ព័ត៌មាន

ពិធីបួងសួងនៅប្រាសាទអង្គរវត្ត ដើមី្បសុំសេចក្តីសុខក្នុងព្រឹត្តិការណ៍ (សម្រាកសៀមរាប)
នាយកដ្ឋានព័ត៌មាន(៣)
184
1794 ពិធីបួងសួងនៅប្រាសាទអង្គរវត្ត ដើមី្បសុំសេចក្តីសុខក្នុងព្រឹត្តិការណ៍ (សម្រាកសៀមរាប)

      នេះជាវប្បធម៌ ប្រពៃណី សាសនា និងជំនឿ ដែលបានបង្កប់នៅក្នុងជីវិតរស់នៅរបស់ប្រជាជនកម្ពុជា! ពិធីបួងសួងសុំសេចក្តីសុខ គឺជាពិធីមួយដ៏សំខាន់មិនអាចខ្វះបានឡើយ។ យោងទៅតាមការអនុញ្ញាតឲ្យឈប់សម្រាករយៈពេល៥ថ្ងៃ របស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់សងនៅថ្ងៃចូលឆ្នាំ ថ្មីប្រពៃណីខ្មែរ នៅព្រឹកថ្ងៃ១៣រោជ ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០នេះ គឺស្ថិតក្នុងកាលវេលាដ៏ខ្លី ឆ្ពោះទៅរកការបើកទំព័រថ្មី នៃព្រឹត្តិការណ៍ សម្រាកសៀមរាប ក៏មានការរៀបចំពិធីបួងសួង ដើមី្បនូវសុំសេចក្តីសុខក្នុងពេលដំណើរការ សម្រាកសៀមរាប ដែលបានប្រារព្ធឡើងនៅលើក្តាបែនមុខប្រាសាទអង្គរវត្ត។

      ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីរបស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តសៀមរាប ដោយមានវត្តមានចូលរួមពី ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត និងលោកជំទាវ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកឧកញ៉ា លោកជំទាវ សមាជិកក្រុមការងាររាជរដ្ឋាភិបាល សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អគ្គនាយកអាជ្ញាធរជាតិអប្សរា ថ្នាក់ដឹកនាំមន្ទីរ អង្គភាព សហភាពសហព័ន្ធកម្ពុជាខេត្ត និង មន្ត្រីរាជការយ៉ាងច្រើនកុះករផងដែរ។

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តសៀមរាប


      កម្មវិធីសាសនា បួងសួងបារមីវត្ថុស័ក្តិសិទ្ធិទាំងឡាយលើលោក រួមមានបារមីប្រាងប្រាសាទអង្គរវត្ត និង ប្រាសាទបុរាណនានា កេរ្តិ៍តំណែលស្ថាបត្យកម្មដូនតាខ្មែរ មានលោកតារាជ្យ លោកយាយទេព្យ ព្រះអង្គចេក ព្រះអង្គចម បារមីព្រះអង្គធំខ្នងភ្នំគូលែន ជាដើមផង ដើម្បីសុំសេចក្តីសុខ នៃកិច្ចដំណើរការព្រឹត្តិការណ៍សម្រាកសៀមរាប ប្រកបដោយជោគជ័យ សេរីមង្គលដ៏បវរ ប្រកបតាមសេចក្តីប៉ងប្រាថ្នា នៃប្រជាពលរដ្ឋខ្មែរ ព្រមជាមួយភ្ញៀវជាតិ-អន្តរជាតិ កុំបីក្លាយជាប្រការដទៃឡើយ។ ម៉្យាងទៀតក៏សូមឲ្យបារមីវត្ថុស័ក្តិសិទ្ធទាំងពួងគង់ប្រថាប់នៅតាមប្រាង្គប្រាសាទនានា សូមជួយកំចាត់នូវជម្ងឺកូវិដ១៩ ជម្ងឺគ្រុនឈីក គ្រុនឈាម ជៀសចេញឲ្យឆ្ងាយពីពិភពលោក សំខាន់កុំឲ្យមានកើតមកលើប្រជាពលរដ្ឋខ្មែរគ្រប់រូប និងនៅលើទឹកដីអង្គរដ៏បវរ នៃយើង ព្រមទាំងក្រោយបញ្ចប់វិបត្តិជម្ងឺកូវិដ ១៩ អស់ពីពិភពលោក និងធ្វើឲ្យមានការទាក់ទាញភ្ញៀវជាតិ អន្តរជាតិ ចូលមកទស្សនាកម្សាន្តឲ្យកាន់តែច្រើនផងដែរ។

      បន្ទាប់ពីធ្វើកិច្ចទៅតាមបែបព្រះពុទ្ធសាសនារួចមក លោកតាអាចារ្យបានធ្វើសេចក្តីប្រកាសអំពាវនាវ ដែលបានប្រសិទ្ធីពិធីការ នាក្នុងឱកាសនោះ ពិធីបួងសួងសុំសេចក្តីសុខ គឺជាពិធីសាសនា ដែលត្រូវបានរៀបចំប្រាព្ធឡើងតាមបែបព្រហ្មញ្ញសាសនាសុទ្ធសាធ។ ដូច្នេះហើយទើបនៅក្នុងពីធីបួងសួងនេះ គេពុំឃើញមានការនិមន្តចូលរួមពីសំណាក់ព្រះសង្ឃនោះឡើយ។ តាមរយៈនៃការប្រារព្ធពិធីបួងសួងនេះផងដែរ គឺបានបង្ហាញអំពីវប្បធម៌ ប្រពៃណីរស់នៅរបស់ប្រជាជនខ្មែរ ដែលបានបង្កប់ជ្រៅនៅក្នុងជំនឿ និងសង្គម។ ពិធីបួងសួង ក៏ដូចជាពិធីក្រុងពាលីផងដែរ គឺជាពិធីដែលស្ថិតក្នុងជំនឿតាមបែបព្រលឹង ដែលប្រជាជនខ្មែរយើង មានជំនឿជឿថា៖ នៅលើលោកនេះ អ្នកខ្លាំងពូកែដែលបានចែកឋានទៅ ពិតជាបានប្រើប្រាស់ព្រលឹងរបស់ខ្លួន នៅតាមថែរក្សាកូនចៅជំនាន់ក្រោយៗ និងមើលការខុសត្រូវដោយឬទ្ធានុភាព ជួយគាំទ្រកូនចៅ ដែលប្រព្រឹត្តិអំពើល្អ និងមានមនសិការស្នហាជាតិ ស្រឡាញ់ការពារទឹកដីមាតុភូមិ កេរ្តិ៍តំណែលដូនតាដោយពិតប្រាកដ។ ការប្រារព្ធពិធីនានាតាមបែបព្រហ្មសាសនានេះផងដែរ ក៏បានបង្ហាញអំពីបេះដូងដ៏ទូលំទូលាយរបស់ប្រជាជនខ្មែរ ដែលបានរក្សាប្រពៃណីជំនឿ នៃជាតិសាសន៍របស់ខ្លួនតាំងតែពីសម័យកាលដ៏រុងរឿង នៃអាណាចក្រអង្គរ ដែលជាសម័យកាល នៃព្រះមហាក្សត្រខ្មែរដ៏ខ្លាំងពូកែ បានធ្វើសមាហរណកម្មរវាងព្រហ្មសាសនា និងការហូរចូលព្រះពុទ្ធសាសនាមកកាន់កម្ពុជា។

      ក្នុងពិធីបួងសួងរបស់លោកតាអាចារ្យ ក៏បានអំពាវនាវដល់បារមីវត្ថុសក្តិសិទ្ធ តាមបីបាច់ថែរក្សាថ្នាក់ដឹកនាំកំពូលៗនៅកម្ពុជា និងអាជ្ញាធរខេត្ត មន្ត្រីរាជការ ប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា ជាពិសេសប្រជាពលរដ្ឋខេត្តសៀមរាប និងបងប្អូនដែលបានអញ្ជើញមកកម្សាន្ត នៅលើទឹកដីអង្គរ ក្នុងព្រឹត្តិការណ៍ សម្រាកសៀមរាប បានចូលរួមកំសាន្តតាមបែបប្រពៃណី សាសនា, ពិពរណ៌ ជិះកង់កំសាន្តតាមព្រៃ ផ្សារទឹក និងពិពរណ៌បន្លែ ផ្លែឈើ ដែលជាកសិផលក្នុងស្រុក ជាផលិតផលទាំង១២ក្រុង ស្រុក និងការប្រកួតម្ហូប អាហារ, កីឡាវាយ កូនហ្គោល និងទស្សនាទស្សនីភាពនៅពេលរាត្រី ឲ្យទទួលបានតែសេចក្តីសុខសប្បាយ និងសូមឲ្យទុក្ខសោករោគាភ័យឧបទ្រុឌចង្រៃ ទាំងពួង វិនាសចេញពីកម្ពុជា និងពិភពលោកយើងទាំងមូលផងដែរ ៕