ព័ត៌មាន

ឯកឧត្តម​ សំ​ វណ្ណ​ថន​ ផ្សព្វ​ផ្សាយ​អនុក្រឹត្យ​ និង​បទ​បញ្ជា​របស់​រាជ​រដ្ឋាភិបាល​
នាយកដ្ឋានព័ត៌មាន(៣)
78
1544 ឯកឧត្តម​ សំ​ វណ្ណ​ថន​ ផ្សព្វ​ផ្សាយ​អនុក្រឹត្យ​ និង​បទ​បញ្ជា​របស់​រាជ​រដ្ឋាភិបាល​

    អគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ បានប្រជុំផ្សព្វផ្សាយអនុក្រឹត្យ ស្តីពីការលើក​ការ​ឈប់សម្រាកការ​ងារ​របស់​មន្ត្រីរាការ និយោជិក កម្មករ នៅថ្ងៃទី១៣ ទី១៤ ទី១៥ និងទី១៦ ខែ​មេសា ឆ្នាំ២០២០ និងបទបញ្ជារបស់​រាជរដ្ឋាភិបាល ស្តីពីការដាក់កំហិកលើការធ្វើដំណើរ​ក្នុង​ប្រទេស ក្នុងគោលដៅបង្ការ និងទប់ស្កាត់នៃជម្ងឺកូវីដ-១៩ ដល់នាយទាហាន នៃខ.ភ.ម នាព្រឹកថ្ងៃទី១០ ខែមេសានេះ។

    ឯ.ឧ នាយឧត្តមសេនីយ៍ សំ វណ្ណថន អគ្គលេខាធិការ ក្រសួងការពារជាតិ បាន​មាន​ប្រសាសន៍ថា៖ អនុក្រឹត្យ ស្តីពីការលើកការឈប់សម្រាកការងារ និងបទបញ្ជារបស់​រាជរដ្ឋាភិបាល ស្តីពីការដាក់កំហិកលើការធ្វើដំណើរក្នុងប្រទេស ដែលបានចេញនាពេលថ្មីៗនេះ ក្នុង​គោលបំណងការពារអាយុជីវតរបស់យើងទាំងអស់គ្នា ទប់ស្កាត់ការរាតត្បាតនៃជម្ងឺកូវីដ-១៩ នៅក្នុកាលៈទេសៈពិសេសនាបច្ចុប្បន្ន មិនឲ្យជម្ងឺនេះរាលដាលឈានចេញពីដំណាក់កាល នៃ​ការឆ្លងដោយសារការនាំចូលពីប្រភពខាងក្រៅទៅដល់ដំណាក់កាល នៃការឆ្លងរាលដាល​រវាង​ប្រជាជនក្នុងសហគមន៍នៅក្នុងប្រទេស។ ឯ.ឧ នាយឧត្តមសេនីយ៍ សំ វណ្ណថន បានបញ្ជាក់ថា៖ សព្វថ្ងៃនេះ ជម្ងឺកូវីដ-១៩ បានរាតត្បាតយ៉ាងខ្លាំងនៅលោពិភពលោក មិនថាប្រទេសអ្នកមាន ប្រទេសក្រីក្រ ឬក៏សម្បុសខ្មៅ-សនោះទេ ហើយក៏មិនអាចសណ្ឋានបានថា​វាចប់នៅ​ពេលណា​នោះ​ដែរ។ រហូមកដល់ពេលនេះ ថ្នាំ និងវ៉ាក់សាំងការពារ ក៏មិនទាន់រកឃើញនៅឡើយទេ ដូចនេះ យើងត្រូវមានការប្រុងប្រយ័ត្ន អនុវត្តឲ្យបានម៉ឺងម៉ាត់ និងផ្សព្វផ្សាយបន្ត ព្រមទាំង​ថែរក្សា​សុខភាពឲ្យបានល្អទាំងអស់គ្នា។

     យោងតាមអនុក្រឹត្យ ស្តីពីការលើកការឈប់សម្រាកការងាររបស់មន្ត្រីរាការ និយោជិក កម្មករ នៅថ្ងៃទី១៣ ទី១៤ ទី១៥ និងទី១៦ ខែមេសា ឆ្នាំ២០២០ និងបទបញ្ជា​របស់​រាជរដ្ឋាភិបាល ស្តីពីការដាក់កំហិកលើការធ្វើដំណើរក្នុងប្រទេស ដែលបានអាន​ដោយ​ លោក​ឧត្តមសេនីយ៍ទោ គីម និត នាយករង កិច្ចការរដ្ឋបាល អគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ បានឲ្យដឹងថា៖ ការឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិក កម្មករ នៅថ្ងៃទី១៣ ទី១៤ ទី១៥ និងទី១៦ ខែមេសា ឆ្នាំ២០២០ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំជូត ទោស័ក ដែលបានចែងក្នុងមាត្រា១ នៃអនុក្រឹត្យលេខ១១២ ចុះថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩ ស្តីពី​ប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិក កម្មការ ប្រចាំឆ្នាំ២០២០ ត្រូវបាន​លើក​ទៅពេលក្រោយ ក្នុងពេលវេលាមួយសមស្រប។ នៅថ្ងៃទី១៣.១៤.១៥ និងទី១៦ ត្រូវ​បំពេញការងារដូចថ្ងៃធម្មតា។ ដោយឡែកបទបញ្ជារបស់រាជរដ្ឋា​ភិបាល ស្តីពី​ការដាក់​កំហិក​លើការធ្វើដំណើរក្នុងប្រទេស ក្នុងគោលដៅបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជម្ងឺកូវីដ-១៩ ដោយបានហាមឃាត់ការធ្វើដំណើរនៅក្នុងផ្ទៃប្រទេស រួមមានការធ្វើដំណើរឆ្លងកាត់ចេញ-ចូល​រាជធានីភ្នំពេញ (ដោយមិនប៉ះពាល់ដល់ការធ្វើដំណើរផ្ទៃក្នុងរាជធានីភ្នំពេញនោះទេ) និង ការធ្វើដំណើរឆ្លងកាត់ពី​ខេត្តមួយទៅខេត្តមួយ​ទៀត​។ ការហាមឃាត់នេះ ត្រូវបានលើកលែងចំពោះ៖ ការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ទាំងតាមផ្លូវគោក ផ្លូវទឹក និងផ្លូវដែក។ រថយន្ត និងមធ្យាបាយធ្វើ​ដំណើររបស់​មន្ត្រីរាជការ​ស៊ីវិល​គ្រប់ស្ថាប័នរដ្ឋ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងគោលដៅបំេញការងារប្រចាំថ្ងៃ ដែល​ម្ចាស់យានយន្តត្រូវបង្ហាញដល់កងកម្លាំមានសមត្ថកិច្ចត្រួតពិនិត្យ នូវអត្តសញ្ញាណប័ណ្ណ​ការងាររបស់ខ្លួន។ រថយន្ត និងមធ្យោបាយធ្វើដំណើររបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងគោលដៅបំពេញភារកិច្ចរបស់ខ្លួន។ រថយន្តសង្គ្រោះបន្ទាន់ រថយន្តពន្លត់អគ្គីភ័យ រថយន្តបម្រើសេវាដឹកជញ្ជូនសម្រាម និងកាកសំណល់ ការដឹកជញ្ជូន​កម្មករទៅកាន់​កន្លែង​ការងារនៅតាមរោងចក្រ សហគ្រាស ដែលមានប័ណ្ណអនុញ្ញាតចេញដោក្រសួងការងារ និង​ការធ្វើដំណើររបស់ប្រជាពលរដ្ឋទៅកាន់មន្ទីរពេទ្យ ឬមណ្ឌលសុខភាព។ បទបញ្ជានេះ​មានប្រសិទ្ធភាពអនុវត្តចាប់ពីម៉ោង ២៤.០០ ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ រហូតដល់ម៉ោង ២៤.០០ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ ៕