ព័ត៌មាន

ឯក​ឧត្តម​ ឥត​ សា​រ៉ាត់​ ផ្សព្វ​ផ្សាយ​វិធាន​ការ​ទប់​ស្កាត់​ជំងឺ​ឆ្លង​កូវីត ​១៩ ក្នុង​សង្កាត់​សៀម​រាប​ និង​ សង្កាត់ចុង​ឃ្នៀស​
នាយកដ្ឋានព័ត៌មាន(៣)
61
1590 ឯក​ឧត្តម​ ឥត​ សា​រ៉ាត់​ ផ្សព្វ​ផ្សាយ​វិធាន​ការ​ទប់​ស្កាត់​ជំងឺ​ឆ្លង​កូវីត ​១៩ ក្នុង​សង្កាត់​សៀម​រាប​ និង​ សង្កាត់ចុង​ឃ្នៀស​

      ឯកឧត្តម ​ឥត​ សា​រ៉ាត់​ សមា​ជិក​អចិន្ត្រៃយ៍​គណៈ​កម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​ប្រធាន​ក្រុម​ការ​ងារ​ថ្នាក់​កណ្ដាល​ ចុះ​ជួយ​ក្រុង​សៀម​រាប​ ខេត្ត​សៀមរា​ប ​បាន​អំពាវនាវ​ដល់​សមាជិក​ សមាជិការ​បក្ស ​និង​ប្រជាពលរដ្ឋ​ទាំ​ងអស់​ ដែល​រស់​នៅ​ក្នុង​សង្កាត់​សៀមរាប​ និង​សង្កាត់​ចុង​ឃ្នៀស ​ក្រុង​និង​ខេត្ត​សៀម​រាប​ ឲ្យ​បន្ត​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ ក្នុងការ​ចូលរួម​ទប់​ស្កាត់ និងកា​រពារ​ជំងឺកូ​វីត ១៩ ដោយ​មិន​ត្រូវ​ធ្វេសប្រហែស​ឡើយ​ បើទោះបី​ជា​នៅប្រទេស​កម្ពុជា​យើង​ អ្នក​ឆ្លងវីរុស​នេះ​ត្រូវ​បាន​ព្យាបាល​ជា​១០០% ក្នុង​ចំណោមអ្នក​ឆ្លង​ ដែល​ជា​ប្រជាជន​ខ្មែរ​ និង​ជ​នបរទេស​ទាំង​១២២​នាក់​នោះ​ក៍ដោ​យ​។​ ឯកឧត្តម ​ថ្លែង​បែប​នេះ ​ក្នុង​ឱកាស​ដែល​ឯកឧត្ត​ម បាន​អញ្ជើញ​ចុះ​ពិនិត្យ​មើល​ពីស្ថានភាព​ នៃ​ជីវភាព​រស់​នៅ ​និង​អំពី​វិធាន​ការ​នានា ​នៃការ​ការ​ពារ​ ទប់​ស្កាត់​ការរី​ក​រាល​ដាល​ជំងឺ​ឆ្លង​កូវីត ១៩ ព្រមទាំង​ជួប​សំណេះ​សំណាល​ជា​មួយ​សមាជិការ​គណបក្ស​ និង​ប្រជាជន​ក្នុង​សង្កាត់​សៀម​រាប​ និង​សង្កាត់​ចុង​ឃ្នៀស​ កាល​ពី​រសៀលថ្ងៃ​ទី១៦​ ខែ​ឧសភា​ ឆ្នាំ​២០២០​កន្លង​មក​នេះ​។​

      ក្នុង​ឱកា​សនោះ​បន្ទាប់​ពី​បាន​ស្តាប់​នូវ​សេចក្តី​រាយ​ការ​ណ៍ ពី​សំណាក់​លោក​ប្រធាន​គណបក្ស​ សង្កាត់​សៀម​រាប​ និង​សង្កាត់​ចុង​ឃ្នៀស ​ក្រុង​សៀម​រាប​ ស្តី​ពី​ស្ថានភាព​ នៃ​ជីវភាព​រស់​នៅ​ របស់​ប្រជាជន ​និង​វិធាន​ការ​នានា របស់​អាជ្ញាធរ​មូលដ្ឋាន​សង្កាត់ទាំងពីរ ក្នុងការអប់រំ ផ្សព្វផ្សាយ​ពីវិ​ធានការ​ការ​ពា​រ និង​ទប់ស្កាត់​ការ​រីករាល​ដាលជំងឺ​ឆ្លង​កូវីត ១៩ នៅក្នុង​មូល​ដ្ឋាន​សង្កាត់​រួច​មក​ ឯកឧត្តម ឥត សារ៉ាត់ ជំនួស​មុខ​ឲ្យ​សម្តេច​ប្រធាន​ សម្តេច​អនុ​ប្រធាន​ និង​សម្តេច​ប្រធាន​កិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា​  ពិសេស​ សម្ដេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ប្រធាន​ក្រុមការងារ​ថ្នាក់​កណ្ដាល ចុះជួយ​ខេត្ត​សៀមរាប ​បានសំ​ដែង​នូវការកោត​សរសើរ​ និង​វាយ​តំលៃ​ខ្ពស់​ ចំពោះ​សមិទ្ធិផល​ទាំង​ឡាយ​ ដែល​កើត​ចេញ​ពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ការខិត​ខំ​របស់​ថ្នា​ក់ដឹក​នាំ​ សមាជិក ​សមាជិកា​បក្ស​ទាំង​អស់​ ដែល​ក្នុង​រយៈពេល​កន្ល​ងមក​នេះ​ បាន​ខិត​ខំ​យក​អស់ពីកម្លាំង​កាយ​ចិត្ត​ក្នុង​ការ​កសាង​សមិទ្ធិផលជា​ច្រើន​ សំរាប់បំរើឲ្យ​សង្គម​ជាតិ​ ពិសេស​បាន​យក​ចិត្តទុកដាក់ ពង្រឹង​ប្រៀប​ការ​ពា​រជាតិ​ ការពារសន្តិសុខ​សណ្ដាប់​ធ្នាប់​សង្គម និង​ការ​ចូល​រួម​ផ្សព្វ​ផ្សាយ​ អប់រំ​ប្រជាពលរដ្ឋ ឲ្យយល់​ដឹង​អំពី​វិធានការ កា​រពារ​ និងទ​ប់ស្កាត់​ជំងឺ​ឆ្ល​ងកូវីត​១៩ ​ក្នុងមូលដ្ឋាន​របស់ខ្លួន​បាន​យ៉ាង​ល្អ​។ ​ឯកឧត្តម បាន​បញ្ជាក់​ថា៖​ ទោះបីជានៅ​ប្រទេស​កម្ពុជា​យើង​ ពុំមាន​ការឆ្លងរីករាល​ដាលជំងឺ​កូវីត​១៩​ នេះ​បន្ត​ទៀត ​ដូចបណ្ដា​ប្រទេសនៅ​ក្នុង​សហគមន៍​អាស៊ាន​ និង​នៅក្នុង​ពិភពលោក​ក៏ដោយ​ ក៏យើង​នៅ​តែប្រើវិធាន​កា​រ ការពារ ទប់ស្កាត់ ឲ្យបានជាប់ជាប្រចាំ។ ម្យ៉ាងទៀត វិធានការ​ការពា​រនេះ ​វាមិនគ្រាន់​តែការពា​រ​សម្រាប់​ជំងឺឆ្លង កូវីត​១៩​ ប៉ុណ្ណោះទេ​ តែ​វាក៏​អាចការពារ​រាង​កាយ​យើង​គ្រប់គ្នា​ ពីជំងឺ ដង្កាត់ផ្សេងៗ បានយ៉ាងមាន​ប្រសិទ្ធភាពផង​ដែរ។​

     ជាមួយគ្នា​នេះដែ​រ ​ឯកឧត្តម ឥត សារ៉ាត់ ក៍បានអំពាវ​នាវ​ជូន​ដល់​សមាជិក សមាជិកាបក្ស និងប្រជាពល​រដ្ឋ​ ក្នុង​សង្កាត់​សៀម​រាប​ និងសង្កា​ត់​ចុងឃ្បៀស ក្រុងសៀមរាប ត្រូវមានការ​ជឿជាក់លើការ​ដឹក​នាំ​ប្រទេស​ របស់គណបក្ស​ប្រជាជន​កម្ពុជា​ និងរាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្ដេចតេជោ ហ៊ុន សែន ជា​ប្រមុខដឹកនាំ និង​មិនត្រូវ​ជឿលើ​ការ​ឃោសនា បោកប្រាស់ ណាមួយ ដែលនាំឲ្យប្រទេសជាតិ​ធ្លាក់​ក្នុ​ងគ្រោះ​មហន្តរាយ​ឡើយ។​ ឯកឧត្តម ឥត សារ៉ាត់ ក៍បានក្រើនរំ​លឹក​ដល់​ ឯកឧត្តម អស់លោក ជាប្រធាន អនុប្រធាន និងសមាជិកបក្សសង្កាត់ទាំងពីរ របស់ក្រុងសៀមរាប ឲ្យបន្តចុះ​ជួយ​ផ្សព្វផ្សាយអប់រំ អំពីវិធានការនានា តាមការណែនាំរបស់ក្រសួង​សុខាភិ​បាល​ ដល់​សមាជិក​ សមាជិការ និងប្រជាពលរដ្ឋ ក្នុង​មូលដ្ឋាន​របស់​ខ្លួន​បន្តទៀត ពិសេសត្រូវពង្រឹង​សុវត្ថិភាពក្នុង​មូលដ្ឋាន តាមគោល​នយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ដោយបំបាត់​ឲ្យ​អស់ ​ក្រុមបងតូចបងធំ ការជួញដូរគ្រឿងញៀន បទល្មើសព្រៃឈើ ចោរលួចចោប្លន់ និងភាពអណាធិបតេយ្យនានា ដែលកើតមានឡើង​ក្នុ​ងមូល​ដ្ឋាន​របស់​ខ្លួន​ទទួលខុសត្រូវ ព្រមទាំងបន្ត​អប់រំ​ឲ្យប្រជាពល​រដ្ឋ ​យល់​ដឹង​ និងចូលរួមគោរពច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​ ដោយចាប់ផ្ដើម​ពី​សមាជិក ​សមាជិកា​បក្ស​យើង​ម្នាក់ៗ​ឡើងទៅ ដើម្បីជាគំរូល្អ ដល់ប្រជា​ពលរដ្ឋទូទៅ។ ជាមួយគ្នានេះ​ដែរ​ មន្ត្រីដែល​ជាស​មាជិកបក្ស​ទាំង​អស់​ ក៍ត្រូវ​ប្រព្រឹត្តិតែ​អំពើល្អ​ សុច្ចរិត ចេះ​ជួយ​គ្នា​ក្នុង​គ្រាលំបាក​ ត្រូវមានចិត្តស្មោះត្រ​ង់ចំពោះបក្ស​ ស្មោះត្រង់​ចំពោះជា​តិ សាសនា​ ព្រះមហាក្សត្រ និងប្រជាជន ​ហើយត្រូវ​ចេះជួយ​ ដោះស្រាយរាល់ទុក្ខ​លំបាក​ជូន​​ប្រជាជន គ្រប់កាលៈទេសៈ ក្នុង​ពេល​ដែល​ប្រទេសជាតិ ​និង​ពិភពលោក​ទាំង​មូល​កំពុង​ប្រឈម និងការ​រីក​រាល​ដាល​នៃជំងឺ​កូវីត ១៩ នាពេល​បច្ចុប្បន្ន​នេះ ​៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ