ព័ត៌មាន

សម្ដេចពិជ័យសេនា ទៀ បាញ់ចុះត្រួតពិនិត្យការដ្ឋានសាងសង់អគាររដ្ឋបាល ស្តីការក្រសួងការពារជាតិថ្មី
នាយកដ្ឋានព័ត៌មាន(៣)
89
1693 សម្ដេចពិជ័យសេនា ទៀ បាញ់ចុះត្រួតពិនិត្យការដ្ឋានសាងសង់អគាររដ្ឋបាល ស្តីការក្រសួងការពារជាតិថ្មី

      ការសាង​សង់​អគារ​រដ្ឋបាល​ ទីស្តីការ​ក្រសួង​ការ​ពារ​ជាតិ​ថ្មី ​​គិ​តម​ក​ដល់​ថ្ងៃទី​៣០ ខែ​មិថុនា ឆ្នាំ​២០២​០នេះ ​មាន​រយៈ​ពេល ​២​ឆ្នាំ​ហើយ​។​ នៅព្រឹក​ថ្ងៃ​ទី​៣០ ខែ​មិថុនា​​ ឆ្នាំ២​០២០ សម្ដេច​ពិជ័យ​សេនា​ ទៀ បាញ់​ ឧបនាយក​​រដ្ឋ​មន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការពា​រជាតិ​ អម​ដោយ​ ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍​ នាង​ ផាត​ រដ្ឋ​លេខាធិការ​ប្រចាំ​ការ​ក្រសួង​ការ​ពារ​ជាតិ ​ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍ ​វង្ស​ ពិ​សេន ​អគ្គ​មេបញ្ជាការ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ព្រមទាំង ​ឯកឧត្តម​ជា​រដ្ឋលេខាធិការ​ អនុរដ្ឋលេខា​ធិការ​ អគ្គ​មេ​បញ្ជាការ​រង​ អគ្គនាយក​ អគ្គនាយក​រង​ និង​នាយទាហាន​ នៅ​ក្នុង​ក្រសួង​ការពារ​ជាតិ​ ជា​ច្រើន​រូប​ទៀត ​បាន​អញ្ជើញ​ចុះ​ពិនិត្យ​ខួប ​២​ឆ្នាំ នៃ​ការសា​ងស​ង់​អគាររដ្ឋបាល​ សាល​ប្រជុំទីស្តីការ​ក្រសួង​ការ​ពារ​ជាតិ​ថ្មី ​និង​ជួប​សំណេះ​សំណាលជា​មួយ ​កម្មករ​សំណង់ ​និង ​នាយ​ហាន នាយ​ទាហាន​រង​ នាយក​ដ្ឋាន​វិស្វកម្ម​ ក្រសួង​ការពារ​ជាតិ​ ដែល​ជា​អ្នក​ទទួល​ខុស​ត្រូវ​ លើការ​សាង​សង់​ផង​ដែរ​។​

ឯកឧត្តម​ ឧត្តម​សេនីយ៍​ឯក​ ង៉ែត​ នរិន្រ្ទ​ នាយក ​នាយក​ដ្ឋាន​វិស្វកម្ម​ ក្រសួងកា​រ​ពារ​ជាតិ​


      ឯកឧត្តម​ ឧត្តម​សេនីយ៍​ឯក​ ង៉ែត​ នរិន្រ្ទ​ នាយក ​នាយក​ដ្ឋាន​វិស្វកម្ម​ ក្រសួងកា​រ​ពារ​ជាតិ​ បាន​រាយ​ការណ៍​ជូន​អោយ​ដឹង​ថា៖​ ការសាង​សង់​អគារ​រដ្ឋបាល​ ​និង​សាល​ប្រជុំ​ទីស្តី​ការ​ក្រសួង​ការពារ​ជាតិ​ថ្មី​ បាន​បើក​ការដ្ឋាន​សាង​សង់​កាល​ពីថ្ងៃ​ទី​៣០​ ខែមិ​ថុនា ​ឆ្នាំ​២០១៨ ​ក្រោម​អធិបតីភាព​ សម្តេច​ពិជ័យ​សេនា ​ដែល​តាម​គម្រោង​ផែន​​ការសាងសង់ មានរយៈ​ពេល៣​៦​ខែ ​និង​បញ្ចប់​ការដ្ឋាន​នៅ​ថ្ងៃ​ទី​៣០​ ខែ​មិថុនា ​ឆ្នាំ២០២១ ​ខាង​មុខ​។ ឯកឧត្តម ​បាន​បន្តថា៖​ ដោយ​សារវិបត្តិជម្ងឺ​កូវីដ ​១៩​ ការ​សាងសង់ ​ត្រូវ​បាន​ស្នើរ​សុំពន្យា​កិច្ច​សន្យា​រយះពេល ​៤​ខែ ​ដូច្នេះ​ការ​ដ្ឋានត្រូវ​ពន្យា​រហូតដ​ល់​ថ្ងៃទី៣០ ​ខែ​តុលា ​ឆ្នាំ​២០២១ ទើប​បាន​បញ្ច​ប់​។ ឯកឧត្តម​ បាន​បញ្ជាក់​ថា៖ ​ក្នុងកិច្ចដំណើរ​ការ​សាង​សង់​សំណង់​អគាររដ្ឋបាល-​សាល​ប្រជុំ ​ទីស្តីការ​ក្រសួង​ការពា​រ​ជាតិ​ បាន​ប្រើ​ប្រាស់​កំលាំង​សរុបមាន​ចំនួន​២៥៦​នាក់​ ក្នុងនោះ​មាន​វិស្វករ​ចំនួន ​៦៨​នាក់​ កម្មករ​ជំនាញ​ចំនួន​២២​នាក់ ​និង​កម្មករ​ចំនួន ​១៦៦​នាក់​។​ ជាលទ្ធផល​ការងារ​សាង​សង់​ ដែល​ទទួល​បាន​ក្នុងរយៈ ​២​ឆ្នាំ ​កន្លង​មក​នេះ ​ជាលទ្ធផល​សម្រេច​បាន​៖​

      - ចាក់​សសរ​គ្រឹះ ​និង​គ្រឹះ​ជើង​តាង​ ​១០០​%

​      ​-​​ ការងារ​គ្រឿង​បង្គុំបេតុង​សរសៃ​ដែក​សំណង់​ ​១០០​%

​      -​ ការងា​រ​គ្រឿង​បង្គុំគ្រោង​ដំបូល​ដែក​ ៥០​%

​      -​ ការ​ងារ​ស្ថាបត្យ​កម្ម​ ​១៥,៩​%​

      - ការ​ងារ​តុបតែ​ង ​០,៦%

​      - ការងារ​បណ្តាញ​ទឹ​ក,​ អគ្គិសនី​, បណ្តាញ​ពន្លត់​អគ្គិភ័យ​, ​ម៉ាស៊ីន​ត្រជាក់​,​ ជណ្តើរ​យន្ត​ និង​បណ្តាញ​ផ្សេង​ៗ​ទៀត ​សំរេច​បាន​ ១២,៨%​។​ សរុបលទ្ធផល​ការ​សាង​សង់​ សម្រេច​បាន​ ៦០,៧​% ​នៃ​ផែន​ការ​រួម ​លឿន​ជាង​ផែន​ការ​ ៤,១%​។​

សម្ដេច​ពិជ័យ​សេនា​ ទៀ បាញ់​ ឧបនាយក​​រដ្ឋ​មន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការពា​រជាតិ​


      មាន​ប្រសាសន៍​នា​ឱកាស​នោះ​ សម្ដេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​បាន​បញ្ជាក់​ថា៖​ គោល​បំណ​ង​ចុះ​ម​ក​ត្រួត​ពិនិត្យ​ការ​ដ្ឋាន​សាង​សង់​សំណង់​អគារ​រដ្ឋ​បាល​-សាល​ប្រជុំ ​ទីស្តីការ​ក្រសួង​ការពារ​ជាតិ​ថ្មី​នា​ពេល​នេះ​ គឺ​ដើម្បីលើក​ទឹ​កចិត្ត​ដល់​បុគ្គលិក​ កម្មករ​សាង​សង់​សំណង់​ក្រសួង​ការ​ពារ​ជាតិ​ អោយ​បំពេញ​ការងារ​ទទួល​បាន​លទ្ធផល​ល្អ​បន្ថែម​ទៀត​។ ​សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​បាន​បញ្ជាក់​ថា៖ ​អគារ​ទីស្តីការក្រសួង​ការ​ពារ​ជាតិ​ថ្មី​ គឺ​ជា​គំរូមួយ​ ដែល​នឹង​ឈាន​ទៅ​មុខ​ ជា​បន្ត​បន្ទាប់​ទៀត​ ដែល​ជា​សំណង់​បំរើ​ឱ្យ​យុទ្ធសាស្ត្រ​ការ​ពា​រជា​តិ ដូច​នេះ​ក្រុម​ការ​ងារ​សាង​សង់​អគារ​ ត្រូវ​ខិ​ត​ខំ​ធ្វើ​យ៉ាង​ណាសា​ង​ស​ង់ ឱ្យ​បាន​រឹង​មាំ​ ​ប្រើប្រាស់​បាន​យូរ​អង្វែង​ ព្រោះថា​វិស័យ​ការ​ពារ​ជាតិ​ បាន​ចូល​រួម​ចំ​ណែក​យ៉ាង​សំខាន់​ ក្នុង​ការ​ថែរក្សា​សុខ​សន្តិភាព​ ជូន​ជាតិ​មាតុ​ភូមិ។​ សម្តេច​ពិជ័យ​សេនា ​បាន​ថ្លែង​អំណរគុណ​ដល់​នាយក​ដ្ឋាន​វិស្វកម្ម​ ក្រសួង​ការ​ពា​រជាតិ​ ក្រុម​កម្មករ​ ដែល​បាន​ខិត​ខំ​ក្នុង​ការ​សាង​សង់​ និង​រៀបចំ​អគារ​ទីស្តីការ​ ក្រសួង​ការ​ពារ​ជាតិ​ថ្មី​នេះ ​បាន​ដោយ​រលូន​ និង​បាន​ជំរុញឱ្យ​ក្រុម​ការ​ងារ​សាង​សង់ ​ខិត​ខំប​ន្ត​ ឱ្យ​បាន​ហើយ​រួច​រាល់​ ដើម្បី​បន្សល់​ទុក​ជាស្នា​ដៃ​សម្រាប់​កង​កម្លាំង​ក្រោយ​ៗ​ទៀត​។​ ឆ្លៀត​ក្នុ​ងឱកា​ស​នោះ​ដែរ​ សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ បា​ន​រំលឹកលើក​ឡើង​ពី​ការ​សាង​សង់​វិមា​ន​ឈ្នះ​ឈ្នះ​ថា​ នឹង​រៀប​ចំ​សាង​សង់នូវ​ស្តូប​អនុស្សវរីយ៍​ឈ្នះ​ឈ្នះ​ ​នៅ​ពេលខាង​មុខ​បន្ត​ទៀត​ផង​ដែរ​ ហើយ​ទាក់​ទង​នឹង​កិច្ចការ​សំណង់​ទាំង​នេះដែ​រ ​ ក្រុម​វិស្វករ​ និង​ក្រុម​ការ​ងារ​សាង​សង់​ទាំង​អស់​ គឺ​ត្រូវ​ធ្វើ​យ៉ាង​ណា​ ក៏ដោ​យ​ក្នុ​ង​កន្លែង​នីមួយៗ​ត្រូវ​ធ្វើ​ឱ្យ​បាន​ល្អ​រឹង​មាំ​ ប្រើប្រាស់​បាន​យូរ​អង្វែង​ ដើម្បី​បន្សល់​ទុក​សម្រាប់​អ្ន​កជំនាន់​ក្រោយ​បន្ត​ទៀត​។​ ក្នុង​ឱកា​ស​នោះ ​សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់​ បាន​អញ្ជើញទៅ​ពិនិត្យ​មើល​នៅ​តាម​ជាន់​នីមួយៗ​ ក្នុង​អគារ​ក្រសួង​ការ​ពារ​ជាតិ​ថ្មី​ដែរ​បាន​កំពុង​សាង​សង់​ ចាប់​ពី​ជាន់​ផ្ទាល់​ដី​ ដល់​ជាន់​ទី​​៥ ​​។

      សូម​បញ្ជា​ក់ថា​៖​ អគាររដ្ឋបា​ល​សាលា​ប្រជុំទី​ស្ដីការ​ក្រសួង​ការ​ពារ​ជាតិ​ថ្មី​ ដែល​បាន​សាង​សង់​នេះ​ មាន​ទទឹងប្រវែ​ង ២៨​ម៉ែត្រ​ បណ្ដោយ​ប្រវែង​១៩១​ម៉ែត្រ​ កម្ពស់៣២​ម៉ែត្រ​ និង​មាន​ចំណត​រថយន្ត​នៅ​ជាន់​ក្រោម​ដី​​មួយ​ជាន់​ ដែល​អាច​ចត​រថយន្ត​បាន​ចំនួន ​១៥​០ គ្រឿង​។ ​ក្នុង​អគារ​រដ្ឋបាល-​ទីស្តីការ​ក្រសួងកា​រ​ពារ​ជាតិ​ថ្មី​នេះ​ បាន​រៀប​ចំទី​កន្លែ​ង​ទទួល​បដិសណ្ឋារ​កិច្ច​ បណ្តា​ប្រតិភូ​ថ្នាក់​ជាតិ​ និង​អន្តរជាតិ ​ធ្វើ​ពិធី​ត្រួត​ពល​ កង​កិត្តិយស​ កង​ត្រែ​ទ័ព​ នៅ​ក្នុង​អគារ​ ពេ​លមាន​ភ្លៀង​ធ្លាក់។​ ក្រៅ​ពី​នេះ ​មាន​រៀបចំ​ជា​បន្ទប់​ប្រជុំ​តូច​-​ធំ ​រៀបចំ​ជា​បន្ទប់​សវនា​ការ ​តូច​-​ធំ​ រៀបចំទី​ធ្លា​សន្និសីទ​កាសែត ​និង​សាល​ប្រជុំធំ​មួយ​ ដែល​មាន​សមត្ថភាព​អាច​ទទួល​អ្ន​កចូល​រួម​ប្រជុំ​បាន ​១​ពាន់​នាក់​ សំរាប់​កា​រប្រជុំ​ថ្នាក់​ជាតិ​ និង​អន្តរ​ជាតិ​ផង​ដែរ​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ