ព័ត៌មាន

ឯកឧត្តម​ ហ៊ុន​ ម៉ា​ណែត​ ជួប​សំណេះ​សំណាល​ជា​មួយ​សិក្ខា​កាម​វគ្គ​បណ្តុះ​បណ្តាល​យោធា​ចារ្យ​ ជំនាន់​ទី​២​
នាយកដ្ឋានព័ត៌មាន(៣)
25
1713 ឯកឧត្តម​ ហ៊ុន​ ម៉ា​ណែត​ ជួប​សំណេះ​សំណាល​ជា​មួយ​សិក្ខា​កាម​វគ្គ​បណ្តុះ​បណ្តាល​យោធា​ចារ្យ​ ជំនាន់​ទី​២

      ឧត្តម​សេនីយ៍​ឯ​ក ហ៊ុន​ ​ម៉ាណែត ​អគ្គ​មេ​បញ្ជាការ​រង​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក​ ​បា​នថ្លែង​ថា៖​ ប្រទេស​ជាតិ​រឹង​មាំ​ គឺ​ផ្អែក​ទៅ​លើវិស័យ​ការពារ​ជាតិ​ខ្លាំង​ ហើយ​វិស័យ​ការ​ពារ​ជាតិ​ខ្លាំង ​គឺ​ដោយ​សារ​កង​ទ័ព​យើង​ខ្លាំង​។​ នាយ​ទាហាន​ជំនាន់​មុន​បាន​បន្សល់​ទុក​នូវ​ស្នាដៃ​ការ​ពារ​ជាតិ​ ដើម្បី​បុព្វហេតុជាតិ ​មក​ដល់​យើង​សព្វ​ថ្ងៃ​នេះ ​ដូច្នេះ​យើង​ត្រូវ​បន្តថែរក្សានូវ​កេរមរត​ក​នេះ​ទៅ​មុខ​ទៀត​ ដោយ​ឈរ​លើ​មូល​ដ្ឋាន​នៃ​ស្មារតី​ ឆន្ទៈ បទ​ពិសោធន៍ ​ហើយ​បូក​ផ្សំ​ជា​មួយ​នឹង​សមត្ថ​ភាព​ជាក់​ស្តែង​។​ ឯកឧត្តម ​ហ៊ុន​ ម៉ា​ណែត ​បាន​ថ្លែង​បែប​នេះ​ក្នុ​ងពិធី​ជួប​សំណេះ​សំណាល​ជា​មួយ​សិក្ខា​កាម​ វគ្គ​បណ្តុះ​បណ្តាល​យោធា​ចារ្យ​ជំនាន់​ទី២​ បំពេញ​ក្រប​ខ័ណ្ឌ​ឲ្យ​សាលា​ពល​ទាហាន​ ចំណុះ​យោធ​ភូមិ​ភាគ​ ឆ្នាំ​២០២​០ ដែល​បាន​ប្រព្រឹត្តិ​ទៅ​នៅ​មូល​ដ្ឋា​ន​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ តេ​ជោ​សែន​ ភ្នំ​ធំ​ម្រះ​ព្រៅ ​ខេត្ត​កំពង់​ស្ពឺ​​ កាល​ពី​ថ្ងៃ​ទី​១១​ ខែ​កក្កដា ​ឆ្នាំ២​០២០​ កន្លង​ទៅ​នេះ​។

ឧត្តម​សេនីយ៍​ឯ​ក ហ៊ុន​ ​ម៉ាណែត ​អគ្គ​មេ​បញ្ជាការ​រង​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក​ 


      ទាក់ទងទៅ​នឹង​ការងារ​ហ្វឹកហ្វឺន​ ឯកឧត្តម​ ហ៊ុន​ ម៉ា​ណែត​ បាន​បញ្ជាក់​ថា​៖​ ការ​ហ្វឹក​ហ្វឺ​ន​ពល​ទាហា​ន​ឱ្យ​មាន​មូល​ដ្ឋាន​គ្រឹះ​ច្បាស់​លាស់​ គឺ​ជា​កត្តាសំខាន់​បំផុត​ ដែល​ធ្វើឱ្យកង​ទ័ព​របស់​យើង​ខ្លាំង​ ហើយ​អាច​ការ​ពារ​ជាតិ​មាតុភូមិ​របស់​យើង​បាន​យូរ​អង្វែង​ទៅ​មុខ​ទៀត។​ ​ការ​ហ្វឹកហ្វឺន​ត្រូវ​ផ្អែក​លើ​កត្តា​ពីរ​ ទី​មួយ​គឺ​ស្មារតី​ស្នេហា​ជាតិ ​សាសនា ​ព្រះ​មហាក្សត្រ​ និង​ទី​ពីរ​ គឺ​កត្តា​សមត្ថភាព​ដោយ​មាន​ភាព​ម្ចាស់​ការ​លើ​ខ្លួន​ឯង​។​ នេះ​ហើយ​ជា​ស្មារតី​ជាតិ​និយម​ ដើម្បី​បង្កើន​នូវ​ភាព​ជឿ​ទុក​ចិត្ត​លើ​ខ្លួន​ឯង​ នៅ​ក្នុង​ការ​ធានា​ម្ចាស់​ការ​លើ​អនាគត​របស់​យើង​។​

     ឯកឧត្តម មេបញ្ជាការ​កង​ទ័ព​ជើង​គោក​បាន​ចាត់​ទុក ​យោធា​ចារ្យ​មាន​តួនាទី​សំខាន់​ណាស់​។ ​អាជីព​ជាយោធា​ចារ្យ​ មាន​លក្ខណៈ​ពិសេស​ពីរ​។​ ទីមួយ​ គឺ​យើង​បាន​ចូល​រួម​ដោយ​ផ្ទាល់​ក្នុង​ការ​បម្រើ​ជាតិ​តាម​រយៈ​ការ​បង្រៀន​ពល​ទាហាន​របស់​យើង​ ឱ្យ​មាន​មូលដ្ឋាន​ក្នុង​ការ​ការ​ពារ​ខ្លួន ​ក៏​ដូច​ជា​ការ​ពារ​អង្គភាព ​ធានា​បាន​នូវ​ជោគ​ជ័យ​ក្នុង​ការ​បំពេញ​ភារកិច្ច​ ដែល​ជា​មោទ​ភាព​ក្នុង​ការ​ចូល​រួម​ចំ​ណែក​ការ​ពា​រជា​តិ​ តាម​រយៈ​ការ​បណ្តុះ​បណ្តាល​នូវ​វីរជន​ឆ្នើមៗ។​ ទីពីរ​ គឺយោធាចារ្យ​ទទួល​បាន​នូវ​កិត្តិយស​មហា​សាល​ ដែល​ដក់​ជាប់​ក្នុង​ក្រអៅ​បេះដូង​របស់​សិស្ស​គ្រប់​រូប​ ក្នុង​នា​ម​ជា​អ្ន​កមាន​គុណ​ ដែល​បាន​ផ្តល់​នូវ​ចំណេះ​ដឹង​ដល់​ពួក​គេ​។​

     ឆ្លៀត​ក្នុង​ឱកាស​នោះ ​ឯកឧត្តម​ ហ៊ុន​ ម៉ា​ណែត​ បាន​ស្នើ​សូម​សិក្ខា​កាម​យោធា​ចារ្យ​យើង​យល់​អំពី​តម្លៃ​ នៃ​អាជីព​មួយ​នេះ ​ហើយ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ក្នុង​ការ​ហ្វឹក​ហ្វឺន​ និង​ចេញ​ទៅ​បំពេញ​ភារកិច្ច​បង្រៀន​នៅ​តាម​បណ្តា​សាលា ​ប្រកប​ដោយ​ឆន្ទៈ​ និង​មន​សិកា​ខ្ពស់​ចេញ​ពី​បេះដូង​។​ ជា​មួយ​គ្នា​នេះ​ សូម​យល់​ផង​ដែរ​អំពី​អត្ថ​ប្រយោជន៍​ នៃ​អាជីព​មួយ​នេះ ​តាម​រយៈ​ការ​ចោទ​សួរ​ថា​ តើ​យើង​បាន​បន្សល់​ទុកអ្វី​ខ្លះ​ជូន​កង​ទ័ព​យើង​ បន្ទាប់​ពី​ការ​ចូល​និវត្តន៍​ទៅ ​គឺ​យោធា​ចារ្យ​ម្នាក់​អាច​បន្សល់​ទុក​នូវ​យោធិន​រាប់​ពាន់​នាក់​ ដែល​យើង​បាន​ចូល​រួម​បណ្តុះ ​បណ្តាល​ រួម​ទាំង​ការ​បន្សល់​ទុក​នូវ​ប្រព័ន្ធ​ហ្វឹក​ហ្វឺន​ បណ្តុះ​បណ្តាល​អប់រំ​កង​ទ័ព​ បន្ត​ទុក​ឱ្យកូនចៅ​យើង​ជំនាន់​ក្រោយ​ៗ​ទៀត​។​ ដូច្នេះ​ហើយ​ឱកាស​ជា​យោធា​ចារ្យ​នេះ ​គឺ​ជា​ឱកាស​ពិសេស​មួយ​ ដែល​សិក្ខាកាម​យើង​អាច​ចូល​រួម​ក្នុង​ការ​កសាង​សមិទ្ធិផល​សម្រាប់​កង​ទ័ព​ តាម​រយៈ​ការ​កសាង​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​។​

     ជា​ចុង​ក្រោយ​​ឯកឧត្តម​ បាន​ថ្លែង​អំណរគុណ​ថ្នាក់​ដឹក​នាំ​កង​ទ័​ពជើ​ងគោ​ក នៃ​កង​យោធ​ពលខេម​រភូមិន្ទ​, អង្គភា​ព​-​ស្ថាប័ន​ពាក់​ព័ន្ធ​, ​គណៈ​គ្រប់​គ្រង​វគ្គ​,​ យោធា​ចារ្យ​ ក៏​ដូច​ជា​នាយ​ទាហាន​,​ នាយ​ទាហា​នរ​ង និង​ពលទាហាន​ទាំង​អស់​ នៃ​កង​ពល​តូច​លេខ​៧០​ ដែល​បាន​​សហការ​ជួយ​រៀប​ចំ​ និង​បង្ក​លក្ខណៈ​ឱ្យការ​ហ្វឹក​ហ្វឺន​នេះ​ដំណើរ​ការ​បាន​ល្អ​ប្រសើរ ​និង​សូម​អរគុណ​ដល់​បេក្ខជន​យោធា​ចារ្យ​ទាំង​អស់​ ដែល​បាន​ស្ម័គ្រ​ចិត្ត​ និង​សកម្ម​យក​ចិត្ត​ទុក​ដាក់​ចូល​រួម​នៅ​ក្នុង​ការ​ហ្វឹក​ហ្វឺ​ននេះ​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ