ព័ត៌មាន

ឯកឧត្តម​ ម៉ឹង ​សំ​ផន ​បិទ​វគ្គ​ហ្វឹក​ហ្វឺន​បំប៉ន ​បញ្ជា​ការ​ដ្ឋាន​ទ័ព​ពិសេស​
នាយកដ្ឋានព័ត៌មាន(៣)
88
1827 ឯកឧត្តម​ ម៉ឹង ​សំ​ផន ​បិទ​វគ្គ​ហ្វឹក​ហ្វឺន​បំប៉ន ​បញ្ជា​ការ​ដ្ឋាន​ទ័ព​ពិសេស​

      បញ្ជា​ការ​ដ្ឋាន​ទ័ព​ពិសេស ​បាន​ប្រារព្ធ​ពិធី​បិទ​​វគ្គ​ហ្វឹក​ហ្វឺន​បំប៉ន​ជំនាញ​សង្រ្គោះ​គ្រោះ​មហន្តរាយ​ និង​វគ្គហ្វឹក​ហ្វឺន​បំប៉ន​ជំនាញ​ឯកទេស​មុជ​ទឹក​ ជំនាន់​ទី៤​ នា​ព្រឹក​ថ្ងៃ​ទី​១១ ​ខែក​ញ្ញា​ ឆ្នាំ២០២០នេះ ​ក្រោម​អធិបតី​ភាព ​ឯកឧត្តម នាយ​ឧត្តម​សេនីយ៍ ​ម៉ឹង ​សំ​ផន​ រដ្ឋលេខា​ធិការ ​ក្រសួង​ការ​ពារ​ជាតិ ​ប្រធាន​ក្រុម​ការ​ងារ​សម្រប​សម្រួល​ ការ​រៀប​ចំ​ឆ្លើយ​តប​ សង្រ្គោះ​បន្ទាន់​ និង​ស្តារ​ឡើង​វិញ ​និង​ ឯកឧត្ត​ម ​ហង្ស ​សា​មឿន ​ទី​ប្រឹក្សា​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ និង​ជា​អនុ​ប្រធាន​គណៈ​កម្មាធិការ​ជាតិ​ គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ​។ ពិធី​បិទវគ្គ​នា​ឱកាស​នោះ ​ក៏​មាន​ការ​រៀប​ចំ​សម្តែង​ ស្តី​ពី​ការ​ជួយ​សង្រ្គោះ​គ្រោះ​មហន្ត​រាយ​ នៃ​ឧបទ្ទេវហេតុ​ កា​​របាក់​រលំ​អគារ ​និង​កើត​មាន​ឡើងនូវ​គ្រោះ​អគ្គភ័យ​ផង​ដែរ​ ដើម្បី​បង្ហាញ​ឲ្យឃើញ​ពី​សមត្ថភាព ​និង​កិច្ច​សហប្រតិបត្តិការ​របស់​កង​កម្លាំង​អន្តរាគមន៍​ជួយ​សង្គ្រោះ​ របស់​បញ្ជាការ​ដ្ឋាន​ទ័ព​ពិសេស ​ដែល​បាន​ហ្វឹក​ហ្វឺ​ន​រួច​មក​នេះ។​

       ឧត្តម​សេនីយ៍​ឯក ​ចាប​ ភក្តី ​មេ​បញ្ជាការ​រង​ កង​ទ័ព​ជើង​គោក​ មេ​បញ្ជាការ ​បញ្ជាការ​​ដ្ឋាន​​ទ័ព​ពិសេស ​បាន​ឲ្យ​ដឹង​ថា​៖ វគ្គហ្វឹក​ហ្វឺ​ន​បំប៉ន​ជំនាញ​បច្ចេក​ទេស​សង្គ្រោះ​គ្រោះ​មហន្ត​រាយ​ មាន​សិក្ខា​កាម​បញ្ជា​ការ​ដ្ឋាន​ពិសេស​​​​ចំនួន​ ៨៤​នាក់​ និង​សិក្ខា​កាម​កង​ពលធំ​អន្តរាគមន៍​លេខ២ ​ចំនួន ២០​នាក់​។​ ហ្វឹក​ហ្វឺន​រយៈ​ពេល ​៤៥​ថ្ងៃ ដោយ​ផ្ដោត​លើ​ខ្លឹម​សា​រ​មេរៀន ​អប់រំ​ចិត្ត​សាស្ត្រ​ ហ្វឹកហ្វឺន​ជំនាញ​ជួយ​សង្គ្រោះ ​ភស្តុភារ ​និង​សុខាភិបាល។​ ​ជា​លទ្ធផល​ទទួល​បាននិ​ទ្ទេស​ល្អ​ចំនួន ៦០​នាក់ ​ល្អ​បង្គួរ ​២៦​នាក់ ​និង​មធ្យម​ចំនួន ​១៥​នាក់​។​ ដោយ​ឡែក ​វគ្គ​បំប៉ន​ជំនាញ​ឯក​ទេស​មុជ​ទឹក​ ជំនាន់​ទី៤ មាន​សិក្ខា​កាម​ ៥០​នាក់ ​និង​គ្រូ​បង្វឹក​ចំនួន ​១៥​នាក់​។​ វគ្គ​បំប៉ន​នេះមាន​រយៈ​ពេល​ចំនួន ​៣ខែ ​ដោយ​ផ្ដោតលើ​ខ្លឹម​សារអប់រំ​ចិត្តសាស្ត្រ​ ហ្វឹក​ហ្វឺន​យោធា ​ភស្តុភារ​ និង​សុខាភិបាល។​ ​ជាលទ្ធផល​ទទួលបា​ន​និទ្ទេស​ល្អ​ចំនួន​ ២៦​នាក់ ​ល្អ​បង្គួរ ​១៩​នាក់ ​និង​មធ្យ​ម​ចំនួន​ ៥នាក់​។​

ឯកឧត្តម នាយ​ឧត្តម​សេនីយ៍ ​ម៉ឹង ​សំ​ផន​ រដ្ឋលេខា​ធិការ ​ក្រសួង​ការ​ពារ​ជាតិ ​ប្រធាន​ក្រុម​ការ​ងារ​សម្រប​សម្រួល​ ការ​រៀប​ចំ​ឆ្លើយ​តប​ សង្រ្គោះ​បន្ទាន់​ និង​ស្តារ​ឡើង​វិញ 


       ក្នុង​នាម​ថ្នាក់ដឹ​ក​នាំក្រសួង​ការពារ​ជាតិ​ និង​អគ្គបញ្ជាកា​រ, នាយឧ​ត្តម​សេនីយ៍ ​ម៉ឹង ​សំផន​ បាន​ថ្លែងនូវការ​កោត​សរសើរ​ និង​បាន​វាយ​តំលៃ​ខ្ពស់​ចំពោះ​ការ​យក​ចិត្ត​ទុក​ដាក់​ ខិត​ខំប្រឹង​ប្រែង​របស់​ថ្នាក់​ដឹក​នាំ​គ្រប់​លំដាប់​ថ្នាក់​ ក្នុង​បញ្ជាការ​ដ្ឋាន​ទ័ព​ពិសេស ​ដែល​បាន​សហការ​សាមគ្គី ​ឯកភាព​គ្នា​ជា​ធ្លុង​មួយ​ ធ្វើ​ឲ្យ​សម្រេច​នូវភារ​កិច្ច​ទូទៅ ​និង​ផែន​ការ​ហ្វឹក​ហ្វឺន​ប្រចាំ​ឆ្នាំ ​ជាក់​ស្ដែង​ដូច​ជា​វគ្គ​បំប៉ន​ ដែល​បាន​បិទ​នាឱកាស​នេះ។​ នាយឧត្តម​សេនីយ៍​រដ្ឋលេខា​ធិការ​ បាន​ថ្លែង​ថា​៖ គ្រោះ​មហន្តរាយ​ មាន​ការ​កើត​ឡើង​ច្រើន​នៅ​លើ​ពិភព​លោក ​គ្រោះមហន្ត​រាយ​ខ្លះ​កើត​ឡើង​ដោយ​សារធម្មជាតិ ខ្លះ​កើត​ឡើង​ដោយ​សារ​មនុស្ស​ជា​អ្ន​ក​បង្ក​រ​។ ​កម្ពុជា​កន្លង​មក​ ក៏មាន​គ្រោះ​មហន្តរា​យ​ផង​ដែរ​ ដូច​ជា​ខ្យល់ព្យុះ ​ខ្យល់កន្ត្រាក់ ធ្លាក់យន្តហោះ និងបាក់​រលំ​អគារ​។​ រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ខិត​ខំ​យក​ចិត្តទុក​ដាក់​យ៉ាង​ខ្លាំង​ចំពោះ​បញ្ហា​នេះ ​ជាក់​ស្តែង​ក្នុង​ឧបទ្ទេ​ហេតុ​ ការ​បាក់រ​លំ​អគារ​នៅក្នុង​ខេត្ត​ព្រះ​សីហនុ ​និង​នៅក្នុង​ខេត្ត​កែប​កន្លង​មក​នេះ ​សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន​ សែន ​បាន​ចុះពិនិត្យ​ដោយផ្ទាល់​នៅ​ក្នុង​ហេតុ​ការណ៍​ជួយ​សង្គ្រោះ​នោះ​។​ ដោយ​​ឡែក​​ក​ងយោធពល​ខេមរ​ភូមិន្ទ​ ក៏​បាន​ចូលរួមយ៉ាង​សកម្មផង​ដែរ​។​ ឯកឧត្តម​ បាន​បញ្ជាក់​ថា៖ ប្រទេសណាក៏​ដូច​ប្រទេស​ណាដែ​រ​ ចាំ​បាច់​កង​កម្លាំង​ប្រដាប់អាវុធ គឺជា​កម្លាំង​ស្នូល​នៅ​ក្នុង​ការ​ជួយ​សង្គ្រោះ​មហន្តរាយ​ផ្សេងៗ​។​

      ក្នុង​នាម​ សម្ដេច​ពិជ័យ​សេនា ​ទៀ បាញ់,​ នាយ​ឧត្តម​សេនីយ៍ ​ម៉ឹង ​សំផ​ន ​បានលើ​កទឹក​ចិត្ត​ និង​ជំរុញឲ្យនាយ​ទាហាន ​និង​ពល​ទាហាន ​នៃ​ខ.ភ.ម ត្រូវ​បន្ត​ភារកិច្ចដ៏​ល្អ​របស់​ខ្លួន​ថែម​ទៀត ​ពិសេស​ស្មោះ​ត្រង់​ចំពោះ​ជាតិមាតុ​ភូមិ ​និង​ប្រជាជន ​ដោយ​យក​អស់​ស្មារតី​គ្រប់​បាន​ម៉ោង​ប៉ុន្មាន​រាល់​បទ​ប្បញ្ញត្តិ​ចរាចរណ៍​លក្ខន្តិកៈ​កងយោ​ធពល​​ខេម​រ​​ភូមិន្ទ​ បទដ្ឋាន​គតិ​យុត្ត​នានា ប្រកាន់​ខ្ជាប់​នូវ​ប្រពៃណី​ថ្លៃ​ថ្នូរ​ ក្លាយ​ជា​កម្លាំង​ពិត​ ដើម្បី​បុព្វហេតុការ​ពារ​ជាតិមា​តុភូមិ និ​​ងប្រជាជន​។ ​ជាមួយគ្នា​នេះ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​បំពេញ​ការងារ​ចូល​រួម​កិច្ច​ការ​ការពារសុវត្ថិភាព​ សន្តិសុខ​សណ្ដាប់​ធ្នាប់​សង្គម ទប់​ស្កាត់​ និង​រាល់​បទ​ល្មើស​ផ្សេងៗ ដើម្បីស្ដារ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ឱ្យ​មាន​ការ​រីក​ចម្រើន​។​ បន្ត​ការ​ខិតខំប្រឹង​ប្រែង​យក​ចិត្ត​ទុក​ដាក់​លើការងារ​ហ្វឹកហ្វឺ​នរៀន​សូត្រ​ កសាង​ធនធានមនុស្ស​ធានា​ទាំង​បរិមាណ​ និង​គុណភាព ​មាន​សមត្ថភាព​គ្រប់​គ្រាន់​ឆ្លើយ​តប​ទៅនឹ​ង​កំណែទម្រង់​កងយោធ​ពល​ខេមរ​ភូមិន្ទ​ ហើយ​ត្រូវ​បន្ត​ចូលរួម​ការ​ពារ​សុខភាព​ជៀស​បាន​ពី​ជំងឺ​កូវីដ​១៩។ ក្នុង​ឱកាស​នោះដែ​រ ​នាយឧត្តម​សេនីយ៍ ​ម៉ឹង ​សំផន​ បាន​បំពាក់​ឋានន្តរ​សក្តិ​ ជូន​ដល់​នាយ​ទាហាន​យោធិន​ចូល​និវត្តន៍​ ក្នុង​ឆ្នាំ​២០២០​ ចំនួន ​៣៥​នាក់ ​និង​បាន​ផ្ដល់​ប័ណ្ណ​សរសើរ​លិខិត​បញ្ជាក់​ការ​សិក្សា​ដល់​សិក្ខា​កាម​ ព្រម​ទាំង​បាន​នាំ​យក​អំណោយ​របស់​សម្ដេច​តេជោ ​និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិ​ត ឧបត្ថម្ភ​ដល់​បញ្ជាការ​ដ្ឋាន​ទ័ព​ពិសេស​ មាន​អង្ករ​ ៥តោន,​ មី ​២០០​កេស ​និង​ថវិកា​ចំនួន ​១០លានរៀល ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ