ព័ត៌មាន

ឧត្តមសេនីយ៍​ឯក ​ហ៊ុន​ ម៉ា​ណែត ​អញ្ជើញ​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក​អាស៊ាន ​តាម​រយៈ​ប្រព័ន្ធ ​Virtual ​Conference
នាយកដ្ឋានព័ត៌មាន(៣)
74
1711 ឧត្តមសេនីយ៍​ឯក ​ហ៊ុន​ ម៉ា​ណែត ​អញ្ជើញ​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក​អាស៊ាន ​តាម​រយៈ​ប្រព័ន្ធ ​Virtual ​Conference

     កាល​ពី​ថ្ងៃ​​​ទី០​៩​​ ខែ​កក្កដា ​ឆ្នាំ​២០២០​ នៅ​​ទីបញ្ជាការ​​កង​​ទ័ព​​ជើង​​គោក ​​​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​ឧត្តម​សេនីយ៍​ឯក​ ហ៊ុន ​ម៉ា​ណែត ​អគ្គ​មេ​បញ្ជាការ​រ​ង នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក ​បាន​អញ្ជើញ​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​អាស៊ាន ​តាម​រយៈ​ប្រព័ន្ធ​ Virtual ​Conference ដោយ​មាន​វត្តមាន​ចូល​រួម​របស់ ​មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក​អាស៊ាន​ ទាំង​០៩​ប្រទេស​ផ្សេង​ទៀត​។ កិច្ច​ប្រជុំ​នេះ ​គឺជា​ការ​ជួប​ប្រជុំលើក​ដំបូង​តាម​រយៈ​ប្រព័ន្ធ​ Virtual Conference ដោយ​មាន​ការ​សម្រប​សម្រួល​ពី​កង​ទ័ព​ជើង​គោក​ប្រ៊ុយ​ណេ ​ដើម្បី​ពិភាក្សា​អំពី​ការ​រៀបចំ​កម្ម​វិធី​បាញ់​កាំភ្លើង​ដៃ​កង​ទ័ព​ជើង​គោក​អាស៊ាន ​​(ASEAN Armies Rifles Meet) និង​កិច្ច​ប្រជុំ​ពាក់​ព័ន្ធ​សម្រាប់​ឆ្នាំ​២០២០​ និង​ឆ្នាំ​២០២១​ រួម​ទាំង​ការ​ពិភាក្សា​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​ អំពី​បញ្ហា​ប្រឈម​រួម​គ្នា​ គឺ​ការ​រាតត្បាត​នៃ​​ជំងឺកូវីដ​-១៩ ​ដែល​ពិភព​លោក​ និង​អាស៊ាន​កំពុង​ជួប​ប្រទះ​។​

      ក្នុ​ង​បរិបទ​ នៃ​ការពិភាក្សា​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​អំពី​វិធាន​ការ​នានា ​ដែល​រដ្ឋាភិបាល ​និង​កង​ទ័ព​ជើង​គោក ​នៃ​បណ្តា​ប្រទេស​អាស៊ាន​នីមួយៗ​បាន​អនុវត្ត ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ-១៩​ មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក​ នៃ​ប្រទេស​អាស៊ាន​ទាំង​១០​ បាន​លើកឡើង​អំពី​តម្រូវ​ការ​ នៃ​ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​កង​ទ័ព​ជើង​គោក​អាស៊ាន​ នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​រាត​ត្បាត​មួយ​នេះ ​តាម​រយៈ​ការ​ពង្រឹង​សាមគ្គីភា​ព និង​កិច្ច​សហប្រតិបត្តិការ​លើ​វិធាន​ការ​ឆ្លើយ​តប​ទាំ​ងឡាយ ​ដែល​សម​ស្រប​។​

      មេបញ្ជាការ​កង​ទ័ព​ជើង​គោក​ នៃ​ប្រទេស​អាស៊ាន​ទាំង​១០​ ក៏​បាន​ឯកភាព​គ្នា​ក្នុង​ការ​ផ្អាក​ការ​រៀប​ចំ​កម្មវិធី​បាញ់​កាំ​ភ្លើង​ដៃ​ កង​ទ័ព​ជើង​គោក​អាស៊ាន ​(ASEAN Armies Rifles Meet) ឆ្នាំ២០២០ ដោយ​សម្រេច​រៀប​ចំ​តែកិច្ច​ប្រជុំ​ពហុភាគី​មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក​អាស៊ាន​ (ASEAN Chiefs of Army Multilateral Meeting) តាម​រយៈ​ប្រព័ន្ធ​ Virtual Conference នៅ​ក្នុង​ខែ​វិច្ឆិកា ​ឆ្នាំ​២០២០ ​ខាង​មុខ​។​ ទន្ទឹម​នឹង​នេះ ​មេបញ្ជាការ​កង​ទ័ព​ជើង​គោក​អាស៊ាន ​ក៏​បាន​ឯកភាពគ្នា​ក្នុង​ការណ៍​ដែល​កង​ទ័ព​ជើង​គោក​ នៃ​សាធារណ​រដ្ឋ​សហភាព​មីយ៉ាន់​ម៉ា​ ទទួល​​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ ​និង​កម្មវិធី​នានា​របស់​កង​ទ័ព​ជើង​គោក​អាស៊ាន ​សម្រាប់​ឆ្នាំ​២០២១​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ