ព័ត៌មាន

ឧត្តមសេនីយ៍ឯក មុន្នី ហោរ៉ាត់ អញ្ជើញ​ពិធី​បិ​ទ​​វគ្គ​ហ្វឹក​ហ្វឺន​បំប៉នជំនាញបំភ័ន្តអក្ខរៈ
នាយកដ្ឋានព័ត៌មាន(៣)
41
1552 ឧត្តមសេនីយ៍ឯក មុន្នី ហោរ៉ាត់ អញ្ជើញ​ពិធី​បិ​ទ​​វគ្គ​ហ្វឹក​ហ្វឺន​បំប៉នជំនាញបំភ័ន្តអក្ខរៈ

     បន្ទាប់​​ពី​​បា​ន​ដំណើរ​​ការ​បើក​វគ្គ​ហ្វឹក​ហ្វឺ​​នអស់រយៈពេល ១១៣ថ្ងៃ វគ្គហ្វឹក​ហ្វឺន​បំប៉នជំនាញបំភ័ន្តអក្ខរៈ​ ត្រូវបាន​សាលា​ហ្វឹក​ហ្វឺន​ជំនាញ​បំភ័ន្ត​អក្ខរៈស្វាយរលំ​ ប្រារព្ធពិធី​បិទ​កាល​នៅ​ព្រឹក​ថ្ងៃទី​២៤ ​ខែមេ​សា ​ឆ្នាំ​២០២០ នេះ ក្រោម​អធិបតី​ភាព​ ឯកឧត្តម ឧត្តមសេនីយ៍ឯក មុន្នី ហោរ៉ាត់ នាយ​រង​សេនា​ធិកា​រ​ចំរុះ ​និង​ជា​នាយក​ទីចាត់​ការ​បំភ័ន្ត​អក្ខរៈ​អគ្គបញ្ជាការ​។ 

     ក្នុងរបាយការណ៍​បូក​សរុបលទ្ធផល​បញ្ចប់​វគ្គ ដែល​អាន​ដោយ​នាយក​សាលាបំ​ភ័ន្តអក្ខរៈ​បាន​គូសប​ញ្ជាក់ថា៖  ដោយអនុវត្តតាមបទបញ្ជា ហ្វឹកហ្វឺន របស់អគ្គមេបញ្ជាការ និងសេចក្តីត្រូវការចាំបាច់​របស់​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ សាលាហ្វឹកហ្វឺនជំនាញបំភ័ន្តអក្ខរៈ បានដំណើរការបើកវគ្គ​ហ្វឹក​ហ្វឺន​បំប៉ន​ជំនាញ​បំភ័ន្តអក្ខរៈជំនាន់ទី​ ​២ ​សម្រាប់​ឆ្នាំ​២០១៩​មួយ​វគ្គ​ ដែល​មាន​សិក្ខាកាមជានាយ​ទាហាន​ជំនាញ​បំភ័ន្តអក្ខ​រៈម​ក​ពី​គ្រប់​បណ្ដា​កង​ឯក​ភាព​ទូទាំង​កង​យោធពលខេមរភូមិន្ទ​ ចូលហ្វឹកហ្វឺន​រៀន​សូត្រចំនួន ៥៦នាក់ ក្នុងនោះមានយោធាចារ្យ ១០នាក់ គណៈ​គ្រប់គ្រង ៥ នាក់ និងអ្នកបម្រើការ ៨ នាក់ផងដែរ។ វគ្គហ្វឹកហ្វឺន​នេះ​មាន​រយៈពេល​សិក្សារៀនសូត្រ​ចំនួន​ ១១៣ថ្ងៃ លើខ្លឹមសារមេរៀន វិធីសាស្រ្តបង្រៀន.លំហាត់របៀបលើទីលាន ទ្រឹស្ដី​ និងការអនុវត្តជាក់ស្ដែង​នៅ​ក្នុង​ថ្នាក់​ លំហាត់របៀប ច្បាប់លក្ខន្តិកៈ និង​បទ​វិន័យទូទៅរបស់កងយោធពលខេមរភូមិន្ទ ​អប់រំ​ចិត្តសាស្ត្រ ហ្វឹក​ហ្វឺន​មុខជំនាញទ្រឹស្ដី និង​ការអនុវត្តជំនាញជាក់​ស្ដែង​។ ក្រោយបញ្ចប់វគ្គ សិក្ខាកាមទាំង ៥៦​នាក់ ​ទទួល​បាន​និទ្ទេសល្អ​ណាស់ ២នាក់ និទ្ទេសល្អចំនួន ១០នាក់ និទ្ទេស​ល្អ​បង្គួរចំនួន ៣៦ នាក់ និង​និទ្ទេសមធ្យមចំនួន ៨ នាក់។ សូមបញ្ជាក់​ថា៖ ​ដោយសារនៅកម្ពុជា ក៏ដូចជាបណ្តាប្រទេសនៅទូទាំងពិភពលោក មានឆ្លងជម្ងឺ កូវីត ១៩ ធ្វើ​ឱ្យ​វគ្គសិក្សាជំនាញ​បំភ័ន្ត​អក្ខរៈជំនាន់ទី ២ នេះ ត្រូវបានអូសបន្លាយពេលវេលារហូតមកដល់ថ្ងៃនេះ​ទើបបញ្ចប់​។ 

      ​ថ្លែងក្នុង​ពិធីបិទ​វគ្គ​ ឯកឧត្តម មុន្នី ហោរ៉ាត់ ជំនួសមុខឱ្យថ្នាក់ដឹកនាំ​ក្រសួង​ការពារជាតិ ​អគ្គមេបញ្ជាការនៃ​កង​យោធពល​ខេមរ​ភូមិន្ទ​ បាន​កោត​សរសើ​រ និង​វាយ​តម្លៃ​ខ្ព​ស់ ចំពោះ​ស្មារតីខិតខំប្រឹងប្រែង របស់ថ្នាក់ដឹក​នាំ ​យោធា​ចារ្យ បុគ្គលិកបម្រើការ របស់សាលា បើទោះបី​ការហ្វឹកហ្វឺនជំនាញ​នេះ​ ស្ថិត​ក្នុ​ង​កាលៈទេសៈដែល​ប្រទេស​ជាតិ​ និង​ពិភព​លោក​ទាំ​ងមូល​កំពុង​ទទួលរង​នូវ​ការ​រីករាល​ដាល​ នៃជំងឺឆ្លង កូវីត ១៩ យ៉ាងណាក៏​ដោយ​ ក៏​នាយ​ទាហាន​ យោធាចារ្យ បានពុះពារខិតខំរិះរក​គ្រប់​វិធាន​ការ​ ការពារ​ និ​ងទប់ស្កាត់ នៅជំងឺ កូវីត ១៩​នេះ ​មិនឱ្យមាន​កើត​ឡើង ​នៅក្នុងសាលា និង​ដល់សិក្ខាកាម ដែលកំពុងរៀនសូត្រ រហូតជំរុញឱ្យវគ្គហ្វឹកហ្វឺនមួយនេះ បានបញ្ចប់ប្រកបដោយលទ្ធផលជោគជ័យ។ ឯកឧត្តម មុន្នី ហោរ៉ាត់ ក៏បានរំលឹក​ដល់​គណៈគ្រប់គ្រងសាលា ​យោធាចារ្យ ពិសេសសិក្ខាកាមទាំងអស់ ​ត្រូវគោរពអោយ​បាន​តាម​ការណែនាំ​របស់​ក្រសួង​ សុខាភិបាល ក្នុង​ការ​ថែទាំសុខភាព លើវិធានការនៃការចូលរួម ការពារ និងទប់ស្កាត់ជំងឺឆ្លង កូវីត១៩នេះ ចាប់ពីខ្លួនយើង និងក្រុមគ្រួសារ ឡើងទៅ ដោយកុំធ្វេសប្រហែសឲ្យសោះ បើទោះអស់លោក បានបញ្ចប់វគ្គហើយវិលទៅអង្គភាពរបស់ខ្លួនវិញ ក៏ត្រូវដាក់ខ្លួននៅអោយឆ្ងាយ ពីក្រុមគ្រួសារ និងយុទ្ធមិត្ត នៅក្នុងអង្គភាពរបស់ខ្លួន ពេលដែលយើងចាកចេញពីសាលានេះ ទៅដល់ផ្ទះ ឬក៏កងឯកភាពរបស់ខ្លួនយើង ហើយបន្តធ្វើអនាម័យដោយខ្លួនឯង ដូច​ដែល​ការរស់នៅរៀនសូត្រក្នុងសាលា តាមពាក្យស្លោក រស់នៅស្អាត ហូបចុកស្អាត មាន អនាម័យខ្ពស់ ដើម្បីការពារ​ជីវិត​អ្នក​ ឲ្យរួចផុតពីជំងឺដង្កាត់ផ្សេងៗ។ ​ជាមួយគ្នា​នេះដែ​រ ​ក្រោយ​ពេលបញ្ចប់វគ្គវិលទៅបំពេញការងារនៅ​តាម​អង្គភាព ​អស់​លោក​ ក៍ត្រូវយកនូវ​ជំនាញដែល​ខ្លួន​បាន​រៀន​សូត្រ​ នៅក្នុងសាលាទៅបម្រើឲ្យផលប្រយោជន៍​រប​ស់អង្គភាព​ និង​ក​ងយោធពល​ខេមរ​ភូមិន្ទ​ ហើ​យត្រូវ​ខិតខំសិក្សារៀនសូត្រ ស្រាវជ្រាវបន្ថែម នៅអ្វីដែលថ្មី ទំនើប ទាន់សម័យ ដើម្បីបង្កើនចំណេះដឹងបន្ថែមទៀត សម្រាប់ភាពរីកចម្រើននៃជំនាញបំភ័ន្តអក្ខរៈនេះ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ