ព័ត៌មាន

សម្ដេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​ចុះ​ត្រួត​ពិនិត្យ​វិមាន​ឈ្នះ ឈ្នះ​
នាយកដ្ឋានព័ត៌មាន(៣)
211
1822 សម្ដេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​ចុះ​ត្រួត​ពិនិត្យ​វិមាន​ឈ្នះ ឈ្នះ​

      កាល​ពី​រសៀល​ថ្ងៃ​ទី​០៧ ​ខែ​កញ្ញា​ ឆ្នាំ​២០២០​ កន្លង​ទៅ​នេះ​ សម្ដេច​ពិជ័យ​សេនា​ ​ទៀ ​បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ និង​ប្រធាន​គណៈ​កម្មការ​ការ​សាង​សង់​វិមាន​ឈ្នះ ឈ្នះ ​អម​ដោយ​ឯកឧត្តម​ លោក​ជំទាវ​ ជា​សមាជិក​គណៈ​កម្មការ​ការ​សាង​សង់​វិមាន​ឈ្នះ ឈ្នះ ​ជា​ច្រើន​រូប​ទៀត​ បាន​ចុះ​ត្រួត​ពិនិត្យ​ និង​ផ្ដល់​អនុសាសន៍ ​សម្រាប់​ការ​បន្ត​គ្រប់​គ្រង​ ការ​សាង​សង់​ និង​ការ​ថែ​ទាំ​វិមាន​ឈ្នះ ឈ្នះ ​បន្ត​ទៀត​។

      ពេល​អញ្ជើញ​ទៅ​ដល់​វិមាន​ឈ្នះ ឈ្នះ ​សម្ដេច​ពិជ័​យសេ​នា ​ទៀ ​បាញ់​ បាន​ធ្វើកា​​រ​ដឹក​នាំ​កិច្ច​ប្រជុំជា​មួយ​ក្រុម​ការ​ងារសា​ង​សង់​វិមាន​ឈ្នះ ឈ្នះ ​ដោយ​បាន​ក្ដាប់​របាយ​ការណ៍​បច្ចុប្បន្ន​ភាព​រយៈ​ពេល​​៨​ថ្ងៃ​ បន្ទាប់​ពី​ការ​ប្រជុំ​គណៈកម្មការ​សាង​សង់​វិមាន​ឈ្នះ ឈ្នះ​ កាលពី​​ថ្ងៃទី​៣១​ ខែ​សីហា ​ឆ្នាំ​២០២០​ កន្ល​ង​ទៅនេះ​​។ ក្នុង​ឱកា​ស​នោះ ​នាយ​ឧត្តម​សេនីយ៍ ​ណឹម​ សុវត្ថិ ​ទី​ប្រឹក្សា​ពិសេស​សម្តេច​ពិជ័យ​សេនា​ អគ្គនាយក ​អគ្គនាយក​ដ្ឋាន​នយោបាយ​  និង​​កិច្ចការ​បរទេស​ ក្រសួង​ការ​ពារ​ជាតិ​ និង​ជា​ប្រធាន​ក្រុម​ការ​ងារ​សិក្សា​ស្រាវ​ជ្រាវ​សាង​សង់​​វិមាន​ឈ្នះ ឈ្នះ​  បាន​រាយ​ការណ៌​ជូន​កិច្ច​ប្រជុំ ​អំពី​ការងារ​មួយ​ចំនួន​ដូច​ជា​ការ​បន្ត​ចូល​រួម​ទស្សន​កិច្ច​សិក្សា​ និង​ការ​ចូល​ទស្សនា​វិមាន​ឈ្នះ ឈ្នះ ​ពី​ប្រជាជន​គ្រប់​មជ្ឈដ្ឋាន​ក្នុង​ឱកាស​បុណ្យ​ផង​ និង​ពេល​ធម្មតា​ផង​ ការ​ធ្វើ​សួន​ច្បារ​ ដោយ​សាលា​រាជ​ធានី​ភ្នំពេញ​ តាម​ផែនការ​ ជា​មួយ​នឹង​ការ​ចាក់​ដី​ ការ​ដាំ​ស្មៅ​ ការ​ថែទាំ​ ដែល​ក្រុម​ការ​ងារ​បាន​គ្រប់​គ្រង​លើ​គ្រប់​វិស័យ ​ដោយ​សង្កត់​ធ្ងន់​លើ​បច្ចេកទេស និង​ការ​ធានា​ទឹក​-​ភ្លើង​។ បន្ទាប់​មក​កិច្ច​ប្រជុំ ​ក៏​បាន​ក្ដាប់​របាយ​ការណ៌​ ប្រុង​ប្រៀប​របស់​ក្រុម​បច្ចេក​ទេស​ស្ថាបត្យ​កម្ម​របស់ ​ឯកឧត្តម​ ខឹម​ សុខ ​ដោយ​បាន​រាយ​ការណ៍​ បន្ថែម​អំពី​តំបន់​ទិស​ខាង​កើត​ នៃ​វិមាន​ឈ្នះ ឈ្នះ ​និង​បាន​បញ្ជាក់​អំពី​ការ​ប្រុង​ប្រៀប​ទីតាំង​ សម្រាប់​ការ​សាង​សង់​អគា​រដ្ឋ​បាល​ និង​សំណង់​។​ ជា​មួយ​គ្នា​នោះ​ដែរ​កិច្ច​ប្រ​ជុំក៏​បាន​ក្ដាប់​របាយ​ការណ៌​ស្ថាន​ភាព​ នៃ​ការ​កសាង​ចម្លាក់​សមិទ្ធផល​ តេជោ ​និង​ដំណើរ​ការ​សាង​សង់​សួន​សមិទ្ធផល​តេជោ ​រួម​មាន​ សួន​ខឿន​ការ​ពារ​ជាតិ​ នៃ ​ខ.ភ.ម ដែល​សាង​សង់​ដោយ​អគ្គ​មេ​បញ្ជាការ​ ខ.ភ.ម ​សួន​សន្តិសុខ​សុវត្តិភាព ​និង​សណ្តាប់​ធ្នាប់​សង្គម​ សាង​សង់​ដោយ​កង​រាជ​អាវុធ​ហត្ថ ​និង​នគរ​បាល​ជាតិ​ និង​សួន​កង​កំលាំង​រក្សា​សន្តិភាព ​និង​បោស​សំអាត​មីន​នៅ​កម្ពុជា ​និង​លើ​ឆាក​អន្តរជាតិ​ សាង​សាង់​ដោយ​មជ្ឈមណ្ឌ​ល​ជាតិ​ រក្សា​សន្តិភាព​។

      ក្នុង​ឱកាស​នោះ ​សម្ដេច​ពិជ័​យសេនា​ ទៀ ​បាញ់ ​ព្រម​ទាំង​ក្រុម​ការ​ងារ​ ក៏​បាន​ចុះ​ផ្ទាល់​ពិនិត្យ​មើល​ទី​តាំង​ដែល​កំពុង​ធ្វើ​សកម្មភាព​សាង​សង់​ និង​បាន​ពិនិត្យ​ចម្លាក់​ សមិទ្ធផល​នា​នា ​ដែល​សាង​សង់​ដោយ​​កង​រាជ​អាវុធ​ហត្ថ​ ​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព ​និង​សំណង់​ខឿន​ការ​ពារ​ជាតិ​ ដោយ​សម្ដេច​ពិជ័យ​សេនា​ បាន​កោត​សរសើរ ​ចំពោះ​ការ​ខិ​ត​ខំ​តាម​សាង​សង់​ របស់​អង្គភាព​នីមួយៗ ​​ព្រម​ទាំង​បាន​ផ្ដល់​ស្មារតី​ក្នុង​ការ​គាំទ្រ​អោយ​ការ​សាង​សង់​ ឆាប់​បាន​ចប់​ តាម​ផែន​ការ​កំណត់​។​ ក្នុង​ការ​អញ្ជើញ​ទស្សនា​ចម្លាក់​នៅ​ជុំវិញ​ជញ្ជាំង​ សម្ដេច​ពិជ័យ​សេនា​បាន​ចាប់​អារម្មណ៌​ទៅ​ចំណុច ​ឌី​ហ្វីត​ (DIFID​) ​និង​គោល​នយោ​បាយ​ឈ្នះ ឈ្នះ ​ទាំង​៣​ ដែល​មាន​រំលេច​ដោយ​អក្សរ​ពណ៌​មាស​ ហើយ​ក្រុម​ការងារ​ចម្លាក់​ ដែល​ដឹក​នាំ​ដោយ​ វីរ​វិចិត្រ​ករ​​ អ៊ុត ​រឿន​ ក៏​បាន​បញ្ចាក់​ជូន​សម្តេច​ពិជ័យ​សេនា អំពី​ការ​រៀប​ចំ​ចម្លាក់​ស្ដី​ពី​​សិលា​ចរឹក​នូវ​អត្ថន័យ​ នៃ​ប្រតិបត្តិ​ករ​ សំរាប់​ការ​សិក្សា​ស្វែង​យល់​។ ការ​អញ្ជើញ​ចុះ​ពិនិត្យ​ចម្លាក់​នា​ពេល​នោះ ​សម្ដេច​ពិជ័យ​សេនា​ បាន​ចាប់​អារម្មណ៍​ចំពោះ​ចម្លា​ក់​របស់​ Covid​-​19 ​​ដែរ​បាន​កំពុង​ធ្វើ​រួម​ទាំង​ចម្លាក់​ និមិត្ត​សញ្ញា​តាម​ខេត្ត​។​

       សូម​បញ្ចាក់​ថា​៖​ ចម្លាក់​មួយ​ចំនួន​ ដែល​បាន​កំពុង​​ឆ្លាក់​នាពេ​ល​នោះ ​បាន​បង្ហាញ​ព្រឹត្ត​ការណ៌​ពី​ឆ្នាំ​១៩៩៣ ​ដល់​ឆ្នាំ​១៩៩៦​ ដែល​ជា​រយៈ​កាល​សំខាន់​មុន​​អនុវត្ត​នយោបាយ​ឈ្នះ ឈ្នះ ​ដាក់​ចេញ​ហើយ​ជា​បុព្វបទ​មួយ​ ដែល​បាន​ផ្ដល់​អនុសាសន៍​អោយ​រៀប​ចំ​ខ្លឹម​សារ​តាម​ចម្លាក់​នី​មួយៗ​ បាន​ច្បាស់​លាស់​ ដើម្បី​ប្រជាជន​ទស្សនា​ និង​ស្វែង​យល់​។ ដោយ​ឡែក​​ ក្នុ​​ងពេល​ចុះ​ពិនិត្យ ​វិមា​នឈ្នះ ឈ្នះ ​នា​ទិស​ខាង​ឥសាន ​សម្ដេច​ពិជ័យ​សេនា ​បាន​ផ្ដល់​អនុសាសន៍ ​គួរ​ទុក​តំបន់​នេះ​ជូន​ខាង​យុវជន ​ស.ស.យ.ក ​សម្រាប់​ធ្វើការ​សាង​សង់​តឹក​តាង​ ដែល​មាន​នៅ​ទី​នេះ​។​ ជា​មួយ​គ្នា​នោះ​បន្ទាប់​ពីកា​រពិនិត្យ​មើល​សកម្មភាព ​សាង​សង់​នា​នា​រួច​មក​ សម្ដេច​ពិជ័យ​សេនា​ ទៀ បាញ់ ​ក៏​បាន​ឈាង​ចូល​ទៅ​ពិនិត្យ​មើល​ ការ​ដ្ឋាន​សំណង់​អគារ​រដ្ឋបាល​ និង​ព័ត៌​មាន​ផង​ដែរ​។​ តាម​រយៈ​ការ​ចុះ​ត្រួត​ពិនិត្យ​ វិមាន​ឈ្នះ ឈ្នះ​ នា​ពេ​ល​នោះ ​ក្រុម​ការងារ​បាន​ទទួល​នូវ​អនុសាសន៍ ​និង​ប្រមូល​ផ្តុំ​បាន​នូវ​ទស្សនៈ និង ​គោល​គំនិត​សំខាន់ៗ ​បន្ថែម​ទៀត​ សម្រាប់​ការ​បន្ត​គ្រប់​គ្រ​ង ការ​សាង​សង់ ​និង​ការ​ថែ​ទាំ​វិមាន​ឈ្នះ ឈ្នះ​ អោយ​ទទួល​បាន​លទ្ធផល​បន្ថែម​ទៀត ​៕​


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ