ព័ត៌មាន

ឯកឧត្តម នាង ផាត ជួបអនុព័ន្ធយោធាហ្វីលីពីនចប់អាណត្តិ
នាយកដ្ឋានព័ត៌មាន(៣)
59
1617 ឯកឧត្តម នាង ផាត ជួបអនុព័ន្ធយោធាហ្វីលីពីនចប់អាណត្

      ព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម នាយឧត្តមសេនីយ៏ នាង ផាត រដ្ឋលេខាធិការប្រចាំការ ក្រសួងការពារជាតិ បានអនុញ្ញាតឲ្យ លោកវរសេនីយ៏ឯក ជោសែល ជីស្សូនីហ្កា (Josel J.Zuniga) អនុព័ន្ធយោធាហ្វីលីពីន ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា។

ឯកឧត្តម នាយឧត្តមសេនីយ៏ នាង ផាត រដ្ឋលេខាធិការប្រចាំការ ក្រសួងការពារជាតិ និង​លោកវរសេនីយ៏ឯក ជោសែល ជីស្សូនីហ្កា (Josel J.Zuniga) អនុព័ន្ធយោធាហ្វីលីពីនចប់អាណិត្ត

      ឯ.ឧ នាយឧត្តមសេនីយ៏ នាង ផាត បានអបអរចំពោះលទ្ធផលបេសកកម្មការទូតរបស់ លោក​វរសេនីយ៏​ឯក​ ជោ​សែល ​ជី​ស្សូនីហ្កា​ ក្នុងរយៈពេល៤ឆ្នាំ នៅកម្ពុជា ដែលបានបំពេញតួនាទីប្រកបដោយវិជ្ជាជីវៈ និងមានទំនាក់ទំនងល្អជាមួយនឹងក្រសួង ស្ថាប័នរដ្ឋ កងទ័ព និងប្រជាជនកម្ពុជា។ ឯកឧត្តម បានចាត់ទុកថា៖ បេសកកម្មការទូតរបស់លោក ពិតជាបានរួមចំណែកយ៉ាងធំធេង ក្នុងការពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ច​សហប្រតិបត្តិការលើគ្រប់វិស័យ ប្រកបដោយលទ្ធផលជាផ្លែផ្កា និងមានផលប្រយោជន៍ ទៅវិញទៅមក សម្រាប់​ប្រទេសយើងទាំងពីរ ពិសេសវិស័យកងទ័ព រហូតសំរេចបានការចុះពិធីសារ រវាងក្រសួងការពារជាតិ នៃប្រទេសទាំង២ ទៀតផង។ ឯកឧត្តមបានថ្លែងអំណរគុណ លោកវរសេនីយ៏ឯក ជោសែល ជីស្សូនីហ្កា ដែលបានជំរុញក្នុងការផ្តល់ការបណ្តុះបណ្តាលឲ្យដល់នាយទាហានក្នុងខ.ភ.ម បានមួយចំនួន ទៅសិក្សានៅប្រទេស​ហ្វិលី​ពីន​ទៀតផ​ង។ ឯកឧត្តម នាង ផាត ក៏បានកោតសរសើរចំពោះ កងទ័ពហ្វីលីពីន ដែលបានបំពេញភារកិច្ចដ៏ល្អ ក្នុងកិច្ចការការពារជាតិ និងសុវត្ថិភាពសង្គម ក្នុងប្រទេសខ្លួនកន្លងមក ទោះបីពិភពលោកកំពុងទទួលការឆ្លងរីករាលដាល នៃជំងឺកូវីដ ១៩ ក៏ដោយ។

     លោកវរសេនីយ៏ឯក ជោសែល ជីស្សូនីហ្កា បានថ្លែងអំណរគុណចំពោះក្រសួងការពារជាតិ ក៏ដូចអគ្គបញ្ជាការ និងបណ្តាកងឯកភាពរបស់កងទ័ពនានា ដែលបានជួយសម្រួលឲ្យលោក ទទួលបានជោគជ័យ នៃបេសកកម្មការទូតរយៈពេល៤ឆ្នាំ នៅកម្ពុជា។ លោកបានសំដែងក្តីរីករាយ ដោយមើលឃើញពីការរីកចម្រើនរបស់ប្រទេស​កម្ពុជា​ ក្នុងរយៈពេលខ្លី ខាងផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ទាំងនៅភ្នំពេញ និងនៅគ្រប់ទីកន្លែង។ ទាំងនេះបានឆ្លុះបញ្ចាំងពីការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី គឺធ្វើឱ្យប្រទេសកម្ពុជាទទួលការអភិវឌ្ឍន៍ សន្តិភាព និងស្ថិរភាព។ លោកបានជម្រាបជូន ឯកឧត្តម រដ្ឋលេខាធិការថែមទៀតថា៖ ក្នុងកំឡុងបេសកកម្មការទូត របស់ឯកឧត្តម នៅព្រះរាជាណាចក្រកម្ពុជា អនុព័ន្ធយោធាហ្វីលីពីនបានសម្រចនូវសមិទ្ធផលនានា ជូនចំពោះកងទ័ពកម្ពុជា មានដូចជា៖ បានពិនិត្យរួមគ្នា នៅពិធីសារកិច្ចសហប្រតិបត្តិការរវាងកងទ័ព នៃប្រទេសទាំង២ កម្ពុជា-ហ្វីលីពីន ពិសេសគឺយើងបានបើកកិច្ចប្រជុំរួម និងធ្វើការដកពិសោធន៏ ពីគ្នាទៅវិញទៅមក។ លោកសង្ឃឹមថា៖ ក្រសួងការពារជាតិកម្ពុជា នឹងបន្តជួយជ្រោមជ្រែងដល់លោកអនុព័ន្ធយោធាថ្មី ដែលមកបន្តភារកិច្ចពីលោក ដូចដែលបានអនុវត្តជាមួយលោកកន្លងមកដែរ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ