ព័ត៌មាន

ឯកឧត្តម ម៉ម សុផាត ផ្សព្វផ្សាយនីតិវិធី នៃការតាក់តែងច្បាប់
នាយកដ្ឋានព័ត៌មាន(៣)
152
1784 ឯកឧត្តម ម៉ម សុផាត ផ្សព្វផ្សាយនីតិវិធី នៃការតាក់តែងច្បាប់

      នាយកដ្ឋាននីតិកម្ម ក្រសួងការពារជាតិ បានផ្សព្វផ្សាយនីតិវិធី នៃការតាក់តែងច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ដល់មេបញ្ជាការរង នាយទាហានទទួលបន្ទុកផ្នែកច្បាប់ ប្រមាណជាង១០០នាក់ មកពីបណ្តាកងឯកភាព ស្ថាប័ននានា នៃខ.ភ.ម នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ នៅសាលប្រជុំអគ្គបញ្ជាការដ្ឋាន។

      ឧត្តមសេនីយ៍ឯក ម៉ម សុផាត អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ និងជានាយក នាយកដ្ឋាននីតិកម្ម បានមានប្រសាសន៍នៅក្នុងឱកាសនោះថា៖ នាយកដ្ឋាននីតិកម្ម ក្រសួងការពារជាតិ មានតួនាទីភារកិច្ចផ្សព្វផ្សាយច្បាប់ តាមដានការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ក្នុង ខ.ភ.ម។ ឯកឧត្តម បានបញ្ជាក់ថា៖ ការតាក់តែងលិខិតបទដ្ឋានធ្វើឡើង ទី១ គឺផ្តើមចេញដោយអង្គភាពដើម ធ្វើជាមួយនាយកដ្ឋាននីតិកម្ម រួចបន្តសុំឆ្លងពិនិត្យសម្រេចពីក្រុមប្រឹក្សាយោធា ឬប្រធានក្រុមប្រឹក្សាយោធា រួចផ្ញើរជូនទៅទីស្តីការគណៈរដ្ឋមន្ត្រី។ ទី២ ជាគំនិតផ្តួចផ្តើមដោយនាយកដ្ឋាននីតិកម្ម រួចហើយត្រូវឆ្លងក្រុមការងារស្រាវជ្រាវ នៃក្រុមប្រឹក្សាយោធាពិនិត្យពិភាក្សា រួចសុំការសម្រេចពីក្រុមប្រឹក្សាយោធាពិនិត្យពិភាក្សា ហើយផ្ញើរទៅទីស្តីការគណៈរដ្ឋមន្ត្រី។ ទី៣ ដោយក្រុមការងារចម្រុះ មកស្ថាប័នពាក់ព័ន្ធក្នុងក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន រួចដាក់ជូនក្រុមការងារស្រាវជ្រាវ នៃក្រុមប្រឹក្សាយោធាពិនិត្យពិភាក្សា និងដាក់ជូនក្រុមប្រឹក្សាយោធាសម្រេច រួចត្រូវផ្ញើរជូនទៅទីស្តីការគណៈរដ្ឋមន្ត្រី។ និងទី៤ ធ្វើឡើងដោយប្រធានស្ថាប័នស្នើសុំការសម្រេចពីរដ្ឋមន្ត្រី រួចបញ្ជូនទៅទីស្តីការគណៈរដ្ឋមន្ត្រី។

      ឯកឧត្តម ម៉ម សុផាត បានបញ្ជាក់ដែរថា៖ កន្លងមកយើងបានរៀបចំតាក់តែងសេចក្តីព្រាងច្បាប់ មានច្បាប់ស្តីពីកាតព្វកិច្ចយោធា ព្រះរាជក្រឹត្យ អនុក្រឹត្យ សេចក្តីសម្រេច និងប្រកាសជាច្រើនទៀត ដែលរាល់កិច្ចការទាំងនោះ មានការប្រឈមនឹងការលំបាកជាច្រើនផងដែរ ដែលយើងជាមន្ត្រីទទួលបន្ទុកផ្នែកច្បាប់ ត្រូវតែខិតខំសិក្សាស្រាវជ្រាវឲ្យបានច្រើន ហើយជាពិសេសត្រូវធ្វើឡើងឲ្យស្របតាមគោលការណ៍ណែនាំនីតិវិធី និងវិធាននៃការតាក់តែងសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗទៀត របស់ទីស្តីការគណៈរដ្ឋមន្ត្រី។

      ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ទោ ផាត និល នាយករង នាយកដ្ឋាននីតិកម្ម ក៏បានធ្វើបទបង្ហាញអំពីគោលការណ៍ណែនាំ ស្តីពីនីតិវិធី និងវិធាននៃការតាក់តែងសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត របស់ទីស្តីការគណៈរដ្ឋមន្ត្រី ជូនទៅដល់សមាជិក នៃអង្គពិធីផ្សព្វផ្សាយបានជ្រាប និងយល់ដឹងផងដែរ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ