នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅសាលានាយទាហានសកម្មត្មាតពង បានពិធីប្រជុំបូកសរុបវាយតម្លៃលំអិតលើការធ្វើលំហាត់យុទ្ធវិធីថ្នាក់កងអនុសេនាធំថ្មើរជើង ក្នុងក្របខណ្ឌវរៈសេនាតូច របស់និស្សិតនាយទាហានសកម្មជំនាន់ទី២១ ក្នុងភូមិសាស្ត្រ ស្រុកថ្ពង និងស្រុកឧដ្ដុង្គ ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាព ឧត្តមសេនីយ៍ឯក ប៊ុត សុភាព នាយកសាលានាយទាហានសកម្ម ក្នុងនោះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមអស់លោកជានាយករង នាយទាហានយោធាចារ្យ និងនិស្សិតនាយទាហានសកម្មជំនាន់ទី២១ ទី២២ និងឯកឧត្តមអស់លោកជាអ្នកសង្កេតការណ៍អញ្ជើញមកពីបណ្ដាកងឯកភាព សាកលវិទ្យាល័យការពារជាតិ វិទ្យាស្ថានកងទ័ពជើងគោក កងពលតូចអន្តរាគមន៍លេខ ១ មជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក និងទីចាត់ការហ្វឹកហ្វឺន អគ្គបញ្ជាការ។
បន្ទាប់ពី លោកវរសេនីយ៍ត្រី ចុន សម្បត្តិ បានឡើងធ្វើបទបង្ហាញ អំពីផែនការ និងកម្មវិធី ជាក់ស្តែង ក្នុងការធ្វើលំហាត់កាលពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី២០ ខែវិច្ឆិកានៅលើផែនទីរួចមក តំណាងឲ្យអង្គភាពនីមួយៗបានឡើងមានមតិយោបល់ និងលើកនូវបទពិសោធន៍ល្អៗបន្ថែមទៀត ដើម្បីអោយការធ្វើលំហាត់លើកក្រោយ ឲ្យទទួលបានជោគជ័យ និងទុកជាឯកសារសម្រាប់ហ្វឹកហាត់ ឲ្យកងយោធពលខេមរភូមិន្ទ នៅទូទាំងប្រទេស។ ជាមួយគ្នានោះដែរ ឯកឧត្តមអស់លោកក៏បានកោតសរសើរនូវស្មារតីយកចិត្តទុកដាក់ តស៊ូអំណត់ ព្យាយាមហ្វឹកហាត់អស់ពីសមត្ថភាព របស់និស្សិតនាយទាហានសកម្មជំនាន់ទី២១ ជំនាន់ទី២២ ផងដែរ។
នៅក្នុងឱកាសនោះដែរ ក្រោយពីបានស្ដាប់នូវមតិ និងបទពិសោធន៍ល្អៗរបស់ឯកឧត្តម អស់លោកជាអ្នកសង្កេតការណ៍រួចមក ឧត្តមសេនីយ៍ឯក ប៊ុត សុភាព បានថ្លែងអំណរគុណ និងចំពោះការចូលរួមផ្តល់នូវមតិ និងបទពិសោធន៍ទាំងឡាយ ក្នុងការធ្វើលំហាត់យុទ្ធវិធីថ្នាក់កងអនុសេនាធំថ្មើរជើងកន្លងមក សំរាប់យកធ្វើជាមូលដ្ឋាន ទុកឯកសារ ដើម្បីទុកបង្រៀនអ្នកជំនាន់ក្រោយបន្តទៀត។ ឯកឧត្តម ក៏បានកោតសរសើរដល់ អស់លោកជាថ្នាក់ដឹកនាំធ្វើលំហាត់យុទ្ធវិធីកងអនុសេនាធំថ្មើរជើង នៅភូមិសាស្រ្ត ស្រុកឧត្តុង និងស្រុកថ្ពងខេត្តកំពង់ស្ពឺ ព្រមទាំងនិស្សិតនាយទាហានសកម្មជំនាន់ទី២១ ជំនាន់ទី២២ ដែលបានចូលរួមធ្វើលំហាត់ទទួលបានលទ្ធផលល្អនាពេលនេះ។ ឯកឧត្តម មានប្រសាសន៍បញ្ជាក់ទៀតថា៖ គោលបំណង នៃការធ្វើលំហាត់ ហ្វឹកហ្វឺនយុទ្ធវិធីថ្នាក់កងអនុសេនាធំថ្មើរជើង នាពេលនេះ គឺសំដៅលើកកម្ពស់ចំណេះដឹង បង្កើនសមត្ថភាពជំនាញ ដល់និស្សិតនាយទាហានសកម្មជំនាន់ទី២១ ជំនាន់ទី២២ ដើម្បីមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការបំពេញភារកិច្ចជំនាញ ពេលចេញពីសាលា ទៅធ្វើការនៅកងឯកភាពវិញ។ ឯកឧត្តម ប៊ុត សុភាព បានលើកឡើងថា៖ លំហាត់ដែលសាលារៀបចំអនុវត្តជាក់ស្តែងនេះ គឺធ្វើឡើងដើម្បីដកពិសោធន៍នូវអ្វីដែលធ្វើមិនទាន់បានល្អ និងចំនុចណាដែលត្រឹមត្រូវ ឃើញថាសុក្រិត គឺយើងត្រូវចងក្រងជាមេរៀន ទុកជាឯកសារបង្រៀនឲ្យកងយោធពលខេមរភូមិន្តទូទាំងប្រទេស នៅថ្ងៃអនាគតផងដែរ ៕