ព័ត៌មាន

នាយ​ឧត្តមសេនីយ៍ ឥត សារ៉ាត់ អញ្ជើញចុះទៅពិនិត្យមើល​ការ​រៀប​ចំ ​កសាង​សាលា​ហ្វឹកហ្វឺន​ជំនាញ​បើក​បរ​រថយន្ត​ធុនធ្ងន់​យោធា ​នៅទីតាំងថ្មី ស្រុក​បា​​ភ្នំ​​ ខេត្ត​ព្រៃវែ​
នាយកដ្ឋានព័ត៌មាន(៣)
41
1551 នាយ​ឧត្តមសេនីយ៍ ឥត សារ៉ាត់ អញ្ជើញចុះទៅពិនិត្យមើល​ការ​រៀប​ចំ ​កសាង​សាលា​ហ្វឹកហ្វឺន​ជំនាញ​បើក​បរ​រថយន្ត​ធុនធ្ងន់​យោធា ​នៅទីតាំងថ្មី ស្រុក​បា​​ភ្នំ​​ ខេត្ត​ព្រៃវែ​

     កាលពីព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ ក្រោយ​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ ប្រកាស​ដាក់​កំហិត​ ហាម​មិ​នឲ្យពល​រដ្ឋ​ ធ្វើដំណើរ​ពី​ខេត្ត​មួយ ​ទៅខេត្តមួយ ពីរាជធានីទៅខេត្ត ពីខេត្តមក រាជធានី ក្នុងអំឡុង​ពិធី​បុណ្យ​ចូល​ឆ្នាំថ្មីប្រពៃណី​ខ្មែរ​ ចាប់​ពី​ថ្ងៃទី០៩ ​រហូត​ដល់​ថ្ងៃ​ទី​១៦ ​ខែ​មេសា ​ឆ្នាំ​២០២០ កន្លងមកថ្មីនេះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេ​បញ្ជាការ​រង​ នាយ​សេនាធិការ​ចម្រុះ នៃ​​​កងយោធពលខេមរភូមិន្ទ រួមជា​មួយ​ នាយឧត្តមសេនីយ៍ ម៉ក់ សារុន អគ្គមេបញ្ជាការ​រង​ នៃកងយោធពលខេមរភូមិន្ទ ដែលជា​អ្នកទទួលខុសត្រូវ​លើ​ការងារ​ចលនូប​ត្ថម្ភ​ របស់​អគ្គបញ្ជាការ ​បានដឹកនាំមន្ត្រី​យោធា​ជំនាញសុខាភិបាល ​សាលាហ្វឹក​ហ្វឺន​ និង​ជំនាញពាក់​ព័ន្ធ ក្នុងអគ្គបញ្ជាការ​ដ្ឋាន ​ចុះទៅពិនិត្យមើល​ការ​រៀប​ចំ ​កសាង​សាលា​ហ្វឹកហ្វឺន​ជំនាញ​បើក​បរ​រថយន្ត​ធុនធ្ងន់​យោធា ​នៅទីតាំងថ្មី នឹងក៍ពិនិត្យ​មើល​ផង​ដែរ​អំពី​ជីវភាព​រស់​នៅ ​និង​ពី​ចំណាត់​ការ​នានា ​លើវិធានការ ស្តីពីការ ការពារ និង​ទប់ស្កាត់ជំងឺឆ្លងកូវីត១៩ សម្រាប់​បងប្អូននាយ ពលទាហាន យោធាចារ្យ បុគ្គលិកបម្រើការ ដែល​កំពង់ស្នាក់នៅ ដើម្បីហ្វឹកហ្វឺន រៀនសូត្រ នូវក្បួនច្បាប់យុទ្ធវិធី និងជំនាញបើកបររថយន្តធុនធ្ងន់​ របស់​កង​យោធ​ពល​ខេមរ​មិន្ទ​ នៅ​ក្នុង​សាលាហ្វឹកហ្វឺន​ជំនាញ​បើក​បរ​នេះ ​ដែល​មាន​ទីតាំងនៅក្នុងភូមិសាស្ត្រ ភូមិជើង​ភ្នំ​ ឃុំរោង​ដំរី​ ស្រុកបា​ភ្នំ​ ខេត្ត​ព្រៃវែង ​ដែល​ជា​អតីត​ឃ្លាំង​សម្ភារៈបច្ចេកទេស​យោធា ​K89 ភ្នំឈើកាច់។

     នៅឯសាលាហ្វឹកហ្វឺនថ្មី​ ជំនាញបើកបររថយន្តធុនធ្ងន់​របស់​ទីចាត់​ការ​ចលនូប្បត្ថម្ភ​អគ្គបញ្ជាការ​ ដោយអនុវត្ត​តាម​ប​ទបញ្ជា​ សារាចរ​ណែនាំ​របស់​ប្រមុខរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ក្រសួងការពារជាតិ និងអគ្គមេ​បញ្ជាការ​ នៃ​កងយោធពល​ខេមរ​ភូមិន្ទ គណៈគ្រប់គ្រង​សាលានៅទីនោះ មានការយកចិត្តទុកដាក់ខ្ពស់ លើការ​ថែរក្សាសុខភាព ជូនកងទ័ព ដោយស្ថិតក្នុងភាពរស់នៅស្អាត មានអនាម័យខ្ពស់ និងបទបញ្ជាជាក់លាក់ ដោយមិនអនុញ្ញាតឲ្យ នាយ ពលទាហាន យោធាចារ្យ បុគ្គលិក​បម្រើការ របស់សាលា ណាម្នាក់ ចេញក្រៅបន្ទាយ ​ដោយពុំមានបទបញ្ជា មានការគ្រប់គ្រងតឹងរឹង ចំពោះបុគ្គលណា​ដែល​អនុវត្តផ្ទុយពីបទបញ្ជា និងសារាចរ​ណែនាំ​ របស់​រាជរដ្ឋាភិបាល ​ក្រសួងសុខា​ភិបាល​ និង​មេ​បញ្ជាការអង្គភាព នឹងត្រូវដាក់ឲ្យនៅដាច់ដោយ​ឡែក​រយៈ​ពេល ​១៤ថ្ងៃ តាមការកំណត់។

ឯកឧត្តម​ ឧត្ត​ម​សេនីយ៍​ឯ​ក ណេប​ សន ​នាយ​រង​សេនាធិការ​ចំរុះ ​និង​ជា​នាយក​ទីចាត់​ការ​ចលនូប្បត្ថម្ភ​ អគ្គបញ្ជាការ


    ក្នុងឱកាសចុះត្រួតពិនិត្យពីវិធានការ ការពារ និងទប់ស្កាត់ជំងឺឆ្លងកូវិត Covid 19 និងពិនិត្យមើលការ​រៀប​ចំ​កសាងសាលាហ្វឹកហ្វឺនជំនាញ​បើកប​ររថយន្ត​យោធា ​របស់ថ្នាក់ដឹកនាំ​អគ្គមេបញ្ជាការ​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ នាពេលនោះ មេបញ្ជាការ និងនាយកស្ថាប័ន អង្គភាពសាលា​ហ្វឹកហ្វឺនជំនាញ​បើក​បរ​រថយន្ត​ធុន​ធ្ងន់ ​និង​ឯកឧត្តម​ ឧត្ត​ម​សេនីយ៍​ឯ​ក ណេប​ សន ​នាយ​រង​សេនាធិការ​ចំរុះ ​និង​ជា​នាយក​ទីចាត់​ការ​ចលនូប្បត្ថម្ភ​ អគ្គបញ្ជាការ បានរាយការណ៍ឲ្យដឹងថា៖ នៅទីនេះយើង​បាន​អនុវត្តយ៉ាងខ្ជាប់ខ្ជួន ទៅតាមការ​ណែ​នាំរបស់​ក្រសួង​សុខាភិបាល ​ពិសេស​ជំនាញសុ​ខាភិបាល របស់កងយោធ​ពលខេមរ​ភូមិន្ទ ​ក្នុង​ការ​អប់រំ ណែនាំ​ដល់​នាយ ពលទាហាន ជាយោធាចារ្យ អ្នកបម្រើការ ដែលកំពុងបំពេញការងារ​នៅ​ក្នុង​សាលាទីតាំងថ្មីនេះ ​ឱ្យ​មានការភ្ញាក់រលឹកយល់ដឹង ពីវិធីថែរក្សាសុខភាពជាប្រចាំ តាមរយៈការរស់នៅស្អាត ហូបចុកស្អាត មានអនាម័យខ្ពស់ ក្នុងការរស់នៅ ចេញចូលបម្រើការងារ នៅក្នុងសាលា ដោយត្រូវប្រកាន់ខ្ជាប់ វិធានការការពារ ដោយត្រូវ ពាក់ម៉ាស់ ឬមានក្រម៉ាបិទមុខ ជាប្រចាំ សម្អាតដៃជើង ខ្លួនប្រាណ ដោយលាងដៃ ងូតទឹកដុះនឹងសាប៊ូ ​ឬអាកុល ជែល សម្លាប់មេរោគ ឱ្យបានញឹកញាប់ មុនចូលបំពេញការងារ។ ទទួលទានអាហារ ​សំលៀកបំពាក់​ត្រូវ​បោក​គក់​រៀប​ចំ​ឱ្យ​បាន​រាល់​ថ្ងៃ​ ហើយ​ពេលបំពេញការងារទៀតសោត ​ត្រូវមាន​គម្លាតពីគ្នា​ ពីមួយម៉ែត្រ​កន្លះ​ ទៅ​​២ម៉ែត្រ​, ត្រូវឆ្លងកាត់​ការ​ពិនិត្យវាស់ស្ទុងកំដៅ និង​ឆ្លងកាត់ឧបករណ៍​បាញ់ថ្នាំសម្លាប់មេ​រោគ​លើ​​រាង​កាយ​ សំលៀកបំពាក់ វត្ថុសម្រាប់ប្រើប្រាស់ ពីសំណាក់​គ្រូពេទ្យ​ប្រចាំសាលា​ជាមុន មុននឹងអនុញ្ញាតឲ្យចូលធ្វើការ ការប្រាស្រ័យទាក់ទងការងារ និងចូលរៀនសូត្រ។ ឧត្តមសេនីយ៍ឯក ណេប សន ក៏បានឱ្យដឹងដែរផងដែរ​ថា​៖ សាលាហ្វឹកហ្វឺនជំនាញ​បើកបរ​រថយន្ត​ធុនធ្ងន់ របស់អគ្គបញ្ជាការ ទើបតែមកតាំងទីបញ្ជាការសាលារបស់​ខ្លួនថ្មី​ នៅ​តំបន់ភ្នំឈើកាច់ ក្នុងស្រុកបាភ្នំ ខេត្តព្រៃវែង ដែលមួយផ្នែកជាអតីតឃ្លាំងសម្ភារៈបច្ចេកទេសយោធាK89 ​នេះក្នុងអំឡុងឆ្នាំ២០១៩ ទៅតាមបទបញ្ជារបស់អគ្គមេបញ្ជាការ ដោយបានផ្លាស់ប្ដូរចេញពីទីតាំងចាស់ នៅតំបន់ក្តាន់រយ ក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ទីតាំងថ្មីនេះ មានទំហំផ្ទៃដីប្រមាណ ៨៣,៧១១​ហិច​តា ​ជា​តំបន់ភ្នំ សំបូរទៅដោយថ្ម មានអាគារចាស់ទ្រុឌទ្រោមស្រាប់ចំនួន ២ ខ្នង ហើយយើងកំពុងកសាងអាគារ ទី​បញ្ជាការ អាគារស្នាក់នៅ សម្រាប់យោធាចារ្យ និង​បុគ្គលិកបំរើការបន្ថែម​ទៀត​ចំនួន ​២អាគារ ដែលជាអំណោយ​របស់​សម្ដេច​តេជោ ​នាយករដ្ឋមន្ត្រី ដែលបានផ្ដល់ឱ្យតាមរយៈ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ផ្ទះមេបញ្ជាការ​រង​ និងជាមេបញ្ជាការកង​ទ័ព​ជើង​គោក​ នឹងបន្តច្នៃប្រឌិ​ត​កសាង​នៅ​ទីចាត់ការ​ អាគារស្នាក់​នៅ ​ផ្ទះបាយ ​បង្គន់​អានាម័យ​ កសាង​ប្រព័ន្ធស្តុកទឹក ប្រព័ន្ធផ្លូវ ស្លាកសញ្ញា រួមទាំងការដាំដើមឈើឡើងវិញ ដើម្បីសោភណ្ឌភាព​ទីតាំង​ថ្មី​នេះ​ ឱ្យក្លាយជាតំបន់ប៉ៃតង។ ឯកឧត្តម ណេប សន ក៏បានសំណើ​ដល់​នាយ​ឧត្តម​សេនីយ៍ ​ អគ្គ​មេ​បញ្ជាការ​រង​ នាយ​សេនា​ធិការចម្រុះ ក្នុងការ​ផ្ត​ល់​នៅសម្ភារៈ និងការគាំទ្រ​លើ​ការ​ងារ​សាង​ស​ង់ជំរុំជំរកស្នាក់​នៅ​បន្ថែម​ សម្រា​ប់សាលា ​បើទោះក្នុងពេលនេះ សាលាពុំទាន់មានសិស្សចូលមកហ្វឹកហ្វឺន ក៏ពិតមែន ប៉ុន្តែសាលា​ចាំបាច់​ត្រូវតែកសាង​នៅ​អាគារស្នាក់​នៅ​សម្រាប់​សិស្ស​ យោធាចារ្យ​ និងអ្នកបម្រើការ បន្ថែមទៀត ទៅ​តាម​ការ​ចាំបាច់របស់សាលា ​និង​រថយន្តធុនធ្ងន់​សម្រាប់​បម្រើឲ្យការរៀនសូត្របើកបរ​ របស់សិក្ខាកាមនាពេលអនាគត។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេ​បញ្ជាការ​រង​ នាយ​សេនាធិការ​ចម្រុះ នៃ​​​កងយោធពលខេមរភូមិន្ទ 


       ក្នុងឱកាសចុះពិនិត្យមើលទីតាំងថ្មី ព្រមទាំងពិនិត្យមើលពីជីវភាពរស់នៅ និងវិធានការការពារ ទប់ស្កាត់នៃជំងឺឆ្លងកូវីត ១៩ នៅសាលាហ្វឹកហ្វឺនជំនាញបើកបររថយន្តធុនធ្ងន់យោធា នាពេលនោះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ជំនួសមុខឱ្យ​ប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ ក្រសួងសុខាភិបាល ពិសេស​សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ នៃកងយោធពល​ខេម​​រភូមិន្ទ ​បានលើកសរសើរចំពោះថ្នាក់ដឹកនាំ យោធាចារ្យ របស់សាលាបើកបរជំនាញរថយន្តធុនធ្ងន់​ នៃកងយោធពល​ខេមរភូមិន្ទ​ ថា​បាន​អនុវត្ត បានយ៉ាងត្រឹមត្រូវនូវវិធានការការពារ និងទប់ស្កាត់ជំងឺឆ្លងកូវីត ១៩ សម្រាប់នាយ ពលទាហាន យោធាចារ្យ អ្នកបម្រើការ ដែលកំពុងបំពេញការងារ​នៅក្នុង​សាលា​ របស់ខ្លួន​ដោយ​ការប្រុងប្រយ័ត្នខ្ពស់។ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានបញ្ជាក់ជូនដែរថា៖ វិធានការការពារ និង​ទប់​ស្កាត់​ជំងឺឆ្លងកូវីត១៩នេះ មិនមែនធ្វើតែត្រឹមក្នុងរយៈពេលនេះទេ គឺត្រូវអនុវត្តឲ្យបានជាប្រចាំ ​និង​ជារៀង​រហូតទៅ បើទោះណា នៅប្រទេសកម្ពុជាយើង ពុំមានការកើនឡើង​ នៃការរីករាលដាលជំងឺឆ្លង​កូវីត​១៩​នេះ ​ដូចបណ្ដាប្រទេសនៅ​ក្នុង​សហគមន៍​អាស៊ាន​ និង​នៅ​ក្នុង​ពិភព​លោក​ក៏​ដោយ ​ក៏​យើង​នៅ​តែប្រើ​វិធានការថែរក្សាសុខភាពនេះ ឲ្យបានជាប់ជាប្រចាំ នឹងរហូតទៅ ព្រោះជំងឺនេះយើងមិនអាចសន្និដ្ឋានដោយ​មាត់​នឹង​ភ្នែក​ទទេ​បាន​ទេ ​ហើយជំងឺនេះក៏​មិន​ទាន់​មាន​ថ្នាំព្យាបាល និងវាក់សាំងការពារនៅឡើយ​ ម្យ៉ាង​ទៀត​ វិធានការការពារនេះ​ វាមិនគ្រាន់តែការពារសម្រាប់ជំងឺឆ្លងកូវីត១៩ ប៉ុណ្ណោះទេ តែវាក៏អាចការពាររាងកាយយើងគ្រប់គ្នា ពីជំងឺដង្កាត់ផ្សេងៗ បានយ៉ាងមានប្រសិទ្ធភាពផងដែរ។ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានជំរុញឱ្យ​គណៈគ្រប់គ្រងសាលា ព្រមទាំងបាន​អំពាវ​នាវ​ដល់គ្រប់បណ្ដាអង្គភាពកងទ័ព ត្រូវមានវិធាន​ការការពារ​ និងទប់ស្កាត់ជំងឺឆ្លងកូវីត១៩ ឲ្យបានគ្រប់ៗអង្គភាព ហើយត្រូវត្រៀមបម្រុងជាចាំបាច់ នៅស្បៀងអាហារសម្រាប់ហូបចុក រយៈពេល​វែង ​ដល់​កង​ទ័ព​របស់​ខ្លួន ​តាម​រយៈ​ការ​ចូល​រួមពង្រីកការ​ដាំដុះនូវបន្លែបង្ការ ដំណាំគ្រប់ប្រភេទ ការចិញ្ចឹមសត្វ បន្ថែមពីលើគោលរបបដែលក្រសួងការពារជាតិបានផ្ដល់​ឱ្យ​។ ​ជាងនេះទៀត នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានរំលឹក​ដល់ថ្នាក់​ដឹក​នាំ​ទីចាត់​ការ​ចលនូប្បត្ថម្ភ ពិសេស​នាយក​សាលា​ ជំនាញ​បើកប​រ​រថយន្ត​ធុន​ធ្ងន់​យោធា ​នៅទី​នេះ​ ត្រូវថែរក្សាឱ្យបាន​គត់​ម​ត់ នៅទីតាំងរបស់​ខ្លួន អតីត​ឃ្លាំង​សម្ភារៈបច្ចេក​ទេសយោធាK89 ភ្នំឈើកាច់ ក្នុងស្រុកបាភ្នំ ខេត្តព្រៃវែងនេះ ឲ្យបានទាំងស្រុង ពិសេសត្រូវរៀបចំជាបង្គោលព្រំដី ឬរបងរឹងមាំ ទៅតាមប្លង់ នៃសច្ចាប័ន ស ជ ណ ដែលប្រមុខរាជរដ្ឋាភិបាល​ ក្រសួង​ការពា​រជាតិ​បាន​ផ្ដល់​ឱ្យ ៕   


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ