ព័ត៌មាន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ប្រគល់​រថយន្ត​យោធា​ដែល​ទិញ​ពី​ចិន​ ២៩០​គ្រឿង​ ជូន​ដល់​ ខ.ភ.ម​ និង​អគ្គ​ស្នង​ការ​នគរបា​លជាតិ​
នាយកដ្ឋានព័ត៌មាន(៣)
163
1673 ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ប្រគល់រថយន្តយោធាដែលទិញពីចិន ២៩០គ្រឿង ជូនដល់ ខ.ភ.ម និងអគ្គស្នងការនគរបាលជាតិ

      ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានបញ្ជាក់ជូនថា៖ រថយន្តយោធាដែលត្រូវបានបញ្ជាទិញពីប្រទេសចិន ទាំង២៩០គ្រឿង មិនបានប្រើប្រាស់ថវិកាជាតិសូម្បីតែ១រៀល។ ការបញ្ជាក់របស់ ឯ.ឧ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានធ្វើឡើង នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ ក្នុងឱកាសដែល ឯកឧត្តម អញ្ជើញជាអធិបតី ចែកជូនរថយន្តយោធាទាំងនេះ ដល់បណ្តាស្ថាប័ន អង្គភាពនៃកងយោធពលខេមរភូមិន្ទ និងអគ្គស្នងការដ្ឋាននគរបាលជាតិ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក


      បើតាម ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ថវិកាសម្រាប់ទិញរថយន្តយោធាទាំង ២៩០គ្រឿងនេះ គឺជាថវិកាដែល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទទួលបានពីសប្បុរសជននានា បន្ទាប់ពីសម្តេចអំពាវនាវឲ្យមានការជួយដល់កងទ័ព។ ឯកឧត្តម បានឲ្យដឹងថា៖ គ្រាន់តែមួយឆ្នាំៗ សម្ព័ន្ធមេត្រីភាពជួយឧបត្ថម្ភតាមការអំពាវនាវរាប់លានដុល្លារ ដើម្បីជួយកាត់បន្ថយបន្ទុករបស់រាជរដ្ឋាភិបាល ក្នុងការជួយលើកតម្កើងដល់វិស័យការពារជាតិ។

      ឯកឧត្តម ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា៖ «អត់បានប្រើប្រាស់ថវិការដ្ឋ ១រៀលទេ! គឺកើតចេញពីការកៀរគរក្រុមហ៊ុន និងសប្បុរសជនទាំងអស់។ ហើយសូមបញ្ជាក់ រឿងសម្តេចតេជោអំពាវនាវឲ្យជួយកងទ័ព មិនមែនគាត់ទើបតែធ្វើទេ គឺគាត់ធ្វើរាប់ឆ្នាំមកហើយ»។

      ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ដែរថា៖ ការទិញរថយន្តយោធាទាំងនេះទៀតសោត គឺដើម្បីដឹកជញ្ជូនកងកម្លាំងយោធា និងកងកម្លាំងសមត្ថកិច្ច ដើម្បីជួយបម្រើប្រជាពលរដ្ឋ ពេលមានបញ្ហាអ្វីមួយកើតឡើង។ លើសពីនេះទៅទៀត ឯកឧត្តម ថែមទាំងបានច្រានចោលចំពោះការវិភាគបំភ្លៃពីអ្នកវិភាគមួយចំនួន ដែលលើកឡើងថា ការទិញរថយន្តយោធាពីចិន បានប្រើប្រាស់ថវិកាពីការប្រមូលបានពីសប្បុរសជន ក្នុងការបរិច្ចាគវិភាគទាន ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ