ព័ត៌មាន

ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី ផ្សព្វផ្សាយការងារប្រឡងប្រណាំង និងការងារស្រាវជ្រាវវាយតម្លៃភាពមិនប្រក្រតីរបស់យោធិន នៃកងរាជអាវុធហត្ថ
នាយកដ្ឋានព័ត៌មាន(៣)
55
1623 ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី ផ្សព្វផ្សាយការងារប្រឡងប្រណាំង និងការងារស្រាវជ្រាវវាយតម្លៃភាពមិនប្រក្រតីរបស់យោធិន នៃកងរាជអាវុធហត្ថ

      កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ នៅសាលប្រជុំសេនាធិការដ្ឋាន នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានរៀបចំពិធីប្រជុំផ្សព្វផ្សាយ ការងារប្រឡងប្រណាំង និងការងារស្រាវជ្រាវវាយតម្លៃ ភាពមិនប្រក្រតីរបស់យោធិន នៃកងរាជអាវុធហត្ថ។ ដែលកិច្ចប្រជុំនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការអញ្ជើញ ចូលរួមពីសំណាក់ ឧត្តមសេនីយ៏មេបញ្ជាការរង, នាយរងសេនាធិការ, ស្នងការ ស្នងការរង, នាយកវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល, នាយមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជំរាយ, មេបញ្ជាការ មេបញ្ជាការរង កងរាជអាវុធហត្ថតាមបណ្តារាជធានី ខេត្ត ក្រុង និងនាយការិល័យជំនាញ, មេបញ្ជាការវរៈកងអន្តរាគមន៍ទាំង៦ ព្រមទាំងនាយអាវុធហត្ថ ដែលមានការពាក់ពន្ធជាច្រើនរូបទៀតផងដែរ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ នាង សុជីវី ស្នងការ ស្នងការដ្ឋាន កសាងកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស


      ឯកឧត្តម ឧត្តមសេនីយ៍ទោ នាង សុជីវី ស្នងការ ស្នងការដ្ឋាន កសាងកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើការផ្សព្វផ្សាយ ណែនាំ អំពីឯកសារពាក់ព័ន្ធទៅនឹងសេចក្កីសម្រេច ស្តីពីការបង្កើតក្រុមប្រឹក្សាប្រឡងប្រណាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងសេចក្កីសម្រេច ស្តីពីការបង្កើតក្រុមការងារ ស្រាវជ្រាវវាយតម្លៃភាពមិនប្រក្រតីរបស់យោធិនកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

 ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស 


      បន្ទាប់ពីបានស្ដាប់សេចក្កីសម្រេច និងការបកស្រាយអំពីបញ្ហាប្រឈម ព្រមទាំងសំណូមពររបស់នាយការិយាល័យជំនាញ, មេបញ្ជាការកងរាជអាវុធហត្ថតាមបណ្តារាជធានី ខេត្ត រួចមក។ ឯកឧត្តម ស៊ិន សូផាន្នី មានប្រសាសន៍ថា៖ បានស្នើឱ្យមេបញ្ជាការ មេបញ្ជាការរង ទទួលការងារកសាងកម្លាំងកងរាជអាវុធហត្ថតាមបណ្តារាជធានី ខេត្ត ក្រុង និងនាយការិយាល័យជំនាញទាំងអស់ ដែលមានការពាក់ព័ន្ធជំនាញនីមួយៗ ត្រូវពន្លឿន ធ្វើរបាយការណ៍ ឯកសារបញ្ជួន មកបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឱ្យបានទាន់ពេលវេលា ជាពិសេសការវាយតម្លៃស្នាដៃប្រឡងប្រណាំង, ការស្នើប័ណ្ណសរសើរ និងជូនគ្រឿងឥស្សរិយយសដល់អង្គភាព និងបុគ្កលកងរាជអាវុធហត្ថ តាមផែននីមួយៗ ដើម្បីជម្រុញចលនាប្រឡងប្រណាំង ឱ្យមានសកម្មភាពខ្លាំងក្លាដំណើរការដោយរលូនមានលក្ខណៈល្អប្រសើរ និងមានតម្លាភាព។ ជាចុងក្រោយ ឯកឧត្តម ក៏បានផ្តាំផ្ញើ និងក្រើនរំលឹក ដល់ក្រុមការងារចុះពិនិត្យវាយតម្លៃភាពមិនប្រក្រតីរបស់យោធិន នៃកងរាជអាវុធហត្ថទាំងអស់ត្រូវសហការជាមួយក្រុមការងារអគ្គបញ្ជាការដ្ឋាន កងយោធពលខេមរភូមិន្ទ ដោយស្មារតីទទួលខុសត្រូវខ្ពស់ និងខិតខំយកចិត្តទុកដាក់លើការងារដូចខាងក្រោម៖

     ទី១. ត្រូវធ្វើការកំណត់មុខសញ្ញាយោធិន ដែលមានភាពមិនប្រក្រតីឱ្យបានច្បាស់លាស់ និងត្រឹមត្រូវព្រមទាំងធ្វើការសម្ភាសន៍ជាក់ស្តែងទៅតាមរបៀបរបប និងនីតិវិធីការងារ ផ្អែកតាមលក្ខខណ្ឌដែលបានកំណត់។

     ទី២. ធ្វើការត្រួតពិនិត្យ ផ្ទៀងផ្ទាត់ទិន្នន័យឯកសារអត្រានុកូលដ្ឋាន និងអត្តញ្ញាណយោធិនកងរាជអាវុធហត្ថ ដែលមានភាពមិនប្រក្រតី ដូចជាខុសឈ្មោះ ខុសថ្ងៃខែឆ្នាំកំណើត ខុសថ្ងៃខែឆ្នាំចូលបម្រើកងទ័ព គ្មានឯកសារតែងតាំងមុខតំណែង និងដំឡើងឋានន្តរសក្កិ។

     និងទី៣. ត្រូវបូកសរុបលទ្ធផលការងាររបាយការណ៍ ជូនមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីពិនិត្យ និងសម្រេច ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ