នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបណ្ដុះបណ្ដាលជំនាញការពារគីមីសាស្រ្តជំនាន់ទី ៩ កាលពីព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ ២០២០នេះ នៅសាលាហ្វឹកហ្វឺនជំនាញការពារគីមីសាស្រ្ត អគ្គបញ្ជាការ ស្ថិតក្នុងភូមិសាស្ត្រ ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
តាមសេចក្តីរាយការណ៍ពី ឧត្តមសេនីយ៍ឯក ឈឹម សាវុធ នាយរងសេនាធិការចំរុះ នៃកងយោធពលខេមរភូមិន្ទ និងជានាយកទីចាត់ការការពារគីមីសាស្រ្ត អគ្គបញ្ជាការ បានបញ្ជាក់ថា៖ វគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលនាយទាហានជំនាញឯកទេសការពារគីមីសាស្រ្ត ជំនាន់ទី៩នេះ បានចាប់ផ្ដើមដំណើរការវគ្គបណ្ដុះបណ្ដាលចាប់តាំងពីពាក់កណ្ដាលខែមីនា ឆ្នាំ២០២០មកម្ល៉េះ ទៅតាមសច្ចាប័នរបស់អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ដែលមានសិក្ខាកាមមកពីអង្គភាពបញ្ជាការដ្ឋានទ័ពពិសេស កងពលតូចលេខ ៧០ បញ្ជាការដ្ឋានបញ្ជូនសារ និងបញ្ជាការដ្ឋានកងទ័ពជើងអាកាស ចូលហ្វឹកហ្វឺនសរុប១១០នាក់ ក្នុងនោះមានយោធាចារ្យចំនួន ១០នាក់ គ្រូជំនួយ ០៧នាក់ និងអ្នកបម្រើការចំនួន ០៨នាក់ ដោយត្រូវហ្វឹកហាត់រយៈពេល ៩ ខែ លើខ្លឹមសារមេរៀន មុខវិជ្ជាសណ្ដាប់ធ្នាប់យោធា អប់រំចិត្តសាស្ត្រ ឋានលេខា មុខវិជ្ជាឯកទេសការពារគីមីសាស្រ្ត ទ្រឹស្ដីរួម និងការអនុវត្តជាក់ស្ដែងនៅលើទីលាន។ ក្រោយពេលបញ្ចប់វគ្គ សិក្ខាកាមទាំង ១១០នាក់ទទួលបាននិទ្ទេសល្អចំនួន ២៣នាក់ និទ្ទេសល្អបង្គួរ ៣៨នាក់ និងនិទ្ទេសមធ្យមចំនួន ១៦នាក់។
ថ្លែងទៅកាន់ថ្នាក់ដឹកនាំ នាយ ពលទាហាន និងសិក្ខាកាម ក្នុងទីចាត់ការការពារគីមីសាស្រ្តនាពេលនោះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងថា៖ កងយោធពលខេមរភូមិន្ទ នៅតែចាត់ទុកវិស័យហ្វឹកហ្វឺនបណ្ដុះបណ្ដាលជំនាញឯកទេស គឺជាជ្រុងអាទិភាពមួយ នៃការកែទម្រង់របស់ខ្លួន សំដៅធ្វើទំនើបកម្ម និងបង្កើនសមត្ថភាពជំនាញ វិជ្ជាជីវៈយោធិន ដើម្បីធានាកិច្ចការពារប្រកបដោយប្រសិទ្ធភាព នូវអធិបតេយ្យ បូរណភាពទឹកដី សន្តិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ក៏ដូចជាការអភិវឌ្ឍលើគ្រប់វិស័យនៅកម្ពុជា។ បច្ចុប្បន្ន ការងារហ្វឹកហ្វឺនបានដើរតួនាទីជាយុទ្ធសាស្ត្រយ៉ាងសំខាន់ ក្នុងការពង្រឹងខឿនការពារជាតិតាមរយៈការផ្តល់នូវចំណេះដឹង និងចំណេះធ្វើពិតប្រាកដឱ្យដល់កងទ័ព ជាពិសេសយោធិន ដែលមានវ័យក្មេង ដែលជាអ្នកបន្តវេនជំនាន់ក្រោយ។ ក្នុងស្មារតីនេះការងារហ្វឹកហ្វឺន ត្រូវបានចាត់ទុកជាការងារអាទិភាពចាំបាច់បំផុត ដែលត្រូវដំណើរការបន្តបន្ទាប់ជាប្រចាំ ដូចភ្លៀងរលឹម ដើម្បីចូលរួមចំណែកអនុវត្តយុទ្ធសាស្ត្រការពារជាតិ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលឱ្យទទួលបានជោគជ័យ។
នាយឧត្តមសេនីយ៍ វង្ស ពិសេន ជំនួសមុខឲ្យថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ក៍បានកោត សរសើរ និងវាយតម្លៃខ្ពស់ ចំពោះការអនុវត្តតួនាទី និងភារកិច្ចយ៉ាងសកម្មប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងសូមគាំទ្រលើកទឹកចិត្តឱ្យបន្តការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីឈានទៅសម្រេចភារកិច្ច កាន់តែល្អប្រសើរជូនជាតិ មាតុភូមិ និងប្រជាជននៃយើង។ ជាពិសេសចំពោះការងារហ្វឹកហ្វឺនផ្ទាល់ ថ្នាក់ដឹកនាំទីចាត់ការ និងសាលាហ្វឹកហ្វឺនការពារគីមីសាស្ត្រ ក៍ត្រូវយកចិត្តទុកដាក់ពង្រឹងគុណភាពហ្វឹកហ្វឺន ដែលជាការងារស្នូលត្រូវធ្វើជាប្រចាំ ដើម្បីលើកកម្ពស់សមត្ថភាព គុណភាព បំរើឲ្យការងារប្រយុទ្ធ ត្រៀមប្រយុទ្ធ ដល់យោធិន ក្នុងនោះត្រូវពង្រឹងការងារគ្រប់គ្រងចំនួនទ័ព នៅពេលហ្វឹកហ្វឺន ធានាសន្តិសុខ សុវត្ថិភាព ទាំងមនុស្ស និងសម្ភារៈគ្រឿងបំពាក់ ឱ្យបានល្អប្រសើរ សំដៅលើកកម្ពស់ការកសាងធន់ធានមនុស្ស ក្នុងជួរកងយោធពលខេមរភូមិន្ទ ឱ្យមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញភារកិច្ច ទាំងក្នុងដំណាក់កាលបច្ចុប្បន្ន ក៏ដូចជាទៅអនាគត។ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានគូសបញ្ជាក់ថា៖ លទ្ធផលដែលទទួលបានទាំងអស់នៅថ្ងៃនេះ គឺពិតជាបានមកពីការប្តេជ្ញាចិត្ត និងការសាមគ្គីសហការជាធ្លុងមួយ របស់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់គ្នា ជាពិសេសថ្នាក់ដឹកនាំទីចាត់ការ និងសាលាហ្វឹកហ្វឺនជំនាញឯកទេសការពារគីមីសាស្រ្តអគ្គបញ្ជាការ ដែលបានយកចិត្តទុកដាក់គ្រប់គ្រងដឹកនាំបញ្ជាប្រកបដោយប្រសិទ្ធភាព ស្របតាមផែនការការងារគ្រប់កម្រិតដែលបានកំណត់។ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានបន្តថា៖ វគ្គហ្វឹកហ្វឺនដែលយើងកំពុងប្រារព្ធពិធីបិទនាពេលនេះ គឺពិតជាបានឆ្លើយតបតាមសេចក្តីត្រូវការ ក្នុងការពង្រឹងសមត្ថភាពជំនាញបំរើឲ្យការងារប្រយុទ្ធ ត្រៀមប្រយុទ្ធ ឲ្យដល់យោធិន និងធ្វើឱ្យយោធិនយល់ច្បាស់អំពីតួនាទី និងភារកិច្ចរបស់ខ្លួនក្នុងការបម្រើជាតិ ដោយស្មោះត្រង់ដាច់ខាតជាមួយ ជាតិ សាសនា ព្រះមហាក្សត្រ ក៏ដូចជាការធានាការអនុវត្តយ៉ាងម៉ឺងម៉ាត់ នូវបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គមេបញ្ជាការ នៃ ខ.ភ.ម ដែលបានដាក់ចេញ។ នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានធ្វើការពន្យល់ពីគុណតម្លៃ ក៏ដូចជាសារៈសំខាន់នៃសន្តិភាព សម្រាប់ការកសាង និងអភិវឌ្ឍប្រទេសលើគ្រប់វិស័យ ព្រមទាំងឧបាយកលទុច្ចរិត និងសកម្មភាពក្បត់ជាតិម្តងហើយម្តងទៀតរបស់ជនអគតិ ដែលតែងតែប៉ុនប៉ងធ្វើវិទ្ធង្សនាដល់ការអភិវឌ្ឍ តាមរយៈបំផុសបំផុល មួលបង្កាច់ បង្កចលាចលតាមគ្រប់រូបភាព ដើម្បីបង្កអស្ថិរភាពដល់សង្គមកម្ពុជា។ នាយឧត្ដមសេនីយ៍ បានរម្លឹកដល់នាយ ពលទាហានទាំងអស់ ឲ្យបន្តលើកកម្ពស់មនសិការស្នេហាជាតិ ស្មោះត្រង់ជាមួយរាជរដ្ឋាភិបាល រួមកម្លាំងសាមគ្គីជាតិតែមួយ ការពារសន្តិភាព ទប់ស្កាត់ និងបង្រ្កាបទាន់ពេលវេលា ចំពោះជនអគតិទាំងឡាយណា ដែលមានឧបាយកលចង់បំផ្លាញសុខសន្តិភាព និង បន្តថែរក្សារាល់សមិទ្ធផលនានា ដែលប្រសូត្រចេញពីនយោបាយឈ្នះ-ឈ្នះ របស់មគ្គុទ្ទេសក៍ឯកសន្តិភាព សម្តេចតេជោ ហ៊ុន សែន ដើម្បីនាំមកនូវវឌ្ឍនភាព និងវិបុលភាពថែមទៀត សម្រាប់ប្រជាជន និងសង្គមជាតិ។ បន្ថែមពីនេះ នាយឧត្ដមសេនីយ៍ វង្ស ពិសេន ក៏បានថ្លែងការអរគុណដល់នាយ ពលទាហានទាំងអស់ ដែលបានចូលរួមក្នុងការងារជួយសង្រ្គោះប្រជាពលរដ្ឋ ពីគ្រោះមហន្តរាយ ដោយជំនន់ទឹកភ្លៀង នាពេលកន្លងមកថ្មីៗនេះ តាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការ។ ទន្ទឹមនោះ នាយឧត្ដមសេនីយ៍ វង្ស ពិសេន ក៍បានផ្តាំផ្ញើបន្ថែមដល់ថ្នាក់ដឹកនាំទីចាត់ការ សាលា និងនាយ ពលទាហាន ទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ ចុះជួយប្រជាពលរដ្ឋក្នុងការងារដកស្ទូង និងច្រូតកាត់ប្រមូលផល និងរាល់អ្វីដែលជាកង្វល់ និងការលំបាករបស់ប្រជាពលរដ្ឋ ក្រោយភាពរងគ្រោះដោយគ្រោះជំនន់ទឹកភ្លៀងនេះ។ ទន្ទឹមនឹងនោះនាយ ពលទាហានក៏ត្រូវស្មោះត្រង់ដាច់ខាតចំពោះជាតិ មាតុភូមិ និងប្រជាជន, គោរពអនុវត្តយ៉ាងម៉ឺងម៉ាត់នូវរាល់បទបញ្ជា និងអនុសាសន៍របស់សម្តេច ដើម្បីបុព្វហេតុការពារខឿនឯករាជ្យជាតិ ការពារបូរណភាពទឹកដី ការពាររាជរដ្ឋាភិបាលស្របច្បាប់ និងការពារសមិទ្ធផលនានារបស់សង្គមជាតិ។ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ ក៏បានផ្តាំផ្ញើដល់នាយទាហានជាសិក្ខាកាម ដែលត្រូវបញ្ចប់វគ្គ ទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ ខិតខំតស៊ូ អនុវត្តឲ្យបានល្អ និងត្រូវបន្តព្យាយាមប្រឹងប្រែងហ្វឹកហ្វឺន នៅទីនេះ និងនៅតាមអង្គភាពឲ្យបានកាន់តែប្រសើរ ដើម្បីពេលអនាគតអស់លោក មានសមត្ថភាពគ្រប់គ្រាន់ ក្លាយជាថ្នាក់ដឹកនាំ ក្លាយជានាយទាហានប្រកបដោយសមត្ថភាព ក្នុងការចូលរួមបម្រើឲ្យបុព្វហេតុការពារជាតិមាតុភូមិរបស់យើង បានរឹងមាំ ពិសេសត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀន និងត្រូវគោរព អនុវត្តឲ្យបានម៉ឺងម៉ាត់នូវបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ។ ជាមួយគ្នានេះដែរនាយ ពលទាហានទាំងអស់ គាប្បីត្រូវយកចិត្តទុកដាក់បន្តក្នុងការថែរក្សាសុខភាព ពិសេសចូលរួមទប់ស្កាត់ការរីករាលដាល នៃជំងឺឆ្លងកូវីត ១៩ ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ៕