ព័ត៌មាន

សម្តេច​ពិជ័យ​សេនា ​ទៀ​ បាញ់​៖​ ការ​អភិវឌ្ឍ​មូល​ដ្ឋាន​កង​ទ័ព​ជើង​ទឹក​រាម​ សំរាប់​ប្រើ​ប្រាស់​តែ​កង​ទ័ព​ជើង​ទឹក​កម្ពុជា​សុទ្ធ​សាធ​
នាយកដ្ឋានព័ត៌មាន(៣)
192
1831 សម្តេច​ពិជ័យ​សេនា ​ទៀ​ បាញ់​៖​ ការ​អភិវឌ្ឍ​មូល​ដ្ឋាន​កង​ទ័ព​ជើង​ទឹក​រាម​ សំរាប់​ប្រើ​ប្រាស់​តែ​កង​ទ័ព​ជើង​ទឹក​កម្ពុជា​សុទ្ធ​សាធ​

      សម្តេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពា​រជា​តិ បាន​ទទួល​ជួប​សវនាការ​ជាមួយ​នឹង​ ឯកឧត្តម​ ប៉ា​ទ្រីក​ មូហ្វ៊ី ​(​W.patric​k​ Murphy​)​ ឯកអគ្គរដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា ​កាល​ពី​រសៀល​ថ្ងៃ​ទី​២១​ ខែ​កញ្ញា​ ឆ្នាំ២០២០​ កន្លង​ទៅ​នេះ ​នៅ​វិមាន​មិត្តភាព​នា​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​។​

      នៅ​ក្នុង​ជំនួប​នោះ ​សម្តេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​បាន​ថ្លែង​អំណរ​គុណ​ដល់​សហរដ្ឋ​អាមេរិក​ ដែល​រយៈ​ពេល​កន្លង​មក​បាន​ជួយហ្វឹក​ហ្វឺន​ដល់​កង​ទ័ព​កម្ពុជា​ ដូច​ជា​វិស័យ​ដោះ​មីន​ សន្តិសុខ​លំហរ​សមុទ្រ​ សង្គ្រោះ​​គ្រោះ​ហន្តរាយ ​និង​ជំនាញ​បេសក​កម្ម​រក្សា​សន្តិភាព​ របស់​អង្គការ​សហ​ប្រជា​ជាតិ​។​ សម្តេច​ពិជ័យ​សេនា បាន​បញ្ជាក់​ថា​៖​  នៅ​ក្នុង​ឆ្នាំ​២០០៩-២០១០ ​សហរដ្ឋ​អាមេរិក​បាន​ជួយ​សាង​សង់​សាលា​ហ្វឹក​ហ្វឺន​រក្សា​សន្តិភាព​ ACO ​នៅ​ខេត្ត​កំពង់​ស្ពឺ​ ព្រ​មទាំង​បាន​ផ្តល់​នៅ​សម្ភា​រៈ​មួយ​ចំនួន​ទៀត​ និង​ជួយ​គាំទ្រ​ឲ្យ​កម្ពុជា​ធ្វើ​ជា​ម្ចាស់​​ផ្ទះ​ ក្នុង​លំហាត់​ហ្វឹក​ហ្វឺន​ GPOI ​ឆ្មាំ​អង្គរ​ ២០១០​។​ តាម​រយៈ​លំហាត់​ហ្វឹក​ហ្វឺន​ GPOI​  នេះ ​បាន​ធ្វើ​អោយ​កង​ទ័ព​កម្ពុជា​ចេញ​ទៅ​បំពេញ​បេសក​កម្ម​រក្សា​សន្តិភាព​ នៅ​បរទេស​កាន់​តែ​មា​នការ​កើន​ឡើង​។ ​សម្តេច​ពិជ័យ​សេនា បាន​បញ្ជាក់​បន្ថែម​ថា​៖ ជោគ​ជ័យ​ នៃ​បេសក​កម្ម​​រក្សា​សន្តិភាព​របស់​កម្ពុជា​ គឺ​មិន​អាច​កាត់​ផ្ដាច់​បាន​ពី​ការ​គាំទ្រ​របស់​សហរដ្ឋ​អា​មេ​រិក​។​ ប៉ុន្តែ​ជា​ចុង​ក្រោយ​ទំនាក់​ទំនង​ទ្វេភាគី​ រវាង​កង​ទ័ព​ប្រទេស​ទាំង​ពីរ​កម្ពុជា ​អាមេរិក​ មា​ន​ការ​រអាក់​រអួល​ដោយ​សារ​ព្រឹត្តការណ៍​នយោ​បាយ​ ជា​ពិសេស​ការ​ប្រឈម​នឹង​វិបត្តិ​ជំងឺ​កូវីដ​-១៩​​។​

       មាន​មតិ​ឆ្លើយ​តប​វិញ ​ឯកឧត្តម​ ប៉ា​ទ្រីក​ មូ​ហ្វ៊ី ​(W.patrick Murphy) បាន​សំ​ដែង​នូវ​ក្តី​សោម​នស្ស​រីក​រាយ​ចំពោះ​កិច្ច​សហប្រតិបត្តិការ​យោធា​​កន្លង​មក​ រវាង​កង​ទ័ព​ទាំង​ពីរ​ កម្ពុជា​ និង​សហរដ្ឋ​អាមេរិក​។ ជា​ពិសេស​ការ​ចូល​រួម​របស់​កម្ពុជា​ ក្នុង​បេសក​កម្ម​រក្សា​សន្តិភាព ​ដែល​ជា​ការ​តប​ស្នង​ទៅ​នឹង​អង្គការ​សហ​ប្រជា​ជាតិ​។​ ក្នុ​ងជំនួប​​សន្ទនា​ នា​ពេល​នោះ​ ឯកឧត្តម ​ប៉ា​ទ្រីក​ មូហ្វ៊ី ​ក៏បា​ន​លើក​យក​បញ្ហា​មូលដ្ឋាន​កង​ទ័ព​ជើង​ទឹក​រាម​ មក​ពិភាក្សា​ជា​មួយ ​សម្ដេ​ច​ពិជ័យ​សេនា​ ទៀ បាញ់​ ផង​ដែរ​។​ សម្ដេច​ពិជ័យ​សេនា​ ទៀ បាញ់ បាន​បញ្ជាក់​ថា​៖​ មូល​ដ្ឋាន​កង​ទ័ព​ជើង​ទឹក​រាម​មាន​ទំហំ​តូច ​ទឹក​រាក់​ មិន​ឆ្លើយ​តប​ទៅ​នឹង​កប៉ាល់ ​ឬ​នា​វា​ធំៗ​ ចូល​បាន​។​ ដូច្នេះ​ការ​អភិវឌ្ឍ​មូល​ដ្ឋាន​កង​ទ័ព​ជើង​ទឹ​ករាម​នេះ​ គឺ​សំរាប់​កង​ទ័ព​ជើង​ទឹ​កកម្ពុជា​ប្រើ​ប្រាស់​តែ​ប៉ុណ្ណោះ​។​ សម្តេច​បាន​បញ្ជាក់​ថា៖ ​គំរោង​ការ​ប្រែ​ក្លាយ​ជា​មូល​ដ្ឋាន​សមុទ្រ​រា​ម​ជា​កំពង់​ផែ​អន្តរជាតិ​នេះ​ ត្រូវ​បាន​ធ្វើ​ការ​សិក្សា​អស់​រយៈ​ ពេល​ជាង​ ១០​ឆ្នាំ​មក​ហើយ​​។ បន្ទាប់​ពី​អភិវឌ្ឍន៍​រួច​ កំពង់​ផែ​នេះ​ នឹង​ទទួលការ​ចូល​ចត​គ្រប់​នាវា​ទាំង​អស់​។​ សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ បា​​ន​សង្កត់​ធ្ងន់​ថា៖​ រដ្ឋ​ធម្មនុញ្ញ​កម្ពុជា​បាន​ចែង​ច្បាស់​ គឺ​មិន​ឱ្យ​មាន​មូល​ដ្ឋាន​កង​ទ័ព​បរទេស​នៅ​លើ​ទឹក​ដី​កម្ពុជា​ឡើយ​។​ ទាក់​ទង​ទៅ​នឹង​ការ​ព្រួយ​បារម្ភ​របស់​សហរដ្ឋ​អាមេរិក​ អំពី​ការ​ប្រើ​ប្រាស់​មូល​ដ្ឋាន​កង​ទ័ព​ជើង​ទឹក​នៅ​រាម​ សម្តេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​បាន​សង្កត់​ធ្ងន់​ថា៖​ ការ​ប្រើប្រា​ស់​មូល​ដ្ឋាន​រាម​នេះ​ផ្តាច់​មុខ​ជា​របស់​កម្ពុជា​ មិ​នមែន​ជា​រប​ស់ផ្តាច់​មុខ ​របស់​កង​ទ័ព​បរទេ​ស​នោះ​ទេ​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ