ព័ត៌មាន

សម្តេច​ពិជ័យសេ​នា ​ទៀ ​បាញ់ ​អញ្ជើញ​ចុះ​ពិនិត្យ​ពី​វឌ្ឍន​ភាព​ នៃ​ការ​ស្ថាបនា​ផ្លូវ​ក្នុង​គំរោង​ទាំង ​៣៤​ខ្សែ ​ទូ​ទាំង​ខេត្ត​ព្រះ​សីហនុ​
នាយកដ្ឋានព័ត៌មាន(៣)
75
1582 សម្តេច​ពិជ័យសេ​នា ​ទៀ ​បាញ់ ​អញ្ជើញ​ចុះ​ពិនិត្យ​ពី​វឌ្ឍន​ភាព​ នៃ​ការ​ស្ថាបនា​ផ្លូវ​ក្នុង​គំរោង​ទាំង ​៣៤​ខ្សែ ​ទូ​ទាំង​ខេត្ត​ព្រះ​សីហនុ​

      នៅព្រឹក​ថ្ងៃទី១៧ ​ខែឧសភា​ ឆ្នាំ២០២០​ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ ​បាន​អញ្ជើញចុះ​ពិនិត្យពី​វឌ្ឍនភាព​ នៃ​ការស្ថាបនា​ផ្លូវ​ក្នុង​គំរោង​ទាំង​៣៤​ខ្សែ ​ទូទាំង​ខេត្ត​ព្រះសីហនុ​។ ​ក្នុង​ដំណើរ​ទស្សន​កិច្ចនេះ ក៏មានវត្តមាន​អម​ដំណើរ​ដោយ​មន្ត្រី​ជាន់​ខ្ពស់​ នៃ​រាជរដ្ឋាភិបាល​ជាច្រើន​រូប​ផងដែរ ​ក្នុង​នោះ​មាន​ ឯកឧត្តម ជា សុផារ៉ា ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែន​ដី​នគរូបនីយកម្ម និងសំណង់,​ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី​ក្រសួង​សាធារណៈការ ​និង​ដឹក​ជញ្ជូន​, ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍,​ ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ​និង​ជា​ប្រធាន​ក្រុមការ​ងារ​រាជ​រដ្ឋាភិបាល​ចុះ​ជួយ​ខេត្ត​ព្រះសីហនុ, ឯកឧត្តម​ តឹក​ រ៉េតសំរេច ​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី ​និងថ្នាក់​ដឹក​នាំ​ ខេត្ត​ព្រះសីហនុ ព្រមទាំង​ប្រតិភូ​អមដំណើរ ​និង​មន្ត្រីជំនាញជា​ច្រើន​រូប​ទៀតផ​ង​ដែរ​។

      សម្តេចពិជ័យសេនា ទៀ បាញ់ បានកោតសរសើរ​យ៉ាង​ក្លាំង​ក្លា​ចំពោះ​សមិទ្ធ​ផលផ្លូវ​ថ្នល់​/លូទឹក ដែលកំពុង​លេច​ឡើង​នៅ​ខេត្ត​ព្រះសីហនុ។ សម្តេច​ចាត់​ទុកថា៖ នេះជាស្នាដៃជា​ប្រវត្តិសាស្ត្រ​របស់​រាជរដ្ឋាភិបាល​ ដើម្បី​ជម្រុញការ​អភិវឌ្ឍ​នៅ​ខេត្ត​ព្រះសីហនុ អោយកាន់​តែ​មាន​ការ​ទាក់​ទាញ​បន្ថែមទៀត ស្របតាម​ចក្ខុវិស័យ នៃរដ្ឋាភិបាលក្នុង​ការ​ប្រែក្លាយ​ខេត្ត​ព្រះសីហនុ​អោយ​ក្លា​យ​ទៅ​ជា​ខេត្ត បំពុង​សេដ្ឋកិច្ច​ ឬខេត្ត​នៃកំណើន​សេដ្ឋកិច្ចជាតិ​។​ ជាមួយ​នេះ​សម្តេច​ពិជ័យ​សេនា​ ក៏បាន​កោតសរសើរ​ផង​ដែរ​ ចំពោះ​កង​វិស្វកម្ម ​និង​ក្រុមហ៊ុនធ្វើ​ផ្លូវ​ដទៃ​ទៀត​ដែល​បាន​យក​ចិត្តទុកដាក់​ ក្នុងការស្ថាបនា​ហេដ្ឋារចនា​សម្ពន្ធ័​ផ្លូវ​ថ្នល់​ទាំង​នេះ ​ស្របតាមល័ក្ខ​ខណ្ឌ​ដែល​បានសន្យា​ជា​មួយ​គណៈកម្មការជាតិ គ្រប់គ្រង និងអភិវឌ្ឍន៍​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា​។​

     យោងតាម​របាយការណ៍​រប​ស់គណៈកម្មការជាតិ​គ្រប់គ្រង និងអភិវឌ្ឍន៍​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា​ អោយដឹង​ថា​៖ គិតត្រឹម​ថ្ងៃទី១៦ ខែឧសភា ឆ្នាំ ២០២០ មានរយៈពេល ៦ ខែមកហើយ ចាប់តាំងពីប្រកាស​បើក​ការ​ដ្ឋាន​សាង​សង់​ កាលពីថ្ងៃទី​១៦​ ខែ​វិច្ឆិកា ឆ្នាំ២០១៩ ក្រោមអធិបតីភា​ព​ដ៏​ខ្ពង់​ខ្ពស់​ សម្ដេច​អគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន ដែល​មាន​ក្រុមហ៊ុន​ចំនួន​៨​ បាន​ទទួលសិទ្ធ​សាង​សង់​ទាំង​៣៤ខ្សែ ប្រវែងជាង៨២គម។

     គិតត្រឹម​ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ ការងា​រដា​ក់លូ​សម្រេច​បាន​លទ្ធផល​ ចំនួន ៩១.៥៦% លឿនជាងផែន​ការ​ តាម​ការ​ប៉ាន់​ស្មានអាច​បញ្ចប់​ក្នុង​រយៈ​ពេល​១១ថ្ងៃ​ខា​ង​មុខ ​គឺ​បំណាច់ខែឧសភា​ ឆ្នាំ២០២០។​ រីឯការ​ងារ​ចាក់​បេតុងសម្រេច​បាន​ចំនួន ៨៦.៤៤% នៃ​ការ​ងា​រជា​ក់​ស្តែង លឿន​ជាងផែន​ការ​ចំនួន ៨.១៣% និងអាច​បញ្ចប់​ក្នុង​រយៈពេល ១៥ ថ្ងៃ ខាង​មុខ។​ ចំពោះលទ្ធផល​ជា​រួម​ នៃការស្ថាបនាផ្លូវ​ក្នុង​ខេត្តព្រះសីហនុ គិតទាំង​ការ​ងា​រគ្រឹះ​ផ្លូវ​ សម្រេច​បាន​ប្រមាណជា ៩០.៦០% លឿនជាង​ផែន​ការ​ប្រមាណ ៤.៥% ដោយមិន​គិត​បញ្ចូលការ​ងារ​ អ៊ុតកៅស៊ូ ការវាយ​គំនូស​សញ្ញា ចរាចរណ៍ ដាំដើមឈើ បង្គោលភ្លើង ការរៀបកម្រាលថ្មក្រា​នីត​នោះទេ​​។​ ក្រោយ​ពី​ចាក់​បេតុង និងដាក់លូ​ហើយ​អស់​ នឹងក្រាលកម្រាល​ការ៉ូឡា ថ្មក្រា​ល​នីត​នៅ​លើចិញ្ចើមផ្លូវ ដោយមាន​គន្ល​ង​សម្រាប់​ជិៈកង់ និងថ្មើរជើង។ ដោយឡែកនៅលើទ្រូងផ្លូវ​នឹង​អ៊ុត​កៅស៊ូAC​ពី​លើ​ ដោយមាន​បែង​ចែកគន្លង​ផ្លូវ​ផង​ដែរ​ ៕