ព័ត៌មាន

ឯកឧត្តម ណឹម សុវត្ថិ ចុះ​ទៅ​​បំពេញ​​ការ​ងារ​​ត្រួត​ពិនិត្យ​តំបន់​ប្រវត្តិ​សាស្ត្រ​យោធា​ជា​​លើ​ក​​ទី​​២ ក្នុង​ខេត្ត​កោះកុ​ង
នាយកដ្ឋានព័ត៌មាន(៣)
90
1581 ឯកឧត្តម ណឹម សុវត្ថិ ចុះ​ទៅ​​បំពេញ​​ការ​ងារ​​ត្រួត​ពិនិត្យ​តំបន់​ប្រវត្តិ​សាស្ត្រ​យោធា​ជា​​លើ​ក​​ទី​​២ ក្នុង​ខេត្ត​កោះកុ​ង

      ក្រុមការងារសិក្សា​ស្រាវជ្រាវសាងសង់​វិមាន​ឈ្នះឈ្នះ​ និងប្រវត្តិសាស្រ្តយោធា​ដឹក​នាំ​ដោយ​ ឯកឧត្តម នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេស​សម្តេចពិជ័យសេនា ជាអគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ និងជាប្រធានក្រុមការងារ​សិក្សា​ស្រាវជ្រា​វសាង​សង់​វិមាន​ឈ្នះ ឈ្នះ និង ប្រវត្តិ​សាស្ត្រ​យោធា​ កាល​ពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ បានចុះទៅ​បំពេញ​ការងារ​ជា​លើក​ទី​២ ​ដើម្បី​រៀបចំតំបន់​ប្រវត្តិសាស្ត្រ​នៅ​ខេត្ត​កោះកុង ​បន្ទាប់​ពី​ក្រុម​ការ​ងារ​បាន​ប្រជុំផ្សព្វ​ផ្សាយការងារ​ប្រវត្តិសាស្ត្រ​យោធា​​ នៅតំបន់​ប្រតិត្តការ​សឹក​រង​កោះកុង​លើក​ទី​១ កាល​ពី​ថ្ងៃទី​១​០ ខែ​ឧសភាកន្លង​ទៅ​នេះ ​ស្របតាមអនុ​សាសន៍​ណែ​នាំរបស់​ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​ការ​ពារ​ជាតិ​ការ​បាន​ដាក់​ចុះ។​

       កិច្ចប្រជុំនេះបានប្រារព្ធ​ធ្វើ​នៅ​បញ្ជាការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​កោះកុង ដោយ​មាន​ការអញ្ជើញ​ចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ឯក សៀម ហ៊ មេបញ្ជាការរងកងទ័ពជើង​គោក ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម សាមិទ្ធ មេបញ្ជាការរង​ យោធភូមិភាគទី៣ ប្រចាំទិសខេត្តកោះកុង ព្រមទាំង​នាយ​ទាហានទទួល​បន្ទុកការងារ​ប្រវត្តិសាស្ត្រយោធា តំបន់ប្រតិបត្តិការសឹក​រង​ ខេត្តកោះកុង ជាច្រើនរូបទៀត។

       ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សុវត្ថិទុម មេ​ប​ញ្ជាការតំបន់ប្រតិបត្តិការ​សឹក​រង​កោះ​កុង​ បាន​មានប្រសាសន៍​ថា៖ ​ក្នុងការរៀបចំទីតាំងតំបន់ប្រវត្តិសាស្រ្តយោធា និងការរៀបចំ​សាងសង់​ស្តូប​អនុស្សាវរីយ៍នយោ​បាយ​ ឈ្នះ ឈ្នះ​ នៅខេត្តកោះកុង តំបន់ប្រតិបត្តិការ​សឹក​រង​កោះកុង​ បានចាត់តាំង​កម្លាំងចុះ រុករក​ក្នុង​ព្រៃរៀប​ចំទី​តាំង​សាងស​ង់ស្តូប​ ឈ្នះ ឈ្នះ នៅលើភ្នំចំណុច​ខ្ព​ស់មាន​ចំណុច ២១០ -២០៩​ ក្នុងនោះកងកម្លាំងតំបន់​ប្រតិបត្តិការសឹក​រង​កោះ​កុង​ បានកាប់ឆ្ការព្រៃ ធ្វើជាផ្លូវលំ ដើម្បីឲ្យក្រុមការងារចុះ​ទៅ​ត្រួត​ពិនិត្យ​ទី​តាំង​រៀប​​ចំ​តំបន់ប្រវត្តិ​សាស្រ្ត​យោធា ​និង​ការសាងសង់​ស្តូប​អនុស្សាវរីយ៍​នយោបាយ​ឈ្នះឈ្នះ​។​ ក្រុមការងារ​យោធា​ខេត្ត​កោះកុង ក៏បានរកចំណុចតភ្ជាប់ផ្លូវ ដើម្បីរៀបចំទីតាំង​តំបន់​ប្រវត្តិសាស្រ្តយោធា​ ក្នុងភូមិសាស្រ្តឈរ​ជើង​របស់​ផ្នែក​សឹក​រ​ងស្រុក​មណ្ឌល​សីម៉ា​ ខេត្ត​កោះកុង​ផង​ដែរ​។​

       ក្នុងកិច្ច​ប្រជុំ​នោះដែរ​ ឯកឧត្តម ឧត្តមសេនីយ៍ទោ មាស ស៊ីណា អគ្គនាយករង អគ្គនាយកដ្ឋាននយោ​បាយ​ និង​កិច្ចការ​ប្រទេស​ក្រសួង​ការ​ពារ​ជា​តិ ​ទទួល​បន្ទុកការងារ​ប្រវត្តិសាស្ត្រ​យោធា​ បាន​រាយកា​រ​ណ៍​ជូន​កិច្ចប្រជុំ​អំពី​លទ្ធផល​ការ​សិក្សា​ស្រាវ​ជ្រា​វត្រៀម​រៀបចំ​សាង​សង់​ស្តូប​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ ឈ្នះ នៅ​ខេត្តកោះ​កុង​ ដោយ​បាន​បញ្ជាក់ថា៖​ ទោះបីជាការ​សិក្សាស្រាវជ្រាវ​មាន​រយៈពេលខ្លី តែក្រុមការងារ​បាន​ខិ​តខំ​ប្រឹងប្រែង​ ស្រប​តាម​ការណែនាំ​របស់​ថ្នាក់ដឹកនាំ​ប្រគល់​ជូន ​ក្នុង​ការសិក្សា​ចុះសិក្សាស្រាវជ្រាវ​កំណត់ទីតាំង​តំបន់​ប្រវត្តិសាស្រ្ត​យោធា​ រួមទាំងសមិទ្ធផល​នយោបាយ ឈ្នះ ឈ្នះ។ ក្រុម​ការ​ងារ​បាន​ធ្វើការ​កំណត់​ទីតាំង​សាង​សង់​ស្តូប​ ឈ្នះឈ្នះ និងទីតាំង​ប្រវត្តិ​សាស្ត្រ​យោធា​ដូច​ជា ​នៅ​តា​តៃ ទីតាំង​អន្លង់​ក្រពើ ​ដែល​ភ្ជាប់​ពី​ខេត្តកោះ​កុង​ ទៅ​ស្រុក​វាលវែង ​ខេត្ត​ពោសាត់​។​ កិច្ចប្រជុំនា​ឱកាស​នោះក៏​បាន​តាម​ដាន​ស្តាប់​របាយ​ការណ៍​បច្ចុប្បន្ន​ភាព​ នូវ​រាល់​កិច្ចការដែល​ក្រុម​ការ​ងារ​បាន​ប្រគ​ល់ជូន​កាល​ពី​​ថ្ងៃទី១០ ខែឧសភាកន្លង​មក​ផង​​ដែរ។​​

      ថ្លែងបូកសរុប​នៅ​ក្នុង​កិច្ចប្រជុំ ឯកឧត្តម ណឹម សុវត្ថិ បានសំដែងការ​កោត​សរសើ​ចំពោះកា​រ​ខិត​ខំ​ប្រឹងប្រែង​របស់​តំបន់​ប្រតិបត្តិការ​រង​កោះកុង​ក្នុង​ការប្រុងប្រៀប រៀបចំចូលរួម​សា​ងសង់ស្តូបឈ្នះ ឈ្នះ និងការរៀបចំ​ទីតាំង​ប្រវត្តិ​សាស្រ្តយោធា​ ក្នុងខេត្តកោះកុង។ ឯ.ឧ បានបញ្ជាក់ថា៖ ខេត្តកោះកុង​ជា​ខេត្ត​មួយ​ដែល​មានភូមិ​សាស្ត្រ​នៅ​ឆ្ងាយ​។​​ ឈានចូល​មក​ដល់​ទស្សវត្ស​ចុង​ក្រោយ​ខេត្ត​កោះកុង មានការប្រែប្រួល​រីកចំ​រើន​តាម ​រយៈការ​អភិវឌ្ឍ ដោយ​​សារ​នយោបាយ​ឈ្នះ ឈ្នះ។ ឯកឧត្តម​បាន​បញ្ជាក់​ទៀត​ថា៖​ មានតែ​នយោបាយ​ឈ្នះ ឈ្នះដែលបានធ្វើ​អោយ​មាន​ការ​ប្រែប្រួល ​អភិវឌ្ឍន៍ ដែលបាន ត ភ្ជាប់ខេត្តកោះកុងទៅនឹងតំបន់នានា ដ៏ទៃទៀត។ ឯកឧត្តម​ បានលើកឡើងពី តួនាទីស្នូលរបស់កងកំលាំង ដែលមិនអាចបំភ្លេចបាន និងបានដើតួនាទីជាប្រវត្តិ​សាស្រ្តគឺ តួនាទីរបស់កងកំលាំង​ប្រដាប់អាវុធ ដែលបានជ្រោង​ទង់​ការពារទឹកដី និង​ជាតិមាតុភូមិទាំង​មូល​។​ ឯកឧត្តម បានរំលឹកលើងវិញថា៖ ពីអតីតកាលខេត្តកោះកុង មានចលនារំដោះជាតិមួយ ជាមួយសម្តេច​តេជោ ​ដែល​មាន​ ឯកឧត្តម សាយ ​ភូថង និង សម្តេចពិជ័យសេនា នៅ​កោះកុ​ង។​​ ចលនានេះបានចារឹកជាប្រវត្តិសាស្ត្រ​សំរាប់​ចូល​រួម​រំដោះជា​តិ​ កាលពីចុងឆ្នាំ ១៩៧៨ និង ដើមឆ្នាំ១៩៧៩ នៅភាគ និរតី នា​ខេត្តកោះកុង ។​ ឯកឧត្តម បានបន្តថា៖ ការកំណត់ទីតាំងតំបន់ប្រវត្តិសាស្ត្រយោធា គឺកំណត់ទីតាំងភូមិសាស្ត្រ ណាមួយ ដែលមាន​ប្រតិបត្តិ​ ការ​ទាក់​ទង​នឹង​សមរភូមិ នៅគ្រប់ដំណាក់កាល ដូចជានៅខេត្តកោះកុង មាននៅ ត្រពាំងរូង តាចាត ​តាតៃ ដែលជាមូលដ្ឋានវរសេនាតូច ៣០៩ -នៅគិរីវង្ស តាអុក - កៅប៉ោ ដែលតំបន់ទាំងនេះអាចកំណត់​ជា​ទីតាំងប្រវត្តិសាស្ត្រយោធា​បាន។ ឯកឧត្តម បានសង្កត់ធ្ងន់ថា៖ ការសាងសង់ស្តូប ឈ្នះ ឈ្នះ នៅខេត្តកោះកុងពេលនេះ នឹងក្លាយជាតំបន់ប្រវត្តិសាស្ត្រយោធា។ ក្រៅពីសង់ស្តូប គឺមានសារៈមន្ទីរ នឹងមានហេត្ថារចនា​សម្ព័ន្ធ​ដទែ​ទៀត​ ដែលមនុស្សអាចទស្សនា ស្វែងយល់នូវអ្វីដែលកើតមាននៅកោះកុង និង អ្វីដែលបានតភ្ជាប់ និងប្រវត្តិសាស្ត្រជាតិ ដែលមានតឹកតាងបញ្ជាក់ នាំអោយជាតិ បានសុខសាន្ត និង ការអភិវឌ្ឍដល់បច្ចុប្បន្ន ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម បានសំណូមពរដល់តំបន់ប្រតិបត្តិការសឹករងខេត្តកោះកុងអោយបានបន្តស្រាវជ្រាវរៀបចំឯកសារ រូបថត សម្ភារៈ និង​រកអោយបាននូវតឹកតាំងនានា សំរាប់ប្រវត្តិសាស្ត្រយោធានៅខេត្តកោះកុងនេះ។

     បន្ទាប់មក ឯកឧត្តម ណឹម សុវត្ថិ ព្រមទាំងក្រុមការងារប្រវត្តសាស្រ្តយោធាទាំងអស់​ ក៏បានអញ្ជើញទៅ ពិនិត្យ​មើល​ទីតាំង​មួយ​កន្លែង​នៅលើចំនុច ១៩៩ សំរាប់រៀបចំធ្វើជាទីតាំងប្រវត្តិសាស្ត្រយោធារបស់តំបន់ប្រតិបត្តិការ​សឹក​រ​ងខេត្ត​កោះកុង ​ដែលបច្ចុប្បន្ននេះ ផ្នែកសឹករងមណ្ឌលសីម៉ា បានបោះទីតាំងឈរជើងនៅទី​នោះ​ ក្នុងការបំពេញភារកិច្ចការពារអធិបតេយ្យ បូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ។ តាមរយៈការចុះពិនិត្យទីតាំងប្រវត្តិសាស្ត្រយោធានៅចំណុច ១៩៩ នោះឯកឧត្តម ប្រធានក្រុមការងារ បានណែនាំដល់ក្រុមការ​ងារ​ប្រវត្តិសាស្ត្រយោធាតំបន់ប្រតិបត្តិការសឹករងខេត្តកោះកុងអោយបន្តរៀបចំកែលំអរទីធ្លា អោយបានទូលាយ និង មានសោភ័ណភាពល្អ ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម បានជំរុញដល់នាយទាហាន នាយ​ទាហាន​រង​ និង ពលទាហានផ្នែកសឹករងមណ្ឌលសីម៉ា ទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ក្នុងការបំពេញភារកិច្ចការ​ពារ​បូរភាព​​ទឹកដី និង ការពារសន្តិសុខសណ្តប់ធ្នាប់សង្គមជូនប្រជាលរដ្ឋរស់នៅ អោយបានល្អប្រសើរ និង ត្រូវ​យក​ចិត្ត​ទុក​ដាក់ថែទាំសុខភាព ចូលរួមទប់ស្កាត់ និង​បង្ការជំងឺកូវីដ ១៩ ស្របតាមការណែនាំរបស់ក្រសួងសុខា​ភិបាល​បាន​ដាក់​ចុះ ៕​

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ