ព័ត៌មាន

ឯកឧត្តម​​ ហ៊ុន​​ ម៉ា​​ណែត​ អញ្ជើញ​ជា​អធិបតី​ក្នុង​​ពិធី​​អបអ​​រខួប​​ថ្ងៃ​​ប្រកាស​​បង្កើត​​បញ្ជាការដ្ឋានអង្គរក្ស
នាយកដ្ឋានព័ត៌មាន(៣)
91
1823 ឯកឧត្តម​​ ហ៊ុន​​ ម៉ា​​ណែត​ អញ្ជើញ​ជា​អធិបតី​ក្នុង​​ពិធី​​អបអ​​រខួប​​ថ្ងៃ​​ប្រកាស​​បង្កើត​​បញ្ជាការដ្ឋានអង្គរក្ស

      បញ្ជាការ​ដ្ឋាន​អង្គរក្ស ​បាន​ប្រារឰ​ពិធី​អបអរ​សាទរ​​ខួប​អនុស្សាវរីយ៍​គម្រប់​ ៣០​ឆ្នាំ ​ថ្ងៃ​បង្កើត​អង្គភាព​២៤៦ ​ និង​ខួប​អនុស្សាវរីយ៍​គម្រប់​ ១១​ឆ្នាំ​ ថ្ងៃ​ប្រកាស​បង្កើត​បញ្ជាការ​ដ្ឋាន​អង្គរក្ស​ (០៤ កញ្ញា​ ២០០៩​-​០៤ ​កញ្ញា​ ២០២០​) ​នា​ព្រឹក​ថ្ងៃទី​០៩​​ ខែ​​កញ្ញា​ ឆ្នាំ២០២០ ស្ថិត​ក្រោម​អធិបតីភាព​ ឧត្តម​សេនីយ៍​ឯក​ ហ៊ុន ​ម៉ា​ណែត ​អគ្គ​មេ​បញ្ជា​ការ​រង​ នៃ​ខ.ភ.ម ​មេ​បញ្ជាការ ​កង​ទ័ព​ជើង​គោក​ និង​ជា​តំណាង​ដ៏​ខ្ពង់​ខ្ព​ស់​ សម្តេច​តេជោ ​ហ៊ុន​ សែន ​នាយក​រដ្ឋមន្ត្រី​ ​នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា​។​

       ក្នុង​សន្ទរក​ថា​ស្វាគមន៍​របស់ ​ឧត្តម​សេនីយ៍​ឯក​ ណុប ​រ័ត្ន​និមល ​មេ​បញ្ជាការ​រង​ បញ្ជាការ​ដ្ឋាន​អង្គរក្ស ​បាន​ឲ្យ​ដឹ​ង​ថា​៖ កង​វរសេនា​តូច​២៤៦​ ត្រូវ​បាន​ប្រកាស​បង្កើត​ឡើង​ ដោយ​សម្តេច​តេជោ ​រហូត​មក​ដល់​ពេល​នេះ​មាន​រយៈ​ពេល​ ៣​០​ឆ្នាំ​ បញ្ជាការ​ដ្ឋាន​អង្គរក្ស​ បាន​បង្កើត​មាន​រយៈ​ពេល ​១១​ឆ្នាំ​ហើយ​ដែរ​។ កង​វរសេនា​តូច​២៤៦ ​និងបញ្ជាការ​ដ្ឋាន​អង្គរក្ស​ បាន​បំពេញ​ភារកិច្ច​ប្រកប​ដោយ​ជោគ​ជ័យ​ និង​ខិត​ខំ​កសាង​នូវ​សមិទ្ធផល​នានា​ ក្នុង​អង្គ​ភាព​បាន​យ៉ាង​ច្រើន​ ពិសេស​ដូច​ជា​មជ្ឈមណ្ឌល​ហ្វឹក​ហ្វឺន​ និង​មន្ទីរពេទ្យ​នៅ​ភ្នំ​ស្រង់​ជា​ដើម​។​ កន្លង​មក​ បាន​ខិត​ខំថែ​​រក្សា ​សន្តិសុខ​សុវត្ថិភាព ​ជូន​ភ្ញៀវ​ជាតិ​ និង​អន្តជាតិ ​បាន​យ៉ាង​ល្អ​ប្រសើរ​។​ ជាង​នេះ​បាន​ចល័ត​កង​កម្លាំង​អន្តរាគមន៍​ សហប្រតិបត្តិការ​ក្នុង​កិច្ច​ការ​ពារ​បូរណ​ភាព​ទឹក​ដី​ និង​ចុះ​អន្តរាគមន៍​ជួយ​ប្រជាពល​រដ្ឋ​ដែល​ជួប​គ្រោះ​មហន្ត​រាយ​ផ្សេងៗ​ ធ្វើ​ជា​សេនាធិការ​ឲ្យ​កាក​បាទ​ក្រហម​កម្ពុជា​ បាន​ល្អ​ និង​ទាន់​ពេល​វេលា​។​ ជា​ពិសេស​បេសក​កម្ម​ធានា​ការ​ពារ​សន្តិសុខ ​សុវត្ថិភា​ពជូ​ន​សម្តេច​តេជោ ​សម្តេច​កិត្ត​ព្រិទ្ធ​បណ្ឌិត​ និង​ក្រុម​គ្រួសារ​ អនុវត្ត​ន៍បាន​តាម​អភិ​ក្រម​ទាំង​បី​ គឺ​ស្មោះ​ត្រង់​ ការពារ ​និង​បំរើ។​​

​ ឧត្តម​សេនីយ៍​ឯក​ ហ៊ុន ​ម៉ា​ណែត ​អគ្គ​មេ​បញ្ជា​ការ​រង​ នៃ​ខ.ភ.ម ​មេ​បញ្ជាការ ​កង​ទ័ព​ជើង​គោក​ និង​ជា​តំណាង​ដ៏​ខ្ពង់​ខ្ព​ស់​ សម្តេច​តេជោ ​ហ៊ុន​ សែន ​នាយក​រដ្ឋមន្ត្រី​ ​នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា​


      ក្នុង​នាម​ប្រមុខ​រាជ​រដ្ឋាភិ​បាល ​ក្រសួង​ការ​ពារ​ជាតិ​ និង​អគ្គ​មេ​បញ្ជាការ​,​ ឯកឧត្តម​ ហ៊ុន ​ម៉ា​ណែត​ បាន​ថ្លែង​អបអរ​សាទ​​រ​ចំពោះ​​ការ​អភិវឌ្ឍន៍​រីក​ចម្រើន​ជា​បន្ត​បន្ទាប់​របស់​បញ្ជាការ​ដ្ឋាន​អង្គរក្ស​ ចាប់​តាំង​ពីការ​កកើត​ដំបូង​មក​ ក្នុង​រចនា​សម្ព័ន្ធ​ចាត់​តាំង​ពី​ត្រឹម​តែ​វរសេនា​តូច​លេខ​ ២៤៦​ ដោយ​បាន​ឆ្លង​កាត់​នូវ​ឧបសគ្គ​និង​ការ​លំបាក​ជា​ច្រើន​​រហូត​មក​ដល់​ពេល​នេះ ​បញ្ជាការ​ដ្ឋាន​សម្រេច​បាន​នូវ​ការ​កសាង​ពង្រឹង​អង្គភាព​រឹង​មាំ​លើ​គ្រប់​វិស័យ​ ដែល​ជា​ការ​ចូល​រួម​ចំ​ណែក​យ៉ាង​សំខាន់​ នៅ​ក្នុង​ការ​ជំរុញ​ដំណើរ​ការ​ នៃ​ការ​កែ​ទម្រង់​ ខ.ភ.ម​ ជា​ពិសេស​តាម​រយៈ​ការ​យក​ចិត្ត​ទុកដា​ក់​ទៅ​លើ​ការ​ហ្វឹក​ហ្វឺន​ បណ្តុះ​បណ្តាល​ ធន​ធាន​មនុស្ស ​និងកា​រ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​នានា ​បម្រើ​ឲ្យ​ការ​បំពេញ​ភារកិច្ច ​និង​ជីវភាព​ និង​សុខ​មាល​ភាព​របស់​យោធិន​ និង​គ្រួសារ​យោធិន​។​ ឯកឧត្តម ​បាន​ថ្លែង​ថា​៖ ក្នុង​១​រយៈ​កន្ល​ង​ទៅ​នេះ ​និ​ង​ត​ទៅ​មុខ​ទៀត ​ការ​ប៉ុន​ប៉ង​បង្ក​​អស្ថេរភាព​នៅ​តែ​ជា​បញ្ហា​ ដែល​មិ​ន​ត្រូវ​ធ្វេស​ប្រហែស ​ព្រោះ​ឧបាយក​ល​ញុះ​ញ៉ុង​នៅ​តែ​បន្ត​ គោល​ដៅធំ​បំផុត គឺ​ការ​បង្កអស្ថេរ​ភាព​ឈាន​ទៅ​ដល់​ការ​ផ្តួល​រំលំ​រាជ​រដ្ឋាភិបាល​ស្រប​ច្បាប់ ​ក៏​ដូច​ជា​ការ​ដណ្តើម​អំណាច​តាម​រយៈ​ការ​បំផុស​មហាជន ​ក្នុង​រូប​ភាព​បដិវត្ត​ពណ៌ ​បង្ក​​ហឹង្សា​ និង​បង្ក​អសន្តិសុខ ​ប៉ុន្តែ​យ៉ាង​ណាក៏​ដោយ​ ក្នុ​ង​រយៈ​ពេល​កន្លង​មក​នេះ ​ផែន​ការ​ម្តង​ហើយ​ម្ត​ង​ទៀត​ របស់​អ្នក​នយោបាយ​មួយ​ចំនួន ​នៅ​តែ​មិ​ន​បាន​ទទួល​ជោគ​ជ័យ​ឡើយ​។​​ ក្នុង​នាម​រាជ​រដ្ឋា​ភិបាល ​ឯកឧត្តម​ ហ៊ុន ​ម៉ា​ណែត ​បាន​អំពាវ​នាវ​ឲ្យ​ប្រជា​ពល​រដ្ឋ ​និង​យោធិន​ទាំង​អស់​ បន្ត​ចូល​រួម​ការ​ពារ​សុខ​សន្តិភាព​នៅ​កម្ពុជា​ និង​បន្ត​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ ថែ​រក្សា​សុខ​ភាព​ និង​មាន​អនាម័យ ​ដើម្បី​ទប់​ស្កាត់​នូវ​ជម្ងឺ​កូវីដ​១៩​។

​      ក្នុង​ឱកាស​នោះ ​ឯកឧត្តម​ ហ៊ុន ​ម៉ា​ណែត ​បាន​បំពាក់​គ្រឿង​ឥស្សរិយ​យស ​លើក​ទឹក​ចិត្ត​ដល់​នាយ​ទាហាន ​ដែល​មាន​ស្នាដៃ ​និង​សប្បុរស​ជន​ ដែល​បាន​ចូល​រួម​ចំ​ណែក​ ក្នុង​ការ​ជួយ​កសាង​សមិទ្ធផល​នានា ​ក្នុង​បញ្ជាការ​ដ្ឋាន​អង្គរក្ស​ រួម​មាន ​មេ​ដាយ​ជា​តូបការ ​១៧​គ្រឿង​,​ មេ​ដាយ​ព្រះ​រាជាណាចក្រ​កម្ពុជា ​ថ្នាក់​មហា​សេរីវឌ្ឍន៍​ ១៧​គ្រឿង​ និង​មេ​ដាយ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ថ្នា​ក់សហ​មេត្រី ​១៦​គ្រឿង​។​ បាន​នាំ​យ​ក​អំណោយដ៏​ថ្លៃថ្លា​របស់​ សម្តេច​តេជោ​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ឧបត្ថម្ភ​ដល់​បញ្ជាការ​ដ្ឋាន​អង្គរក្ស​ មាន​អង្ករ១០​តោន​ មី​១០០​កេស ​ត្រីខ​១០០​កេស​ ទឹ​ក​ដោះ​គោ​១០០​កេស​ និង​ថវិកា ​សរុប​ចំនួន ​៣២០​លាន​រៀល ​និង​៩​ម៉ឺន​ដុល្លារ​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ