្លងមក ៕