ព័ត៌មាន

ឯកឧត្តម​ នាង​ ផាត​ ចុះ​ហត្ថ​លេខា​ជា​មួយ​ទូត​បារាំង​
នាយកដ្ឋានព័ត៌មាន(៣)
148
1664 ឯកឧត្តម​ នាង​ ផាត​ ចុះ​ហត្ថ​លេខា​ជា​មួយ​ទូត​បារាំង​

     ស្ថាន​ឯកអគ្គរដ្ឋ​ទូត​បារាំង​ប្រចាំ​កម្ពុជា​ បាន​ឈាន​ដល់​ការចុះ​ហត្ថលេខា​ជាមួយ​ នឹង​​ក្រសួង​ការ​ពារ​ជាតិ ​កម្ពុជា​ លើ​អនុសារណៈ​ស្តី​ពី​កិច្ច​សហប្រតិបត្តិកា​រ ​លើការ​ជួយ​បណ្តុះ​បណ្តាល​ និង​បង្រៀន​ភាសា​បារាំង​ដ​ល់កងកម្លាំង​មួក​ខៀវ​កម្ពុ​ជា និង​កិច្ច​សហប្រតិបត្តិការ​រវាង​កង​រាជ​អាវុធ​ហត្ថ​ នៃ​ខ.ភ.ម និង​កង​រាជ​អាវុធ​ហត្ថ​សាធារណរ​ដ្ឋ​បារាំ​ង។​ ពិធីចុះហត្ថ​លេខា​នេះ​ បាន​ធ្វើឡើង​នាព្រឹក​ថ្ងៃទី១១​ ខែ​មិថុនា ឆ្នាំ២០២០​​នៅ​អ​គារ​មិត្តភា​ព នា​ទីស្តីការ​គណៈរដ្ឋ​​មន្ត្រី​ ស្ថិ​តក្រោម​អធិបតី​ភាព​ ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍ ​នាង​ ផាត ​រដ្ឋលេខា​ធិការ​ប្រចាំ​ការ ​ក្រសួង​ការ​ពារ​ជាតិ​ និង​លោក​ជំទាវ​ អ៊ីវ៉ា​ ង្វៀន​ប៊ីន​ (Eva NGUYEN BINH​) ឯក​អគ្គរដ្ឋ​ទូត​បារាំង​ប្រចាំ​កម្ពុជា​។​

     ឯកឧត្តម​​ នា​យ​​ឧត្ត​ម​សេនីយ៍ ​នាង​ ផាត​ បាន​មាន​ប្រសាសន៍​ថា៖ ថ្ងៃ​នេះ​ក្រសួង​ការពារ​ជាតិ​កម្ពុជា​ មាន​កិត្តិយស​ណាស់​ ដោយ​បាន​ការ​ចុះហត្ថលេខា​ជា​មួយ​សាធារណរដ្ឋ​បារាំង​ នៅលើ​អនុសារណៈ​ស្តី​ពី​កិច្ចសហ​ប្រតិបត្តិការ ​រវាងក​ង​ទ័ព​នៃប្រទេស​​ទាំង​​ពីរ​។​ តាម​ការ​ពិត​អនុសារណៈ​ដែល​ត្រូវ​ចុះមា​នចំនួន​បី​ តែ​យើង​ចុះលើ​អនុសារណៈ​ចំនួន​ពី​រសិន​ ដែល​អនុសារណៈទី​បី​ យើង​កំពុង​ពិចារណា ​ពិភាក្សា​បន្ត​ទៀត ​ដើម្បី​ដំណើរ​ការ​នៅ​ពេល​ក្រោយ​។​ ក្នុង​នាម​​សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​, នាយ​ឧត្តម​សេនីយ៍ ​នាង ​ផាត ​បាន​សម្តែង​នូវ​ការ​ស្វាគមន៍​ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​លោក​ជំទា​វ ឯកអគ្គ​រដ្ឋ​ទូត​បារាំង​ប្រចាំ​កម្ពុជា​ ដែល​បាន​ខិតខំ​បំពេញ​បេសកកម្ម​ការ​ងារ​ការ​ទូត​នៅក​ម្ពុជា​ និង​ឈាន​ដល់​ការ​ចុះហត្ថលេខា​លើ​កិច្ចសហប្រតិបត្តិ​ការ​ រវាង​កង​ទ័ព​នៃ​ប្រទេស​យើង​ទាំង​ពីរ​ កម្ពុជា ​និង​បារាំង នា​ពេល​នេះ។​ ឯកឧត្តម​ បាន​សំ​ដែង​នូវ​ក្តី​សង្ឃឹ​ម​ថា​៖ នៅពេល​ខាង​មុខ​នេះ ​​ចំណង​មិត្តភាព​ សាមគ្គីភាព ​និង​កិច្ចសហប្រតិបត្តិការ​ រវាង​ប្រទេស​ទាំង​ពីរ​ និង​កង​ទ័ព​ទាំង​ពីរ​ នឹង​ត្រូវ​បាន​ពង្រឹង​ និង​ពង្រីក​ទ្វេ​ឡើង​បន្ថែម​ទៀត​។​

     លោក​ជំទាវ​ អ៊ីវ៉ា​ ង្វៀន​ប៊ីន​ (Eva NGUYEN BINH​) ឯកអគ្គ​រដ្ឋទូត​​បារាំង​​ប្រចាំ​កម្ពុជា បានមានប្រសាសន៍​ថា​៖ ការចុះហត្ថ​លេខា​ជា​មួយ​គ្នា​នា​ពេល​នេះ​ គឺ​ពិត​ជា​មាន​តម្លៃ ​និង​មាន​សារៈ​សំខាន់​បំផុត ​ចំពោះ​កិច្ច​សហប្រតិបត្តិ​ការ​ រវាង​សាធារណរដ្ឋ​បារាំង ​និង​ព្រះ​រាជាណាចក្រ​កម្ពុជា​។​ ហើយ​នេះ​ជា​កិច្ច​ខិត​ខំប្រឹង​ប្រែ​ង​ផង​ដែរ​របស់​ភាគី​បារាំង​ ចំពោះ​ការ​ចេញ​ប្រតិបត្តិការ​របស់​កង​កម្លាំង​មួក​ខៀវ​កម្ពុជា​ នៅ​ក្នុង​ក្រប​ខណ្ឌ​របស់​អង្គការ​សហប្រជា​ជាតិ​ និង​កិច្ច​សហប្រតិបត្តិ​ការ​រប​ស់បារាំង​ ជា​មួយនឹង​កង​រាជ​អាវុធ​ហត្ថ​កម្ពុជា​។​ ឆ្លៀត​ឱកាស​នោះ ​លោកជំ​ទាវ ​ចូល​រួមរំលែក​ទុក្ខ​ចំពោះ​ក្រុម​គ្រួសារ​កង​ទ័ព​មួក​ខៀវ​កម្ពុ​ជា ដែល​បាន​ទទួល​មរណៈភាព​នៅ​ក្នុង​ប្រទេស​ម៉ាលី​ ដោយ​សារ​ជម្ងឺកូវីដ​នា​ពេល​កន្លង​មក​នេះ។​ លោក​ជំទាវ​ ឯកអគ្គ​រដ្ឋ​ទូត​បារាំង​ បាន​បន្ត​ថា​៖ ជម្ងឺ​កូវីដ-១៩​នេះ ​មាន​ឥទ្ធិពល​អាក្រក់​សម្រាប់​ការ​បំពេញ​បេសក​កម្ម​ រប​ស់កង​កម្លាំង​មួក​ខៀវ​កម្ពុជា​ រួម​នឹង​ការផ្លា​ស់ប្តូរ​របស់​កង​ទ័ព​កម្ពុជា​នាពេ​ល​ខាង​មុខ​។​ លោក​ជំទាវ​ បាន​បញ្ជាក់​​ថា៖ នា​ពេល​ឆាប់​ខាង​មុខនេះ ​នឹងមាន​ការ​បង្រៀន​ភាសា​បារាំង​ឡើង​វិញ​ នៅ​ក្នុង​វិស័យ​កង​ទ័ព​កម្ពុជា​ ដែល​យើង​នឹង​សង្ឃឹ​ម​ថា ​​នឹ​ងអា​ចចាប់​ផ្តើម​នៅ​ក្នុង​ខែតុ​លា​ខាង​មុខ​នេះ​ផង​ដែរ​ ៕   


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ