ព័ត៌មាន

សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ជួប​សន្ទនា​តាម​រយៈ​ទូរគមនា​គមន៍​ ជា​មួយ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​អូស្ត្រាលី​
នាយកដ្ឋានព័ត៌មាន(៣)
80
1887 សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ជួប​សន្ទនា​តាម​រយៈ​ទូរគមនា​គមន៍​ ជា​មួយ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​អូស្ត្រាលី​

      សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងកា​រពារ​ជាតិ ​នា​រសៀល​ថ្ងៃទី​១៤​ ខែ​តុលា ​ឆ្នាំ​២០២០​ ជួប​សន្ទនា​តាម​រយៈ​ទូរគមនា​គមន៍ ​ជា​មួយ​នឹង​ លោក​ជំទាវ​ លីនដា​ រីណូ ​(​LINDA Reynois)​សមាជិក​ព្រឹទ្ធសភា​ និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​អូស្ត្រាលី​ ស្តីពីកា​រ​ពង្រឹង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ រវាង​ក្រសួង​ការ​ពារ​ជាតិ​ទាំង​ពីរ​កម្ពុជា​-​អូស្ត្រាលី ​និង​វិធានកា​រ​នៃ​ការ​ទប់​ស្កាត់​កូវីដ-១៩ ​(Covid-19)។

       ក្នុង​ជំនួប​សន្ទនា​តាម​ទូរសព្ទ័​នាពេ​លនោះ ​លោកជំទាវ លីនដា រីណូ (LINDA Reynois) បានសំ​ដែង​ការចូល​រួមសោក​ស្តាយ​ចំពោះ​ការ​ពលី​ជីវិត​កង​ទ័ព​កម្ពុជា​ម្នា​ក់​ នៅ​ប្រទេស​ម៉ាលី​ និង​ផល​ប៉ះពាល់​ដោយ​សារ​ខ្យល់​ព្យុះដែល​កំពុង​កើត​មាន​ឡើងនា​ពេល​នេះ ​និង​បាន​ចូលរួម​អបអរសាទរ​ចំពោះ​កម្ពុជា​ ដែល​មាន​ដំណោះ​ស្រាយ​យ៉ាង​ល្អ​ ក្នុងការទប់​ស្កាត់ការរីករាល​ដាល​នៃ​ជម្ងឺកូវីដ-១៩​នេះផ​ង​ដែរ​។​ លោក​ជំទាវ​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​អូស្ត្រាលី​ បា​ន​បញ្ជាក់​ជា​ថ្មីម្ត​ង​ទៀត ​ចំពោះកា​រ​ប្តេជ្ញាចិត្ត​ ក្នុង​ការរក្សា​នូវតួនាទីជា​ស្នូល​របស់​អាស៊ាន​នៅ​ក្នុងនិម្មាបណកម្ម​សន្តិសុខ​តំបន់​ ក៏ដូចជា​ជំរុញកិច្ច​សហប្រតិបត្តិការ​ ក្នុង​ក្របខណ្ឌ​កិច្ចប្រ​ជុំ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន​បូក​។​ ជាមួយគ្នា​នេះដែ​រ លោក​ជំទាវ​ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​ សម្តេច​ពិជ័យ​សេនា​ និង​កម្ពុជា ​ដែលបានគាំទ្រ​ឲ្យមាន​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​បូក​អូស្ត្រាលី​ លើក​ទី១​ ដែល​បាន​ធ្វើ​កន្លង​ទៅ ​ហើយផ្អែក​លើ​ជោគ​ជ័យ​នេះ យើ​ងនឹង​បន្តនូវ​កិច្ចប្រជុំនេះ​ត​ទៅទៀ​ត​។​ លោកជំ​ទាវរដ្ឋមន្ត្រី​ បានលើ​កឡើងអំ​ពីកា​រ​ធ្វើបច្ចុប្បន្នភាព​ នូវ​ឯកសារ​យុទ្ធសាស្ត្រ​ការពារជាតិ​របស់​អូស្ត្រាលី​ ដែល​អូស្ត្រាលី​ទើប​បា​នធ្វើ​បច្ចុប្បន្នភាព​ ដែលក្នុង​នោះ​បាន​បញ្ជាក់​អំពី​គោល​នយោបាយ​នៅ​ក្នុង​តំបន់​អាស៊ីប៉ាស៊ីភិច ​ហើយ​ក្នុង​គោល​នយោបាយ​នោះ អូស្ត្រាលី​គិ​ត​ថា ​នៅ​ក្នុង​ក្រ​បខ​ណ្ឌ ក៏ដូចជាស្ថានភា​ព​ដែល​មាន​ជម្ងឺឆ្លង​កូវីដ១៩​នេះ ​គឺ​មាន​សារៈ​សំខាន់​ណាស់សម្រាប់​ក​ម្ពុជា​ និង​អូស្ត្រាលី​ ត្រូវធ្វើ​កិច្ចសហប្រតិបត្តិការ​រួម​គ្នា​ ដើម្បី​ធ្វើការងារ​ផ្សេងៗ​បម្រើ​ឲ្យការរក្សា​សន្តិសុខក្នុង​តំប​ន់ ហើយ​តាម​រយៈ​ការ​ធ្វើបច្ចុប្បន្នភាព​នូវ​ឯកសារ​យុទ្ធសាស្ត្រ​ការពារជាតិ​អូស្ត្រា​លី​នេះ ​គឺបា​ន​បញ្ជាក់​ថា​៖  អូស្ត្រាលី​នឹង​ក្លា​យ​ជាដៃគូមួយ​ ដែល​កាន់​តែមាន​សមត្ថភាព​ថែម​ទៀត​ ដើម្បី​ចូលរួមក្នុ​ងការ​ដោះស្រាយ​បញ្ហាសន្តិសុខ​នៅ​ក្នុង​តំបន់​។​ ក្នុង​នោះ​អូស្ត្រា​លី​បាន​លើក​ឡើង​អំពី​គំនិត​ផ្តួច​ផ្តើម​ជា​ច្រើន​ ហើយ​គំនិត​ផ្តួចផ្តើម​ទាំងនោះ ​ក៏​បានផ្តល់​ផល​ប្រយោជន៍​ដល់​កម្ពុជា​ផង​ដែរ​ ក៏​ដូចជា​ ការ​ផ្តល់​អាហា​រូបករណ៍​ការ​ហ្វឹក​ហ្វឺន​ផ្នែក​ភាសា​អង់​គ្លេស​ និង​ឱកាស​ផ្សេងៗទៀត ​ក្នុងកិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​រក្សា​សន្តិភាព ​វិស័យ​ការពារ​ជម្ងឺ​ឆ្លង​ជា​ដើម​។​ លោក​ជំទាវ​ បានបញ្ជាក់​ថា​៖ អូស្ត្រាលីមាន​ក្តីរីករា​យណាស់​ ដែល​មន្ត្រីយោធា​អូស្ត្រាលី​ បាន​ចូល​រួមរៀប​ចំសៀវ​ភៅស​ ការ​ពារ​ជាតិ​កម្ពុជា​ផង​ដែរ។​​

     សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ បាន​ថ្លែង​អំណរ​គុណចំ​ពោះ លោ​កជំ​ទាវ លីនដា រីណូ (LINDA Reynois) ដែល​បាន​ផ្តួច​ផ្តើម​ធ្វើ​កិច្ចសន្ទនា​តាម​រយៈ​ទូរគមនា​គមន៍​ ក្នុង​គោល​បំណង​ នៃ​កិច្ច​សហប្រតិបត្តិការ​ ប្រយុទ្ធប្រឆាំង​ទៅ​នឹងការ​រីករា​លដា​ល​នៃ​ជម្ងឺកូវីដ-១៩​ និង​ពង្រឹង​ការ​ថែរក្សា​ ការ​ប្រាស្រា័យ​ទាក់ទង​ ដែល​កិច្ច​ប្រជុំធម្មតា​មិន​អាច​ប្រព្រឹត្ត​ទៅ​បាន​ ស្រប​ពេល​ដែល​ប្រទេស​ក្នុង​តំបន់​ និង​លើពិភព​លោក​កំពុង​តែ​ជួប​ប្រទះ​នូវការ​ប្រឈម​បញ្ហា​នៃ​ជម្ងឺកូវីដ-១៩​ជា​សកល​នេះ។​ ​សម្តេច​ពិជ័យ​សេនា ​បាន​បញ្ជាក់ថា៖ ​ប្រការ​នេះភា​គីទាំ​ងពី​រ​គួរមាន​មធ្យោបាយ ​និង​នីតិវិធីការ​ពង្រឹង​ជា​ដៃគូទ្វេភាគី ​និង​កិច្ច​សហប្រតិការ​លើ​គ្រ​ប់​វិស័យ​ ក្នុង​ការ​សហការផ្លាស់​ប្តូរ​បទ​ពិសោធន៍ ​បច្ចេក​ទេស​ ជំនាញ​វិទ្យាសាស្ត្រ សម្រាប់​សង្គ្រោះ​បន្ទាន់​លើ​ផ្នែក​សុខាភិបាល​សាធារណៈ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រីករាល​ដាល​នៃជម្ងឺកូវីដ-១៩នេះ ដោយផ្តោត​លើវិស័យ​សំខាន់ៗ ​ដែ​លឆ្លុះបញ្ចាំង​ពីផ​ល​ប្រយោជន៍ ​ធានា​ឲ្យបាន​សន្តិភាព​ សន្តិសុខ ​ស្ថេរភាព ​និង​ការស្តារឡើង​វិញ​ផ្នែក​សង្គ​មសេដ្ឋកិច្ច​ ដោយ​ឈរ​លើ​គោល​ការណ៍​សមភាព ​និង​ផល​ប្រយោជន៍ ​និង​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​។​

     សម្តេច​ពិជ័យ​សេនា ​ក៏ថ្លែអំណរគុណ​ចំពោះ​ក្រសួង​ការពារ​ជាតិ​អូស្ត្រាលី​ ដែល​បាន​ជួយ​បណ្តុះ​បណ្តាល​កសាង​សមត្ថភាព​ដល់​មន្ត្រី​សង្កេត​ការណ៍​យោធា​ ក្រប​ខណ្ឌ​អង្គការ​សហ​ប្រជា​ជាតិ​ និង​ជួយ​បណ្តុះ​បណ្តាល​ផ្នែក​ភាសា​អង់​គ្លេស​ទាំង​នៅ​កម្ពុជា​ និង​នៅ​អូស្ត្រាលី​។​ ទាំង​នេះ​បាន​បង្ហាញ​ឲ្យឃើញ​នូវ​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​រវាង​កង​ទ័ព​ទាំងពី​រ​លើគ្រប់​វិស័យ ​ហើយ​យើង​នឹង​ខិតខំ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ឲ្យ​កាន់​តែជិ​ត​ស្និ​ត​ថែម​ទៀត ​ទាំង​ក្នុង​តំបន់​និង​អន្តរជាតិ​ និង​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ