ព័ត៌មាន

កិច្ច​ប្រជុំ​មន្ត្រី​ជាន់​ខ្ព​ស់ការ​ពារ​ជាតិ​អាស៊ាន​តាម​រយៈ​វីដេអូ​ខន់​ហ្វ្រែន​
នាយកដ្ឋានព័ត៌មាន(៣)
89
1579 កិច្ច​ប្រជុំ​មន្ត្រី​ជាន់​ខ្ព​ស់ការ​ពារ​ជាតិ​អាស៊ាន​តាម​រយៈ​វីដេអូ​ខន់​ហ្វ្រែន​

     កិច្ចប្រជុំមន្ត្រី​ជាន់ខ្ពស់ការពារ​ជាតិ​អាស៊ាន ​អ៊ែតសុំ ( ADSOM )តាម​រយៈ​វីដេអូខន់ហ្វ្រែន​ ត្រូវបានប្រារព្ធ​ធ្វើនៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ​២០២០ ដែលកិច្ចប្រជុំនេះ ត្រូវបានដឹកនាំកិច្ច​ប្រជុំ​ដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សា​ពិសេស​ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ​និងជា​អគ្គនាយក​ អគ្គនាយក​ដ្ឋាននយោបាយ និងកិច្ចការ​បរទេស​ក្រសួង​ការពារ​ជាតិ​ និង​ជាប្រធាន​អ៊ែតសុំ ​( ADSOM )។ កិច្ចប្រជុំមន្ត្រីជាន់​ខ្ពស់​ការពារ​ជាតិអា​ស៊ាន​ តាមវីដេអូខន់ហ្វ្រែន ត្រូវបានដឹកនាំកិច្ចប្រជុំដោយ ប្រទេស​​វៀត​ណាម​ជាម្ចាស់​ផ្ទះ ​និង​ជាប្រធានកិច្ច​ប្រជុំអាស៊ាន​ក្នុងឆ្នាំ​២០២០នេះ។ ​កិច្ចប្រជុំមន្ត្រី​ជាន់ខ្ពស់​ការ​ពារ​ជាតិ​អាស៊ាន​ នា​ពេល​នេះ​ បានប្រព្រឹត្តទៅ​តាម​របៀប​វារៈ​របស់​ខ្លួន ដោយបានផ្តោត​សំខាន់​ទៅ​លើ​ការ​ប្រយុទ្ធ​ប្រឆាំងជំងឺកូវីដ១៩ ដែល​ជំងឺនេះ​ បានកំពុងឆ្លងរីករាល​ដាល​ នៅប្រទេសក្នុងតំបន់ និងលើពិភព​លោក​។

      ថ្លែងបើកកិច្ច​ប្រជុំមន្ត្រីជាន់ខ្ពស់​ការពារជាតិអាស៊ាន ឯកឧត្តម ឧត្តមសេនីយ៍ឯក ង្វៀន ជីវីញ អនុរដ្ឋមន្ត្រីការ​ពារ​ប្រទេស​វៀត​ណាម​ បានលើកឡើង​ពីការប្រឈមមុខ​ជាសាកលទៅនឹងជំងឺកូវីដ១៩ ដែលបណ្តាប្រទេសអាស៊ាន​កំពុង​ជួបប្រទះ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩នេះ។ ឯកឧត្តម ក៏បានសំដែងការសោកស្តាយចំពោះ​ការ​បាត់ប​ង់​អាយុ​ជីវិត​របស់ប្រជាពលរដ្ឋ ក្នុងបណ្តាប្រទេស​អាស៊ាន​ ដោយសារជំងឺ កូវីដ ១៩។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ង្វៀន ជីវីញ ក៏បានថ្លែងអំណរគុណ​ដល់​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​ ដែល​បាន​ធ្វើកិច្ចសហប្រតិបត្តិការ​គ្នា​ រួមគ្នាប្រយុទ្ធ និង​ទប់ស្កាត់ជំងឺកូវីដ ១៩ នេះ។

       នៅក្នុងកិច្ចប្រជុំ​មន្ត្រី​ជាន់ខ្ពស់ការពារជាតិអាស៊ាន តាមរយៈវីដេអូខន់ហ្វ្រែននាពេលនេះ កិច្ចប្រជុំក៍បានធ្វើការ​ផ្លាស់​ប្តូរទស្សនៈគ្នាទៅវិញទៅមក បានផ្តោតទៅលើបញ្ហាសន្តិសុខក្នុងតំបន់ និង អន្តរជាតិក្នុង បរិបទ នៃ​ការ​ឆ្លង​រីករាលដាលនៃជំងឺកូវីដ ១៩ និង ក្រោយជំងឺកូវីដ ១៩ ព្រមទាំងកិច្ចសហប្រតិបត្តិការ​លើ​វិស័យការ​ពារ​ជា​តិ។

       ថ្លែងនៅក្នុង​កិច្ចប្រជុំមន្ត្រីជាន់​ខ្ព​ស់​ការ​ពារ​ជាតិ​អាស៊ាន​ នាឱកាសនោះ ឯកឧត្តម ​​​​​​ ណឹម សុវត្ថិ បានចូលរួម​សំ​ដែង​នូវ​ការរំលែកទុក្ខ​ជា​មួយ​រដ្ឋាភិបាល និងប្រជាជន នៃរដ្ឋជាសមាជិកអាស៊ាន ដែលបានបាត់បង់ជីវិតដោយ​សារជំងឺកូវីដ១៩ ក្នុងពេលកន្លងមក។ ឯកឧត្តម ណឹម សុវត្ថិ បានបញ្ជាក់ថា៖ នៅពេលដែល ជំងឺកូវីដ ១៩ បានឆ្លងរីក​រាល​ដាល​យ៉ាង​ឆាប់​រហ័ស​ នៅ​ពាសពេញពិភពលោក បានធ្វើឲ្យប៉ះពាល់ដល់ដំណើរការអភិវឌ្ឍន៍ និង ការ​រីក​ចំរើន​របស់បណ្ដាប្រទេសអាស៊ាន មិនត្រឹមតែផ្នែកវិស័យសុខាភិបាលប៉ុណ្ណោះទេ តែជំងឺកូវិដ ១៩ បានធ្វើអោយ​ប៉ះ​ពាល់​ដល់​វិស័យ​ផ្សេងៗទៀតដូចជា វិស័យទេសចរណ៍ ពាណិជ្ជកម្ម ហិរញ្ញវត្ថុ ឧស្សាហកម្ម ជាពិសេសវិស័យសន្តិសុខ និង ជីវភាពរស់នៅរបស់ប្រជាជនអាស៊ានទាំងមូល។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ក៏បានជម្រាប​ជូន​អំពី​ស្ថានភាព​នៃជំងឺកូវីដ១៩ នៅកម្ពុជា ដែលក្នុងនោះនៅកម្ពុជាមានអ្នកឆ្លងជំងឺវីដ​ ១៩ ចំនួន ១២២ ករណី ​និងបានជាសះស្បើយ ចំនួន ១២១ នាក់ និង គ្មានអ្នកស្លាប់ ដោយជំងឺកូវីដ ១៩​ នេះទេ។ ឯកឧត្តម បានជំរាបជូន កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ការពារជាតិអាស៊ាន អ៊ែតសុំ ថា៖ ក្រសួងការពារជាតិកម្ពុជា បានចូលរួមក្នុងយុទ្ធនាការប្រយុទ្ធ ប្រឆាំងជំងឺវីដ​ ១៩ ដោយបានធ្វើការបណ្តុះបណ្តាលដល់គ្រូបង្គោល និងក្រុមសុខាភិបាលនៅក្នុងការការពារ ប្រយុទ្ធប្រឆាំងជំងឺជំងឺវីដ​ ១៩ និងបង្កើនសមត្ថភាពផ្នែកមន្ទីរពិសោធ នៅមន្ទីរពេទ្យព្រះកេតុ​មាលា ​និង​អនុវត្តការដាក់ឲ្យនៅដាច់ដោយឡែក រយៈពេលចំនួន ១៤ ថ្ងៃ ចំពោះអ្នកដែលវិលត្រលប់មកពីបំពេញ​បេសកកម្មនៅក្រៅប្រទេស។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ប្រធានអ៊ែដសុំ ក៏បានថ្លែងអំណរគុណ​​ដល់​ក្រសួង​ការពា​រប្រទេស​ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានផ្ដល់នូវសម្ភារៈ បរិក្ខាពេទ្យសំរាប់​ចូលរួមទប់ស្កាត់ និង បង្ការជំងឺវីដ ១៩ នៅកម្ពុជាផងដែរ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ