ព័ត៌មាន

សម្តេ​ច​ពិជ័យ​សេនា ​ទៀ បាញ់ ​អញ្ជើញ​​ចុះ​​ត្រួត​ពិនិត្យ​មើល​ការ​ងារ​របស់​មន្ទីរ​​ពេទ្រ​ព្រះ​កេតុ​មា​លា
នាយកដ្ឋានព័ត៌មាន(៣)
45
1550 សម្តេ​ច​ពិជ័យ​សេនា ​ទៀ បាញ់ ​អញ្ជើញ​​ចុះ​​ត្រួត​ពិនិត្យ​មើល​ការ​ងារ​របស់​មន្ទីរ​ព្រះ​កេតុ​មា​លា

    កាលពីរសៀលថ្ងៃទី២៣ ខែមេសា ឆ្នំា២០២០​កន្ល​ង​ទៅ​នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី  រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បានអញ្ជើញ​ចុះត្រួតពិនិត្យនូវ​ការ​ងារ​ប្រុងប្រៀបរៀបចំ​អគារ​ សំរាប់​សម្រាក​ព្យាបាល​ នៅ​មន្ទីរពេទ្យព្រះកេតុមាលា ក្នុង​ករណីមាន​អ្នកជម្ងឺកូវីដ ​១៩ ​ក្នុង​ពេល​ដែល​បច្ចុប្បន្ន​នេះ ​ជំងឺ​កូវីត ១៩ ​បាន​កំពុង​រាត​ត្បាត​នៅ​លើ​ពិភ​ពលោក ​និង​នៅ​កម្ពុជា​ផង​ដែរ​។​

    ឯ.ឧ ឧត្តមសេនីយ៍ឯក វេជ្ជបណ្ឌិត លី សុវណ្ណ ប្រធានមន្ទីរពេទ្យព្រះកេតុមាលា បានមានប្រសាសន៍​ថា៖ ដោយ​បាន​ការ​សហការ​ពី​សំណាក់វេជ្ជបណ្ឌិត និងជំនួយសម្ភារៈ នៃកងទ័ពរំដោះប្រជាជនចិន, មន្ទីរពេទ្យបានត្រៀម​លក្ខណៈ​ជា​ស្រេច​ក្នុង​ការ​ទប់​ទល់​នឹង​ជម្ងឺកូវីដ១៩។ ក្នុងរយៈពេល ១ខែកន្លមកនេះ ក្រុមសាស្ត្រាចារ្យ វេជ្ជបណ្ឌិត​ចិន​ទាំ​ង៤រូប បានដឹកនាំការងារបច្ចេកទេស ក្នុងនោះបានជួយបង្ហាត់​បង្រៀន​ដល់​ក្រុម​គ្រូពេទ្យ នៅទូទាំង ​ខ.ភ.ម មានចំនួន ៩៦នាក់ អំពីការសម្លាប់មេរោគ បច្ចេកទេសរកមេរោគ និងការការពារ ការរាតត្បាត នៃមេរោគកូវីដ១៩។ ជាមួយគ្នានេះ ក្រុមគ្រូពេទ្យកងទ័ពរំដោះប្រជាជនចិន បានចុះទៅយោធភូមិភាគទី៤ មាន​ចំនួន​២​លើក ​ក្នុងនោះរួមមាន មន្ទីរពេទ្យយោធភូមិភាគទី៤ ហើយក្រោយនេះ​បា​ន​ចុះទៅដល់តំបន់ប្រតិបត្តិ​ការ​សឹក​រ​ង ខេត្តឧត្តរមានជ័យ និង​បានយកសំណាក​នៅយោ​ធ​ភូមិ​ភាគ​ទី៤​ មាន​ចំនួន ​១៦៨នាក់ និង​នៅ​តំបន់​ប្រតិបត្តិការសឹករង ចំនួន ១៧២នាក់ សរុបមានចំនួន ៣៤០នាក់ ហើយបានយកសំណាក់ទាំងអស់នេះ មកពិនិត្យនៅម៉ាស៊ីនបន្ទប់ពិសោធន៍ នៃមន្ទីរពេទ្យព្រះកេតុមាលា។ ហើយជាមោទនភាព សំណាក​កង​​ទ័ពទាំង ៣៤០នាក់ ពុំមានវេជ្ជមាន​នៃ​ជម្ងឺកូវីដ១៩ ក្នុង១ករណីណានោះទេ។ ឯ.ឧ លី សុវណ្ណ បានបន្តថា៖ នៅ​ថ្ងៃ​ទី​២៥ ​ខែមេសាខាងមុខនេះ មន្ទីរពេទ្យព្រះកេតុមាលា នឹងពិនិត្យវិភាគនៅលើសំណាក ខ.ភ.ម ចំនួន ២​ម៉ឺនសំ​ណាក​ ដែលកិច្ចការ​នេះ​នឹង​ធ្វើឲ្យក្រុមគ្រូពេទ្យ ពិសេស​នៃ​បន្ទ​ប់ពិសោធន៍ កាន់តែទទួលបាននូវចំណេះជំនាញ​ច្បាស់​លាស់​ថែមទៀត លើការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩ និងជម្ងឺឆ្លងដទៃទៀត​។​

    លោកវរសេនីយ៍ឯក វេជ្ជ. ជាង ជែ ហ្វូ (Jiang Jia fu) ប្រធានក្រុមគ្រូពេទ្យប្រយុទ្ធប្រឆាំងកូវីដ១៩ នៃកងទ័ពរំដោះ​ប្រជាជនចិន បានមានប្រសាសន៍​ដែ​រ​ថា៖ ក្រុមគ្រូពេទ្យ​កងទ័ពរំដោះប្រជាជនចិន បានធ្វើការបង្ហាត់បង្រៀន​ដល់​ក្រុម​គ្រូពេទ្យ មន្ទីរពេទ្យព្រះកេតុមាលា និងក្រុមគ្រូពេទ្យ ខ.ភ.ម មានចំនួន ២៤ដង ក្នុងនោះដោយ​ផ្តោត​លើ​ការ​ធ្វើ​តេស​កូវីដ១៩ ការយកសំណាកគំរូ និងមេរៀន និងទ្រឹស្តីជាច្រើនទៀត។ នៅក្នុងអំឡុងការបង្ហាត់​បង្រៀននេះ ក៏បានធ្វើការស្រង់ស្ថិតិ​នៃជម្ងឺឆ្លង​ក្នុង​ព្រះរាជាណាចក្រកម្ពុជា នៅគ្រប់ខេត្តក្រុងផងដែរ ដោយ​យក​ទិន្ន័យ​ទាំង​អស់​នេះ​ ម​ក​ធ្វើការ​វិនិច្ឆ័យ ដើម្បីវាយតម្លៃអំពីការឆ្លងរបស់ប្រទេស​កម្ពុជា​ និង​មានកម្រិត​ប៉ុណ្ណា​។​ លោកវរសេនីយ៍​ឯក​ បាន​បង្ហាញ​ពី​សកម្មភាព​រៀនសូត្រ និងបន្ទប់ពិសោធន៍ ហើយបានបញ្ជាក់​ថា​៖ បច្ចុប្បន្នសិក្ខាកាម និងក្រុមគ្រូពេទ្យ ខ.ភ.ម អាចធ្វើការដោយ​ឯករាជ្យបានហើយ។ លោកវរសេនីយ៍ឯក វេជ្ជ. ជាង ជែ ហ្វូ (Jiang Jia fu) បាន​លើក​ជា​សំណូមពរ​ លើការពង្រឹងការ​ប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩។​ ពង្រឹងបង្វឹក​កង​ទ័ព​ទាំង​មូល។​ បង្កើតប្រព័ន្ធជម្ងឺរាតត្បាត និង បង្កើនការសហការរយៈពេលវែងរវាងកងទ័ពទាំងពីរ លើការ​ប្រយុទ្ធ​ប្រឆាំង​នៃ​ជម្ងឺ​ឆ្លង​។​ លោកបានបញ្ជាក់​ថា៖ ក្រុមរបស់លោកនឹងបន្តធ្វើការនៅកម្ពុជា រយៈពេល​១​ខែ​ទៀត​ ក្នុងកិច្ចសហប្រតិបត្តិការ​មិត្ត​ភាព​ដែក​ថែ​ប និងការ​ដក​ដង្ហើម​រួមគ្នា​។​

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ 

      សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងថា៖ ការប្រយុទ្ធប្រឆាំង​នៃ​ជម្ងឺ​កូវីដ១៩ មិនអាច​ធ្វេស​ប្រហែស​បាន​នោះទេ​។​ សម្តេច​ពិជ័យ​សេនា​ បាន​សម្តែង​នូវ​ការ​កោតសរសើរ ​និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហការ​ដ៏​ល្អ​របស់​ក្រុម​គ្រូ​ពេទ្យ​ នៃ​កង​ទ័ព​រំដោះប្រជាជនចិន ជាមួយនឹងមន្ទីរពេទ្យ​ព្រះ​កេតុមាលា និងក្រុមគ្រូពេទ្យ ខ.ភ.ម។ សម្តេច​ពិជ័យ​សេនា ​បាន​បញ្ជាក់​ពី​ស្ថាន​ភាព​ការ​រាត​ត្បាត​នៃជ​ម្ងឺ​កូវីដ១៩​ ជារួមនៅលើសកលោក និងនៅបណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន ​រហូត​ម​កដល់​ពេល​នេះ ​មិនទាន់​មាន​ការ​ថម​ថយ​នោះ​នៅ​ឡើយទេ​។ ទោះបីលទ្ធផលប្រទេស​កម្ពុជា​របស់​យើង​ កំពុងដំណើរការល្អ ពុំមានករណីអ្នកឆ្លងថ្មីក៏ដោយនោះ តែខាងកងទ័ពរបស់យើងត្រូវតែមានប្រុងប្រយ័ត្ន និងប្រុងប្រៀបត្រៀមបង្ការ ពិនិត្យ​ និង​ព្យាបាលនូវអ្នកជម្ងឺកូវីដ​១៩​នេះ​។ សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែង​នូវ​អំណរ​អរគុណ​ចំពោះរដ្ឋាភិបាល​ និង​ក្រសួង​ការ​ពា​រប្រទេស​ នៃសាធារណរដ្ឋប្រជាមានិត​ចិន​ ដែលបានផ្តល់ជំនួយជាបន្តបន្ទាប់​ នូវឧបករណ៍​សម្ភារៈ​បរិក្ខា និងក្រុមគ្រូពេទ្យមកកាន់កម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩។ សម្តេច បានបញ្ជាក់​ថា​៖ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ ក្រសួងការពារជាតិកម្ពុជា នឹងទទួលបានជំនួយនូវឧបករណ៍សម្ភារៈ​បរិក្ខាពេទ្យ ចំនួន​១១មុខទៀត ពីក្រសួងការពារប្រទេស នៃសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ប្រយុទ្ធប្រឆាំង​នឹង​ជម្ងឺកូវីដ១៩ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ