ព័ត៌មាន

លោកជំទាវ Manika Jain ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសមសម្តេចពិជ័យសេនា ទៀ បាញ់
នាយកដ្ឋានព័ត៌មាន(៣)
172
1782 លោកជំទាវ Manika Jain ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសមសម្តេចពិជ័យសេនា ទៀ បាញ់

      សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អនុញ្ញាតឱ្យ លោកជំទាវ Manika Jain ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ នៅទីស្ដីការគណៈរដ្ឋមន្ត្រី។

      លោកជំទាវ Manika Jain ឯកអគ្គរដ្ឋទូតឥណ្ឌា បានអរគុណចំពោះ សម្តេចពិជ័យសេនា ទៀ បាញ់ ដែលលើកឡើងអំពីកិច្ចសហប្រតិបត្តិការកងទ័ព នៃប្រទេសទាំងពីរ កម្ពុជា និងឥណ្ឌា ក៏ដូចជាកិច្ចសហប្រតិបត្តិការកងរក្សាសន្តិភាពទាំងពីរ។ លោកជំទាវ បានបញ្ជាក់ថា៖ ឥណ្ឌាបានតាំងចិត្តយ៉ាងខ្ពស់ ក្នុងការសហការជាមួយនឹងកម្ពុជា ក្នុងកិច្ចការការពារជាតិ ក៏ដូចជាកិច្ចសហប្រតិបត្តិការកងរក្សាសន្តិភាព។ នៅក្នុងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីឥណ្ឌា និងរដ្ឋមន្ត្រីការពារជាតិឥណ្ឌា មកកម្ពុជា កាលពីឆ្នាំ២០១៨ ក្នុងអំឡុងពេលនោះ មានគម្រោងជាច្រើន ដែលយើងបានគ្រោងទុកធ្វើជាមួយគ្នា ហើយក្នុងគម្រោងខ្លះ ក៏កំពុងដំណើរការ និងចេញផ្លែផ្កា។ ជាក់ស្តែងក្នុងថ្ងៃនេះ ក៏យើងមានពិធីសារចុះហត្ថលេខា នូវទឹកប្រាក់ចំនួន១.៥លានដុល្លា ដែលជាជំនួយឥណ្ឌទាន ពីប្រទេសឥណ្ឌា។ លោកជំទាវ បានបន្តថា៖ ខណៈពេលនេះ យើងកំពុងពិនិត្យអំពីការស្នើសុំសុខន សម្រាប់ហិតគ្រឿងផ្ទុះ ដែលមុននេះឥណ្ឌាបានផ្តល់ឲ្យចំនួន១៥ក្បាលរួចមកហើយ ហើយឥឡូវកំពុងពិភាក្សា និងជជែកគ្នា ដើម្បីផ្តល់ជូនដល់កម្ពុជាបន្ថែមទៀត។ ឥណ្ឌាមានការប្តេជ្ញាចិត្ត ក្នុងការបន្តធ្វើការជាមួយនឹងកម្ពុជា លើផ្នែកបណ្តុះបណ្តាលធនធានមនុស្ស នៅលើផ្នែកកងរក្សាសន្តិភាព និងកម្មវិធីជាច្រើនទៀតក្នុងការពង្រឹងមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ។

  សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ Manika Jain ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា


      សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាល ក្រសួងការពារជាតិ និងស្ថានទូតឥណ្ឌា ដែលតែងតែមានកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយកម្ពុជា ក្នុងការជួយឧបត្ថម្ភគាំទ្រដល់ការកសាងអភិវឌ្ឍន៍ជាតិកម្ពុជា ជាពិសេសការផ្តល់ជំនួយសុខនហិតមីន សម្ភារៈ និងការជួយបណ្តុះបណ្តាលធនធានមនុស្សដល់ ខ.ភ.ម និងដល់កងរក្សាសន្តិភាពកម្ពុជា។ សម្តេចពិជ័យ បានបញ្ជាក់ថា៖ ឥណ្ឌា ជាប្រទេសមួយ ដែលតែងមានកិច្ចសហប្រតិបត្តិការយ៉ាងស្និតជាមួយនឹងកម្ពុជា ជាពិសេសក្នុងកិច្ចប្រតិបត្តិការបំពេញបេសកកម្មរក្សាសន្តិភាព ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិនៅម៉ាលី ឥណ្ឌាក៏បានជួយដល់កងទ័ពមួកខៀវកម្ពុជា ដែលបោះជំរុំនៅជិតនោះផងដែរ។ សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា៖ កម្ពុជានៅតែបន្តកិច្ចសហប្រតិបត្តិការ និងការរឹតចំណងមិត្តភាព និងសាមគ្គីភាពយ៉ាងជិតស្និតជាបន្តទៅទៀតជាមួយនឹងប្រទេសឥណ្ឌា។

      នៅក្នុងឱកាសនោះដែរ លោកជំទាវ Manika Jain ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា និងនាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការ ក្រសួងការពារជាតិ ក៏បានចុះហត្ថលេខា លើកិច្ចព្រមព្រៀង រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលឥណ្ឌា ដើម្បីធ្វើលទ្ធកម្មសម្ភារៈដោះមីន ស្ថិតក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រួមនិងឯកឧត្តម អស់លោកនាយទាហានជាន់ខ្ពស់ ក្នុងក្រសួងការពារជាតិកម្ពុជា និងមន្ត្រីស្ថានទូតឥណ្ឌា ប្រចាំកម្ពុជាជាច្រើនរូបទៀត ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ