ព័ត៌មាន

ឯកឧត្តម​ ឥត​ សា​រ៉ាត់ ​​អញ្ជើញ​ចុះ​ត្រួត​ពិនិត្យ​ការ​ដ្ឋាន​ការ​ងារ​សាង​សង់​ សួនខឿ​ន​ការ​ពារ​ជាតិ​ របស់​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ នៅ​ក្នុង​បរិវេណ​ នៃ​វិមា​ន​ឈ្នះ​ឈ្នះ
នាយកដ្ឋានព័ត៌មាន(៣)
94
1766 ឯកឧត្តម​ ឥត​ សា​រ៉ាត់ ​​អញ្ជើញ​ចុះ​ត្រួត​ពិនិត្យ​ការ​ដ្ឋាន​ការ​ងារ​សាង​សង់​ សួនខឿ​ន​ការ​ពារ​ជាតិ​ របស់​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ នៅ​ក្នុង​បរិវេណ​ នៃ​វិមា​ន​ឈ្នះ​ឈ្នះ

      ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍ ​ឥត​ សារ៉ាត់​ អគ្គ​មេ​បញ្ជាការ​រង​ នាយ​សេនា​ធិការ​ចម្រុះ​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ បាន​អញ្ជើញ​ចុះ​ត្រួត​ពិនិត្យ​ការ​ដ្ឋាន​ការ​ងារ​សាង​សង់​ សួនខឿ​ន​ការ​ពារ​ជាតិ​ របស់​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ នៅ​ក្នុង​បរិវេណ​ នៃ​វិមា​ន​ឈ្នះ​ឈ្នះ ​កាល​ពី​ព្រឹក​ថ្ងៃទី​៣១​ ខែ​កក្កដា​ ឆ្នាំ​២០២០​ បន្ទាប់​ពី​ក្រុម​ការងារ​ជំនាញ​សាង​សង់​ នៃ​ការដ្ឋាន​នេះ ​បាន​ដំណើរ​ការ​ងារ​របស់​ខ្លួន​ អស់​រយៈ​ពេល​ជាង​មួយ​ខែ​កន្លង​មក​នេះ​។ ក្នុង​ឱកាស​ចុះ​ត្រួត​ពិនិត្យ​ការ​ងារ​សាង​សង់​នៅ​ទី​នោះ ​អ្នក​តំណាង​ក្រុម​ហ៊ុន​អូតូ​ខេម​ ដែ​លទទួល​ការ​ងារ​សាង​សង់ ​សួន​ខឿន​កា​រ​ពារ​ជាតិ​ របស់​កង​យោធ​ពលខេមរ​ភូមិន្ទ​ នៅ​ក្នុង​បរិវេណ​វិមាន​ឈ្នះ​ឈ្នះ​ បាន​រាយការណ៍​ថា​៖ សួន​ខឿន​ការ​ពារ​ជាតិ​នេះ​ បាន​ចាប់​ផ្ដើម​ដំណើរ​ការ​សិក្សា​ទី​តាំង​ និង​គម្រោង​​សាង​សង់​ តាំង​ពី​ថ្ងៃទី​០៨​ ខែ​មិថុនា ​ឆ្នាំ​២០២០​មក​ម្ល៉េះ ​ហើយ​គម្រោង​សាង​សង់​នេះ​ បាន​បើក​ការដ្ឋាន​ឱ្យ​ដំណើរ​ការ​សាង​សង់​ជា​ផ្លូវ​កា​រ កាល​ពី​ថ្ងៃ​ទី១១​​ ខែ​មិថុនា​ ឆ្នាំ​២០២​០ ក្រោម​វត្តមា​នដ៏​ខ្ព​ង់​ខ្ពស់​ ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍ ​វង្ស​ ពិសេន​ អគ្គ​មេ​បញ្ជាការ​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ព្រម​ទាំង​មាន​ការ​ចូល​រួមពី​សំណាក់​ឥស្សរជន​ជាន់​ខ្ពស់​ ក្នុង​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ជា​ច្រើន​រូប​ផង​ដែរ​។

       ការ​សាង​សង់​សួន​ខឿន​ការ​ពារ​ជាតិ​ កង​យោធ​ពល​ខេមរ​ភូមិន្ទ​នេះ បាន​បើក​បង្ហាញ​ពី​រចនា​បទ និង​អត្ថន័យ​ ដោយ​ថ្នា​ក់​ក្រោម​ទី​១ ​មាន​រា​ងជា​រង្វ​ង់​មូល ​ជា​របៀប​បី​ជាន់​ជុំ​វិញ ​ដោយយ​ក​តួរ​លេខ​៣​ ដើម្បី​ផ្សារ​ភ្ជាប់​ទៅ​នឹ​ងគោល​នយោបាយ​បី​ នៃ​នយោបាយ​ឈ្នះ​ឈ្នះ ​គឺ​ការ​ធានា​បី​យ៉ាង​ ដោយ​ការ​ធានា​លើ​រូប​រាង​កាយ​ អាយុ​ជីវិត​ ការ​ធានា​អាជីព​ និង​មុខ​រប​រ និង​ការ​ធានា​កម្មសិទ្ធិ​ និង​ទ្រព្យសម្បត្តិ​ រួម​ទាំង​អចលន​ទ្រព្យ​ និង​ចលន​ទ្រព្យ​។ ផ្នែក​កណ្ដាល​ថ្នាក់ទី​២ មាន​រា​ងជា​បញ្ច​កោណ ​ប្រាំ​ជ្រុង​ ដោយ​យក​តួរលេខ​៥​ ដើម្បី​ផ្សារ​ភ្ជាប់​នូវ​យុទ្ធ​សាស្ត្​រ នយោ​បាយ​ឈ្នះ​ឈ្នះ​ គឺ​យុទ្ធសាស្ត្រ​៥​នេះ បំ​បែក​ ធ្វើ​ឲ្យ​ឯកោ ​បញ្ចប់​ ធ្វើ​សមាហរណ​កម្ម​ និង​ការ​អភិវឌ្ឍ​។ ​ដោយ​ជ្រុងទី១ គឺ​ជា​ចម្លាក់​រូប​សញ្ញា​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​ជ្រុងទី​២ ​ចម្លាក់​រូប​សញ្ញា​អគ្គ​បញ្ជាការ​ដ្ឋាន​ ជ្រុង​ទី​៣​ ជា​ចម្លាក់​រូប​សញ្ញា​កង​ទ័ព​ជើង​គោក​ ជ្រុងទី​៤ ​ជា​រូប​ចម្លាក់​រូប​សញ្ញា​តំណាង​ឲ្យ​កង​ទ័ព​ជើង​ទឹក​ ជ្រុងទី​៥​ ជា​ចម្លាក់​រូប​សញ្ញា​តំណាង​ឲ្យ​កង​ទ័ព​ជើង​អាកាស​។​ ថ្នាក់​កំពូលទី​៣​ គឺ​ជា​ចម្លាក់​តំណាង​ឲ្យ​នាយ ​ព​ល​ទាហាន ​៧​រូប ​យក​តួលេ​ខ​៧ ​ដោយ​ផ្សារ​ភ្ជាប់​ កត្តា៧​យ៉ាង នៃគោល​នយោ​បាយ​ឈ្នះឈ្នះ ​គឺ​កត្តា​ដឹក​នាំ ​តួនាទី​រដ្ឋបាល​កណ្ដាល​ ប្រតិបត្តិករ ​ការ​កសាង​ជំនឿ​ទុក​ចិត្ត​ កត្តា​មនោគម​វិជ្ជា ​នយោ​បាយ​សេដ្ឋកិច្ច​ និង​ពាណិជ្ជ​កម្ម ​កត្តា​ការ​បរទេស​ និង​កត្តា​បែក​បាក់​ នៃ​អង្គការ​ខ្មែរ​ក្រហម។​ រូប​ចម្លាក់​នេះ​ មាន​នាយ ​ពល​ទាហាន​ឈរ​ជ្រោង​ដង​ទង់​ជាតិ​ នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា ​ក្នុង​តួនាទីភារ​កិច្ច​ស្នូល​ បាន​ចូល​រួម​នូវ​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​ នឹង​ធ្វើ​ពលីកម្ម​ដ៏ធំ​ធេង​ និង​គ្រប់​បែប​យ៉ាង​ របស់​ប្រមុខ​ថ្នាក់​ដឹក​នាំ ​ជាតិ ​និង​ថ្នាក់​ដឹក​នាំ​គ្រប់​លំដាប់​ថ្នាក់​ នាយ ​ព្រម​ទាំង​ពល​ទាហាន​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ និង​ប្រជាជន​ ទូទាំង​ប្រទេស ​រួម​ជា​មួយ​ប្រភព​ធន​ធា​ន ដែល​បាន​ចំណាយ​រហូត​ទទួល​បាន​ជោគ​ជ័យ​ ត្រចះ​ត្រចង់​លេច​ចេញជា​រូប​រាង​ នៃ​នយោបាយ​ឈ្នះ​ឈ្នះ ​ហើយ​បាន​ជ្រោង​ទង់​ជាតិ​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ឲ្យ​ទទួល​បាន​សុខ​សន្តិភាព​ ពេញ​លេញ ​រហូត​ដល់​បច្ចុប្បន្ន​នេះ។

ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍ ​ឥត​ សារ៉ាត់​ អគ្គ​មេ​បញ្ជាការ​រង​ នាយ​សេនា​ធិការ​ចម្រុះ​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ បាន​អញ្ជើញ​ចុះ​ត្រួត​ពិនិត្យ​ការ​ដ្ឋាន​ការ​ងារ​សាង​សង់​ សួនខឿ​ន​ការ​ពារ​ជាតិ​ របស់​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ នៅ​ក្នុង​បរិវេណ​ នៃ​វិមា​ន​ឈ្នះ​ឈ្នះ


      សូម​បញ្ជាក់​ថា៖ រហូត​មក​ដល់​ពេល​នេះ​ក្រុម​វិស្វករ​ជំនាញ​សាង​សង់​ បាន​ដំណើរ​ការ​កសាង​បាន​ប្រមាណ​ជា ​៧០​ភាគ​រយ​ហើយ​។ ក្នុង​ឱកាស​ចុះ​ពិនិត្យ​មើល​ការ​ងារ​សាង​សង់​ សួន​ខឿន​ការ​ពារ​ជាតិ ​របស់​កង​យោធ​ពល​ខេមរ​ភូមិន្ទ​នា​ពេល​នោះ ​នាយ​ឧត្ត​ម​សេនីយ៍ ​ឥត​ សា​រ៉ាត់​ បាន​មាន​ប្រសាសន៍​ថា៖ ការ​សាង​សង់​ សួន​ខឿន​ការ​ពារ​ជាតិ​ នៅ​ក្នុង​បរិវេ​ណ​ នៃ​វិមាន​ឈ្នះ​ឈ្នះ នេះ ​គឺជា​សមិទ្ធិផល​ថ្មី​មួយ​ទៀត​ ដើម្បី​រួម​ចំ​ណែក​យ៉ាង​សំខាន់​ក្នុង​ការ​អនុវត្ត​គោល​ដៅ​ ជា​យុទ្ធសាស្ត្រ​របស់​រាជ​រដ្ឋាភិបាល ​ដែល​បា​នអនុវត្ត​ដោយ​ជោគ​ជ័​យ នៅ​នយោបាយ​ឈ្នះឈ្នះ ​នាពេ​ល​កន្លង​មក​ ជា​ពិសេស​បាន​រួម​ចំ​ណែក​លើក​ស្ទួយ​សោភ័ណ​ភាព​ និង​កំណើន​ទេស​ចរ​ណ៍ មក​ទស្សនា ​វិមាន​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ​ឈ្នះ​ កាន់​តែ​ច្រើន​កុះករ​បន្ថែម​ទៀត​នា​ថ្ងៃ​អនាគត​។​ ជា​ការ​ពិត ​ការ​សាង​សង់​សួន​ខឿន​កា​រពារ​ជាតិ​នេះ​ គឺ​ដើម្បី​ចូល​រួម​កសាង​កេរ្តិ៍​មរតក ​ដែល​ជា​តឹក​តាង​ប្រវត្តិសាស្រ្ត​ សម្រា​ប់​រក្សា​ទុក​ជូន​កូន​ខ្មែរជំនាន់​ក្រោយ​ឲ្យ​ចង​ចាំ​ ពី​គុណ​បំណាច់​ដ៏​វិសេស​វិសាល​ ដែល​មិ​នអាច​កាត់​ថ្លៃ​បាន​ របស់​ស្ថាបនិក ​នយោបាយ​ឈ្នះ​ឈ្នះ​គឺ ស​ម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុ​ន ​សែន​ និង​ប្រតិបត្តិករ​ទាំង​អស់​ ដែល​បាន​ធ្វើ​មហា​ពលិកម្ម ​បូជា​សាច់​ស្រស់​ឈាម​ស្រស់​ ក្នុង​សមរ​ភូមិ ​ស្វែង​រ​កសន្តិភាព ​ដើម្បី​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​ ឱ្យ​មាន​ការ​រីក​ចម្រើន​លើ​គ្រប់​វិស័យ​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ។​ ជំនួស​មុខ​ឲ្យ​ឯកឧត្តម​ អគ្គ​មេ​បញ្ជាការ ​នៃ​កងយោធ​ពលខេមរ​ភូមិន្ទ នាយ​ឧត្តម​សេនីយ៍​ ឥត ​សា​រ៉ាត់​ ក៏​បាន​រំលឹក​ឡើងវិញ​ខ្លះ​អំពី​ព្រឹត្តិការណ៍​ជាក់​ស្ដែង​មួយ​ចំនួន ​ ដែល​កម្ពុជា ​បាន​ជួប​ប្រទះ​ និង​ឆ្លង​កាត់​ភ្នក់​ភ្លើង​សង្រ្គា​ម ដែល​បង្ក​ការ​ឈឺចា​ប់ ខ្លោច​ផ្សា​ មិន​អាច​ថ្លាថ្លែង​បាន​ ចំពោះ​ប្រជាជន​កម្ពុជា​ទាំង​មូល​ ហើយ​បន្សល់​ទុក​នូវ​ស្នាក​ស្នាម​មិន​ទាន់​រលត់​អស់​នៅ​ឡើយ ​មក​ដល់​បច្ចុប្បន្ន​នេះ​។ ឯកឧត្តម​ បាន​សង្កត់​​ធ្ងន់​ថា​៖ ជា​ច្រើ​ន​ជំនាន់​ម​កហើយ​ ដែល​កម្ពុជា​យើង​ ពុំ​ធ្លា​ប់​ទទួល​បាន​សន្តិភាព​ពេញ​លេញ​ ដូច​សម័យ​សព្វថ្ងៃ​នេះ​ទេ ​ជួន​កាល​មាន​ការ​បែក​បាក់​ទៅ​ជាពីរ​ ជា​បី​ភាគី ​ដែល​នាំ​ឲ្យ​ប្រទេស​ជាតិ ​មាន​ជម្លោះ​នឹង​គ្នា​ឥត​ឈប់​ឈរ​ នា​ពេល​កន្លង​មក​ ចាប់​តាំង​ពី​សម័យ​សាធារណរដ្ឋ​ ដែល​គ្រប់​គ្រង​ដោយ​រប​ប លន់​ ណុ​ល របប​កម្ពុជា​ប្រជាធិប​តេយ្យ ​ដឹក​នាំ​ដោយ​ខ្មែរ​ក្រហម​ ប៉ុល​ ពត​ និ​ងចាប់តាំង​ពីក្រោយ​ថ្ងៃ​រំដោះ ៧​ មករា​ ឆ្នាំ​១៩៧៩​ ដល់​ឆ្នាំ​១៩៩៣​ និង​ពី​ឆ្នាំ​១៩៩៣​ ដល់​ឆ្នាំ​១៩៩៨ ​ទើប​ប្រទេស​ជាតិ​យើង​ មាន​សុខ​សន្តិភាព ​កើត​ចេញ​ពី​ការ​បង្រួប​បង្រួម​ជាតិ​ ដោយ​សា​រតែ​នយោបាយ​ឈ្នះ​ឈ្នះ​ របស់​ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា​។ ​ដូច្នេះ​យើង​ទាំង​អស់​គ្នា​ត្រូវ​អរគុណ​នយោបាយ​ឈ្នះ​ឈ្នះ​ អរគុណ​សន្តិភាព​ និង​ដឹង​គុណ​ស្ថាបនិត​ឯក និង​ប្រតិបត្តិករ​ឆ្នើម​ អនុវត្ត​នយោបាយ​ឈ្នះ​ឈ្នះ​។

      នាយ​ឧត្តម​សេនីយ៍ ​ឥត​ សារ៉ាត់ ​បាន​បញ្ជាក់​ថា៖ ផ្អែក​តាម​វីរភា​ពដឹក​នាំរ​បស់​ សម្ដេច​តេជោ ​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​យើង​បច្ចុប្បន្ន​ មាន​សុខស​ន្តិភាព ​មាន​លទ្ធិ​ប្រជាធិប​តេយ្យ ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស​ និង​ការ​អភិវឌ្ឍ ​ដូច្នេះ​​យើ​ងទាំ​ង​អស់​គ្នា​ ការពារ​ឲ្យ​បាន​នៅត​ម្លៃ​នៃ​សន្តិភាព​ ទោះ​បី​ក្នុង​តម្លៃ​ណាក៏​ដោយ ​បើបា​ត់​សន្តិភាព ​យើង​នឹង​វិល​ទៅ​រក​ប្រវត្តិ​សាស្ត្រ​ដើម​វិញ​ជាក់​ជា​ពុំ​ខាន​។​ ជានិច្ច​ជា​កាល​ យើង​ក៍​ត្រូវ​ចង​ចាំ​ និង​ដឹង​គុណ​ជា​និច្ច ​ចំពោះ​ សម្ដេច​តេជោ​ ហ៊ុន ​សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា ​និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុ​ជា ដែ​លបាន​នឹង​កំពុង​ដឹក​នាំ​ប្រទេស​កម្ពុជា​ មិន​ឱ្យ​មាន​សង្គ្រាម​ មាន​សន្តិភាព​ មាន​ការ​អភិវឌ្ឍ ​ជូន​ប្រទេស​ជាតិ​ និង​ប្រជាជន​កម្ពុជា​មក​ដល់​ថ្ងៃនេះ​។​ ឯកឧត្ត​ម ​ឥត​ សា​រ៉ាត់​ បាន​ជំរុញ ដល់​ក្រុម​ការ​ងារ​ជំនាញ​សាង​សង់​ ត្រូវ​យក​ចិត្ត​ទុក​ដា​ក់ ធ្វើ​កា​រសាង​សង់​ ធានាឲ្យ​បាន​ទាំង​គុណ​ភាព​ សោភ័ណ​ភាព​ ស្តង់​ដារ​ ដើម្បីទុក​ជា​ប្រវត្តិ​សាស្ត្រ​ ស្នា​ដៃ​កូន​ខ្មែរ​ ថា​ពិត​ជាធ្វើ​បាន​មែន​​។ ឯកឧត្តម ​ក៏​បាន​អំពាវ​នាវ​ផង​ដែ​រ ដល់​សប្បុរស​ជន ​នា​នា​ ពិសេស​នាយ​ ពល​ទាហាន ​នៃ​កង​យោធ​ពលខេមរ​ភូមិន្ទ​ ឲ្យ​បន្ត​ជួយ​គាំទ្រ​ទាំង​ស្មារតី​ សម្ភារៈ​ ថវិកា​ ក្នុង​ការ​ជំរុញ​ឲ្យ​ដំណើរ​ការ​សាង​សង់​ សួន​ខឿន​ការ​ពារ​ជាតិ​នេះ​ ឲ្យ​ប្រព្រឹត្ត​ទៅ​ទទួល​បាន​ដោយ​ជោគ​ជ័យ ​៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ