ក្រុមគ្រូពេទ្យ អ្នកជំនាញវេជ្ជសាស្ត្រ ប្រយុទ្ធប្រឆាំងវីរ៉ុសកូវីដ១៩ នៃកងទ័ពរំដោះប្រជាជនចិន បានបង្ហាត់បង្រៀនពីវិធានការទប់ស្កាត់ និងការព្យាបាលដល់ក្រុមគ្រូពេទ្យបង្គោល នៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០នេះ នៅឯមន្ទីរពេទ្យព្រះកេតុមាលា ដើម្បីប្រយុទ្ធបង្ការ ទប់ស្កាត់ ការរីករាលដាល នៃជំងឺរលាកផ្លូវដង្ហើម ដោយសារវីរ៉ុសកូវីដ១៩ ឲ្យមានប្រសិទ្ធភាពនៅកម្ពុជា។
ឯកឧត្តម ឧត្តមសេនីយ៍ឯក គង់ សាលី អគ្គនាយករង អគ្គនាយកដ្ឋានភស្តុភារ-ហិរញ្ញវត្ថុ ក្រសួងការពារជាតិ នាយក នាយកដ្ឋានសុខាភិបាល តំណាង ឯកឧត្តម នាយឧត្តមសេនីយ៍ ស៊ុំ សំណាង អគ្គនាយក អគ្គនាយកដ្ឋាន ភស្តុភារ-ហិរញ្ញវត្ថុ ក្រសួងការពារជាតិ ថ្លែងការកោតសរសើរចំពោះក្រុមជំនាញវេជ្ជសាស្ត្រប្រយុទ្ធប្រឆាំងវីរ៉ុសកូវីដ១៩ ចំនួន៤នាក់ មកពីកងទ័ពរំដោះប្រជាជនចិន ដឹកនាំដោយ លោកវរសេនីយ៍ឯកពិសេស ជាង ជែហ្វូ ប្រធានក្រុមគ្រូពេទ្យ អ្នកជំនាញវេជ្ជសាស្ត្រប្រយុទ្ធប្រឆាំងកូវីដ១៩ ដែលបានមកជួយបង្ហាត់បង្រៀនក្រុមគ្រូពេទ្យបង្គោល ក្នុងកងយោធពលខេមរភូមិន្ទ នាពេលនេះ ដោយយោងតាមស្ថានភាពជាក់ស្តែង នៃការរីករាលដាលជំងឺកូវីដ១៩នៅកម្ពុជា និងតាមសំណូមពររបស់អនុព័ន្ធយោធាចិនប្រចាំកម្ពុជា, ក្រសួងការពារប្រទេសចិន ក៏បានចាត់តាំងក្រុមការងារចំនួន៤រូប រួមជាមួយឧបករណ៍ សម្ភារៈមួយចំនួន មកកម្ពុជា, ដែលនេះជាក្រុមទី១ ចេញមកបំពេញបេសកកម្មនៅក្រៅប្រទេស។ គ្រូពេទ្យទាំង៤រូបនេះ រួមមាន សាស្ត្រាចារ្យ ៣រូប សាស្ត្រាចារ្យរង១រូប មានជំនាញជំងឺឆ្លង សម្លាប់មេរោគ រកមេរោគបង្ការ និងមានភារកិច្ចស្រាវជ្រាវ ហ្វឹកហ្វឺនបច្ចេកទេស ហើយក្នុងពេលដំណើរការក្រុមការងារនេះ បានរៀបចំផែនការគ្រប់ជ្រុងជ្រោយទាំងឧបករណ៍ សម្ភារៈ និងមធ្យោបាយគ្រប់ប្រភេទ តភ្ជាប់ពីជួរមុខដល់ជួរក្រោយ។
លោកវរសេនីយ៍ឯកពិសេស ជាង ជែហ្វូ ក៏បានមានប្រសាសន៍ថា៖ ចំពោះវិធានការដែលត្រូវបង្ហាត់បង្រៀនក្រុមគ្រូពេទ្យបង្គោលក្នុងកងយោធពលខេមរភូមិន្ទ នៅថ្ងៃនេះ រួមមាន៖ ទី១/ ការគ្រប់គ្រងអ្នកឆ្លងវីរុសកូវីដ១៩ ឲ្យមានវិធីសាស្ត្រល្អ ដាក់ដាច់ដោយឡែក ស្វែងរកអ្នកប្រាស្រ័យទំនាក់ទំនង ដើម្បីធ្វើការវិនិច្ឆ័យបន្ត។ ទី២/ កាត់ផ្តាច់ការចម្លងបន្ត កុំឲ្យមានការកើនឡើង ការពារផ្ទាល់ខ្លួនតាមរយៈពាក់ម៉ាស និងថែរក្សាអនាម័យជាប់ជាប្រចាំ និងទី៣/ មានវិធានការការពារមន្ត្រីជួរមុខ នោះគឺក្រុមគ្រូពេទ្យព្យាបាលជម្ងឺ ឆ្លងវីរុសកូវីដ១៩ តាមរយៈប្រើប្រាស់ឧបករណ៍ សម្ភារ និងមធ្យោបាយគ្រប់ប្រភេទតាមលក្ខណៈបច្ចេកទេស។ បច្ចុប្បន្ននេះ ជំងឺកូវីដ១៩កំពុងរីករាលដាលពាសពេញពិភពលោក ប៉ុន្តែកងទ័ពប្រទេសទាំងពីរកម្ពុជា-ចិន បានរួមចិត្តតែមួយ គៀកស្មាគ នាដើម្បីប្រយុទ្ធប្រឆាំងជំងឺដ៏លំបាកមួយនេះនៅកម្ពុជា ពីព្រោះរដ្ឋាភិបាល ប្រជាជន និងកងទ័ពចិន មិនអាចបំភ្លេចបានឡើយ នៅពេលដែលកម្ពុជាជួបការលំបាកនៅការរីករាលដាលជំងឺកូវីដ១៩នេះ ដូចនេះ យើងត្រូវស្រលាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក។ នាពេលកន្លងមក នៅពេលប្រទេសចិន ជួបការលំបាកដោយ សារការរីករាលដាលជំងឺកូវីដ១៩នេះ រាជរដ្ឋាភិបាលក្រសួងការ ពារជាតិកម្ពុជា បានជួយឧបត្ថម្ភជាសម្ភារៈបរិក្ខារពេទ្យ និងគាំទ្រយ៉ាងពេញទំហឹងជូនដល់មិត្តចិន រហូតមកដល់ពេលនេះ ការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅប្រទេសចិនទទួលលទ្ធផលគួរជាទីមោទនៈ ដូចនេះ ប្រទេសចិននឹងមកជួយដោះស្រាយជាមួយមិត្តកម្ពុជាវិញ តាមរយៈការជួយឧបត្ថម្ភជាសម្ភារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩មួយចំនួនធំ និងបញ្ជូនអ្នកជំនាញវេជ្ជសា ស្ត្រស៊ីវិល និងកងទ័ព មកជួយផងដែរ ។
គួររំឮកថា៖ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ រដ្ឋាភិបាលចិនបានបញ្ចូនក្រុមអ្នកជំនាញវេជ្ជសាស្ត្រ៧រូប រួមជាមួយឧបករណ៍ សម្ភារៈពេទ្យមួយចំនួន បានមកដល់ប្រទេសកម្ពុជា ដែលជាក្រុមអ្នកជំនាញប្រឆាំងជំងឺ កូវីដ១៩ដំបូង ដែលប្រទេសចិនបានបញ្ជូនចេញទៅបេសកកម្ម នៅតំបន់អាស៊ីអា គ្នេយ៍ «អាស៊ាន»។ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ក្រុមអ្នកជំនាញវេជ្ជសាស្ត្រ នៃកងទ័ពរំដោះប្រជាជនចិនចំនួន៤រូប ដឹកនាំដោយលោកវរសេនីយ៍ឯកពិសេស ជាង ជែហ្វូ (Jiang Jia fu) ដែលជាក្រុមគ្រូពេទ្យកងទ័ពចិន មានសមត្ថភាពពោរពេញដោយបទពិសោធន៍ខ្ពស់ បានបំពេញបេសកកម្មទៅក្រៅប្រទេសជាច្រើនដង ដូចជា ចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ បានមកដល់ប្រទេសកម្ពុជាវិញដែរ។ ក្រុមនេះបានចូលរួមក្នុងការស្រាវជ្រាវនៅនឹងកន្លែងផ្ទាល់ ដែលមានការឆ្លងកាត់ក្នុងស្ថានភាពធ្ងន់ធ្ងរក្នុងប្រទេសចិនអស់ជាច្រើនលើកមកហើយ។
សូមបញ្ជាក់ដែរថា៖ ជម្ងឺរលាកផ្លូវដង្ហើម វីរ៉ុសកូវីដ១៩ បាននិងកំពុងរីករាលដាលពាសពេញពិភពលោក គិតមកដល់ពេលនេះ មានប្រមាណ ៣៤ម៉ឺនករណី ក្នុងនោះប្រទេសកម្ពុជា ក៏មានការឆ្លងដោយជម្ងឺនេះ មាន ៩៨ករណី និងព្យាបាលបានជាសះស្បើយ ចំនួន ១១នាក់ផងដែរ ៕