ព័ត៌មាន

សម្តេចពិជ័យសេនា ទៀ បាញ់ ជួបឯកអគ្គរដ្ឋទូតរុស្សី
នាយកដ្ឋានព័ត៌មាន(៣)
190
1934 សម្តេចពិជ័យសេនា ទៀ បាញ់ ជួបឯកអគ្គរដ្ឋទូតរុស្សី

       ក្នុង​កិច្ចជំនួបជាមួយនឹង សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ កាលពី​រសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០កន្លងទៅនេះ ឯកឧត្តម អាណាតូលី បូរូវីក(Anatoly BOROVIK)​ឯក​អគ្គរដ្ឋ​ទូត​សហព័ន្ធរុស្សីប្រចាំកម្ពុជា បានគូសបញ្ជាក់ថា៖ ភាគីរុស្សី បានត្រៀមខ្លួនជាស្រេច ដើម្បីធ្វើកិច្ចសហប្រតិបត្តិការជាមួយនឹងកម្ពុជា ក្នុងវិស័យជើងគោក វិស័យថែរក្សាសន្តិភាព និងវិស័យកងវិស្វកម្មជាដើម។ ឯកឧត្តម បានសំដែងនូវ ក្តីសោមន្សរីករាយ ចំពោះលទ្ធផលកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា រវាងកងទ័ពទាំងពីរ និងក្រសួងការពារជាតិទាំងពីរ។ បច្ចុប្បន្ន ខាងភាគីរុស្សីកំពុងតែធ្វើការសិក្សាយ៉ាងស៊ីជម្រៅ ទៅលើឯកសារពាក់ព័ន្ធទៅនឹងការបណ្តុះបណ្តាល និងវិទ្យាសាស្ត្រយោធា។ សង្ឃឹមថា សភាពការណ៍ជម្ងឺកូវីដ១៩វិលមករកភាពប្រក្រតីវិញ យើងនឹងអញ្ជើញគណៈប្រតិភូរបស់ ខ.ភ.ម ទៅធ្វើទស្សនកិច្ចនៅបណ្ឌិតសភាសម្ភារៈបច្ចេកទេសរុស្សី និងអញ្ជើញកងពលតូចលេខ៧០ កងទ័ពជើងគោក ដើម្បីធ្វើទស្សនកិច្ចនៅអង្គភាពកងទ័ពសហព័ន្ធរុស្សីផងដែរ។ ក្រសួងការពារជាតិរុស្សី ត្រៀមខ្លួនជាស្រេច ដើម្បីជួយដល់កម្ពុជា ក្នុងការផ្តល់ជំនួយបច្ចេកទេសយោធា ដោយឥតសំណង។ ហើយរុស្សីក៏មានបំណងសង់មជ្ឈមណ្ឌលភស្តុភារួម និងសង់ស្ថានីយ៍សម្រាប់ត្រួតពិនិត្យផ្ទៃទឹកផងដែរ។

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និង ឯកឧត្តម អាណាតូលី បូរូវីក(Anatoly BOROVIK)​ឯក​អគ្គរដ្ឋ​ទូត​សហព័ន្ធរុស្សីប្រចាំកម្ពុជា


       សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងអំណរគុណចំពោះ ឯកអគ្គរដ្ឋទូតរុស្សី ដែលបានចូលរួមមរណទុក្ខ និង​ទុក្ខវេទនា ដែលប្រជាជន និងប្រទេសកម្ពុជា ទទួលរងគ្រោះនូវទឹកជំនន់ ដែលមានចំនួនជាង១សែនគ្រួសារ ទទួលរងនូវការលិចលុង និងមានមនុស្សជាងកន្លះលាននាក់ បានទទួលនូវផលប៉ះពាល់គ្រោះនេះ។ ក្នុងនោះ ​ខ.ភ.ម និងកម្លាំងនៅមូលដ្ឋាន បានចូលរួមសង្គ្រោះ ដោយប្រើប្រាស់មធ្យោបាយយ៉ាងធំ ដែលធ្លាប់មាន ធា​នា​បានដល់ការជួយសង្គ្រោះនេះ។ សម្តេចពិជ័យសេនា បានថ្លែងអំណរអរគុណផងដែរ ចំពោះរុស្សីដែលបាន​ខិត​​ខំប្រឹងប្រែងថែរក្សាសុខភាព និងព្យាបាលជម្ងឺជូនដល់និស្សិត សិក្ខាកាមយោធាកម្ពុជា ដែលកំពុងសិក្សានៅ​ក្នុងប្រទេសរុស្សី។ សម្តេចបានបញ្ជាក់ថា៖ ជម្ងឺកូវីដ១៩ បានធ្វើឲ្យខូចខាតរាំងស្ទះដល់កិច្ចការរបស់យើងយ៉ាង​ច្រើន ប៉ុន្តែនៅពេលជម្ងឺនេះថមថយ យើងមានឱកាស យើងនឹងបន្តធ្វើកិច្ចការជាមួយគ្នា ជាពិសេសដូច​ជា​ការចូលចតនាវាកងទ័ពរុស្សីផងដែរ។ ពាក់ព័ន្ធនឹងសភាពកាណ៍តំបន់ សម្តេចបានបញ្ជាក់ថា៖ រុស្សីតែងឈរនៅ​ក្បែរព្រះរាជាណាចក្រកម្ពុជា ជាបន្តបន្ទាប់តែងមានការឯកភាពគ្នាយ៉ាងខ្លាំង ព្រមទាំងការពង្រឹងនូវសុខសន្តិភាព ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ