ព័ត៌មាន

ការ​បន្ទុចបង្អាក់សកម្មភាពមនុស្សធម៌ គឺជាសារជាតិក្រុមប្រឆាំង ដែលមានចេតនាទុច្ចរិត មិនឱ្យតម្លៃអាយុជីវិតពលរដ្ឋកម្ពុជា
នាយកដ្ឋានព័ត៌មាន(៣)
79
1610 ឯកឧត្តម នាយឧត្តមសេនីយ៍ ឈុំ សុជាត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ

      ឆ្លើយតប​ទៅនឹងការលើកឡើង​របស់​ក្រុមឧទ្ទាម​ក្រៅច្បាប់ ដែល​រិះគន់ចំពោះ​សកម្មភាពសប្បុរសធម៌ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ ​នៅ​ថ្ងៃ​ទី​២៥ ខែ​ឧសភា​ ឆ្នាំ​២០២០​នេះ​ បានសម្តែង​ការសោកស្តាយ ​ហើយ​ចាត់​ទុក​ថា​៖ ការរិះគន់​ដោយ​គ្មាន​សតិសម្បជញ្ញៈនេះ គឺការបន្ទុច​បង្អាក់​សកម្មភាព​មនុស្សធម៌​ ដែល​ជា​សារជាតិ​ក្រុម​ប្រឆាំង ​និង​មាន​ចេតនា​ទុច្ចរិ​ត មិន​ឱ្យ​តម្លៃ​អាយុ​ជីវិត​ពលរដ្ឋ​កម្ពុជា​។​ ប្រតិកម្មរប​ស់អ្នក​នាំពាក្យក្រសួងការពារជាតិ បានធ្វើឡើង​បន្ទាប់​ពី​ លោក អេង ឆៃអ៊ាង អតីតអនុប្រធាន នៃអតីតគណបក្សសង្រ្គោះជាតិ ដែលតុលាការកាត់ទោសរំលាយ បានរិះគន់ចំពោះការបំពាក់មេដាយ ជាគ្រឿងឥស្សរិយយសដោយ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ក្នុងនាមរាជរដ្ឋាភិបាល​ នៃ​រដ្ឋអធិបតេយ្យ ​ឯករាជ្យ ជូនដល់ មន្ត្រីយោធា​ជំនាញវេជ្ជសាស្ត្រ នៃសាធារណរដ្ឋប្រជាមានិត​ចិន​ ដែ​លបាន​មក​ជួយ​កម្ពុជា​ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

 សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង មន្ត្រីយោធា​ជំនាញវេជ្ជសាស្ត្រ នៃសាធារណរដ្ឋប្រជាមានិត​ចិន​


      នាយឧត្តមសេនីយ៍ ឈុំ សុជាត បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖​ «ការរិះគន់នេះ មិនបានឆ្លុះបញ្ចាំងពីការពិតជាក់​ស្តែង​ នៃស្ថានភាពដែលកម្ពុជា ក៏ដូចជាប្រទេសជាច្រើន នៅលើពិភពលោក បាននិង​កំពុងប្រឈមមុខនឹង​ការ​រីក​រាល​ដាល​ឆ្លងជំងឺកូវីដ១៩ រាប់លាននាក់ និងមានមនុស្សស្លាប់រាប់សែននាក់។ ដូចនេះការទទួលជំនួយជា​សម្ភារៈពេទ្យ ដើម្បីទប់ស្កាត់ ប្រឆាំងជំងឺកូវីដ១៩ គឺជាកិច្ចការមនុស្សធម៌សុទ្ធសាធ និងក៏បង្ហាញនូវកិច្ច​សហប្រតិបត្តិការក្នុងភាពជាដៃគូ និងការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុងគ្រាលំបាកផងដែរ»។ លោកបានបន្ត​ថា៖​ «ការបំពាក់មេដាយកិត្តិយសដល់សប្បុរសជន មិនថាជូន​ដល់​ជន​រួមជាតិ​កម្ពុជា ឬជូនទៅជនបរទេស គឺ​ជា​​កាយ​​វិការ​​មនុស្សធម៌ បង្ហាញនូវសាមគ្គីភាព ការលើកទឹកចិត្តប្រកបដោយគុណធម៌ឆ្លើយតបទៅនឹងការរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលជាបញ្ហាប្រឈមរបស់សកលលោក»។ «ផ្ទុយទៅវិញ ការរិះគន់ វាយប្រហារក្នុង​ចេតនាបន្ទុចបង្អាក់​ សកម្មភាពមនុស្សធម៌ គឺជាសារជាតិរបស់ក្រុមប្រឆាំង ដែលមិនត្រឹមតែមិនបានផ្តល់​នូវ​ប្រយោជន៍​សម្រាប់​បម្រើ​ប្រជាជន​កម្ពុជា​ប៉ុណ្ណោះ​ទេ​ ថែមទាំង​បង្ហាញនូវឥរិយាបថ បំផ្លាញកិច្ចខិតខំប្រឹង​ប្រែង​របស់​រាជរដ្ឋាភិបាល ក្នុងកិច្ចសហការល្អ និងការទំនាក់ទំនង​ជា​អន្តរជាតិ​ និងក៏ជាចេតនាទុច្ចរិតមិន​ឱ្យ​តម្លៃ​អាយុ​ជីវិត​របស់​ពលរដ្ឋកម្ពុជា ខណៈដែលសិទ្ធិរស់រានមានជីវិត​ ត្រូវបានការពារដោយរដ្ឋធម្មនុញ្ញ ហើយ​ដែល​ប្រជាជនកម្ពុជា គួរតែមានមោទនភាព ខណៈដែលមានប្រទេសជាមិត្តជួយ​ឧបត្ថមគាំទ្រ»។

      សូមបញ្ជាក់​ថា​៖ ការ​បំពេញ​​បេសកកម្ម​ជួយ​បណ្តុះ​បណ្តា​​លក្រុម​គ្រូ​ពេទ្យ​យោធា​កម្ពុជា​ ដើម្បីទប់ស្កាត់​នឹង​វីរុស COVID-19 រយៈពេល២​ខែ ​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា បានបំពាក់​គ្រឿង​ឥស្សរយ​យស​ជូនដ​ល់ក្រុម​អ្នក​ជំនាញវេជ្ជសាស្រ្ត​យោធាចិ​ន ចំនួន​៤រូប​ ដែលជាក្រុមជំនួយ​ទប់​ស្កាត់នឹង​ជំងឺវីរុស​ជូន​ចំពោះកម្ពុ​ជា ដើម្បី​ជា​ការសរសើរ​ជូន​ដល់​ក្រុមអ្នកជំនាញ ដែលបានរួមចំណែកកិច្ចទប់ស្កាត់នឹងជំងឺវីរុសជូនដល់កងយោធពលខេមរភូមិន្ទកម្ពុជា។ ក្រុមអ្នកជំនាញវេជ្ជសាស្រ្ត ជាក្រុមជំនួយក្នុងកិច្ចទប់ស្កាត់នឹងជំងឺវីរុស ដែលបានចាត់បញ្ជូន​ដោយកងទ័ព​រំដោះប្រជាជនចិនជូនចំពោះប្រទេសកម្ពុជា បានមកដល់រាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ហើយរយៈពេល ២ខែកន្លងមកនេះ ក្រុមអ្នកជំនាញនិងភាគីកម្ពុជា បានរួមសុខទុក្ខជាមួយគ្នា បានខិតខំប្រឹងប្រែងពុះពារក្នុងសង្រ្គាមជំងឺវីរុសនេះ ហើយក៏បានបង្កើតជាមនោសញ្ចេតនាដ៏​សែន​ជ្រាល​ជ្រៅ​បំផុត​  ដែល​មិន​អាច​កាត់​ផ្ដាច់​បាន ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ